ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេតការណ៍៖ ការ​កើន​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ​នាំ​ឱ្យ​មាន​តុល្យភាព​ថ្នាក់​មូលដ្ឋាន


លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៤ ​អំពី​ការ​លទ្ធផល​នៃ​កាល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិ​ទី២។ (រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)
លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៤ ​អំពី​ការ​លទ្ធផល​នៃ​កាល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិ​ទី២។ (រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)
ការ​បោះឆ្នោត​ជ្រើស​រើស​មន្ត្រី​ក្រុម​ប្រឹក្សា​គ្រប់គ្រង​ថ្នាក់​មូលដ្ឋាន​បាន​បញ្ចប់​ ហើយ​ដោយ​គេ​បាន​ដឹង​ថា​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​តែ​នាំ​មុខ​គណបក្ស​នយោបាយ​ដទៃ​ទៀត។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​ឡើង​ចំនួន​អាសនៈ​ច្រើន​ជាង​មុន។​

កំណើន​សំឡេង​ឆ្នោត​របស់​គណបក្ស​ជំទាស់​ក្នុង​ការ​បោះឆ្នោត​អសកល​ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង ​ស្រុក ​ខណ្ឌ​នេះ​ ត្រូវ​គេ​គិត​ថា​ជា​ការ​ធ្វើ​ឲ្យ​អំណាច​ថ្នាក់​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​កាប់​អំណាច​ជាង​៣​ទសវត្សរ៍​នោះ​ ធ្លាក់​ចុះ​ហើយ​ជំនួស​មក​វិញ​ដោយ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ដ៏​រឹង​មាំ​ជាង​មុន​សម្រាប់​ប្រទេស​កម្ពុជា។

គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​កាប់​អំណាច​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​យ៉ាង​រ៉ឹងមាំ​តែ​ម្នាក់​ឯងជា​ច្រើន​ទសវត្សរ៍​តែ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​អាណត្តិ​ទី២​នៅ​ថ្ងៃទី​១៨​ខែ​ឧសភា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ​សម រង្ស៉ី​ និង​លោក​កឹម ​សុខា​បាន​កើន​អាសនៈ​១៨៥ ​គឺ​ពី​ចំនួន​៥៧៩​ដល់​ទៅ​៧៦៤​អាសនៈ​ដែល​មាន​ន័យ​ថា​មន្ត្រី​គណបក្ស​ជំទាស់​អាច​ចូលរួម​ ក្នុងការ​សម្រេច​កិច្ចការ​ថ្នាក់​ រាជធានី​ ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​ដោយ​មិន​អនុញាត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​កិច្ចការ​រដ្ឋបាល​និង​កិច្ចការ​អភិវឌ្ឍន៍​នានា​តែ ម្នាក់​ឯង​បាន​ទៀត​ទេ។

លោក ​បណ្ឌិត​ ហង្ស ពុទ្ធា ​នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​មួយ​ឈ្មោះ​និកហ្វិក​បាន​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​នាំ​មុខ​ដដែល​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើនឡើង​សំឡេង​ដ៏​គួរ​ឲ្យ​ភ្នាក់​ផ្អើល ហើយ​ដែល​អាចធ្វើ​ឲ្យមាន​ការ​ប្រែប្រួល​ក្នុងការ​ដឹកនាំ​ខ្លះ​នៅ​មូលដ្ឋាន។

«យើង​ពិនិត្យ​ទៅ​លើ​របៀប​គ្រប់គ្រង​បក្ស​ គឺ​គណបក្ស​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​លោក​ប្រើប្រាស់​ឋានានុក្រម​ក្នុង​ការ​ទទួល​បញ្ជា​ពី​ថ្នាក់​លើ។​ អញ្ចឹង​ការ​សម្រេច​ចិត្ត​ថ្នាក់​ក្រោម​អត់​មាន​ទេ។ ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូច​ជា​បើក​ចំហរ​នូវ​ការ​សម្រេច​ចិត្ត​នៅ​មូល​ដ្ឋាន​ច្រើន​ជាង។​ អញ្ចឹង​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​អាសនៈ​ច្រើន​នៅ​កម្រិត​ថ្នាក់​ណា​មួយ​ ដែល​ខ្លួន​ឯង​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន​ខ្លួន​នឹង​ធ្វើការ​សម្រេច​ចិត្ត។​ ហើយ​ការ​សម្រេច​ចិត្តតាម​របៀប​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ការ​សម្រេច​ចិត្ត​ភ្ជាប់​នឹង​ការ​ផ្លាស់ប្តូរ​ហើយ​ព្រោះសារ​របស់​គណបក្ស​នេះ​ឯង​ថា​ផ្លាស់ប្តូរ​ តែ​នៅ​ពេល​ដែល​ខ្លួន​ទទួល​តំណែង​ហ្នឹង​ហើយ​ខ្លួន​ឯង​មិន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ប្រហែល​ជា​ត្រូវ​ប្រឈម​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ឬ​ក៏​គណបក្ស​របស់​ខ្លួន។​ អញ្ចឹង​ហើយ​បាន​ក្រុមប្រឹក្សា​ដែល​មកពី​គណបក្ស​នេះ​អាច​នឹង​ជំរុញ​ទៅ​រក​ការ​ផ្លាស់ប្តូរ​ដូច​ជា​ទម្លាប់​នៃ​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​ យ៉ាង​ហោច​ណាស់​ក៏​ផ្នែក​រដ្ឋបាល​នៅ​តាម​ស្រុក​ឬ​ក៏​ខេត្ត​ហ្នុង​ដែរ។ ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដូច​ជា​ទម្លាប់​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​ផ្នែក​មូលដ្ឋាន​ស្រុក​ ឬ ​ខេត្ត​ហ្នឹង​ដែរ»។

