ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រឿង​ផ្ទុះ​ក្នុង​ស្រោម​សំបុត្រ​បាន​ផ្ទុះ​នៅ​ឯ​ការិយាល័យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF ​ក្នុង​ទីក្រុង​ប៉ារីស


ប៉ូលិស​ស្ថិត​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​មូលនិធិ IMF កន្លែង​ដែល​មាន​ស្រោម​សំបុត្រ​ផ្ទុះ​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
ប៉ូលិស​ស្ថិត​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​មូលនិធិ IMF កន្លែង​ដែល​មាន​ស្រោម​សំបុត្រ​ផ្ទុះ​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

មនុស្ស​ម្នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ដែល​គ្រឿង​ផ្ទុះដាក់​ក្នុង​ស្រោម​សំបុត្រ​បាន​ផ្ទុះ​នៅ​ការិយាល័យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ​ក្នុង​ទីក្រុង​ប៉ារីស ​នេះ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស។ មិន​មាន​សេចក្តី​រាយការណ៍​ពី​ការ​ខូច​ខាតនៅ​ក្នុងការ​ផ្ទុះ​នោះ​ទេ​ ហើយ​ប៉ូលិស​បាន​ជម្លៀស​បុគ្គលិក​ភ្លាមៗ​ចេញ​ពី​អាគារ​នោះ​មុន​ពេល​ការពារ​តំបន់​នោះ។

លោកស្រី Christine Lagarde នាយក​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ហៅ​ការ​ផ្ទុះ​ក្នុង​ស្រោម​សំបុត្រ​នេះ​ថា​ជា​សកម្មភាព​ហិង្សា​ដ៏​កំសាក។

​លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ «យើង​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួក​អាជ្ញាធរ​បារាំង​ដើម្បី​ស៊ើប​អង្កេត​ពី​ឧបទ្ទវហេតុ​នេះ​ ហើយ​នឹង​ធ្វើឲ្យ​ប្រាកដ​ថា ​បុគ្គ​លិក​មាន​សុវត្ថិភាព‍»។

គ្រឿង​ផ្ទុះ​នៅ​ក្នុង​ស្រោម​សំបុត្រ​នៅ​ការិយាល័យ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ IMF នេះ​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​កញ្ចប់​ស្រដៀង​គ្នា​នេះ​បាន​ទៅ​ដល់​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​ដែល​មាន​គ្រឿង​ផ្ទុះ​កម្រិត​ទាប។ កញ្ចប់​នោះ​បាន​ត្រូវ​កំណត់​អត្តសញ្ញាណ​ថា​ ជា​វត្ថុ​សង្ស័យ​ហើយ​បាន​បំផ្លាញ​ចោល​ដោយ​ប៉ូលិស។

​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​ តើ​ឧបទ្ទវហេតុ​ទាំង​២​នេះ​មាន​ជាប់​ទាក់​ទិន​គ្នា​ឬ​ទេ ​ហើយ​ថា​តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​នោះ​ទេ ប្រទេស​បារាំង​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​បាន​ក្លាយ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវកម្ម​ឥស្លាម​សំខាន់ៗ​ជា​ច្រើន។

ប៉ូលិស​ក្នុង​ទីក្រុង Grasse ភាគ​ខាង​ត្បូង ​ក៏​បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​បន្ទាប់ពី​ជន​នោះ​បាន​រង​ការ​ចោទ​ប្រកាន់​ពីការ​បាញ់​រះ​នៅ​ក្នុង​វិទ្យាល័យ​មួយ ​ដោយ​បាន​ធ្វើឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​ក៏​២​នាក់​ដែរ​រង​របួស។​ ប៉ូលិស​មិន​បាន​និយាយ​ថា​តើ​ប្រភេទ​អាវុធ​អ្វី​ដែល​ជន​នោះ​បាន​ប្រើ​ប្រាស់នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ ​ក៏ប៉ុន្តែ​បាន​និយាយ​ថា ​ពួកគេ​កំពុង​ស្វែងរក​មនុស្ស​ដែល​អាចជាជនសង្ស័យ​ទី២៕

XS
SM
MD
LG