ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វៀតណាម សង្ឃឹម​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP


រូបឯកសារ៖ កុងតឺន័រ ត្រូវបាន​ផ្ទុក​នៅ​លើ​នាវា​នៅឯ​កំពង់ផែ Saigon ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ កុងតឺន័រ ត្រូវបាន​ផ្ទុក​នៅ​លើ​នាវា​នៅឯ​កំពង់ផែ Saigon ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​វៀតណាម​ ទំនង​ជា​មើល​ឃើញ​ផលប្រយោជន៍​រយៈពេល​ខ្លី​ពី​សមាជិកភាព​ក្នុង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ហៅ​កាត់​ថា RCEP (Regional Comprehensive Economic Partnership) ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​មករា​ខាង​មុខ បន្ទាប់​ពី​អូស្ត្រាលី និង​នូវែលសេឡង់​ បាន​ផ្តល់​សច្ចានុម័ត​ដល់​កិច្ចព្រមព្រៀង​នេះ ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​កន្លង​ទៅ។

ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន ១៥ ប្រទេស​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP ដែល​រួម​មាន​ចិន កូរ៉េ​ខាង​ត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និង​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ដែល​រួម​មាន​ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។

មនុស្ស​ភាគ​ច្រើន​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ថា ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ ដែល​ស្មើ​នឹង​ប្រមាណ ៣០% នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក និង ៣០% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​សាកល។ គេ​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​ នឹង​លុប​ចោល​ពន្ធ​គយ​លើ​ទំនិញ​ជាង ៩០% ដែល​ត្រូវ​បាន​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នេះ។

ប្រទេស​វៀតណាម​ចាត់​ទុក​កិច្ចព្រមព្រៀង RCEP នេះ​ជា​ជោគជ័យ​មួយ​ក្នុង​ចំណោម​ជោគជ័យ​ជាច្រើន​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ជា​ពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩ និង​តម្រូវការ​នៃ​ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ។ បូក​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ចំនួន ១៤ ផ្សេង​ទៀត​ដែល​បាន​ចូល​ជា​ធរមាន​រួច​ហើយ​នោះ កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ធ្វើ​ឱ្យ​មាន​ការ​នាំ​ចេញ​ទំនិញ​វៀតណាម​ទៅ​ទីផ្សារ​កាន់​តែ​ច្រើន​ជាមួយ​នឹង​អត្រា​ពន្ធគយ​ទាប​ជាង​មុន។​

លោក Steven Okun ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន McLarty Associates ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​បាន​ប្រាប់ VOA ថា កិច្ចព្រមព្រៀង RCEP ជា​កិច្ចព្រមព្រៀង​ដ៏​មាន​សារៈ​សំខាន់​មួយ ជា​ពិសេស​នៅ​ពេល​វា​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម និង​ធ្វើ​ឱ្យ​សមាហរណកម្ម​សង្វាក់​ផ្គត់ផ្គង់​កាន់​តែ​ប្រសើរ។

លោក Steven Okun បាន​ថ្លែង​ប្រាប់​ VOA ក្នុង​ន័យ​ដើម​ថា «ក្នុង​រយៈពេល​វែង ប្រសិន​បើ​កិច្ចព្រមព្រៀង​ RCEP មាន​ការ​ចូលរួម​ផ្នែក​ពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​ពី​ចិន ជប៉ុន និង​កូរ៉េ នោះ​វា​អាច​នឹង​កម្រិត​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​នេះ ប៉ុន្តែ​អាច​នឹង​ផ្តល់​ឱកាស​ដល់​ប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍​ដូចជា​វៀតណាម​ជា​ដើម។ វា​ទំនង​ជា​មិន​ប៉ះពាល់​ដល់​ការ​ផ្លាស់ប្តូរ​សង្វាក់​ផ្គត់ផ្គង់​ដែល​កំពុង​តែ​កើត​មាន​ ចេញ​ពី​ប្រទេស​ចិន​នោះ​ទេ»។

