ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្ម​ជន​ដី​ធ្លី​នៅ​បឹង​កក់​ដ៏​ល្បី​ល្បាញ​ចំនួន​ប្រាំ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​​នេះ

  • គង់ សុឋានរិទ្ធ

ស្ត្រី​សកម្មជន​​ការពារសិទ្ធិ​លំនៅ​ដ្ឋាន​​នៅ​បឹងកក់​​​​ពេល​អាជ្ញាធរ​​ចាប់​ខ្លួន​​កាលពី​ថ្ងៃ២១ ​ខែ​​មករា​ឆ្នាំ​​២០១៤​

អាជ្ញាធរសាលា​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ឃាត់​ខ្លួន​ស្ត្រី​សកម្មជន​បឹង​កក់​ចំនួន​ប្រាំពីរ​នាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះក្រោម​ការ​ចោទ​ប្រកាន់​ថា​ បាន​បង្ក​ឲ្យ​ខូច​សណ្តាប់​ធ្នាប់សាធារណៈ។​

នៅ​ក្នុង​ចំណោម​ស្ត្រី​ដែល​ត្រូវ​ចាប់​ខ្លួននោះ​មាន​អ្នក​ស្រី​ទេព វន្នី​ ម្ចាស់​ពាន​រង្វាន់​Vital Voices Global Partnership ​នៅ​សហ​រដ្ឋ​អាមេរិក​ អ្នកស្រី​ង៉ែត​ ខុន ​ហៅ​ម៉ាំមី ​អ្នកស្រី​គង់ ចន្ថា ​អ្នកស្រី​បូ ឆវី ​អ្នកស្រី​សុង ស្រីលាភ ​អ្នកស្រី​ណង ស្រេង​និង​អ្នកស្រី​ផាន ឈុនរ៉េត។​

បួន​នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នេះ​សុទ្ធ​តែ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​នឹង​ចោទ​ប្រកាន់​ដោយ​តុលាការ ​ប៉ុន្តែ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ជា​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។​

ការ​ចាប់​ខ្លួន​បាន​កើត​ឡើងនៅ​ពេល​ដែល​ស្ត្រី​នៃ​សហគមន៍​បឹងកក់​ដែល​មាន​ទំនាស់​ដីធ្លី​យ៉ាង​រ៉ាំរ៉ៃ​ជា​មួយ​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណ​បក្ស​កាន់​អំណាច​ បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញទាមទារ​ឲ្យ​អាជ្ញាធររាជធានី​ភ្នំពេញ​ដោះ​ស្រាយ​ប្រព័ន្ធ​បង្ហូរ​ទឹក​ដល់​ពួក​គេ​ដើម្បី​បញ្ចៀស​ការ​លិច​លង់​នៅ​រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។​ ប៉ុន្តែ​តំណាង​សាលា​រាជ​ធានី​ភ្នំពេញ​មិនបាន​ចេញ​មក​ជួប​ពួក​គេ​ទេ ​ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ប៉ុន​ប៉ង​បិទ​ផ្លូវ។​ ខណៈ​នោះក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កងសន្តិសុខ ​ខណ្ឌ​ដូនពេញ ​និង​មាន​ការ​ចាប់​ខ្លួន​នៅ​ពេល​នោះ​តែ​ម្តង។​

សកម្ម​ជន​ទាំង​ប្រាំពីរ​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​និង​ត្រូវ​ឃុំ​ក្នុង​បន្ទប់​មួយ​រួម​គ្នា​នៅ​ការិយាល័យ​នគរ​បាល​ចរាចរ​ជើង​គោក។​

អ្នក​ស្រី​ទេព វន្នី​និយាយ​តាម​ទូរស័ព្ទ​ពី​បន្ទប់​ឃុំ​ខ្លួន​នោះថា៖​

«មាន​ចេតនា​ពី​ខាង​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ​ សហការ​ជា​មួយ​ក្រុមហ៊ុន​ បិទ​ខ្ទប់​លូ​ មិន​ឲ្យ​ចេញ​ ហើយភ្លៀង​តែ​មួយ​មេ​ទឹក​ស្មើ​ចង្កេះ។ ​ហើយទឹក​មិន​ហូរ​ចេញ​ទៅ​ណា។​ ហើយ​ពួក​ខ្ញុំ​ទៅ​តវ៉ា​ដើម្បី​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ដោះ​ស្រាយ​ជូន​ប្រជាពល​រដ្ឋ​ ដែល​មាន​បញ្ហា​ ប៉ុន្តែ​បែរ​ជា​ពួក​គាត់​អត់ចេញ​ជួប​ពួក​ខ្ញុំ។​

