ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ជំរុញ​ឱ្យ​​​​ពន្លឿន​ការ​បង្កើត​លេខា​ធិការ​ដ្ឋាន ​RCEP ​ហើយ​ពិចារណា​ទីតាំង​នៅ​កម្ពុជា


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)

ក្នុង​ឱកាស​ខួប​១០​ឆ្នាំនៃ​កិច្ច​ព្រម​ព្រៀង ​RCEP ​លោក​នាយ​ករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​សរសើរ​អំពី​អត្ថ​ប្រយោជន៍​នៃ​កិច្ច​ព្រមព្រៀង​មួយ​នេះ ​និង​បង្ហាញ​ជំហរ​ចង់​ឱ្យ​មាន​ទីតាំងលេខា​ធិការ​ដ្ឋាន​ RCEP​ ក្នុង​រាជ​ធានី​ភ្នំពេញ។​

RCEP ឬ​ហៅ​ថា ​កិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ក្នុង​តំបន់ ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​អាស៊ាន​ទាំង​១០​ និង​ដៃគូ​៥​ប្រទេស​ទៀត​ រួមមាន​ប្រទេស​ចិន ​ជប៉ុន ​កូរ៉េ​ខាងត្បូង ​អូស្ត្រាលី ​និង​នូវែលសេឡង់។ កិច្ច​ព្រម​ព្រៀង​ RCEP​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១២ ​ ខណៈ​កិច្ច​ព្រមព្រៀង​ RCEP ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​វិធាន​ការ​ដ៏​ជោគ​ជ័យ​មួយ​សម្រាប់​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន​នៅ​ទូទាំង​តំបន់​ និង​កំណត់​ឱ្យឃើញ​អំពី​ឥទ្ធិ​ពល​គ្រប​ដណ្ដប់​របស់​ចិន​លើ​ពាណិជ្ជ​កម្ម​អាស៊ី។ ​

នៅ​ក្នុង​វេទិកា​គម្រប់​ខួប​១០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង ​RCEP​ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ពុធ​នេះ ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​លើក​ឡើងគំនិត​ផ្ទាល់​ខ្លួន​របស់​លោក​ថា ​កម្ពុជា​ចាប់ចំណាប់​អារម្មណ៍​ចង់​ឱ្យ​មាន​ទីតាំង​លេខា​ធិការដ្ឋាន​ RCEP​ នៅ​ទីក្រុង​ភ្នំពេញ ​និង​ថា ​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ និង​សម្ប​ទាន​ចាំ​បាច់​នានា។​ លោក​ជំរុញ​ឱ្យ​បង្កើត​លេខា​ធិការដ្ឋាន​ RCEP​ នេះ​ឱ្យ​បាន​កាន់​តែ​លឿន។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖ ​«ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​នេះ ​លេខា​ធិការ​ដ្ឋាន ​RCEP​ គួរ​តែ​ត្រូវ​បង្កើត​ឡើង​ឱ្យ​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ត្រូវពិចារណា​លើ​គ្រប់​ទិដ្ឋ​ភាព ​និង​លក្ខ​ខណ្ឌ​ចាំបាច់នានា ​សំដៅ​ធានា​បាន​អព្យា​ក្រឹត្យ​ភាព ​ឯក​រាជ្យ​ភាព​ កាលា​នុវត្ត​ភាព​ សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​ចូល​រួមក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​តំបន់។ ​ក្នុង​ទិស​ដៅ​នេះ ​ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​ថា ​កម្ពុជា​នៅ​តែ​មាន​ចំណាប់​អារម្មណ៍ក្នុង​ការ​ទទួល​តាំង​លេខា​ធិការដ្ឋាន​ RCEP ​នៅ​ទីក្រុង​ភ្នំពេញ ​និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ និង​សម្ប​ទាន​ចាំ​បាច់​នានា»។​

លោក​ ហ៊ុន សែន ​បន្ថែម​ថា ភាគី​សមាជិក ​និង​ភាគី​ហត្ថ​លេខី​ទាំង​អស់ ​ជាពិសេស​សមាជិកដែល​ជា​ប្រទេស​អភិវឌ្ឍ​តិច​តួច ​គួរ​បង្កើន​កិច្ច​សហការ​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង ​RCEP​ នេះ​ឱ្យ​បាន​ពេញ​លេញ​ផង​ដែរ ​ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ជា​អតិបរមា។​

គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​បន្ទាប​ពន្ធ​គយ ​បើក​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​សេវា​កម្ម និង​លើក​កម្ពស់​ការ​វិនិយោគ​ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​តាម​ទាន់​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក។​ ពិសេស​ជាង​នេះ​ទៀត ​កិច្ច​ព្រម​ព្រៀង ​RCEP​ នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ និង​ពេល​វេលា​សម្រាប់​ក្រុមហ៊ុន​នានា ​ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន ​ដោយ​មិន​ចាំបាច់​បំពេញ​តាម​តម្រូវ​ការ​ដាច់​ដោយ​ឡែក​សម្រាប់​ប្រទេស​នីមួយៗ។ ​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​ផ្ដោត​លើ​កម្ម​សិទ្ធិ​បញ្ញា​ផង​ដែរ​ ប៉ុន្តែ​នឹង​មិន​ផ្ដោត​លើ​ការ​ការពារ​បរិស្ថាន ​និង​សិទ្ធិ​ការងារ​នោះ​ទេ។​

អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​បត្តិការ ​និង​សន្តិ​ភាព ​លោក​ វណ្ណ ប៊ុនណា​ មើល​ឃើញ​ថា​ នៅ​ពេលកម្ពុជា​អាច​ទទួល​បាន​ទី​តាំង​លេខាធិការ​ដ្ឋាន​ RCEP ​នោះ​វានឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ​កាន់​តែ​ខ្លាំង ​និងទទួល​បាន​ផល​ចំណេញ​ ដូច​ជា​ការ​បង្កើត​ឱកាសការងារឱ្យ​ពល​រដ្ឋ​អាច​ធ្វើ​ការ​ក្នុង​ស្ថាប័ន​អន្តរ​ជាតិ​ និង​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ​និង​ជំនាញ​ពី​បណ្តា​ប្រទេស​ជា​ដៃគូ ​ក្នុង​ការ​ពន្លឿន​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ​លោក​បន្ត​ថា​ កិច្ច​ព្រម​ព្រៀង ​RCEP ​មាន​ផល​ចំណេញ​ត្រង់​ថា ​បានបើក​ទីផ្សារ​សេរី​កាន់​តែធំ ​និង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ដៃគូមាន​ការ​រីក​ចម្រើន​ និង​ជា​យន្ត​ការមួយ​ក្នុង​ការ​ដើរ​តួនាទី​ជា​ប្រភព​ពាណិជ្ជ​កម្ម​ផ្សេង​គ្នា​ កុំ​ឱ្យ​ពាណិជ្ជ​កម្ម​គ្រប់​គ្រង​ដោយ​មហា​អំណាច​ណា​មួយ ​ជា​ពិសេស​សហ​រដ្ឋ​អាមេរិក។

ប៉ុន្តែ​លោក​ថា​ កិច្ច​ព្រម​ព្រៀង ​RCEP ​ក៏​ផ្តល់​ផល​អវិជ្ជ​មាន​ដល់​បណ្តា​ប្រទេស​តូចៗ ​និង​កម្ពុជា​ផង​ដែរ​ ទាក់​ទង​នឹង​ឱន​ភាពនាំ​ចេញ ​និងនាំ​ចូល​ផលិត​ផល ​ឬ​ចាញ់​ប្រៀប​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន ​និង​មាន​សង្វាក់​ផលិត​កម្ម​ធំៗ។ ​ដូច្នេះ​លោក​យល់​ថា​ កម្ពុជា​គួរ​ពង្រីកការ​ផលិត​ក្នុង​ស្រុក​ ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ឱ្យ​បាន​កាន់​តែ​ច្រើន ​និង​ត្រូវ​តែកែ​លម្អ​ច្បាប់​នានា ​ជាពិសេស​ទាក់​ទង​ស្ថាន​ភាពអំពើ​ពុក​រលួយ ​ដែល​ត្រូវ​លុប​បំបាត់ ​ដើម្បី​អាច​ទា​ក់ទាញ​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ផល​អវិជ្ជ​មាន ​យើង​មើល​ឃើញ​ថា​ RCEP​ ហ្នឹងមែន​ទែន​ទៅ​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ហ្នឹង ​ប្រទេស​តូច​តាច​ដូច​ជា​កម្ពុជា​អីហ្នឹង​ បើ​ទោះ​បី​ជា​មាន​ការ​បើក​ទីផ្សារ​ធំ ​លំហរ​យ៉ាង​ណា​ក៏ដោយ​ ក៏​ការ​ផលិត​នាំ​ចេញ​របស់​ខ្លួន​មាន​តិច។ ​អ៊ីចឹង​កាល​ណា​មាន​ការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​សេរី​ធ្វើ​ឱ្យ​មាន​លំហូរ​ទំនិញរបស់​សមាជិក​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើង ​ដូច្នេះ​វាធ្វើ​ឱ្យ​មាន​ឱនភាព​ការ​នាំ​ចេញ​ និង​ការ​នាំ​ចូល​ផង​ដែរ។ ​ហើយ​វា​ធ្វើ​ឱ្យ​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ ​ប្រទេស​ដែល​មាន​ការ​ផលិត​ សង្វាក់​ផលិត​កម្មធំ ​វា​ចំណេញ​លើ​ប្រទេស​តូចៗ ​ដោយ​សារ​មាន​ការនាំ​ចេញ​ពី​ប្រទេស​ទាំង​អស់​ហ្នឹង​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន»។​

លោក​កត់​សម្គាល់​ថា​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ​ប្រទេសចិន​ក៏​អាច​ពង្រឹង​សេដ្ឋ​កិច្ច​របស់​ខ្លួន​ជា​មួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ដើម្បី​មុខ​មាត់ ​និង​នយោ​បាយ​របស់​ខ្លួន​ក្នុង​តំបន់ ​និង​ធ្វើ​ឱ្យ​ខ្លួន​នៅ​តែ​មាន​ទឹក​មាត់​ប្រៃ​ក្នុង​ការ​សម្រេច​កិច្ច​ការ​អន្តរ​ជាតិ​នានា។​

កាលពី​ឆ្នាំ​២០១៩ ​ប្រទេស​ឥណ្ឌា​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ RCEP ​នេះ​ ដោយ​ឥណ្ឌា​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​លទ្ធ​ភាព​ចូល​ទៅ​កាន់​ទីផ្សារ ​ដោយ​ខ្លាច​ថា ​ក្រុមហ៊ុន ​ឬ​រោងចក្រ​ផលិត​កម្ម​របស់​ខ្លួន​អាច​រង​ផល​ប៉ះពាល់​ខ្លាំង​ ប្រសិន​បើ​មាន​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ថោក​ច្រើន​ហូរ​ហៀរ​នៅ​ក្នុង​ប្រទេស។​

លោក ​គី សេរីវឌ្ឍន៍ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ក្នុង​ការ​ផលិត​ឱ្យ​បាន​ច្រើន​ដើម្បី​កុំ​ឱ្យ​ប្រឈម​នឹង​ការ​ហូរចូល​នៃ​ទំនិញ​ពីប្រទេស​ដែល​ជា​សមាជិក​ RCEP។ ​លោក​បន្ត​ថា ​បើ​ទោះបី​កិច្ច​ព្រម​ព្រៀង​ RCEP​ ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ចិន ឬ​ប្រទេស​ណា​ គឺ​គេ​មិន​ខ្វល់​ទេ ​ព្រោះ ​RCEP ​បានបើក​ឱ្យ​ប្រទេស​នានា​ចូល​ធ្វើ​ជា​សមាជិក​ដើម្បីធ្វើ​ពាណិជ្ជ​កម្ម​ប៉ុណ្ណោះ។ ​លោក​យល់​ថា​ អាមេរិក​គួរតែ​ចូល​ជា​សមាជិក ​RCEP ​នេះ​ដើម្បី​កាត់​បន្ថយ​ការ​មាន​ប្រៀប​របស់​ប្រទេស​ចិន ​ទៅ​លើ​បណ្តា​ប្រទេស​តូចៗ។​

លោក​ថ្លែង​ថា៖ ​«ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ ​ប្រសិន​បើ​ជា​អាមេរិក​អត់​ចូល​ យើង​ឃើញ​ថា​ ចិន​អាច​នឹង​មាន​ប្រៀប​លើ​ដៃ​គូ​មួយ​ចំនួន​ដែរ​ ដោយ​សារ​សេដ្ឋ​កិច្ច​ចិន​ធំ។ ​អ៊ីចឹង​ដើម្បី​កាត់​បន្ថយ​ការ​មាន​ប្រៀប​របស់​ចិន​នេះ​ អាមេរិក​គួរ​តែ​ចូល​ទៅ​ក្នុង​កិច្ចព្រម​ព្រៀង ​RCEP ​ដែរ​ដើម្បី ​Play role ​[ដើរ​តួនាទី] ​ក្នុង​កិច្ច​ព្រម​ព្រៀង ​RCEP ​នេះ»។​

នៅ​ក្នុង​វេទិកា​នា​ថ្ងៃ​ពុធ​នេះ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ក៏​បាន​អំពាវនាវ​ឱ្យ​សមាជិក​ RCEP ​ទាំង​អស់​ចាប់​ផ្តើម​ពិភាក្សា​លើ​នីតិ​វិធី​សម្រាប់​ការ​ស្នើ​សុំ​ចូល​ជា​សមាជិក​បន្ថែម​ទៀត​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ ខណៈលោក​ថា​ ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​អនុញ្ញត​ឱ្យ​មាន​ការ​ស្នើ​សុំ​ចូល​ជា​សមាជិក​ជា​បន្ត​ក្នុង​អំឡុង​ឆ្នាំ​ក្រោយ​នេះ៕

XS
SM
MD
LG