ប៉ូលិសបារាំងថ្លែងថា កុមារីអាយុ៨ឆ្នាំម្នាក់ត្រូវបានសម្លាប់ ហើយមនុស្សយ៉ាងហោចណាស់៥នាក់ទៀតរងរបួស នៅពេលដែលអ្នកបើកបររថយន្តម្នាក់បានបើករថយន្តរបស់ខ្លួនទៅរកផ្លូវដើរមួយនៃហាងលក់ភីហ្សាមួយកន្លែងនៅក្នុងក្រុងតូចមួយ ដែលស្ថិតនៅប៉ែកខាងកើតទីក្រុង ប៉ារីស។
មន្ត្រីម្នាក់នៃកងល្បាតជាតិបាននិយាយថា អ្នកបើកបររថយន្តនោះត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីហេតុការណ៍កាលពីយប់ថ្ងៃចន្ទ នៅក្នុងក្រុង Sept-Sorts។
មន្ត្រីរូបនោះ និយាយថា ខ្លួននៅមិនទាន់ច្បាស់នៅឡើយទេ ថាសកម្មភាពនេះគឺជាចេតនាឬយ៉ាងណា។ មន្ត្រីរូបនោះមិនត្រូវបានអនុញ្ញាតឲ្យបញ្ចេញឈ្មោះជាសាធារណៈនោះទេ។ នេះបើយោងតាមគោលការណ៍របស់ប៉ូលិស។
បុរសជនជាតិអាល់ហ្សេរីម្នាក់បានបើករថយន្តរបស់ខ្លួនទៅបុកទាហានបារាំងមួយក្រុមកាលពីសប្តាហ៍មុន ហើយការវាយប្រហារដោយរថយន្តធុនធំមួយគ្រឿងក្នុងទីក្រុង នីស នៃប្រទេសបារាំង បានសម្លាប់មនុស្សអស់ចំនួន ៨៦ នាក់ កាលពីជាងមួយឆ្នាំមុន។ គេឃើញមាន ការប្រើប្រាស់រថយន្តធ្វើជាអាវុធដើម្បីវាយប្រហារនៅក្នុងប្រទេសផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