ដោយ​ឡែកអ្នកស្រី​ង៉ែត​ ខុន ​ហៅម៉ាំមី ​មាន​ប្រសាសន៍​ពី​កន្លែង​ឃាត់​ខ្លួន​ដែរប៉ុន្មាន​ម៉ោង​មុន​ការ​ផ្សាយ​តែ​ប៉ុណ្ណោះ។

«ពួក​គាត់​បាន​ចាប់​ពួក​ខ្ញុំ​ដាក់​ស្នង​ការ​ក្រុង។ ​ពី​ថ្ងៃ​ឲ្យ​ពួក​ខ្ញុំ​អង្គុយ​នៅ​ក្រៅ​ ហើយ​ឥឡូវ​ហៅ​ពួក​ខ្ញុំ​ចូល​បន្ទប់​ហើយចាក់​សោ»។​

ប្រជាពល​រដ្ឋ​ច្រើន​ជាង​៤០០០​គ្រួសារ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ​Sukaku Inc. របស់​លោក​ឧកញ៉ា ឡៅ ម៉េង​ឃិន​ ដែល​ជា​សមា​ជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ជា​ថ្នូរ​ទៅ​នឹង​សំណង​ដែល​ពួក​គេ​អះអាង​ថា​ មិន​សម​រម្យ​តាម​តម្លៃ​ដីធ្លី​លើ​ទី​ផ្សារ។​ប្រជា​ពលរដ្ឋ​ជាង​៧០០​គ្រួសារ​ផ្សេង​ទៀត​បាន​តវ៉ាដើម្បី​ទទួល​បាន​ចំណែក​ដី​សម្រាប់​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។​ ហើយ​រហូត​មក​ទល់​ពេល​នេះ​អ្នក​ភូមិ​សហគមន៍​ក្រី​ក្រ​នេះ​ចំនួន​៤០​គ្រួសារ​ទៀត​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ទេ។​

លោក​ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ​បាន​ហៅ​ការ​តវ៉ា​របស់​ក្រុម​សកម្ម​ជន​បឹងកក់​ថា ​ជា​ទង្វើ​ខុស​ច្បាប់។​

«យើង​បាន​បញ្ជូន​ទៅខាង​ស្នងការដ្ឋាន​រាជធានី​ដើម្បី​កសាង​សំណុំ​រឿង​ដោះស្រាយ​តាមច្បាប់។​ គាត់​បាន​មក​ប្រមូល​គ្នា​បិទ​ផ្លូវ​សាធារណៈ​ ដែល​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​បិទ​ផ្លូវ​បាន​ទេ។ ​ការ​បិទ​ផ្លូវ​ហ្នឹង​មាន​ន័យ​ថា ​ម៉េច?​ វា​ស្មើ​នឹង​ចាប់​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហ្នឹង​ជា​ចំណាប់​ខ្មាំង។ ​បញ្ហា​ទីពីរ​ គាត់​បិទ​ផ្លូវចេញ​ចូល​សាលា​រាជធានី​ភ្នំពេញ។​ គាត់​ផ្លោះ​របង​ចូល​សាលា​រាជធានី​ភ្នំពេញ​ ដែល​ជា​គ្រិះស្ថាន​សាធារណៈ​របស់​រដ្ឋ»។​

ទោះ​ជា​យ៉ាង​ណា​ លោក​អំ សំអាត ​អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកា​ដូ លើក​ឡើង​ថា​ ​មិន​គួរ​មាន​ការ​ចាប់​ខ្លួន​បែប​នេះ​ទេ។​ ហើយ​អាជ្ញាធរគួរ​តែ​ដោះ​ស្រាយដោយ​ផ្ទាល់​ជា​មួយក្រុម​អ្នក​តវ៉ា​ប្រសើរ​ជាង​ការ​ចាប់​ខ្លួន។​

«វា​មិន​គួរ​មាន​ការ​ចាប់​ប្រជា​ពលរដ្ឋ​ទៅ​ឃុំ​ដូច្នេះ​ទេ។​ អា​នេះ​ជា​វប្បធម៌​ចាស់​ដែល​វិល​ត្រឡប់​មក​វិញ​ ដែល​យើង​ខាន​ឃើញ​តាំងពី​ថ្ងៃ​ទី១៥​ ខែ​កក្កដា​មក​នោះ។​ នេះ​ជា​ស្ថានភាព​មួយ​កាន់តែ​អាក្រក់​ទៅ​ទៀត​សម្រាប់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ណា៎»។​

រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ​ ស្ត្រី​សកម្ម​ជន​ដីធ្លីនៃ​សហគមន៍​បឹងកក់​ទាំង​ប្រាំ​ពីរនាក់​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG