ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​កាន់​អំណាច​និង​ប្រឆាំង​ពេញ​ចិត្ត​នឹង​លទ្ធផល​ឆ្នោត​ក្រុម​ប្រឹក្សា


មិនមាន​អ្វី​ដែល​គួរ​ឲ្យ​ចម្លែកសម្រាប់​គណបក្សប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ទទួល​បាន​អាសនៈ​ចំនួន​៣០៦ ​សម្រាប់​ក្រុមប្រឹក្សា​រាជធានី​និង​ខេត្ត ​និង​២.២៣៧​អាសនៈ​សម្រាប់ក្រុម​ប្រឹក្សាក្រុង​ ស្រុក​និង​ខណ្ឌ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាកាល​ពី​ថ្ងៃ​អាទិត្យ។

​នេះ​គឺ​ដោយសារ​គណបក្ស​នេះ​ទទួល​បាន​សំឡេងគាំទ្រ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រហូត​ដល់​៨.៤២១ក្នុង​ចំណោម​អង្គបោះឆ្នោតសរុប​ដែលមាន​ត្រឹម​តែ ១១.៤៥៩​នាក់។​

នេះ​យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​របស់​គណបក្ស​ប្រជាជន​លើ​គេហ​ទំព័​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ចំនួន​សំឡេង​គាំទ្រ​នេះ​ក៏​ដូច​គ្នា​នឹង​តួ​លេខ​បណ្តោះ​អាសន្ន​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែរ។​

តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ​គណបក្ស​ប្រជាជន​ដដែល​ ឱ្យ​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិទទួលបាន​ ៨៦អាសនៈសម្រាប់ក្រុមប្រឹក្សា​រាជធានី​ និង​ខេត្ត​ និង​៦៨៣​អាសនៈ​សម្រាប់​ក្រុម​ប្រឹក្សា​ថ្នាក់ក្រុង​ ស្រុក​និង​ខណ្ឌ។

រីឯ​គណបក្ស​ហ្វ៊ិនស៊ិនប៉ិចទទួល​បាន​ត្រឹមតែ​មួយ​អាសនៈ​សម្រាប់​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត និង​ ១៩​អាសនៈ​សម្រាប់​ក្រុមប្រឹក្សាថ្នាក់​ក្រុង​ ស្រុក​ ​និង​ខណ្ឌ។​

ដោយឡែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួលបាន​១អាសនៈ​សម្រាប់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ។ រីឯ​គណបក្ស​សាធារណៈរដ្ឋ​ដើម្បី​ប្រជាធិប​តេយ្យ​វិញ​មិន​ទទួល​បាន​អាសនៈ​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ជាម យៀប​មាន​ប្រសាសន៍​ថាលទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ខេត្តក្រុង​ស្រុក​ខណ្ឌ​បាន​បង្ហាញ​ថា​អង្គ​បោះឆ្នោត​ភាគច្រើន​នៅ​តែ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ជាម យៀប​បាន​បន្ថែម​ថា៖ «អា​នេះ​មហា​ជោគជ័យ​ហើយ​ដែល​ជា​មោទភាព​របស់​គណបក្ស​កាន់​អំណាច។ ​អង្គ​បោះឆ្នោត​នៅ​តែ​គាំទ្រ​គណបក្ស​ហ្នឹង​ទោះបី​គណបក្ស​ផ្សេង​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​ ឬ​លើក​បញ្ហា​យ៉ាង​ណា​ក៏ដោយ»។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ លោក​ សម​ រង្ស៊ី​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិក៏​បាន​ចាត់ទុក​ថា​គណបក្ស​របស់​លោក​ទទួល​បាន​ជ័យ​ជម្នះ​ដូចគ្នា​ដែរ។

សម្រាប់​អណត្តិទី​២​នេះ​គណបក្ស​របស់​លោក​ទទួល​បាន​អាសនៈ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៧៦៤។ កើន​ឡើង​ចំនួន​ ១៨៥​អាសនៈ​លើស​ពី​អណត្តិ​ទី​១​នៅ​ឆ្នាំ​២០០៩។

លោក​បាន​បន្ថែម​ថា៖​ «គ្នា​យើង​បាត់​មួយ​គ្រាប់​ពី​រគ្រាប់​ដោយសារ​លុយ​ ប៉ុន្តែខាង​គណបក្ស​ដទៃ​ទៀត​គេ​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ដោយ​ទឹក​ចិត្ត​របស់​គេ។​ សរុប​ទៅ​សំឡេង​យើង​កើន​ យើង​បាត់​ខ្លះ ​តែ​យើង​ចំណេញ​ពី​គណបក្ស​ផ្សេងៗ​ជា​ពិសេសគណបក្ស​ប្រជាជន»។

លោក​ ញ៉ឹក ប៊ុនឆៃ​ អគ្គលេខាធិការ​គណ​បក្សហ៊្វុនស៊ិនប៉ិច​បាន​សម្តែង​ការ​សោក​ស្តាយ​នៅ​ពេល​ដែល​គណបក្ស​របស់​លោក​ទទួល​បាន​ត្រឹមតែ​១៩​អាសនៈ​តែប៉ុណ្ណោះ។

«ធម្មតា​វាមាន​ការ​សោកស្តាយ​ចឹង​ហើយ​ ក៏​ប៉ុន្តែ​ដោយសារ​អង្គ​បោះឆ្នោត​របស់​យើង​អត់ប្រមូល​ផ្តុំ​តាម​ស្រុក​ មាន​ច្រើន​មែន​តែ​វា​រាយ។ ​ដើម្បី​បាន​មួយ​អាសនៈ​យើង​ត្រូវ​ការ​សំឡេង​ ៣​ឬ៤​ ៥ ចឹង​សំឡេង​យើង​វា​ចោល​ច្រើន»។

​ទោះ​បីជា​ជា​យ៉ាង​ណាក្តី​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោតមិនធ្វើអត្ថាធិប្បាយ​ណា​មួយ​លើ​ចំនួន​អាសនៈ​ដែល​រក​ឃើញ​ដោយ​គណបក្ស​នីមួយៗ​នោះទេ​ដោយ​រង់ចាំ​ការប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃទី​ ៣០​ខែ​ឧសភា៕
XS
SM
MD
LG