ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប. អនុម័ត​នីតិវិធី​ថ្មី​នៃ​ការផ្តល់​លទ្ធផល​បោះឆ្នោត​ដល់​អ្នកសង្កេតការណ៍​គណបក្ស ដែល​នាំឲ្យ​មាន​ការរិះគន់


រូបឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​​រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​​រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

នីតិវិធី​ថ្មី​មួយ​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ទាក់​ទង​នឹង​ការ​ផ្តល់​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​បឋម​ដល់​ភ្នាក់​ងារ​សង្កេត​ការណ៍​របស់​គណបក្ស​នយោបាយ​នៅ​តាម​ឃុំ​សង្កាត់ ​ដោយ​តម្រូវ​ឲ្យ​ពួកគេ​ទៅ​យក​លទ្ធផល​នៅ​គណៈ​កម្មាធិការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ​មិន​មែន​នៅ​កន្លែង​រាប់​សន្លឹក​ឆ្នោត​ដោយ​ផ្ទាល់​ឡើយ។​

សកម្ម​ជន​គណបក្ស​នយោបាយ​មួយ​ចំនួន ​និង​អ្នក​ធ្វើ​ការ​លើ​ការ​បោះ​ឆ្នោត ​បាន​រិះគន់​ការ​កែ​ប្រែ​នីតិវិធី​នេះ ​ដោយ​អ្នក​ខ្លះ បារម្ភ​អំពី​ការ​កែ​ប្រែ​លទ្ធផល​បោះ​ឆ្នោត ​ហើយ​អះអាង​ថា​ ការ​ផ្តល់​លទ្ធផល​នៅ​កន្លែង​បោះ​ឆ្នោត​ដោយ​ផ្ទាល់ ​បង្ហាញ​សុចរិត​ភាព​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​សម្រាប់​គណបក្ស​នយោបាយ។​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប.)​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​បទ​បញ្ជា ​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ​២០២២។​ នេះ​ បើ​តាម​លោក ​ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​របស់​ស្ថាប័ន​បោះឆ្នោត។

នៅ​ក្នុង​សេចក្តី​ព្រាង​ដែល​វីអូអេ​ទទួល​បាន​ប្រការ​មួយ​ចំនួន​ត្រូវ​លុប​ចោល​ និង​កែ​ប្រែ ​ដែល​បណ្តាល​ឲ្យ​មាន​ខ្វែង​គំនិត​គ្នា​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ដំណើរ​ការ​បោះ​ឆ្នោត​ និង​គណ​បក្ស​មួយ​ចំនួន​ ទាក់​ទិន​ការ​បិទ​ផ្សាយ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ជា​សាធារណៈ ​និង​ការ​ចែក​ជូន​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ជូន​ភ្នាក់​ងារ​គណ​បក្ស​នយោបាយ​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​បន្ទប់​រាប់​សន្លឹក​ឆ្នោត។​

អ្នក​នាំ​ពាក្យ​គ.ជ.ប . ​លោក ​ហង្ស ពុទ្ធា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ​ការ​កែ​ប្រែ​នីតិ​វិធី​មួយ​ចំនួន​នេះ​ គឺ​ដើម្បី​កុំ​ឲ្យ​មាន​ការ​យក​លទ្ធផល​មក​យឺត​ពេល​សម្រាប់​គ.ជ.ប.​ ក្នុង​ការ​រៀបចំ​លទ្ធផល​បឋម​ និង​ចៀស​វាង​ការ​ចម្លង​តួលេខ​ខុស​ក្នុង​ការ​ចែក​ទៅ​គណ​បក្ស​ដែល​បាន​ចូល​រួម​តាម​ការិយាល័យ​នីមួយៗ។ ​លោក​បន្ត​ថា​ ​គណ​បក្ស​នីមួយៗ​ អាច​ទៅ​យក​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​នីមួយៗ​ នៅ​គណៈ​កម្មាធិការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ជំនួស​វិញ ​ដោយ​មាន​កំណត់​ហេតុ​រួម​គ្នា ​និង​មាន​ចុះ​ហត្ថលេខា​ពី​គ្រប់​ភាគី​ទាំង​អស់។​

លោក ​ហង្ស ពុទ្ធា ​ថ្លែង​ថា៖ ​«គណ​បក្ស​នយោបាយ​ អាច​ទទួល​យក ​Copy ​[ច្បាប់​ចម្លង] ​និង ​Scan ​[ថត​ចម្លង]​ ទាំង​ស្រុង​តែ​ម្តង​មិន​បាច់​ត្រូវ​ការ​កត់​ចម្លង​ដែល​អាច​នឹង​មាន​ហានិភ័យ​ ដូច​ជា​ការ​ចម្លង​ខុស​អី​ជា​ដើម។​ អ៊ីចឹង​ការ​ចែក​ផ្សាយ​នៅ​តែ​ដដែល​ ហើយ​ការ​បិទ​ទម្រង់​១១០២​ នៅ​តាម​ការិយា​ល័យ​នៅ​តែ​បិទ​ដដែល​ទេ។ អ៊ីចឹង​បើ​សិន​ជា​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ឬ​គណបក្ស​នយោបាយ​លោក​ចង់​ទទួល​បាន លោក​អាច​យក​ទូរស័ព្ទ​ Smart phone ​ថត​នូវ​ទម្រង់​១១០២​ស្តីពី​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ហ្នឹង​នៅ​តាម​ការិយាល័យ​ក៏​បាន​ដែរ»។​

