អ្នកនាំពាក្យរដ្ឋាភិបាលបារាំងបាននិយាយនៅថ្ងៃពុធនេះថា បុរសដែលប្រើញញួរវាយប្រហារមន្ត្រីប៉ូលិសនៅឯវិហារគ្រិស្តសាសនា Notre Dame នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារម្សិលមិញ គឺជានិស្សិតដែលកំពុងសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន ហើយកន្លងមក មិនដែលជាប់សង្ស័យថាមានទស្សនៈជ្រុលនិយមហួសហេតុនោះទេ។
លោក Christopher Castaner ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងវិទ្យុ RTL ថា ប៉ូលិសចាត់ទុកការវាយប្រហារនោះ ថាជាសកម្មភាពភេរវកម្ម ដោយសារតែនេះជាអ្វីដែលបុរសវាយប្រហារនោះបានលើកឡើង។
លោក Gerard Collomb រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីមានការវាយប្រហារនេះ ថា បុរសនោះបានស្រែកថា ខ្លួនធ្វើដូច្នេះ «គឺដើម្បីប្រទេសស៊ីរី»។ លោក Gerard Collomb ក៏បានប្រាប់អ្នកសារព័ត៌មាននានាថា អត្តសញ្ញាណប័ណ្ណដែលរកឃើញក្នុងខ្លួនរបស់បុរសវាយប្រហារនោះ បានបញ្ជាក់ថា បុរសនោះជានិស្សិតជនជាតិអាល់ហ្សេរី។
ប៉ូលិសបានឆែកឆេរបន្ទប់ស្នាក់នៅរបស់បុរសវាយប្រហារនោះ ដោយបានរកឃើញវីដេអូមួយ ដែលនៅក្នុងនោះ បុរសនោះបានប្រកាសពីភាពស្មោះស្ម័គ្ររបស់ខ្លួនចំពោះក្រុមជ្រុលនិយមរដ្ឋឥស្លាម។
ការិយាល័យរដ្ឋអាជ្ញាបារាំងបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើភេរវកម្មរបស់ខ្លួន បានធ្វើការស៊ើបអង្កេតលើការវាយប្រហារនេះ។
នាយកដ្ឋានប៉ូលិសប្រចាំទីក្រុងប៉ារីស បានឲ្យដឹងថា មន្ត្រីប៉ូលិសមួយរូបបានបាញ់ឲ្យបុរសនោះរងរបួស បន្ទាប់ពីបុរសនោះបានវាយប្រហារមន្ត្រីប៉ូលិសម្នាក់ដោយញញួរ។ លោក Gerard Collomb បាននិយាយថា មន្ត្រីប៉ូលិស និងបុរសរូបនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