ក្រសួងការបរទេសប៉ូឡូញបានប្រាប់ VOA ប្រចាំប្រទេសកូរ៉េថាប្រទេសប៉ូឡូញមិនបានចេញទិដ្ឋាការឲ្យកម្មករកូរ៉េខាងជើងបន្ទាប់ពីកូរ៉េខាងជើងបានដំណើរការសាកល្បងអាវុធនុយក្លេអ៊ែរកាលពីខែមករា។ ប្រទេសប៉ូឡូញបានចេញទិដ្ឋាការចំនួន ១៥៦ ឲ្យកម្មករកូរ៉េខាងជើងកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងការបរទេសមួយនេះ។
កាលពីឆ្នាំមុន សម្ព័ន្ធអឺរ៉ុបសម្រាប់សិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង និងមានមូលដ្ឋាននៅប្រទេសអង់គ្លេស ដែលគាំទ្រសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើងបានចេញរបាយការណ៍មួយដែលបង្ហាញថា ប្រទេសប៉ូឡូញជាប្រទេសមួយក្នុងចំណោមប្រទេសជិត២០ទៀតដែលទទួលកម្មករជនជាតិកូរ៉េខាងជើង។ ប៉ូឡូញគឺជាប្រទេសមួយក្នុងចំណោមពីរប្រទេសនៃសហភាពអឺរ៉ុបដែលមាននៅក្នុងបញ្ជី។
ផែនការចម្រូងចម្រាស
ក្រសួងការបរទេសប្រទេសប៉ូឡូញបានផ្ញើសារមួយតាមអ៊ីម៉ែលមកកាន់ VOA ប្រចាំប្រទេសកូរ៉េកាលពីសប្តាហ៍មុនថា «ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប យើងជឿថាកាតព្វកិច្ចចម្បងរបស់យើងនៃសហគមន៍អន្តរជាតិមួយនេះ គឺលើកកម្ពស់ភាពស្របច្បាប់នៃករណីនេះ។ ប្រជាជននៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដែលធ្វើការនៅប្រទេសប៉ូឡូញ កន្លែងធ្វើនាវា ឬក៏នៅកន្លែងណាក៏ដោយ គឺស្ថិតនៅក្រោមច្បាប់របស់ប៉ូឡូញនិងមិនត្រូវបានរើសអើងនោះទេ»។
ក្រសួងនេះបានសរសេរបន្ថែមថា «រដ្ឋាភិបាលប៉ូឡូញអនុវត្តកិច្ចការទៅតាមព័ត៌មានអំពីការងាររបស់ពលរដ្ឋកូរ៉េខាងជើងនៅក្នុងប្រទេសប៉ូឡូញ យ៉ាងយកចិត្តទុកដាក់ ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពការងារ និងការប្រតិបត្តិតាមច្បាប់ការងារ»។
សារព័ត៌មានមួយចំនួនរំពឹងថា ប្រជាជនកូរ៉េខាងជើងជិត ៨០០នាក់កំពុងធ្វើការនៅក្នុងប្រទេសប៉ូឡូញ ប៉ុន្តែក្រសួងការបរទេសបាននិយាយថាមានតែប្រជាជនកូរ៉េខាងជើងប្រមាណ៤៨២នាក់ប៉ុណ្ណោះដែលទទួលបានការអនុញ្ញាតធ្វើការនៅក្នុងឆ្នាំ២០១៥។ តួលេខនេះ គឺតិចជាងមួយភាគរយនៃប័ណ្ណការងារដែលគេបានចេញឲ្យនៅក្នុងប្រទេស។
ក្រសួងនេះបានបន្តថា «កិច្ចសហប្រតិបត្តិការដែលមានរួចទៅហើយនៅក្នុងវិស័យនេះគឺកំពុងតែដំណើរការក្រោមកិច្ចព្រមព្រៀងឯកជនរវាងក្រុមហ៊ុនក្នុងប្រទេសប៉ូឡូញ និងកូរ៉េខាងជើង។ អាជ្ញាធរប៉ូឡូញមិនអាចធ្វើការសម្របសម្រួលក្នុងការទទួលប្រជាជនកូរ៉េខាងជើងឲ្យធ្វើការ ឬធ្វើយុទ្ធការឃោសនាឲ្យប្រជាជនកូរ៉េខាងជើងមកធ្វើការនៅប្រទេសប៉ូឡូញឡើយ»។
សម្ពាធពីអន្តរជាតិ
កាលពីខែមីនា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចុះហត្ថាលេខាលើបទបញ្ជាមួយដោយដាក់ទណ្ឌកម្មថ្មីចំពោះកូរ៉េខាងជើងដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ។ វិធានការនេះអនុញ្ញាតឲ្យរតនាគាររបស់អាមេរិកផ្អាកការប្រើប្រាស់ទ្រព្យសកម្មរបស់ភាគីណាដែលរកឃើញថាជាប់ពាក់ព័ន្ធនឹងការទទួលបុគ្គលិកមកពីកូរ៉េខាងជើង។ របាយការណ៍របស់អង្គការសហប្រជាជាតិមួយបានរកឃើញថាកាលពីឆ្នាំមុនរដ្ឋាភិបាលក្រុងព្យុងយ៉ាងរកចំណូលបាន២,៣ ពាន់លានដុល្លារពីកម្មករដែលចេញទៅធ្វើការនៅបរទេស ដែលពួកគេភាគច្រើនធ្វើការក្នុងស្ថានភាពលំបាក។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានគាំទ្រការសម្រេចចិត្តរបស់ប្រទេសប៉ូឡូញដោយនិយាយថា ការព្រួយបារម្ភរបស់អន្តរជាតិកាន់តែកើនឡើងដោយសារការអនុវត្តបែបនេះ៕
ប្រែសម្រួលដោយ ទុំ ម្លិះ