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​និង​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​អះអាង​ថា​រាល់​ការ​អភិវឌ្ឍ​ ការ​រំលោភ​បំពាន​ដីធ្លី​ និង​សម្បទាន​នានា​ និង​ការ​សម្រេច​ចិត្ត​ផ្នែក​រដ្ឋបាល ​លិខិត​បទដ្ឋាន​នានា​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​នឹង​មាន​ការ​ត្រួត​ពិនិត្យ​ដ៏​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស។

ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ក្រោយ​ការបោះឆ្នោត​លោក​ សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ អះអាងថា​ កំណើន​នៃ​គណបក្ស​ជំទាស់​កើនឡើង​ខ្លាំង​ដើម្បី​ទប់ស្កាត់​មិនឲ្យ​គណបក្ស​ប្រជាជន​សម្រេច​អ្វីតាម​តែអំពើ​ចិត្តខុស​នឹង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទៀតទេ​នៅ​កន្លែង​ដែល​គណបក្ស​លោក​បាន​ទទួល​ជ័យជម្នះ។

«បានន័យ​ថាកម្លាំង​ប្រជាធិប​តេយ្យ​ឥឡូវ​នេះ​គឺអាច​ទប់ទល់​បាន​ជាមួយ​គណបក្ស​កាន់​អំណាច​ដោយ​មាន​ប្រសិទ្ធភាព​គួរសម។​ ពីមុន​តិចតួច​តែឥឡូវ​ឃើញ​ច្រើនគួរ​សម​ រហូត​ទៅ​ដល់​ទទួល​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ ហើយ​ស្រុកមួយ​ចំនួន ទោះជា​យើង​មិន​ធ្វើ​ប្រធាន​ក៏យើង​មាន​កម្លាំង​ច្រើន​ ដើម្បីសួរ​យោបល់ ​ដើម្បី​គិត​ពិចារណា​ មិន​អាច​គណបក្ស​ណា​ជិះសេះ​លែងដៃ​ដូចមុន ​មិន​អាច​គណបក្ស​ណា​ គណបក្ស​តែមួយ​ធ្វើអ្វី​ស្រេច​ចិត្តទេ។​ ហើយ​យើង​សូម​បញ្ជាក់ថា​យើង​នឹង ប្រើ​កម្លាំង​របស់យើង​នេះ​ដើម្បី​នាំមក​នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅមូល​ដ្ឋាន។​ លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​មូលដ្ឋាន​គឺ​ត្រូវតែ​សួរយោបល់​ប្រជារាស្ត្រ​នៅ​មូលដ្ឋាន។ យើង​នឹង​ការពារ​ផល​ប្រយោជន៍​ប្រជារាស្ត្រ​នៅ​មូលដ្ឋាន»។

លោក ​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ទរ​ថា៖

«យើង​ទទួល​បាន​លទ្ធផល​លើស​ពី​ការ​គ្រោង​ទុក។​ មាន​ន័យ​ថាអ្វី​ដែល​យើង​គិត​ថាជា​របស់​យើង​នោះ​ យើងបាន​លើស​ពីអ្វី ​ដែលជា​របស់​យើង​ មាន​តទៅ​ទៀត។ នេះ​ចំណុច​ទី១។​ ចំណុច​ទី២​យើងមាន​ឱកាស​ច្រើន​ដើម្បី​បន្ត​បេសកកម្ម​ជាប្រវត្តិ សាស្ត្រ​ ក្នុងការ​ពង្រឹង​មូលដ្ឋាន​តទៅ​ទៀត។​ ហើយខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា​នេះ ជាការ​បោះឆ្នោត​អសកល​ទេ។​ប្រសិន​បើ​បោះឆ្នោត​សកល​ ប្រជា​ពលរដ្ឋ​គាំទ្រ វិញ​ច្រើន​ជាង​ហ្នឹង។​ នេះអ្នក​បោះឆ្នោត​ អង្គបោះឆ្នោត​សុទ្ធ​តែ​គណបក្ស​ប្រជាជន គាប​ណែន​អស់ហើយ​ គាប​ពួកគាត់​ណែន​អស់ហើយ​ តែនៅ​តែ​របូត។ ទី២ ​សង្កត់​លើ ​(អង្គ​បោះ​ឆ្នោត)​របស់​យើង​ទៀត​ តែសង្កត់​វាមិន​ចេញ។​ ដូច្នេះ​ហើយ ​នេះ​ហើយ​ស​ឲ្យឃើញ​ថា​មិនអាច​គណបក្ស​ប្រជាជន​ធ្វើអី​បាន​ស្រេច​តែ​ចិត្ត​ទេ»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ​ផៃ ស៊ីផាន​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​នៃ​ គណបក្សកាន់​អំណាច​បាន​អះអាង​ថា​គណបក្ស​កាន់​អំណាច​នៅតែ​នាំមុខ​ក្នុងការ​បោះឆ្នោត​នេះ ​ហើយបាន​បដិសេធ​ពីការ​បែកបាក់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្នាក់​មូលដ្ឋាន។​

«ឥឡូវនេះ​តាម​លទ្ធផល​ដែល​មិនទាន់​ចេញ​ជាផ្លូវការ​ ហើយមិន​ទាន់​បូក​បញ្ចប់ យើង​ឃើញថា​គណបក្ស​ប្រជាជន​បាននាំ​មុខច្រើន​តាមស្រុក ​និង​តាម​ខេត្ត»។

លោក​បាន​ថ្លែងថា​ចំពោះ​ដំណើរ​ការ​ផ្តល់​អំណាច​ដល់ថ្នាក់​មូលដ្ឋាន​គឺនៅតែ​មាន​ដំណើរការ​ជាធម្មតា​ដដែល។

«ចំពោះអ្វី​ដែលខ្ញុំ​ជាសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំឃើញ​នៅតែ​មាន ប្រសិទ្ធភាព​ នៅតែ​មាន​ការ​បន្ត​ដំណើរ​ការ​រដ្ឋបាល ​ក៏ដូចជា​ដំណើរការ​នយោ បាយ​ វិមជ្ឈការ​និង​សហវិមជ្ឈការ​ នៅតែ​ដំណើរការ​លឿន​ល្អ​ដដែល​ពីព្រោះ យើង​ឃើញ​ហើយ​ការ​តតាំងគ្នា​ គណបក្ស​សង្គ្រោះ​ជាតិ​ លោកចាប់​អារម្មណ៍ តែខាង​លើទេ​ គឺថ្នាក់​ជាតិ។​ តែ​ចំណែក​ថ្នាក់​មូលដ្ឋាន​លោក​អត់ទាន់​ចូលទៅ ដល់ផ្នែក​មូលដ្ឋាន​ទេ»។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(គជប)​បានចាប់​ផ្តើម​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បឋមៗ​កាលពី​យប់​ថ្ងៃ​អាទិត្យ។ ​តែ​លោក ​ទេព នីថា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​ រៀបចំការ​បោះឆ្នោត​គជប​បាន​បង្ហាញ​តម្រុយ​ឲ្យដឹងថា​គណបក្ស​ប្រជាជន​ឈ្នះ​នាំមុខ​ដោយ​ផ្អែក​លើចំនួន​អង្គ​បោះឆ្នោត។

«យើង​នឹង​ផ្សាយ​លទ្ធផល​តាមវិទ្យុ​ និង​ទូរទស្សន៍​ក្នុងរង្វង់​ពីម៉ោង​៧យប់​ទៅ។ ហើយ​និយាយ​ដោយ​ត្រង់ខ្ញុំ​ក៏អត់​ទាន់​បានបូក​សរុប​លទ្ធផល​ហ្នឹង​យ៉ាងម៉េច​ដែរ។ ក៏​ប៉ុន្តែ​បើ​យើង​និយាយ​តាមលេខ​នៃក្រុម​ប្រឹក្សា​ឃុំសង្កាត់​វិញ​ យើង​ឃើញ​ថា គណបក្ស​ប្រជាជន​លោក​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​រហូត​ដល់​ជាង​៨.០០០​នាក់​ឯណោះ​ ហើយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​គណបក្ស​សមរង្ស៉ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​ បូក​បញ្ចូលគ្នា​ទៅ​ មាន​ប្រហែល​ជា​ ជិត​ ៣.០០០​ពាន់​នាក់។ ​អញ្ចឹង​ទេ ​យើងអាច​វាយ​តម្លៃ​តាម​នេះ​ យើង​ឃើញ​ហើយ»។

មាន​គណបក្ស​ចំនួន​ប្រាំដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ ដែល​មាន​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ចំនួន​១៩៧ ​ហើយមាន​អង្គបោះ​ឆ្នោត​តែ​១១.៤៥៩ រូប​នោះ។​ មាន​ការមិន​បាន​បោះឆ្នោត​តិចតួច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល លោក​ សម រង្ស៉ី​បាន​អះអាងថា​មានការ​ទិញ​ដូរ​សន្លឹក​ឆ្នោត។​ ហើយមាន​តែពាក្យ​បណ្តឹង​មួយ​ប៉ុណ្ណោះ។​ តែក្រុម​អ្នកសង្កេត​ការណ៍​កំពុង​ធ្វើ​របាយកាណ៍​អំពី​រឿង​បោះឆ្នោត​អសកល​ដែល​ពួក​គេឃ្លាំ​ខ្លះៗ​នោះ៕
XS
SM
MD
LG