សម្រាប់​វៀតណាម កិច្ចព្រមព្រៀង RCEP ក៏​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំ​ចូល​ក្នុង​តម្លៃ​ទាប ជាពិសេស​វត្ថុ​ធាតុ​ដើម​ដែល​ត្រូវ​ការ​សម្រាប់​ការ​ផលិត។ បើ​គិត​តែ​នៅ​ក្នុង​តំបន់​អាស៊ាន​តែ​មួយ​ ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម និង​សម្ភារៈ​ផលិត​ប្រចាំ​ឆ្នាំ​របស់​វៀតណាម​មាន​ចំនួន​លើស ៣០ ពាន់​លាន​ដុល្លារ​អាមេរិក។ លើស​ពី​នេះ​ទៅ​ទៀត វៀតណាម​នៅ​តែ​មាន​ឱនភាព​ពាណិជ្ជកម្ម​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ជាមួយ​នឹង​ទីផ្សារ​ធំៗ ដូចជា​ចិន និង​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​កាសែតរបស់​ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម។

វត្ថុ​ធាតុ​ដើម​ដែល​នាំ​ចូល​ពី​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង RCEP នឹង​ត្រូវ​ចាត់​ទុក​ថា ជា​វត្ថុ​ធាតុ​ដើម​ផលិត​ក្នុង​ប្រទេស​វៀតណាម នៅ​ពេល​ផលិតផល​នោះ ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង RCEP វិញ។ ការ​ធ្វើ​បែប​នេះ​អនុញ្ញាត​ឱ្យ​ផលិតផល​នាំ​ចេញ​ដាក់​ស្លាក​ថា ផលិត​នៅ​វៀតណាម ដែល​អាច​បន្ធូរបន្ថយ​ពន្ធគយ​ដែល​ប្រទេស​នាំ​ចូល​ដាក់​លើ​ទំនិញ​ទាំង​នោះ។ ក៏​មាន​ប្រទេស​មួយ​ចំនួន​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​យ៉ាង​ច្រើន​ដល់​វិស័យ​នាំ​ចេញ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​វៀតណាម​ផង​ដែរ ​ដូចជា​វិស័យ​អេឡិចត្រូនិក គ្រឿង​បន្លាស់ វាយនភណ្ឌ ស្បែក​ជើង និង​វិស័យ​ផ្សេង​ទៀតៗ។​

កាសែត​ខាង​លើ​សរសេរ​ថា «ដូច្នេះ វៀតណាម​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ពី​កិច្ចព្រមព្រៀង RCEP នៅ​ពេល​វៀតណាម​មាន​ផលិតផល​សំខាន់ៗ​ដូចជា កសិកម្ម និង​ជលផល​ដែល​អាច​បំពេញ​តម្រូវការ​របស់​ប្រទេស​ជា​សមាជិក RCEP ជាច្រើន។ ដោយសារ​តែ​ការ​ធ្វើ​ឱ្យ​ស៊ីសង្វាក់​គ្នា​នៃ​វិធាន​ប្រភព​ដើម​នៅ​ក្នុង​ប្លុក​ប្រទេស RCEP ផលិតផល​វៀតណាម ​អាច​បំពេញ​លក្ខខណ្ឌ​ស្រួល​ជាង​មុន​ដើម្បី​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធគយ និង​បង្កើន​ការ​នាំ​ចេញ​នៅ​ក្នុង​តំបន់​ជាពិសេស​ជប៉ុន កូរ៉េ​ខាង​ត្បូង អូស្ត្រាលី​ និង​នូវែលសេឡង់»។

អ្នកស្រី Phan Thi Thanh Xuan អនុប្រធាន​សមាគម​រោងចក្រ​ផលិត​ផល​ស្បែក​សត្វ ស្បែក​ជើង និង​កាបូប​វៀតណាម​បាន​និយាយ​ថា វិស័យ​នេះ​ នឹង​ទទួល​ផលប្រយោជន៍​ពី​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន​នៅ​ក្រោម​កិច្ចព្រមព្រៀង RCEP។ វៀតណាម​ អាច​នាំ​ចូល​វត្ថុ​ធាតុ​ដើម​នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​រួច​ទៅ​ហើយ ប៉ុន្តែ​ការ​នាំ​ចេញ​ផលិតផល​ដែល​ផលិត​រួច​នៅ​វៀតណាម​ទៅ​កាន់​ប្រទេស​ផ្សេង​ក្រៅ​ពី​ចិន និង​សមាជិក​អាស៊ាន ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ផលិតផល​ផលិត​នៅ​វៀតណាម​នោះ​ទេ។ នៅ​ក្រោម​កិច្ចព្រមព្រៀង RCEP ការ​នាំចេញ​បែប​នេះ​ទៅ​ជប៉ុន និង​ប្រទេស​សមាជិក​ផ្សេង​ទៀត​នៃ​កិច្ចព្រមព្រៀង RCEP នឹង​ទទួល​បាន​ពន្ធគយ​ទាប​ជាង​ ដែល​ដូច​ទៅ​នឹង​ផលិតផល​ដែល​ផលិត​នៅ​វៀតណាម​អ៊ីចឹង​ដែរ។

ជា​ទស្សនៈ​របស់​វៀតណាម ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង RCEP នាំ​មក​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ។ ស្រប​ពេល​ដែល​ក្តី​រំពឹង​នៃ​ការ​បង្កើន​ការ​នាំ​ចេញ​អាច​មាន​សូចនាករ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​សម្រាប់​វៀតណាម ក៏​មានក្តីបារម្ភ​ថា​ តើ​កិច្ចព្រមព្រៀង​នេះ ​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុក​យ៉ាង​ដូចម្តេច។ ទីផ្សារ​វៀតណាម​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​យ៉ាង​ច្រើន​រហូត​ដល់ ៩៨% នៃ​សហគ្រាស​សរុប។ គេ​រំពឹង​ថា នឹង​មាន​ការ​ហូរ​ចូល​នៃ​ទំនិញ​យ៉ាង​គំហុក​មក​ពី​ប្រទេស​ផ្សេង​ជា​ពិសេស​មក​ពី​ចិន។

ជា​ឧទាហរណ៍ អ្នក​ស្រី Thanh Xuan ថា នៅ​ក្នុង​វិស័យ​ស្បែក​ជើង សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវ​បង្កើន​សមត្ថភាព​ដើម្បី​ឈរ​ជើង​ត​ទៅ​ទៀត ដោយសារ​តែ «ចំណុច​ខ្លាំង​នៅ​ខាង​ក្នុង​មាន​ភាព​ទន់ខ្សោយ​ណាស់។ នៅ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​ ប្រសិន​បើ​ពួកគេ​មិន​បង្កើន​សមត្ថភាព​ទេ ពួកគេ​នឹង​ត្រូវ​បាត់​ពី​ទីផ្សារ​យ៉ាង​ស្រួល»។

អ្នក​ស្រី Thanh Xuan បន្ថែម​ទៀត​ថា «ជា​ការ​ពិត ចំណែក​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ចំនួន ៦០% [នៅ​ក្នុង​វិស័យ​ស្បែក​ជើង] ប៉ុន្តែ​ការ​រួម​ចំណែក​ក្នុង​ការ​នាំ​ចេញ​មាន​កម្រិត​ទាប ដែល​មាន​តិច​ជាង ២០%។ ផ្ទុយ​ទៅ​វិញ ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់ និង​សហគ្រាស​ធំៗ​នៅ​វៀតណាម​មាន​ចំនួន​ប្រមាណ​តែ ៣០% ទៅ ៤០% ប៉ុន្តែ​ចំនួន​នៃ​ការ​នាំចេញ​មាន​រហូត​ដល់ ៨០% ទៅ ៩០%»។

អ្នក​ស្រី Thanh Xuan បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖

«ក៏​មាន​គុណសម្បត្តិ​ជួយ​វៀតណាម​បង្កើន​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ។ នៅ​ក្នុង​វិស័យ​ស្បែក​ជើង វៀតណាម​មាន​ផលប្រយោជន៍​បន្ថែម​ជាច្រើន ហើយ​សព្វ​ថ្ងៃ​ជា​ប្រភព​ធំ​បំផុត​ទី២​នៃ​ការ​នាំ​ចេញ​ស្បែក​ជើង​នៅ​ក្នុង​ពិភពលោក។ យើង​ក៏​បាន​បង្កើត​ឱ្យ​មាន​សង្វាក់​ផ្គត់ផ្គង់​រយៈពេល​វែង​ល្មម​ជាមួយ​ទីផ្សារ​សំខាន់ៗ។ ការ​វិនិយោគ​បរទេស​នៅ​វៀតណាម​ជា​ដំណើរការ​យូរអង្វែង ហើយ​មាន​ចំនួន​ច្រើន​គួរសម»។

