ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ប្រឆាំង​នៃ​គណៈកម្មការ​សភា​រក​វិធី​ដោះស្រាយ​ទំនាស់​ដីធ្លី


អ្នក​ភូមិ​ឡពាង​ខេត្ត​កំពង់​ឆ្នាំង​កាន់​បដា​ក្នុង​​អំឡុង​ពេល​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៤។
អ្នក​ភូមិ​ឡពាង​ខេត្ត​កំពង់​ឆ្នាំង​កាន់​បដា​ក្នុង​​អំឡុង​ពេល​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៤។

ក្រោយ​ពី​បាន​ចូល​កាន់​កាប់​មុខ​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទី​១​ ឬ​ក៏គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត ​និង​ទំនាក់​ទំនង​ព្រឹទ្ធ​សភា​ ​រដ្ឋ​សភា​ភ្លាម ​អ្នក​តំណាង​រាស្រ្ត​មកពី​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អង្គុយ​រួម​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ជម្លោះដីធ្លី​ដ៏​រាំ​រៃ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។​

ជម្លោះដី​ធ្លី​នៅ​ភូមិ​ឡពាង​ ខេត្ត​កំពង់​ឆ្នាំង​បាន​កើត​មាន​អស់​រយះ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ​រវាង​ប្រជា​ពលរដ្ឋ​និង​ក្រុម​ហ៊ុន​ខេឌីស៊ី​របស់​លោកស្រី​ជា ខេង​ ភរិយា​របស់​លោក​ស៊ុយ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល។​

បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ គណៈ​កម្មការ​ទី​១​បាន​កោះ​ហៅ​តំណាង​ក្រុម​ហ៊ុន ​តំណាង​អង្គការសិទ្ធិ​មនុស្ស​ធំៗ​ចំនួន​ពីរ​គឺ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​និង​ លីកាដូ​ មក​អង្គុយ​តុ​ចរចា​រួម​គ្នា​ដើម្បី​ទម្លុះ​ទម្លាយភាព​ទាល់​ច្រក​ក្នុង​រឿង​ជម្លោះដី​ធ្លី​នេះ។​

លោក​ អេង ឆៃអ៊ាង​ ប្រធាន​គណៈកម្មការ​ទី១​ មាន​ប្រសាសន៍​ថា ​នេះ​ជា​លើក​ដំបូង​ ហើយ​ដែល​គណៈ​កម្មការ​ជំនាញ​របស់​រដ្ឋសភា​បាន​កោះ​ហៅ​តំណាង​ក្រុម​ហ៊ុន ​និង​អង្គការសង្គម​ស៊ីវិល​មក​ជជែក​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ។​ ក៏ប៉ុន្តែ​ការ​ជជែក​លើក​នេះ​មិន​មាន​តំណាង​ប្រជា​ពលរដ្ឋ​ណាម្នាក់​បាន​ចូល​រួម​ទេ។​

​លោក​មាន​ប្រសាសន៍​ថា ​ជំនួប​លើក​នេះ​ បើ​ទោះបី​ជាមិន​បាន​លទ្ធផល​ជា​វិជ្ជមាន​ក៏​ដោយ​ ក៏​នេះ​បាន​បង្ហាញ​ឲ្យឃើញ​ថា ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដី​ធ្លី។​

លោក​និយាយ​ថា៖​ «យើង​បាន​យល់​គ្នា​ថា ​ដើម្បី​បញ្ចប់​វិវាទ​ទាំង​អស់​ហ្នឹង​គឺ​ទាល់​តែ​ភាគី​ទាំង​ពីរ​ធ្វើ​សម្បទាន​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក»។

លោក​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​លោក​ចូល​កាន់​មុខ​តំណែង​ លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ក្នុង​រឿង​ជម្លោះដីធ្លី​មកពី​ខេត្ត​កំពង់​ឆ្នាំង​ បាត់​ដំបង​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ហើយ​លោក​នឹង​ពិនិត្យ​មើល​សំណុំ​រឿង​ណា​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ មាន​ភាព​រ៉ាំរ៉ៃ​ លោក​និង​យក​មក​ពិនិត្យ​មុខ​គេ ​និង​ធ្វើ​អន្តរាគមន៍​ទៅ​តាម​សមត្ថ​កិច្ចរបស់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋ​សភា។​

ជំនួប​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​រដ្ឋ​សភា ​ដែល​ជា​ជំនួប​លើក​ដំបូងដែល​មិន​ធ្លាប់​មាន​ពីមុន​មក។​

លោក​នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ដែល​បាន​ចូល​រួម​ក្នុង​ជំនួប​ទល់​មុខ​គ្នា​នោះ​ បាន​បញ្ជាក់​ថា ​លោក​បាន​ដាក់​របាយ​ការណ៍ជូន​គណៈកម្មការ​ទី​១​អំពី​ជម្លោះដី​ធ្លី​នៅ​ភូមិ​ឡពាង។​

លោក​បញ្ជាក់​ថា​ «ខ្ញុំ​យល់​ថា ​យ៉ាង​ហោច​ វាគ្រាន់​បើ​ជាង​អាណត្តិ​មុនៗ​ ដែលយើង​គ្រាន់​តែ​សុំ​ដាក់​ញាត្តិ​ក៏​គេ​មិន​ទទួល។​ ប៉ុន្តែ​ពេល​នេះ​ វា​បែរ​ទៅ​ជា​គណៈ​កម្មការ​របស់​រដ្ឋ​សភា ​បើក​ឱកាស​ឲ្យយើង​ពន្យល់​ បើក​ឱកាស​ឲ្យយើង​បង្ហាញ​ឯក​សារ​ ហើយ​បើក​ឱកាស​ឲ្យយើង​បង្ហាញ​ជាមតិ​យោបល់​របស់​យើង»។​

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​បាន​កោះ​ហៅ​អ្នក​ភូមិ​ឡពាង​ចំនួន​៥​នាក់​ឲ្យចូល​បំភ្លឺ​នៅ​សាលា​ខេត្ត​ ពាក់​ព័ន្ធ​នឹង​ជម្លោះដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​ខេឌីស៊ី។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការលីកាដូ​ មាន​ប្រសាសន៍​ថា ​ជំនួប​ដំបូងនេះ​មិន​ទាន់​បាន​លទ្ធផល​ទេ​ អាស្រ័យ​លើ​គណៈកម្មការ​ទី​មួយ​របស់​រដ្ឋ​សភា​កំណត់​យន្ត​ការ​ដើម្បី​ដោះ​ស្រាយ​បន្ត​ទៀត។​

លោក​និយាយ​ថា៖​ «អា​នេះ​យើង​គ្រាន់​តែ​ជជែក​គ្នា​ដំបូង។​ ដល់​អញ្ចឹង​ទៅ​ចាំ​មើល​កំណត់​យន្ត​ការ ​យើង​នឹង​មាន​ការ​ផ្តល់​អនុសាសន៍​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​កំណត់​យន្ត​ការ​ដោះ​ស្រាយ»។​

ពលរដ្ឋ​ប្រមាណ​៨២​គ្រួសារ​នៅ​ភូមិ​ឡពាង​ ភូមិ​បឹងកក់ ​និង​ភូមិ​សំរោង​ស្ថិត​ក្នុង​ ​ឃុំ​តាជេស ​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង ​បាន​តវ៉ា ​ទាមទារ​ដី​ទំហំ​១៨២​ហិកតា​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ ពី​ក្រុមហ៊ុន​ខេ.ឌី.ស៊ី ​ក៏ប៉ុន្តែ​មិន​ទាន់​បាន​រក​ច្រក​ចេញ​នៅ​ឡើយ៕

XS
SM
MD
LG