ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ជប៉ុន​មក​ជួយ​កែទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា

  • គង់ សុឋានរិទ្ធ

កម្មករ​ខ្មែរ​មើល​មក​លើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​​កាល​ពី​ថ្ងៃ​​ទី​៧​ខែ​កញ្ញា​ឆ្នាំ​២០១៤ ដោយ​​មាន​ផ្លាក​មួយ​ចង​ពី​​ថា​«តើ​សំឡេង​ឆ្នោត​ខ្ញុំ​នៅ​ឯ​ណា?»។
ជំនាញការ​ផ្នែក​បោះឆ្នោត​ជប៉ុន​មួយ​ក្រុម​ដែល​មាន​គ្នា​សរុប​ចំនួន​ដប់​នាក់បាន​ចាប់​ផ្តើម​សិក្សា​ពី​តម្រូវការ​របស់​ប្រទេសកម្ពុជា​ក្នុង​ការ​ធ្វើ​ការ​កែទម្រង់​ការ​បោះឆ្នោត​ដែល​ពោរពេញ​ដោយ​ភាព​ចម្រូងចម្រាស់។ ការ​សិក្សា​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៣​ខែឧសភា​នេះ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​ជប៉ុន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្រុម​អ្នក​ជំនាញ​ដែល​ដឹក​នាំ​ដោយ​លោក​សិនយ៉ា ម៉ូរី (Senya Mori)​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​អភិវឌ្ឍន៍​ឧស្សាហកម្ម​និង​គោល​នយោបាយ​សាធារណៈ​នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន(JICA) ​និង​ស្វែងរក​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​មន្ត្រី​ដឹក​នាំ​នៃ​គណបក្ស​គូជម្លោះ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ក្របខណ្ឌ​នៃ​ការ​កែទម្រង់​ការ​បោះឆ្នោត ​ជួប​ជាមួយ​មន្ត្រី​ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​ក្រុម​បេសក​កម្ម​ជប៉ុន​នេះ​នឹង​ជួប​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​អង្គការ​អន្តរជាតិ​និង​សង្គមស៊ីវិល​ក្នុង​ប្រទេស​ផងដែរ​ដើម្បី​ស្វែង​យល់​ពី​សភាពការណ៍​កម្ពុជា​បច្ចុប្បន្ន​និង​តម្រូវការ​កែទម្រង់​ដើម្បី​ជប៉ុន​ពិនិត្យ​លទ្ធភាព​ផ្តល់ជំនួយ​បាន​កម្រិតណា។

លោក​ហ៊្វូមីអូ ហ្គោតុ (Fumio Goto)​មន្ត្រី​ទំនាក់ទំនង​ម្នាក់​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ក្រុង​ភ្នំពេញឲ្យ​ដឹង​ថា​ក្រុម​ជំនាញការ​នឹង​ជួប​ជាមួយ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិសម្រាប់​កិច្ច​ចរចា​លើ​ទំនាស់​ការបោះឆ្នោត។ ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​លម្អិត​ទេ។

«យើង​នឹង​រៀបចំ​ផែនការ​ជួប​ជាមួយ​ក្រុម​ការងារ​កែទម្រង់​ការ​បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។​ នេះ​គឺ​ដើម្បី​ស្វែង​យល់​ពី​ទស្សនៈ​និង​ប្រឹក្សាជាមួយ​ដៃគូ​ជាប់​ពាក់ព័ន្ធ»។

​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អរិយភាព​នឹង​គ្នា​ជុំវិញ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៨​ខែកក្កដា ​ហើយបានធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​ជាប់​គាំង​ក្នុង​វិបត្តិ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

​គណបក្ស​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត​និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោយចោទ​ប្រកាន់​ថា​ គណៈកម្មាធិការ​នេះ​បាន​បង្ក​ភាព​មិន​ប្រក្រតី​និង​ការ​កេង​បន្លំ​សន្លឹក​ឆ្នោត។

​លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ចរចា​បស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា​ គណៈប្រតិភូ​ជប៉ុន​នឹងជួប​ជាមួយ​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​នៅ​ព្រឹកថ្ងៃ​អង្គារ​ស្អែក​នេះ។

«ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ស្អែក​នៅ​ម៉ោង​៩​ព្រឹក។ គេ​នឹង​សួរ​ថា​តើ​អ្វី​គេ​នឹង​អាច​ជួយ​បាន​បន្ទាន់​ដោយ​មិន​ចាំបាច់​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ។​គេ​ចង់​ដឹង​ថា​ក្រុម​ការងារ​ចម្រុះ​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ការងារ​ថ្ងៃ​ណា ​រៀប​ចំ​សិក្ខា​សាលា​ជាតិ​ថ្ងៃ​ណា​ជាដើម»។

ដោយឡែក​ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជួប​ជាមួយ​ក្រុម​អ្នក​ជំនាញការ​ជប៉ុន​នៅ​ពេល​រសៀល​ម៉ោង២ ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើ​យោង​តាម​លោក​ជាម យៀប ​សមាជិក​ក្រុម​ការងារ​បច្ចេក​ទេស​របស់​គណបក្ស​កាន់​អំណាច។

«យើង​នឹង​សាក​សួរ​អំពី​បទ​ពិសោធន៍​និង​អំពី​ច្បាប់​របស់​គេ ​សួរ​អំពី​អ្វីៗ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​កែទម្រង់ការ​បោះឆ្នោត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ទុកជា​មូល​ដ្ឋាន​សម្រាប់​ពិភាក្សា​បន្ត​ទៀត​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ»។

សូម​បញ្ជាក់​ថា​ ក្រុម​អ្នក​ជំនាញ​ការ​បោះឆ្នោត​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រទេស​កម្ពុជា​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ស៊ីនហ្ស៊ូ អាបេ​ (Shinzo Abe) ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៣៕
XS
SM
MD
LG