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ លោក ​កន សាវាង្ស ​ប្រាប់​វីអូអេ​ថា​ គ.ជ.ប. ​គួរតែ​រក្សា ​និង​បន្ត​អនុវត្ត​តាម​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧​ ដែល​ជា​ចំណុច​មួយ​ដ៏​ល្អ ​សម្រាប់​គ្រប់​ភាគី​គណបក្ស​នយោបាយ​អាច​ទទួល​យក​បាន​បើ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត ​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ស្តង់ដារ​អន្តរ​ជាតិ​ក៏​ដោយ។​លោក​បន្ត​ថា​ ការ​រក្សា​នីតិវិធី​ទាំង​នោះ ​គឺ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​របស់​គ.ជ.ប. ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ ដើម្បី​តវ៉ា​ពី​លទ្ធផល​ដែល​គិត​ថា​ ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង។​

លោក​ថ្លែង​ថា៖ ​«ការ​ដែល​ប្រកាស​ជា​សាធារណៈ​នេះ ​លទ្ធ​ផល​នៅ​ក្នុង​ការ​រាប់​[សន្លឹក​ឆ្នោត]​ មាន​ការ​បិទ​ផ្សាយ​នៅ​មុខ​ការិយាល័យ ​[បោះឆ្នោត] ​និង​ការ​ចែក​ជូន​គណបក្ស​នយោបាយ​នេះ ​វា​បាន​បង្ហាញ​សុចរិត​ភាព​មួយ​ ឬ​ក៏​បង្ហាញ​តម្លា​ភាព​ជូន​ដល់​សាធារណ​ជន ​និង​បំបាត់​នូវ​ការ​ព្រួយ​បារម្ភ​ ឬ​ក៏​ការ​សង្ស័យ​ចំណុច​ណា​មួយ ​ជាមួយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត»។​

លោក​បន្ថែម​ថា៖ ​«សម្រាប់​ខ្ញុំ​ខ្ញុំ​អត់​ទាន់​ថា​ បាន​ល្អ​ទេ​ បើ​សិន​ជា​ការ​បញ្ជូន​លទ្ធផល​ហ្នឹង​ទៅ​ដល់​ឃុំ​ ពី​ព្រោះ​កាល​ណា​បញ្ជូន​ទៅ​ដល់​ឃុំ​ វា​ត្រូវ​ការ​ឆ្លង​កាត់​ច្រើន​ ហើយ​មិន​ដឹង​ថា​ ការ​បែង​ចែក​ហ្នឹង​យ៉ាង​ម៉េច​ទៀត​ ពីព្រោះ​ជា​ធម្មតា​លទ្ធផល​ហ្នឹង​ គឺ​ជា​ការ​គ្រប់​គ្រង​នៅ​ការិយាល័យ។​ បើ​សិន​លទ្ធផល​នេះ​ បាន​កើត​ចេញ​ពី​ការិយាល័យ​អាហ្នឹង​វា​ប្រសើរ​ពីព្រោះ​ នៅ​មូលដ្ឋាន​ស្រាប់។ ការ​ប្រកាស​ហ្នឹង​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត។ វា​ចៀស​វាង​ការ​ឆ្លង​ដំណាក់​កាល។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ធ្វើ​ម៉េច​ឲ្យ​ការ​ផ្តល់​ហ្នឹង​នៅ​ការិយាល័យ​បោះ​ឆ្នោត»។​

ទាក់​ទិន​ការ​កែ​ប្រែ​ ឬ​លុប​ចោល​ប្រការ ​និង​នីតិវីធី​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​និង​គណបក្ស​កម្ពុជា​និយម​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ដោយ​ទាមទារ​ឱ្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ​គ.ជ.ប. ​រក្សា​ទុក​នូវ​ប្រការ​មួយ​ចំនួន​ ដែល​រួម​មាន​ប្រការ​៩.៣.១.​៩​ ប្រការ​១០.៤.៣.១ ​ ប្រការ​១០.៤.៣.២ ​ ប្រការ​១០​.៤.៤ ​ ប្រការ​១០.៤.៥​ ប្រការ​១០.៤.៥.២ ​និង​ប្រការ​១០.៤.៦.៣​ខណៈ​ប្រការ​ទាំង​នេះ ​ត្រូវ​បាន​គូស​បន្ទាត់​លុប​ចោល​នៅ​ក្នុង​សេចក្តី​ព្រាង​របស់​គ.ជ.ប. ​ដែល​មាន​កម្រាស​ជាង​៤៧៣​ទំព័រ។

ហើយ​ប្រការ​១០.៤.៥ ​ក្នុង​ចំណោម​ប្រការ​ដែល​គណបក្ស​ទាំង​២​ស្នើ​ឲ្យ​គ.ជ.ប.​ រក្សា​ទុក ​បាន​កំណត់​ថា៖ ​«ប្រធាន​គណៈ​កម្មការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​(គ.ក.រ.)​ ត្រូវ​ចាត់​ចែង​សមាជិក​ទី២​ឲ្យ​បិទ​ផ្សាយ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​(ទ.១១០២) ០១​ច្បាប់​ ជា​សាធារណៈ​នៅ​ត្រង់​ច្រក​ចូល​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត ​និង​រាប់​សន្លឹក​ឆ្នោត​រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការ​ ព្រម​ទាំង​ចែក​ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​មាន​វត្ត​មាន»។ ​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​គណបក្ស​ទាំង​២ ​ដែល​ចុះ​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​បញ្ជាក់​ថា​ ការ​ទាម​ទារ​ឲ្យ​គ.ជ.ប. ​រក្សា​ទុក​ប្រការ​មួយ​ចំនួន​នោះ​ គឺ​ដើម្បី​បង្ហាញ​អំពី​ការ​ព្យាយាម​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិ​ធម៌​ ស្រប​ពេល​គោល​ការណ៍​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សំណាក់​គណបក្ស​នយោបាយ​ និង​អ្នក​បោះឆ្នោត​ និង​បញ្ចៀស​ការ​ជាប់​គាំង​នយោបាយ។​

លោក​ យី សីហា មន្ត្រី​ទទួល​កិច្ច​ការ​បោះឆ្នោត​ និង​ជា​ស្ថាបនិក​ម្នាក់​នៃ​គណ​បក្ស​កម្ពុជា​និយម​ បាន​ស្នើ​ឲ្យ​គ.ជ.ប .​រក្សា​ប្រការ​ និង​នីតិវិធី​ទាំង​នោះ ​ដើម្បី​ធានា​ការ​ទុក​ចិត្ត​លើ​សន្លឹក​ឆ្នោត​ពី​ភ្នាក់ងារ​សង្កេត​ការណ៍​របស់​គណបក្ស។ ​លោក​បន្ថែម​ថា​ ការ​សម្រេច​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​របស់​ម្ចាស់​ឆ្នោត​ខណៈ​ការ​តវ៉ា​អំពី​លទ្ធផល​ណា​មួយ​ អាច​នឹង​មាន​ភាព​ស្មុគ​ស្មាញ ​និង​ពិបាក។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«បើ​សិន​ជា​គ.ជ.ប.​ មាន​ការ​ដក​ហូត​នូវ​ចំណុច​ហ្នឹង ​វា​ពិត​ជា​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ការ​ស្វែង​យល់​អំពី​លទ្ធផល​ ហើយ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​ការ​តវ៉ា ​មាន​ន័យ​ថា​ យើង​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ស្វែង​យល់​ ស្វែង​រក​អំពី​កំហុស​ឆ្គង​តវ៉ា​ឲ្យ​ទាន់​ពេល​វេលា»។​

លោក​បញ្ជាក់​បន្ថែម​ថា៖ ​«ពីព្រោះ​លទ្ធផល​យើង​មិន​អាច​ទទួល​បាន​ច្បាស់​លាស់​ ​ព្រោះ​លទ្ធ​ផល​ហ្នឹង​គ្រប់​គ្រង​ដោយ​គ.ជ.ប. ​តែ​ឯង។​ ហើយ​ដល់​ពេល​អ៊ីចឹង​ទេ​ គ.ជ.ប.​ ទៀត​សោត​ ដូច​បង​បាន​លើក​ឡើង​ខាង​ដើម​មិញ​អ៊ីចឹង​ គឺ​គ.ជ.ប.​ ដែល​មាន​សមាសភាព​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច»។​

ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ត្រូវ​បាន​រិះគន់​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ​ថា​ មិន​ទាន់​បាន​បំពេញ​ការងារ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ​ សេរី​ និង​យុត្តិធម៌។​គណបក្ស​ប្រឆាំង​ក៏​រិះគន់​ថា​ ថ្នាក់​ដឹកនាំ​ស្ថាប័ន​មួយ​នេះ​ ដឹកនាំ​មាន​មនុស្ស​ដែល​មាន​អតីត​ភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

