នៅថ្ងៃសុក្រនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបានប្រកាសពីគម្រោងផ្លូវការមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចុះជួបកម្មករនៅតាមរោងចក្រនានាដើម្បីស្វែងយល់ពីជីវភាព និងពង្រឹងភាពជិតស្និទ្ធជាមួយកម្មករ។ ការចុះជួបកម្មករដោយផ្ទាល់ជាលើកដំបូងនេះ ត្រូវបានអ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា ជាការទាក់ទាញការគាំទ្រមុនការបោះឆ្នោតឆ្នាំ២០១៨ ឈាងចូលមកដល់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចុះជួបកម្មករដោយផ្ទាល់នៅតាមរោងចក្រជាលើកដំបូង នាចុងខែសីហានេះ ដើម្បីពង្រឹងភាពជិតស្និទ្ធរវាងលោក និងក្រុមកម្មករ ព្រមទាំងស្វែងយល់ពីស្ថានភាពផ្ទាល់របស់ពួកគាត់ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានគម្រោងជាផ្លូវការក្នុងការចុះទៅតាមរោងចក្រនានា ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កម្មករ។ លោកបន្ថែមថា គម្រោងនៃការចុះជួបកម្មករជាលើកដំបូងនៅតាមបណ្តារោងចក្រនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ទៅតាមលទ្ធភាពជារៀងរាល់ថ្ងៃអាទិត្យ ក្រោយពីការជួបជាមួយកម្មករនៅសាលពិព័រណ៍កោះពេជ្រ នាថ្ងៃទី២០ សីហា ខាងមុខ។
«អាហ្នឹងជាបេសកកម្មរបស់នាយករដ្ឋមន្រ្តី តែងតែលោកចុះទៅតាមសាលា ចុះទៅសហគមន៍ ប្រជាពលរដ្ឋ ដើម្បីទទួលបានព័ត៌មានផ្ទាល់រវាងប្រជាពលរដ្ឋ ឬក៏រវាងកម្មករកម្មការិនី ដើម្បីឲ្យមានភាពស្និទ្ធស្នាល ដើម្បីលោកពិចារណាតាក់តែងគោលការណ៍ ឬច្បាប់ក្នុងកិច្ចគាំពារ ហើយនិងលើកដម្កើងកម្មករកម្មការិនីហ្នឹង។ លោកចុះទៅឃើញជាក់ស្តែងដែលពិនិត្យមើល និងបានទទួលព័ត៌មានផ្ទាល់ពីកម្មករកម្មការិនីហ្នឹង»។
គម្រោងលើកដំបូងនៃការចុះទៅជួបកម្មករតាមរោងចក្ររបស់លោកនាយករដ្ឋមន្រ្តី កើតឡើងបន្ទាប់ពីក្រុមសង្គមស៊ីវិល និងគណបក្សប្រឆាំងរិះគន់រដ្ឋាភិបាលក្នុងពេលកន្លងមកថា មិនបានសម្រួលឲ្យក្រុមកម្មករដែលកំពុងធ្វើការទាំងនៅក្នុង និងក្រៅប្រទេសបានទៅបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅ។ រដ្ឋាភិបាលកម្ពុជាបានកំណត់យក ខែកក្កដាឆ្នាំ២០១៨ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងកំណត់យកបក្សកាន់អំណាចថ្មី។
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា ការគ្រោងចុះជួបកម្មករតាមរោងចក្រនាពេលនេះ គឺជាការឃោសនាទាក់ទាញការគាំទ្រមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលនឹងកាន់តែកៀកជិតចូលមកដល់។ លោកបន្ថែមថា ការចុះជួបកម្មករដោយផ្ទាល់តែម្យ៉ាង នឹងមិនអាចមានប្រសិទ្ធភាពក្នុងការទាក់ទាញការគាំទ្រពីកម្មករនោះទេ។
«ប្រមុខរដ្ឋាភិបាលត្រូវធ្វើតាំងពីយូរណាស់ហើយ ដែលត្រូវគិតអំពីសុខទុក្ខរបស់កម្មករ អំពីលក្ខខណ្ឌរបស់កម្មករ។ ហើយជាពិសេសនោះគឺ មិនត្រឹមតែចុះសួរសុខទុក្ខទេ ត្រូវតែគិតពីការជួយកម្មករក្នុងការតំឡើងប្រាក់ខែដើម្បីឲ្យពួកគាត់រស់នៅដោយសមរម្យ និងថ្លៃថ្នូរទៀតផង។ ចំណុចទី២ខ្ញុំគិតថា វាជាអ្វីដែលរដ្ឋាភិបាល ជាពិសេសប្រមុខរដ្ឋាភិបាលចាប់ផ្តើមធ្វើការឃោសនាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨»។
លោក សូ ចន្ថា បន្ថែមថា ការចុះជួប និងសួរសុខទុក្ខកម្មករ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ប៉ុន្តែលោកថា កន្លងមករដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើកម្មករ ជាហេតុធ្វើឲ្យកម្មករងាកទៅគាំទ្រគណបក្សប្រឆាំងច្រើនជាង។
«យើងឃើញហើយ រដ្ឋាភិបាលមិនបានផ្តល់ឱកាស ឬជំរុញទៅដល់កម្មករដើម្បីត្រឡប់ទៅបោះឆ្នោតឃុំសង្កាត់នោះទេ អញ្ចឹងអាចដោយសារតែមូលហេតុយល់ថាកម្មករប្រហែលជាមិនសូវគាំទ្ររដ្ឋាភិបាល។ អញ្ចឹងហើយខ្ញុំគិតថា មកទល់ពេលនេះ រដ្ឋាភិបាលចាប់ផ្តើមផ្តោតទៅលើកម្មករដើម្បីឲ្យកម្មករងាកមកគាំទ្ររដ្ឋាភិបាលវិញ»។
ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ បាតុកម្មទាមទារប្រាក់ខែជាច្រើនកន្លែងបានកើតឡើងជាបន្តបន្ទាប់។ កងទ័ពពិសេសនៃកងពល៩១១ ដែលគេស្គាល់ថា ជាជំនិតលោក ហ៊ុន សែន បានបើកការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករទាំងនោះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។ មួយថ្ងៃក្រោយមក គឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានមនុស្សបួននាក់បានស្លាប់ ម្នាក់បាត់ខ្លួន ហើយ២៤នាក់ផ្សេងទៀត បានរងរបួស ក្រោយពី មានការបាញ់រះមួយបានកើតឡើងពីក្រុមសមត្ថកិច្ច លើកំណាត់ផ្លូវវេងស្រេងក្នុងតំបន់សួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ារាជធានីភ្នំពេញ៕