ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​​ច្បាប់​លើ​បក្ស​ប្រឆាំង បើ​រក​ឃើញ​ថា​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ ដែ​ល​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ ដែ​ល​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​គណ​បក្ស​នយោបាយ​ថា ​នឹង​ប្រឈម​ផ្លូវ​ច្បាប់ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧។

បន្ថែម​ពី​នេះ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ព្រមាន​ទៅ​កាន់​មនុស្ស​មួយ​ក្រុមរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែលលោក​ថា​ កំពុង​ភ្ជាប់​ខ្លួន​ជា​មួយ​ លោក សម​ រង្ស៊ី ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និង​ត្រូវ​ផ្តាច់ខ្លួន​ជា​បន្ទាន់ ដើម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់ ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។

ក្នុង​ពេល​ចុះ​ជួប​ប្រជា​កសិករ​ដែល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ខេត្ត​ពោធិ៍​សាត់ កាល​ពី​ព្រឹកអង្គារ លោក ហ៊ុន សែន បាន​ហៅ​ លោក សម រង្ស៊ី ថា​ ជា​ជន​ក្បត់​ជាតិ។

លោក​បញ្ជាក់​ថា៖ «បង​ប្អូន​ដែ​ល​រស់​ក្នុង​បក្ស​មួយ​ដែល​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ ក៏​ប៉ុន្តែ​បាន​ផ្សា​ភ្ជាប់​ជា​មួយ​អា​ជន​ក្បត់​ជាតិ​ ៣​ជំនាន់​នេះ​ សូម​ឱ្យ​ប្រញាប់​ផ្តាច់​ខ្លួន​ចេញ​ ហើយ​ទៅ​ចូល​រួម​ជា​មួយ​បក្ស​នយោ​បាយ​ផ្សេង​ៗ​ទៅ​ កុំនៅ​ជា​មួយ​បក្ស​នេះ​ បើ​នៅ​ជាមួយ​បក្ស​នេះ​ មាន​ហានិ​ភ័យ​ ដែល​ឈាន​ទៅ​ដល់​ការ​អនុវត្ត​ច្បាប់ ​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​អា​ជន​ក្បត់​ជាតិ​មួយ​នេះ​»។

លោក ហ៊ុន សែន បន្ថែម​ថា៖ «បក្ស​ណា​ក៏​ដោយ​ដែល​ផ្សា​ភ្ជាប់​ខ្លួន​ជាមួយ​ជន​ក្បត់​ជាតិ​នេះ​ ចាំបាច់​ត្រូវ​ពិនិត្យ​មើល​ដោយ​តុលាការ»។ លោក ហ៊ុន សែន បានអំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋប្រឆាំង​នឹង​ លោក ​សម​ រង្ស៊ី ​ដែល​លោក​ថា​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ថ្លែង​បន្ត​ថា៖ ​«បើ​ជេរ​ត្រឹម​នាយក​រដ្ឋមន្ត្រី វា​មិន​អី​ទេ ក៏​ប៉ុន្តែ​កាល​ពី​កន្លង​ទៅ​វា​ជេរ​មហា​ក្សត្រ ដល់​ឥឡូវ​វាជេរ​មហា​ក្សត្រ​ទៀត​ ហើយ​រហូត​ដល់​វា​ប្រើ​ពាក្យ​ថា​មហាក្សត្រ​ គ្មាន​មន​សិ​ការ​ជាតិ​សូម្បី​តែ​បន្តិច។ ឯ​ចំពោះ​យើង​ យើង​គោរព​ព្រះ​មហា​ក្សត្រ ព្រោះ​ប្រទេស​របស់​យើង​ជា​ប្រទេស​រាជា​និយម​ ព្រះ​មហា​ក្សត្រ​ព្រះ​អង្គ​គង់​ជា​ប្រមុខ​រដ្ឋ ព្រះអង្គ​មិន​ទាក់ទិន​នឹង​នយោ​បាយ​ទេ​។ ហេតុ​អ្វី​បាន​គេ​ទៅ​ដៀល​ព្រះ​មហា​ក្សត្រ​ ប្រមាថ​ព្រះ​មហា​ក្សត្រ​យ៉ាង​ដូច្នេះ»។

សារ​ព័ត៌​មាន Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល កាល​ពី​ថ្ងៃទី​២៤ ខែ​តុលា បាន​ផ្សព្វ​ផ្សាយ​វីដេអូ​មួយ​រយៈ​ពេល​ ២៣វិនាទី​តែ​ប៉ុណ្ណោះ ដែល​បង្ហាញ​ការ​ថ្លែង​របស់លោក សម រង្ស៊ី ដោយ​មាន​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន ដូច​ជា«ស្តេច​សព្វ​ថ្ងៃ​នេះ អត់​មាន​មន​សិការ​ជាតិ» ហើយ ​«ស្តេច​រាល់​ថ្ងៃក្បត់​ជាតិ»។

រូបឯកសារ៖ លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នៅ​ពេលលោក​ទៅដល់​តុលាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នៅ​ពេលលោក​ទៅដល់​តុលាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

សារព័ត៌មាន ​Fresh News ​មិន​បាន​បញ្ជាក់​ថា​តើ​លោក សម រង្ស៊ី បាន​ថ្លែង​ក្នុង​វីដេអូ​ដែល​បាន​ថត​ទុក​នោះ កាល​ពី​ពេល​ណា​នោះឡើយ។

ការ​ថ្លែង​ក្នុង​វីដេអូ​នោះ​ត្រូវ​បាន​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ពី​ស្ថាប័ន​នានា​របស់​រដ្ឋា​ភិបាល​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​តាម​សារ​អ៊ីម៉ែល​ពី​ លោក សម រង្ស៊ី បាន​នៅ​ឡើយ​ទេ។​

ក្នុង​វីដេអូ​ផ្សេង​មួយ​ទៀត ដែល​បង្ហោះ​ក្នុង​គណ​នីយ​ហ្វេស​ប៊ុក​របស់​ លោក សម រង្ស៊ី កាល​ពីថ្ងៃទី​២០ ខែតុលា ដែល​មាន​ចំណង​ជើង​ថា «ហេតុអ្វី​បាន​ជា ហ៊ុន សែន ​ច្រឡោត​តោត​តូងជាមួយ សម រង្ស៊ី» លោក សម រង្ស៊ី ​បញ្ជាក់ថា​ មូល​ហេតុ​ដែល​លោក ហ៊ុន សែន​ ខឹ​ង​សម្បារូប​លោក​ខ្លាំង​ គឺ​ដោយ​សារ​ការ​ចាញ់​ក្តី​នៅ​តុលាការ​បារាំង រឿង​ការ​ចោទ​ប្រកាន់​សម្លាប់​ លោក ហុក ឡង់​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​ក្រុម​គ្រួសារ​ លោក ហ៊ុន សែន និង​ការ​ផ្ទេរ​តំណែង​ឱ្យ​លោក​ ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក។

លោក សម រង្ស៊ី ថ្លែង​ថា៖ «គាត់​ព្រួយ​បារម្ភពីអនាគ​ត​របស់​គាត់​ អនាគត​គ្រួសារ​គាត់​ គម្រោង​បន្ត​ពូជរបស់​គាត់ ហើយ​អ្វីដែល​ខ្ញុំ​លាត​ត្រដាង​នេះ គឺ​បង្ហាញ​ថា​ លោក ហ៊ុន សែន​ បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់​ ដែល​គាត់​មិន​អាច​បិទ​បាំ​ង​បាន​ទេ។ គាត់​ខឹង​ខ្ញុំ​ចុង​ក្រោយ​នេះ ខឹង​ខ្លាំង​មែន​ទែន គឺ​ដោយ​សារ​គាត់​ចាញ់​ក្តី​នៅ​ប្រទេស​បារាំង»។

ដោយ​ឡែក ​គណ​បក្ស​ភ្លើង​ទៀន ​ដែល​ជា​គណ​បក្ស​ប្រឆាំងទើប​ចាប់​ផ្តើមធ្វើ​សកម្ម​ភាព​ខ្លួនឡើង​វិញ និង​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​ក្រោយ បាន​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​ថា​គណបក្ស​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី ដែល​ជាស្ថាប​និក​គណ​បក្ស​នេះ​នោះ​ទេ។

អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​លោក ​ថាច់ សេដ្ឋា ប្រាប់​វីអូអេ​ថា​ បើ​ទោះ​បី​ជា​លោក សម រង្ស៊ី ធ្លាប់​ជា​ស្ថាបនិក​គណ​បក្ស​ភ្លើង​ទៀន​ក៏​ដោយ​ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​គណ​បក្ស​ភ្លើង​ទៀន​ចាប់​ផ្តើម​សកម្ម​ភាព​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០​២១ គណបក្ស​មិន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ លោក សម រង្ស៊ី ​ឬ​ទទួល​បញ្ជា​ពី​អ្នក​ណា​ម្នាក់​នោះ​ទេ។ លោក​បន្ថែម​ថាគណបក្ស​ភ្លើង​ទៀន​ធ្វើ​សកម្ម​ភាព​ស្រប​តា​ម​ច្បាប់។ លោក​អំពាវ​នាវ​ដល់​សមាជិក​គណ​បក្ស​ភ្លើង​ទៀនទាំង​អស់​ឱ្យ​បន្ត​រក្សា​ស្មារតី​ឱ្យ​រឹង​ប៉ឹង ក្នុង​ការ​តស៊ូ​ទៅ​មុខ​រួមគ្នា​ តាម​បែប​លទ្ធិ​ប្រជាធិប​តេយ្យ។

លោក​ថ្លែង​ថា៖ ​«យើង​បាន​គោរព​ច្បាប់​ត្រឹម​ត្រូវ​ហើយ​[ដែល​]​សំខាន់​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោ​បាយ និង​រដ្ឋធម្មនុញ្ញ។ អាហ្នឹង​យើង​គោរព​បាន​ត្រឹម​ត្រូវ​ហើយ បើគេ​នៅចោទ ឬ​ចាប់ ​បំពាន​ទៅ​លើ​ច្បាប់ អាហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច។ អាហ្នឹង​យើង​ឃើញ​ហើយ​សង្គ្រោះ​ជាតិ​..បើ​គេ​រំលាយ ​ឬគេ​ធ្វើ​អី​ស្រេច​ចិត្ត​គេ​មិន​គោរព​ច្បាប់។ យើង​គោរព គេ​មិន​គោរព អាហ្នឹង ក៏​តា​មដំណើរ​ហ្នឹង​ទៅ​»។

អ្នក​វិភាគ​នយោបាយ លោក មាស នី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​អនាគត​របស់​គណ​បក្ស​ភ្លើង​ទៀន មិន​ច្បាស់​ថា​បាន​សុខ​នោះ​ទេ បើ​នយោ​បាយ និង​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្តស្ថិត​ក្រោម​ឥទ្ធិព​ល​របស់​អ្នក​នយោ​បាយ។ លោក​បន្ថែម​ថា​នយោ​បាយ​កម្ពុជានៅ​តែ​បន្ត​ក្នុង​ភាព​ផុយ​ស្រួយ ជា​ពិសេស​សម្រាប់​គណ​បក្ស​ភ្លើង​ទៀន ព្រោះគ្រោះ​ថ្នាក់ ​និង​សុវត្ថិ​ភាព គឺ​អាស្រ័យ​លើ​អារម្មណ៍​របស់អ្នក​នយោ​បាយ។

លោក​ថ្លែង​ថា​៖ «មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​[លោក សម រង្ស៊ី​] តើ​ត្រូវ​ធ្វើការ​យ៉ាងម៉េច ដើម្បី​ផ្តល់​ឱកាស​ពង​មាន់​ថ្មី​ [គណ​បក្សភ្លើង​ទៀន​] អាច​ញាស់​បាន​ប្រកប​ដោយ​សុវត្ថិ​ភាព​ នៅ​ពេល​ដែល​ត្រូវ​បាន​ញាស់​ក្នុង​ប្រទេស [​រួច​ហើយ​នេះ]។

លោក មាស នី ​បន្ថែម​ថា​ទំនាក់​ទំនង​រវាង លោក ​ហ៊ុន ​សែន និង​ លោក សម រង្ស៊ី ហាក់​មក​ដល់​កន្លែង​មួយ ដែលធ្វើការ​ជាមួយ​គ្នា​លែង​កើត ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រយោ​ជន៍​ទាំង​សង​ខាង ហើយ​បើ​នៅ​តែ​បន្ត​បែប​នេះ ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជានឹង​នៅ​បន្ត​ទទួល​រង​ការ​រិះគន់ និង​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋពិបាក​ទទួលយក​បាន​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG