ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សង្កេត​ការណ៍​នយោបាយ៖​ លោក​ ហ៊ុន សែន​ ទោះ​ចង់​មិន​ចង់​ ក៏​ត្រូវ​តែ​មាន​អ្នក​ជំនួស


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ស្នាម​ទឹកខ្មៅ​លើ​មេដៃ បន្ទាប់​ពី​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់ នៅ​មណ្ឌល​បោះឆ្នោត​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ​២០១៧។

«លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​បទ​ពិសោធន៍​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ការ​បំពាន​សិទ្ធិមនុស្ស​ ដែល​ជា​មធ្យោបាយ​ក្នុង​ការ​រក្សា​ការ​គ្រប់​គ្រ​ង​ខាង​នយោបាយ។​ ​វា​ពិត​ជា​នីតិវិធី​ស្តង់ដារ​របស់​លោក»។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​ កាលពីដើម​សប្ដាហ៍​នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ ក្រុម​ប្រឆាំង​នឹង​រូបលោក​ ដែល​លោក​ចោទ​ថា​ បាន​បំផុស​ព័ត៌មាន​មិន​ពិត​អំពី​ការ​ស្លាប់​របស់​លោក។ ​លោក​នាយករដ្ឋមន្ត្រី ថ្លែង​ថា លោក​នឹង​មិន​មែន​ជា​មុខសញ្ញា ​ដែល​ត្រូវ​បាន​កម្លាំង​ប្រដាប់​អាវុធ​ចាត់​ការ​មុន​នោះ​ទេ តែ​ក្រុម​ជំទាស់​ទាំង​នោះ​ទៅវិញ​ទេ ដែល​នឹង​ត្រូវ​កង​កម្លាំង​ប្រដាប់​អាវុធ​ចាត់ការ​មុន។​

លោក ហ៊ុន សែន ​មិន​បាន​បញ្ជាក់​ថា​តើ​ក្រុម​ណាមួយ​ជាក់លាក់​ដែល​ចង់​ឃើញ​រូប​លោក​ស្លាប់​នោះ​ទេ​ ​តែ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​អះអាង​ថា​ ​ប្រសិន​បើ​លោក​អស់​ជីវិត​ នោះ​នគរ​ខ្មែរ​ទាំង​មូល​នឹង​ស្ថិត​ក្នុង​ភាព«រំជើប​រំជួល»។​

«បើ​នាយករដ្ឋមន្ត្រី​ស្លាប់​ ពេលនោះ​គឺ​រដ្ឋាភិបាល​គឺ​អត់​តា​ហ្មង​ រលាយ​ទាំង​អស់។ គ្មាន​ឧប​នាយករដ្ឋមន្ត្រី​ គ្មាន​រដ្ឋមន្ត្រី​អីទាំងអស់​ បាន​សេចក្ដី​ថា​ នគរ​មួយ​នេះ​ គឺ​អត់​ក្បាល​ហ្មង។ បើ​អត់​ក្បាល​ តើ​អ្វី​វា​នឹង​កើត​ឡើង? គ្រោះថ្នាក់​ណាស់ កម្លាំង​ប្រដាប់​អាវុធ​ ដែល​ត្រៀម​ជាស្រេច​ហើយ​នោះ​ គេ​នឹង​ចាត់​ការ​ជាមួយ​នឹង​អ្វី​ដែល​គេ​ចង់​ចាត់។ យក​ល្អ​ទុក​ឲ្យ​ហ៊ុន សែន​ រស់។ បើ​បន់​ឲ្យ​ ហ៊ុន សែន​ ស្លាប់​ អ្នក​ក៏​ងាយ​ស្លាប់​ដែរ​ សុំ​ជម្រាប​ឲ្យ​ច្បាស់។​

​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​និង​អន្តរជាតិ​ ​ថ្លែង​ប្រាប់​VOA​ ​ដោយ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​អធិប្បាយ​លើ​ប្រតិបត្តិ​ការ​របស់​រដ្ឋាភិបាល។​ ពួក​គេ​បាន​ធ្វើការ​វិភាគ​ផ្សេងៗ​គ្នា​ដោយ​អះអាង​ថា​ ​លោក​ ​ហ៊ុន សែន​ ​កំពុង​តាំង​ខ្លួនឯង​ជា​មនុស្ស​ដែល​ពល​រដ្ឋកម្ពុជា​មិន​អាច​ខ្វះ​បាន​ ​ក៏ប៉ុន្តែ​លោក​នឹង​មិន​អាច​ប្រឆាំង​នឹង​ច្បាប់​ធម្មជាតិ​បាន​នោះ​ទេ។​

​លោក​ Phil Robertson​ នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​បញ្ជាក់​ប្រាប់​VOA ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​ Email ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា​ វា​ជា​រឿង​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​ថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ​ប្រសិន​បើ​លោក​ ហ៊ុន សែន​ អវត្តមាន​ពី​តំណែង​របស់​លោក​ ​ពីព្រោះ​តែ​សេចក្ដី​ស្លាប់។

តែ​អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​រូប​នេះ បន្ត​ថា​ អ្នក​នយោបាយ​រូប​ណា​ក៏​ដោយ​ ​ដែល​តាំង​ខ្លួន​ថា​ មាន​តែ​ខ្លួន​ទេ​ ​ដែល​អាច​សម្រេច​ការងារ​អ្វី​ទាំងអស់​បាន​នោះ​ ​គួរតែ​ត្រូវ​បាន​ឲ្យ​សម្រាក​ ដោយហេតុ​ថា​រដ្ឋាភិបាល​ទាំងមូល​ មាន​គោល​ដៅ​បម្រើ​ពលរដ្ឋ​ឲ្យបាន​ល្អ​ ​ឲ្យ​ជីវភាព​រស់​នៅពលរដ្ឋ​បាន​ល្អ​ប្រសើរ​ មិន​មែន​ឲ្យ​ពលរដ្ឋ​ឈឺចាប់ តាម​ការ​គំរាមកំហែង​ និង​ការ​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ។​

រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)

លោក​ ​Phil Robertson​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ក្នុង​ពេល​ដែល​អ្នក​នយោបាយ​ម្នាក់​ជឿ​ថា​ គេ​ជា​មនុស្ស​ម្នាក់​ដែល​មិន​អាច​អត់​បាន​ដើម្បី​ការ​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​ប្រសិទ្ធភាព ​នោះ​ទង់​ក្រហម​ ​គួរ​តែ​លើក​ឡើង។​ អ្វី​ដែល​បង្ហាញ​នោះ​ គឺ​ជា​ផ្នត់​គំនិត​នៃ​មេ​ដឹក​នាំ​ ដែល​បាន​ភ្លេច​ពី​គំនិត​ដែល​ថា​ រដ្ឋាភិបាល​ទាំងឡាយ​ ត្រូវ​បាន​សន្មត​ថា​ ជួយ​ប្រជាជន​ និង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ល្អ​ប្រសើរ​ មិន​មែន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺចាប់​ តាម​ការ​គំរាម​កំហែង​ និង​ចិត្ត​វៀច​វេរ។​ អ្វី​ដែល​យើង​បាន​ឃើញ​ពី​លោក​ ​ហ៊ុន សែន​ ​នោះ​គឺថា​ លោក​ ​ហ៊ុន សែន​ ជឿ​ថា​ មាន​តែ​លោក​ទេ​ ដែល​អាច​រក្សា​សន្តិសុខ​ និង​ស្ថិរភាព​ ហើយ​គាត់​បាន​ត្រៀម​ បំពាន​គ្រប់​រាល់សិទ្ធិ​អ្វី​ក៏​ដោយ​ ​ដែល​លោក​ចាំបាច់​ធ្វើ​ ​ដើម្បី​លោក​អាច​រក្សា​ការ​គ្រប់​គ្រង​បាន»។​

លោក​ Phil Robertson​ បាន​សង្កត់​ធ្ងន់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​តែង​តែ​ប្រើ​ប្រាស់​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ដើម្បី​រក្សា​ការ​ក្ដោបក្ដាប់​កិច្ច​ការ​នយោបាយ។

លោក​បាន​ប្រាប់​ VOA ​តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ​ Email ​ក្នុង​ន័យ​ដើម​ថា៖

«លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​បទ​ពិសោធន៍​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ការ​បំពាន​សិទ្ធិមនុស្ស​ ដែល​ជា​មធ្យោបាយ​ក្នុង​ការ​រក្សា​ការ​គ្រប់​គ្រ​ង​ខាង​នយោបាយ។​ ​វា​ពិត​ជា​នីតិវិធី​ស្តង់ដារ​របស់​លោក»។​

យ៉ាងណា​ក៏​ដោយ លោក​ Phil Robertson​ ​មិន​ហ៊ាន​សន្មត​ថា​ រដ្ឋាភិបាល​ ​នឹង​រលំរលាយ​ប្រសិន​បើ​គ្មាន​លោក​ ហ៊ុន​ សែនទេ​នោះ។ ប៉ុន្តែ ​លោក​ ​ហ៊ុន សែន​ ​កាល​ពី​សប្ដាហ៍​មុន​ បាន​ថ្លែង​ខ្លាំងៗ​ថា​ បើ​អស់​ពី​លោក​ទៅ​ រដ្ឋមន្ត្រី​ទាំង​អស់​នឹង​បាត់​បង់​តួនាទី​ ហើយ​យោធា​ នឹង​ធ្វើ​សកម្មភាព​ឆ្លើយតប​ក្រុម​ដែល​ប្រមាថ​ជីវិត​របស់​លោក។​

​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«ផល​ចំណេញ​អស់​លោក​ បាន​មកពី​ការ​ស្លាប់​របស់ ហ៊ុន សែន​ វា​មាន​ចំនួន​តិច​ជាង​ការណ៍​ដែល​ទុក​ឲ្យ​ ហ៊ុន សែន​នៅ​រស់។ នេះ​ខ្ញុំ​សូម​ប្រាប់​អ្នកឯង​ឲ្យបាន​ច្បាស់។ នៅ​ពេល​វេលា​នេះ​ ហ៊ុន សែន​រក្សា​បាន​នូវ​ការ​គ្រប់​គ្រង​លើ​កម្លាំង​ទាំងអស់»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ដែល​គ្រង​អំណាច​ជាង​៣០ឆ្នាំ​ ​ថ្លែង​បន្ត​ថា៖​

«ប៉ុន្តែ​អត់​ពី ហ៊ុន​ សែន​ មិន​ប្រាកដ​ទេ​ នៅ​ពេល​នោះ​ រដ្ឋាភិបាល​អត់មាន​ក្បាល តំណែង​របស់​រដ្ឋមន្ត្រី​ទាំងអស់​នឹង​ត្រូវ​រលាយ​ ជា​ស្វ័យប្រវត្តិ។ ប៉ុន្តែ​អ្នក​ដែល​គ្រប់​គ្រង​អង្គភាព​កងទ័ព​ ដែល​ជា​ស្ថិត​នៅ​ក្នុង​មុខ​ងារ​សាធារណៈ​ គឺ​មិន​ត្រូវ​បាន​បាត់​បង់​ទេ។ អា​ហ្នឹង​ហើយ​ ជា​ចំណុច​គ្រោះថ្នាក់​របស់​អស់​លោក ព្រោះ​គេ​នៅ​តែ​បញ្ជា​ កម្លាំង​ប្រដាប់​អាវុធ​របស់​គេ​ អង្គភាព​របស់​គេ​បាន។ ខ្ញុំ​សុំ​ដាស់​តឿន សារ​ជាថ្មី​ បើ​អស់​លោក​ កេង​ចំណេញ​ពី​ការ​ស្លាប់​របស់​ ហ៊ុន សែន អ្នកឯង​នឹង​គ្រោះថ្នាក់​ហើយ​ គ្រោះថ្នាក់​ហើយ»។

លោក​ ហ៊ុន សែន​ តែង​មាន​ប្រតិកម្ម​ ក្រោយ​ពី​លោក​បាន​ដឹង​ ឬ​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​ ​លោក​មាន​បញ្ហា​សុខភាព​ ​ឬ​ក៏​លោក​បាន​ស្លាប់ ​ក៏ប៉ុន្តែ​ ​លោក​មិន​ដែល​បង្ហើប​ឲ្យ​ដឹង​ថា​ តើ​នរណា​ជា​អ្នក​ជំនួស​រូប​លោក​ ប្រសិន​បើ​លោក​ពិត​ជា​ស្លាប់​មែន​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ តែង​ប្រកាស​ជំហរ​គាំទ្រ​បេក្ខភាព​លោក​ជា​នាយករដ្ឋមន្ត្រី​ជា​និច្ច។​

លោក​ Sebastian Strangio​ ​អ្នកនិពន្ធ​សៀវភៅ​ ដែល​មាន​ចំណង​ជើង​ថា​ ​«ប្រទេស​កម្ពុជា​របស់​លោក​ហ៊ុន សែន»​ (Hun Sen’s Cambodia)​ ​បាន​ប្រាប់​VOA ​កាល​ពី​ថ្ងៃ​សុក្រ​ ​សប្ដាហ៍​មុន​ថា​ លោក​ ​ហ៊ុន សែន​ ​ពិតជា​បាន​ចាត់​ទុក​ខ្លួន​លោក​ ជា​អ្នក​ដែល​មិន​អាច​ខ្វះ​បាន​របស់​កម្ពុជា។​

អ្នក​និពន្ធ​រូប​នេះ ​អះអាង​ វា​ជា​រឿង​ពិបាក​ ​ក្នុង​ការ​និយាយ​ថា​តើ​លោក​ ​ហ៊ុន សែន​ ​បាន​ត្រៀម​រួចរាល់​ឬនៅ​ចំពោះ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ ឬ​អ្នក​នយោបាយ​ខ្មែរ​រូប​ណា​ ​ដែល​លោក​គិត​ថា​ ទុកចិត្ត​បាន​សម្រាប់​រក្សា​អ្វីៗ​ ដែល​លោក​ ហ៊ុន សែន បាន​កសាង​មក​ជាង​ ៣០​ឆ្នាំ​មក​នេះ។

រូបឯកសារ៖ លោក Sebastian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)
រូបឯកសារ៖ លោក Sebastian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)

លោក​ Sebastian Strangio ​បាន​ប្រាប់​VOAថា៖

«វា​ជា​ការពិត​ ដែល​មិន​មាន​ស្ថាប័ន​ឯករាជ្យ​ដែល​លោក​នឹង​ដឹង​ទេថា​ អាច​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយលោក​ ​ហ៊ុន សែន​ ប្រសិនបើ​លោក​ត្រូវ​ចុះចេញ​ពី​អំណាច។ លោក​ដឹង​ទេ​ថា​ គាត់​នៅតែ​ រក្សា​បុគ្គលិក​លក្ខណៈ​របស់​គាត់​ និង​អំណាច​របស់​គាត់​នៅតែ​ស្ថិត​នៅ​ចំណុច​ស្នូល​នៃ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ នា​ពេល​នេះ។ ហើយ​នេះ​ គឺជា​កម្សោយ​មួយ​ក្នុង​កម្សោយ​ជាច្រើន​នៃ​កេរ​ដំណែល​របស់​គាត់​ ដែល​លោកដឹង​ទេ​ថា​ សម្រាប់​រាល់​សមិទ្ធផល​នានា​របស់​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​រយៈ​ពេល​២០ ឬ​៣០ឆ្នាំ​នេះ​ គឺ​គ្មាន​ការ​ធានា​ថា​ សមិទ្ធផល​របស់​គាត់​នឹង​រស់​បាន​យូរ​ជាង​ខ្លួន​គាត់​ដែល​នៅជា​នាយក​រដ្ឋ​មន្ត្រី​នោះ»។

ក្នុង​ពេល​លោក​ ហ៊ុន សែន​ មិន​ដែល​ទម្លាយ​ឲ្យ​ដឹង​ថា​ ​ឥស្សរជន​រូប​ណា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អាច​នឹង​ជំនួស​រូប​លោក​នោះ​ លោក​Sebastian Strangio​ ​ឲ្យ​ដឹង​ថា​ ការ​ជ្រើសរើស​យក​ ឥស្សរជន​ណា​ម្នាក់​ ​នឹង​មិន​អាច​ធ្វើ​ឡើង​ ​ដោយ​ការ​សម្រេច​របស់​លោក ហ៊ុន សែន​ ​នោះ​ទេ​ គឺ​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​សមាជិក​របស់​គណបក្ស​ប្រជាជន​ទាំងមូល​ដែរ។​

លោក​ថា​ ហេតុ​ដូច្នោះ​ ទើប​លោក​ ហ៊ុន សែន​ ប្រឹងប្រែង​បញ្ជាក់​ប្រាប់​គេឯង​ថា​ មាន​តែ​លោក​ទេ​ដែល​អាច​រក្សា​ស្ថិរភាព​ក្នុង​ប្រទេស​ទោះ​ជា​លោក​ត្រូវ​គេ​មើល​ឃើញ​ថា​ ព្យាយាម​រក​ផ្លូវ​ផ្ទេរ​អំណាច​ទៅ​កូន​ណា​ម្នាក់​របស់​លោក។

«លោក​ដឹង​ទេ​ ខ្ញុំ​គិត​ថា​ ទីបំផុត​ទៅ​ គាត់​ប្រហែល​ជា​ចង់​ប្រគល់​អំណាច​ទៅ​ឲ្យ​កូន​ម្នាក់​ក្នុងចំណោម​កូនៗ​របស់​គាត់​ ប៉ុន្តែ​សំណួរ​សួរ​ថា​តើ​ពួកគេ​បាន​ត្រៀម​រួចរាល់​ហើយ​ឬនៅ​ និង​ថាតើ​មនុស្ស​មាន​អំណាច​ផ្សេង​ទៀត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ទទួល​យក​ពួកគេ​ជា​មេដឹកនាំ​ដែរ​ឬ​ទេ?​ ខ្ញុំ​គិត​ថា​ នឹង​មាន​មនុស្ស​ផ្សេង​ទៀត​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​មហិច្ឆតា​ ចង់​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ និង​បន្ត​តំណែង​ពី​លោក​ ​ហ៊ុន សែន»។​

​លោក​ ​Sebastian​ បាន​បន្ថែម​ថា៖​

«នេះ​ជា​ហេតុផល​មួយ​ ដែល​លោក​ ហ៊ុន សែន​ បាន​ប្ដេជ្ញា​ចិត្ត​ថា ​លោក​នឹង​ជ្រើសរើស​យក​ខ្លួន​លោក​ ថា​ជា​មនុស្ស​តែម្នាក់​គត់​ដែល​គ្មាន​អ្នក​ណា​ជំនួស​បាន។ លោក​ដឹង​ទេ គាត់​ព្យាយាម​ជ្រើសរើស​យក​ខ្លួន​គាត់​ថា​ ជា​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ នៅ​ក្នុង​ក្រុម​ណា​ក៏​ដោយ​ ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​នៅ​រួបរួម​គ្នា​បាន។​ ប៉ុន្តែ​ រៀងរាល់​ឆ្នាំ​ដែល​កន្លង​ផុត​ទៅ​ លោក​ដឹង​ទេ​ថា​ លោក​ ហ៊ុន សែន​ កាន់​តែ​ចាស់​ ហើយ​ក្តី​ប្រាថ្នា​របស់​លោក​ដើម្បី​ដំណោះស្រាយ​ ក៏​នឹង​កាន់​តែ​មាន​ភាព​បន្ទាន់​ឡើង»។​

​សម្រាប់​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល គឺ​លោក​ ​យឿង សុធារ៉ា​ ​បាន​ប្រាប់​ VOA ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​មាន​ធនធាន​មនុស្ស​ដែល​សាក​សម​នឹង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។​ ​

លោក​អះអាង​ថា​ បើ​ទោះបី​ជា​ លោក​ ​ហ៊ុន សែន​ ប្រឹង​ប្រកាស​ខ្លាំងៗ​ទៅ​សាធារណជន​ខ្មែរ​ថា​ ​គ្មាន​នរណា​ម្នាក់​ជំនួស​រូប​លោក​នោះ​ ក៏​មេ​ដឹក​នាំ​ដែល​ស្ថិត​ក្នុង​អំណាច​យូរ​ជាង​គេ​បង្អស់​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ «អាស៊ាន»​រូប​នេះ​ មិន​អាច​ប្រឆាំង​នឹង​ច្បាប់​ធម្ម​ជាតិ​ ដែល​កំណត់​ថា​អ្វីៗ​មិន​ទៀងទាត់​នោះ​ឡើយ។​

«គោលការណ៍​នៃ​ច្បាប់​ធម្មជាតិ​គឺ​ ដឹង​ហើយ​ថា​ គ្មាន​អ្នកណា​ ដែល​អាច​រស់​នៅ​បាន​មួយ​ពាន់​ឆ្នាំ​ មួយ​រយ​ឆ្នាំ​ជាង​ទេ​ គឺ​នៅ​លើ​ផែន​ដី​នេះ​ សុទ្ធ​តែ​ជា​ អនត្តា​អីចឹង​ អា​ណឹង​តាម​ តាម​ធម៌​ព្រះ​ គឺថា​ ​មនុស្ស​មិន​អាច​មាន​អាយុ​រាប់​កោដិ​ ឬ​ក៏​ថា​ មិន​អាច​រស់​រហូត​ ជា​អមត​ទេ។ ដូច្នេះ​ ខ្ញុំ​គិត​ថា​ នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ ដូចជា​ កូន​គាត់​អី​ជាដើម ក៏​មាន​សមត្ថភាព​ ដូច​គាត់​អញ្ចឹង​ដែរ។ កូន​គាត់​ច្រើន​សុទ្ធតែ​មាន​ សុទ្ធតែ​ទទួល​បាន​ការ​អប់​រំ​ច្រើន​ទាំង​ពី​ អឺរ៉ុប ពី​អី​អញ្ចឹង។ អញ្ចឹង​ ជា​ធម្មជាតិ​ គឺថា​ ទំពាំង​ គឺថា​ត្រូវ​ស្នង​ឫស្សី ​អញ្ចឹង​បាទ​ មិន​អាច​ថា​ អត់​ពី​គាត់​ទៅ​ ប្រទេស​ក្រឡាប់ចាក់»។​

​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ លោក​ ហ៊ុន សែន​ បាន​ប្រកាស​ថា​ ​ក្រុម​អ្នកនយោបាយ​ណា​ក៏​ដោយ​ ដែល​មិន​មាន​ប្រភព​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ស្នង​អំណាច​ពី​រូប​លោក​បាន​ទេ​ គឺ​មាន​តែ​កូនចៅ​នៃ​គណ​បក្ស​ដែល​មាន​រូប​សញ្ញា​ទេវតា​ បាច​ផ្កា​របស់​លោក​តែ​ប៉ុណ្ណោះ។​

លោក​ ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ​ ​Occidental College​ ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ប្រាប់ VOA ​តាម​សារ​អេឡិចត្រូនិក​ ឬ Email​ កាល​ពី​សប្ដាហ៍​មុន​ថា​ មាន​ឥស្សរជន​នយោបាយ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​ហើយ​អាច​ជំនួស​តំណែង​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​បាន ក្នុង​នោះ​គឺ​មាន​កូនប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​ឧត្ដមសេនីយ៍​ឯក​ ​ហ៊ុន ម៉ាណែត​ លោក ​ហង្ស ជួនណារ៉ុន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​លោក​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន។​

យ៉ាង​ណា​មិញ​ លោក​ថា​ ក្រុម​អ្នក​នយោបាយ​ទាំងនេះ​ ត្រូវ​ជ្រើសរើស​ឲ្យ​ធ្វើ​តំណាងរាស្ត្រ​ជា​មុន​ មុន​ការ​ឈរ​ឈ្មោះ​ជា​នាយ​រដ្ឋមន្ត្រី។​

​បន្ថែម​លើ​ក្រុម​អ្នក​នយោបាយ​ខាងលើ​នេះ​ លោក​ អ៊ា សុផល​ បាន​សម្លឹង​ទៅលើ​លោក​ ​ស ខេង​ រដ្ឋ មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោក​ ​ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដែល​អ្នក​ទាំង​ពីរ​ជា​តំណាង​រាស្ត្រ​មកពី​មណ្ឌល​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​សៀមរាប។ ​

រូបឯកសារ៖ លោក​ ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ​ ​Occidental College​ ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ លោក​ ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ​ ​Occidental College​ ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

លោក​ អ៊ា សុផល បាន​បន្ត​ថា​ លោក​ ស ខេង ​ទំនង​ជា​មាន​សក្ដានុពល​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ ឥស្សរជន​នយោបាយ​ទាំងនោះ​ ប្រសិន​បើ​ក្រឡេក​ទៅ​មើល​ ក្រុម​នីមួយៗ​នៅ​ក្នុង​បក្ស​ប្រជាជន។​