អ្នក​ស្រី​បាន​បន្ថែម​ថា «ជា​ទូទៅ សក្តានុពល​កំណើន​សម្រាប់​វិស័យ​នេះ​នៅ​តែ​ល្អ មាន​ការ​ប្រកួតប្រជែង និង​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​ម៉ាក​ធំៗ ដែល​ពួកគេ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​អ្នក​វិនិយោគ​បរទេស​នៅ​តែ​ប្តេជ្ញា​បន្ត​ធ្វើ​ការ​ផលិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ យ៉ាង​ហោច​ណាស់​សម្រាប់ ១០ ទៅ ២០ ឆ្នាំ​ទៀត​ដែរ»។

លោក Okun ដែល​ជា​អតីត​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​សិង្ហបុរី​ផង​ដែរ​នោះ​បាន​ថ្លែង​ថា វៀតណាម​ ទទួល​បាន​ផលប្រយោជន៍​សំខាន់ៗ​ជាង​សមាជិក RCEP ភាគច្រើន​ផ្សេង​ទៀត ដោយសារ​តែ​ប្រទេស​នេះ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទូលំទូលាយ​ និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា ​CPTPP (Comprehensive and Progressive Agreement for Trans-Pacific Partnership) ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ផ្សេង​ទៀត។

លោក​ថា កិច្ច​ព្រមព្រៀង​នេះ​ ​ចែង​ពី​ការ​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​មាន​ភាព​ជឿនលឿន​ដូចជា​ ការ​ឱ្យ​ប្រទេស​សមាជិក​ប្តេជ្ញា​ធានា​ថា សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ប្រកួត​ដោយ​ស្មើ​ភាព​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន ដោយ​មិន​មាន​អត្ថប្រយោជន៍​មិន​ត្រឹមត្រូវ​ណា​មួយ​ពី​រដ្ឋាភិបាល​នោះ​ទេ។ កិច្ចព្រមព្រៀង CPTPP ក៏​មាន «វិធាន​ពាណិជ្ជកម្ម​ឌីថីជល​កម្រិត​ខ្ពស់ ដែល​ប្រសិន​បើ​អនុវត្ត​ពេញលេញ អាច​នឹង​ពង្រឹង​សេដ្ឋកិច្ច​ឌីជីថល​វៀតណាម និង​បើក​ផ្លូវ​សម្រាប់​ឱកាស​ថ្មីៗ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ដែល​នឹង​ក្លាយ​ជាចលករ​នៃ​កំណើន​សម្រាប់​វៀតណាម​នៅ​ពេល​ខាង​មុខ»។

លោក​បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា «វៀតណាម​គួរ​ធ្វើ​សកម្មភាព​ភ្លាមៗ​ដើម្បី​អនុវត្ត​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុង​ក្របខណ្ឌ​កិច្ចព្រមព្រៀង CPTPP និង​អាច​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត​តាមរយៈ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​ថ្មី​ជាមួយ​ដៃគូ​គន្លឹះៗ ដូចជា​សិង្ហបុរី និង​សហរដ្ឋអាមេរិក។ ការណ៍​នេះ ​នឹង​អាច​ជួយ​វៀតណាម​ឱ្យ​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ​ដើម្បី​បង្កើត​មូលដ្ឋាន​សម្រាប់​ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​របស់​ខ្លួន ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តិច​បំផុត​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ទាំង​ពី​កិច្ចព្រមព្រៀង RCEP ទាំង CPTPP និង​បង្កើន​ឱកាស​ក្នុង​កម្រិត​អតិបរមា​សម្រាប់​កំណើន​តាមរយៈ​សេដ្ឋកិច្ច​ឌីជីថល»៕

XS
SM
MD
LG