ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដីធី្ល​តំបន់​បឹង​កក់​ម្នាក់​ទៀត​ទទួល​រង្វាន់​នៅ​អាមេរិក


អ្នកស្រី យ៉ោម បុប្ផា (កណ្តាល)
អ្នកស្រី យ៉ោម បុប្ផា (កណ្តាល)
សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ម្នាក់​ទៀត​គឺ ​អ្នក​ស្រី យ៉ោម បុប្ជា គ្រោង​នឹង​ទៅ​ទទួល​ពាន​រង្វាន់ «James Lawson Award » ដែល​មាន​ទឹក​ប្រាក់​ចំនួន​៦.០០០​ពាន់​ដុល្លារ នៅ​ទី​ក្រុង​ បូស្តុន (Boston) សហរដ្ឋអាមេរិក។

ពាន​រង្វាន់​នេះ​ជា​របស់​លោក​ James Morris Lawson ដែល​ផ្តល់​ឲ្យ​អ្នក​ស្រី​ដែល​ជាអ្នក​ដឹកនាំ​ដ៏​អង់​អាច​ក្លាហាន​ក្នុង​ការ​លើក​កម្ពស់​ការ​ដោះ​ស្រាយ​ទំនាស់​ដោយ​អហិង្សា។ កន្លង​មក​ សកម្មជន​បឹង​កក់ អ្នក​ស្រី ទេព វន្នី​ ដែល​ជា​តំណាង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ក៏​បាន​ទទួល​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក​មួយ​ដែរ​គឺ​ពាន​រង្វាន់​ស្រ្តី​អ្នក​ក្លាហានVital Voices ​ពី​អ្នក​ស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ ហីឡារី គ្លីនតុន (Hillary Clinton)។

អ្នកស្រី យ៉ោម បុប្ជា មាន​ប្រសាសន៏​ថា ការ​ប្រគល់​រង្វាន់​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅថ្ងៃ​ទី​១៨​ខាង​មុខ​នេះ​ ហើយ​អ្នក​ស្រី​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤​ខាង​មុខនេះ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​នេះ​ជាកិត្តិយស​សម្រាប់​ស្ត្រី​នៅ​តំបន់​បឹងកក់​ដែល​តែង​តែ​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដោយ​អយុត្តិធម៌។​

«នេះ​បង្ហាញ​ថា យើង​តស៊ូ​មតិ​កន្លង​មក​ហ្នឹង​ដោយសារ​អហិង្សា​ហ្នឹង​ យើង​បាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។ ហើយ​ពាន​រង្វាន់​នេះ​ដែរ​មិន​មែនសម្រាប់​តែ​ខ្ញុំ​ទេ​គឺ​សម្រាប់​ស្ត្រី​នៅ​ក្នុង​ប្រទេស​ខ្មែរ​ទាំង​អស់​ហើយ​ជា​កម្លាំង​ចិត្ត​មួយ​សម្រាប់​ឲ្យ​ស្រ្តី​ទាំង​អស់​ហ៊ាន​តស៊ូ​មតិ​ដោយ​អហិង្សា»។

លោក James Morris Lawson ​ជា​ស្ថាបនិក​រង្វាន់​ James Lawson។ ​លោក​ គឺ​ជា​ជន​ជាតិ​អាមេរិក​កាំង​ស្បែក​ខ្មៅ​ដែល​បានតស៊ូ​ដោយ​អហិង្សា​ប្រឆាំង​នឹង​ការ​ជិះ​ជាន់​ក្រុម​កម្មករ​និង​ទាមទារ​សិទ្ឋិសេរីភាព​ផ្សេងៗ។​

អ្នក​ស្រី​ យ៉ោម​ បុប្ជា អាយុ​៣០​ឆ្នាំ បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤៤៤​ថ្ងៃ​ដោយសារ​តែ​អ្នក​ស្រី​ជា​សកម្មជន​ដ៏​សកម្ម​ក្នុង​ការ​ទាមទារ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់។ តុលាការ​កំពូល​កាល​ពី​ខែ វិឆ្ឆកា ​ឆ្នាំ ២០១៣ បាន​សម្រេច​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា​ ឱ្យស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ក្រោយ​ពី​អ្នក​ស្រី​បាន​ជាប់​ឃុំ​ ឃាំង​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១៤​ខែ​ពី​បទ​បង្ក​របួស​ស្នាម​ចំពោះ​អ្នក​រត់​ម៉ូតូ​ឌុប​ចំនួន​ពីរ​នាក់​កាល​ពី​ឆ្នាំ​២០១២។

អ្នក​ស្រី យ៉ោម បុប្ជា​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​៣​ឆ្នាំ​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា អ្នក​ស្រី​និង​ស្វាមី​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ចំនួន​ពីរ​នាក់។ ក្រោយ​ពីបាន​ចេញ​ពី​ពន្ធនាគារ អ្នក​ស្រី​ត្រូវ​បាន​អាជ្ញាធរ​មាន​សម្ថកិច្ច​ចាប់​ឃុំ​ក្នុង​ស្នង​ការ​ប៉ូលីស​ក្រុង​ភ្នំពេញ​ចំនួន​ពីរ​ដង​ដោយសារ​តែ​អ្នក​ស្រី​នៅ​បន្ត​សកម្មភាព​តវ៉ា​ជាមួយ​ក្រុម​កម្មករ​និង​អ្នក​រង​គ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី។

អ្នក​ស្រី​បាន​បញ្ជាក់​ថា ពាន​រង្វាន់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រី​បន្ត​សកម្មភាព​តវ៉ា​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​សង្គម៕
XS
SM
MD
LG