លោក​បាន​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ ឬ Email ក្នុង​ន័យ​ដើម​ថា៖​

«ជម្រើស​បណ្ដោះ​អាសន្ន​ (ប្រសិនបើ​មិន​អចិន្ត្រៃយ៍)​ ហើយ​ដែល​ឥត​គួរ​ឲ្យ​ឆ្ងល់​នោះ​គឺ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង។​ ជម្រើស​នេះ​ នឹង​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​ជំហាន​មួយ​ ដើម្បី​ការពារ​ក្រុមលោក​ ជា ស៊ីម​ ដែល​បាន​ទទួលមរណភាព​ទៅ​ហើយ ដោយ​ត្រូវមាន​កិច្ច​ព្រមព្រៀង​ពេញលេញ​ ដើម្បី​រក្សា​ក្រុម​មាន​ឥទ្ធិពល​ដែល​កំពុង​ក្ដោបក្ដាប់​ភាគច្រើន​នៃ​កិច្ច​ការ​រដ្ឋាភិបាល។ ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​កិច្ច​ការ​ជាច្រើន​ រហូត​ទាល់​តែ​មាន​កិច្ច​ព្រមព្រៀង​មួយ ត្រូវ​បាន​សម្របសម្រួល​រវាង​ភាគី​នានា។ អ្នក​គ្រាន់​តែ​សម្លឹង​ទៅ​ងារ​ជា​សម្ដេច​ ដែល​ថ្មីៗ​នេះ​ មាន​ម្នាក់​ទៀត​ទើប​ទទួល​បាន ហើយ​សួរ​ថា​ហេតុអ្វី? គឺ​ដើម្បី​ឲ្យ​យល់​ថា​ ​មាន​ក្រុម​មួយ​ដែល​ជា​ក្រុម​មាន​អំណាចរបស់​គណបក្ស​គ្រប់​គ្រង​ប្រទេស»។​

ខណៈ​ដែល​ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ និង​សិទ្ធិមនុស្សកម្ពុជា​ នៅ​មិន​ហ៊ាន​និយាយ​ចំៗ​ថា​ នរណា​នឹង​អាច​ឡើង​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ ដែល​គេ​ដឹង​ថា​ ​មាន​ឫសកែវ​នយោបាយ​ស្មុគ​ស្មាញ​ តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​ រហូត​ដល់​ការ​ដួល​រលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ លោក​ ហ៊ុន សែន​ ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​បង្កើន​ការ​ថែទាំ​សុខភាព​របស់​លោក​ ដោយ​ខិតខំ​រក​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ ​និង​ប្រឹង​ប្រែង​ធ្វើ​លំហាត់​ប្រាណ​ មិន​ថារដូវប្រាំង​ ​និង​រដូវវស្សា។​

លោក ហ៊ុន សែន ​មិន​ត្រឹមតែ​ប្រឹង​ខិតខំ​ថែ​ទាំ​សុខភាព​របស់​លោក​នោះ​ទេ​ ​លោក​ក៏​ត្រូវ​គេ​មើល​ឃើញថា បាន​ខិត​ខំ​កម្ចាត់​កម្ចាយ​គូបដិបក្ខ​ផ្នែក​នយោបាយ​របស់​លោក តួយ៉ាង​ដូច​ជា​ លោក​ ​សម រង្ស៊ី​ ដែល​បាន​បង្ខំចិត្ត​រស់​នៅ​និរទេស​ខ្លួន​នៅ​ស្រុក​បារាំង​វិញ​ ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ​ ​តាម​បណ្ដឹង​នា​នា​របស់​ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី។​

លោក​ ​ហ៊ុន សែន​ ​ក៏​ធ្លាប់​ព្រមាន​កម្ទេច​ក្រុម​ណា​ក៏​ដោយ​ដែល​ចង់​ងើប​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពេញ​ច្បាប់​របស់​លោក​ ​តាម​រូប​ភាព​ចលនា​បដិវត្តន៍​ ឬ​ចលនា​យោធា​ណាមួយ៕

XS
SM
MD
LG