លោក​ ឡឹក សុធារ ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​ប្រាប់​វីអូអេ​ថា​ គណ​បក្ស​នៅ​តែ​ទាមទារ​ឲ្យ​គ.ជ.ប.​ រក្សា​ទុក​នីតិវិធី​មួយ​ចំនួន​នោះ​ដដែល ​ដើម្បី​កុំ​ឲ្យ​ម្ចាស់​ឆ្នោត​ និង​គណបក្ស​ដែល​បាន​ចូលរួម​ប្រកួត ​ប្រជែង​ការ​បោះឆ្នោត ​បាត់​បង់​ទំនុក​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត ​និង​មាន​ការ​សង្ស័យ​ច្រើន​លើ​គ.ជ.ប.។​

លោក​បញ្ជាក់​ថា៖ ​«ការ​តវ៉ា​សូម​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​នោះ ​ពិត​ជា​ពិបាក​ហើយ ​ពី​ព្រោះ​យើង​មិន​មាន​ឯកសារ​នៅ​ក្នុង​ដៃ ​ហើយ​យើង​យោង​ទៅ​លើ​ឯកសារ​តែ​មួយ​សន្លឹក​គត់​ដែល​គ.ជ.ប.​ ថា​ នឹង​upload​ [បញ្ចូល]​ ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​ខ្លួន។ អ៊ីចឹង​វា​ជា​ការ​លំបាក​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​ផ្ទៀង​ផ្ទាត់ ហើយ​បើ​យើង​តវ៉ា​មិន​ដឹង​តវ៉ា​រឿង​អី​ដែរ​ ពីព្រោះ​ថា​ យើង​គ្មាន​អ្វី​ផ្ទៀង​ផ្ទាត់​ផង​នោះ»។​

ដោយ​ឡែក​កញ្ញា ​ស៊ិន ចាន់ពៅ​រ៉ូហ្សេត ​អតីត​ចៅ​សង្កាត់​អូរចារ​ក្នុង​ខេត្ត​បាត់ដំបង ​និង​បាន​ចូលរួម​ជា​មួយ​គណ​បក្ស​ភ្លើង​ទៀន​កាល​ពី​ពេល​ថ្មី​នេះ​ ក៏​ទាម​ទារ​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ​គ.ជ.ប. ​រក្សា​នូវ​ចំណុច​ទាំង​អស់​នោះ​ផង​ដែរ។​ កញ្ញា​បន្ត​ថាប្រសិន​បើ​មាន​ការ​លុប​ចោល​បែប​នេះ ​គឺ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​មាន​ន័យ​អ្វី​នោះ​ទេ ​ ហើយ​គណ​បក្ស​ភ្លើង​ទៀន​ អាច​នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ។​

ផ្សាយ​ផ្ទាល់​តាម​រយៈ​ហ្វេសប៊ុក​ផ្ទាល់​របស់​កញ្ញា​ កាល​ពីថ្ងៃ​ទី៤​ ខែ​មករា​ ឆ្នាំ​២០២១​កញ្ញា ​រ៉ូហ្សេត​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា​ ការ​ពង្រាង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ខាង​មុខ​ហ្នឹង​ គឺ​មាន​ភាព​មិន​ប្រក្រតី​ ដែល​យើង​មក​ពី​គណបក្ស​នយោបាយ​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​ ពី​ព្រោះ​វា​សឹង​តែ​ថា​ ផ្លាស់​ប្តូរ​ទាំង​ស្រុង​តែ​ម្តង ​....​ ធ្លាប់​តែ​ពេល​ថ្ងៃ​បោះ​ឆ្នោត​ គឺ​យើង​ដាក់​ភ្នាក់​ងារ​សង្កេត​ការណ៍​បោះ​ឆ្នោត​ទៅ​ហើយ​ពេល​ដែល​រាប់​សន្លឹក​ឆ្នោត​រួច ​គឺ​យើង​ទទួល​បាន​កំណត់​ហេតុ​លទ្ធផល​បណ្តោះ​អាសន្ន ​គឺ​សម្រាប់​ជូន​ទៅ​ភ្នាក់ងារ​ ដើម្បី​ឲ្យ​ភ្នាក់​ងារ​គណបក្ស​ហ្នឹង​យក​មក​ឲ្យ​គណបក្ស»។​

កញ្ញា​និយាយ​បន្ថែម​ដោយ​ចាត់​ទុក​លទ្ធផល​បណ្តោះ​អាសន្ន ​ជា​«ភស្តុតាង​មួយ​ដែល​សំខាន់»​សម្រាប់​ឲ្យ​គណបក្ស​នយោបាយ​នីមួយៗ​ប្រើ​សម្រាប់​ប្តឹង​តវ៉ា ​នៅ​ពេល​ពួក​គេ​យល់​ថា​ មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង៕

XS
SM
MD
LG