ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញការ​ជប៉ុន​ជួប​តំណាង​គណបក្ស​នយោបាយ​នៅ​កម្ពុជា


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក សម រង្ស៊ី (ស្តាំ) ​នៅ​រដ្ឋសភា​កម្ពុជា​​ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៣។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក សម រង្ស៊ី (ស្តាំ) ​នៅ​រដ្ឋសភា​កម្ពុជា​​ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៣។
ក្រុម​អ្នក​ជំនាញ​ការ​ជប៉ុន​ បាន​ចាប់​ផ្តើម​ជួប​ជាមួយ​តំណាង​គណបក្ស​ជាប់ឆ្នោត​ គូជម្លោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ស្វែង​រក​លទ្ធភាព​ជួយ​ដល់ការ​កែ​ទម្រង់ការ​បោះឆ្នោតដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ប្រធាន​ក្រុម​ប្រតិភូ​នៃ​អ្នក​ជំនាញ​ការជប៉ុន ​លោក​សិនយ៉ា ម៉ូរី​ (Senya Mori)​ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​និង​គោល​នយោបាយ​សាធារណៈ​នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុន​ (JICA) ​បាន​ដឹក​នាំ​ក្រុម​របស់​ខ្លួន​ជួប​ជាមួយ​ក្រុម​ការងារ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​ព្រឹក​ និង​ជួប​ជាមួយ​នឹង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​រសៀល។​ ជំនួប​នេះធ្វើ​ឡើង​នៅ​តាម​ទីស្នាក់​ការ​កណ្តាល​នៃ​គណបក្ស​និមួយៗ​ ប៉ុន្តែ​ក្រុម​ប្រតិភូ​ជប៉ុន​ មិន​បាន​ផ្តល់​សេចក្តី​អត្ថា​ធិប្បាយ​ណាមួយ​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​នោះ​ទេ។​

លោក​សុន ឆ័យ ប្រធាន​ក្រុម​ការងារ​កែ​ទម្រង់ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​ជំនួប​ជា​មួយ​ក្រុម​អ្នក​ជំនាញ​ការ​ជប៉ុន​ថា​ អ្នក​ជំនាញ​ការ​ទាំង​ដប់​រូប​នោះ​បាន​សាក​សួរ​អំពី​លទ្ធផល​ចរចា​នៃ​ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​ និង​មូល​ហេតុ​នៃ​ការ​ផ្អាក​ដំណើរ​ការ​ចរចា។​ ក្រៅ​ពី​នោះ​ ក្រុម​អ្នក​សិក្សា​ជប៉ុន​ក៏បាន​ស្វែង​យល់​ថា​ តើ​គណបក្ស​ជំទាស់​ចង់​ឲ្យ​ភាគី​ជប៉ុន​ជួយ​អ្វី​ក្នុង​កិច្ច​ការ​នេះ។​

«ជជែក​ច្រើន​ដែរ​អំពី​ការ​ចុះ​បញ្ជី​អ្នក​បោះឆ្នោត។​ ដូច្នេះ​ប្រហែល​ជា​គេ​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ច្រើន។ ស្ថាន​ភាព​នៃ​ការ​ដោះ​ស្រាយ​នយោបាយ​យ៉ាង​ណា​ក៏​មាន​ការ​សួរនាំ​ផង​ដែរ។​ គេ​បាន​សួរនាំ​តាំង​ពី​តួនាទី​ប្រធាន​ភូមិ។​ គេ​ឆ្ងល់​ដែរ​ថា​ ហេតុ​អ្វី​បាន​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​អំពី​ប្រធាន​ភូមិ។​ គេ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​ប្រទេស​យើង​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​យូរ​ម្ល៉េះ»។​

លោក​សុន ឆ័យ​បន្ថែម​ថា​ ប្រតិភូ​ជប៉ុន​ដែល​រួម​មាន​សាស្ត្រាចារ្យ​ បណ្ឌិត ​និង​មន្ត្រី​មក​ពី​ក្រសួង​មហាផ្ទៃ​ជប៉ុន​ និង​អ្នក​ជំនាញ​ការ​ផ្នែក​បោះឆ្នោត​ ក៏​បាន​បង្ហាញ​បទពិសោធន៍​និង​រដ្ឋបាល​ទាក់​ទង​នឹង​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ ​ជា​ពិសេស​ការចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។​

លោក​សុន ឆ័យ​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​ផ្នែកកសាង​បញ្ជី​បោះឆ្នោត​មួយ​សុក្រិត្យ​ និង​ជួយ​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ដើម្បី​យក​គំនិត​ជាមូលដ្ឋាន​សម្រាប់​កែ​ទម្រង់​បោះឆ្នោត​ ក៏​ប៉ុន្តែមិន​មាន​ការ​ពិភាក្សា​យោង​ដល់​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​នោះ​ទេ។​

ដោយឡែក​ លោក​ជាម យៀប ​តំណាងរាស្ដ្រ​និង​ជា​សមាជិក​ក្រុម​ការងារ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ជំនួប​ជាមួយ​ប្រតិភូ​ជប៉ុន​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា។​

លោក​ជាម យៀប​ឲ្យ​ដឹង​ថា ប្រតិភូ​ជប៉ុន​នេះបាន​ពិភាក្សា​អំពី​ដំណើរ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ ក៏ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ។​ បន្ថែម​ពី​នោះ​ តំណាងរាស្ដ្រ​ខាង​គណបក្ស​កាន់​អំណាច​ដដែល​បញ្ជាក់​ថា​ ប្រតិភូ​ជប៉ុន​នឹង​ស្វែងរក​ជួប​ជាមួយ​ក្រសួង​មហា​ផ្ទៃ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បន្ត​ទៀត។​

«គេ​មាន​គម្រោង​ដើម្បី​ស្នើ​សុំ​ជួប​ជាមួ​យ​ក្រសួង​មហាផ្ទៃ​ ឬនាយក​ដ្ឋាន​ពាក់​ព័ន្ធ​នឹង​ការងារ​បោះឆ្នោត​ ជួប​ជាមួយ​នឹង​គ.ជ.ប.​ នៅ​ពេល​ខាង​មុខ​ដើម្បី​ប្រមូល​ផ្តុំ​ទិន្នន័យ​ និង​សកម្ម​ភាព​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា»។​

សូម​បញ្ជាក់​ថា ​បេសកកម្ម​នៃ​ក្រុម​អ្នក​ជំនាញ​ការ​បោះឆ្នោត​របស់​ប្រទេស​ជប៉ុន​នឹង​ធ្វើ​ការ​សិក្សា​លើ​លទ្ធភាព​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​ឧសភា។​ ក្រុម​ការងារ​ដែល​មាន​សមាជិក​សរុប​ដប់​នាក់​នេះ​នឹង​ជួប​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​ អង្គការ​អន្តរជាតិ​និង​សង្គម​ស៊ីវិល​ និង​គណបក្ស​នយោបាយ​ ដែល​កំពុង​ស្ថិត​ក្នុង​ជម្លោះ​នៃ​ការ​បោះឆ្នោត។​ ហើយ​បេសកកម្ម​នេះ​នឹង​ផ្តោត​លើ​ការ​ពិនិត្យ​លទ្ធភាព​ផ្តល់​ជំនួយរបស់​ប្រទេស​ជប៉ុន​សម្រាប់​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ។​

បេសកកម្ម​របស់​ក្រុម​អ្នក​ជំនាញ​ការ​ជប៉ុន​នេះ​ធ្វើឡើង​តាម​សំណើរបស់​ប្រទេស​កម្ពុជា​ក្នុង​ជំនួប​រវាងលោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ស៊ីនហ្ស៊ូ អាបេ ​(Shinzo Abe)​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣៕
XS
SM
MD
LG