ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ជំរុញ​កុំ​ឱ្យ​យក​បញ្ហា​នយោ​បាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​រនាំង​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប​


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ថ្លែង​ទៅ​កាន់​មេ​ដឹកនាំ​សហភាព​អឺរ៉ុប​ថា​កុំ​ឱ្យ​យក​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នីមួយៗ​ធ្វើ​ជា​រនាំង​ទំនាក់​ទំនង​រវាង​អង្គការ​តំបន់​ទាំង​ពីរ ​ ខណៈ​ជំរុញ​ឱ្យ​ភាព​ជា​ដៃ​គូ​រវាង​ប្លុក​ទាំង​ពីរ​ត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​ស្មើ​គ្នា។​

នេះ​ជា​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ នៅ​អំឡុង​ពេល​ធ្វើ​សន្និសីទ​រួមគ្នា​ជាមួយ​មេ​ដឹក​នាំ​សហ​ភាព​អឺរ៉ុប​ ខណៈ​លោក​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ខួប​រំឭក​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប​រយៈ​ពេល​៤៥​ឆ្នាំ ​កាល​ពី​ថ្ងៃទី​១៤​ ខែ​ធ្នូ ​ឆ្នាំ​២០២២ ​នៅ​ទីក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ម្នាក់​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បញ្ជាក់​ថា៖ «ការ​លើក​ឡើង​អម្បាញ់​មិញ​ថា​ តើ​មាន​ឧបសគ្គ​អ្វី?​ វា​អាច​មក​ពី​បញ្ហា​មីយ៉ាន់ម៉ា​ទេ?​ ខ្ញុំ​គិត​ថា​ មិន​គួរ​ដាក់​បញ្ហា​នយោបាយ​មក​រាំង​ខ្ទប់​ជា​មួយ​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នោះ​ឡើយ។ ​ក្នុង​ពេល​ពិធី​បើក​ចំណាប់​អារម្មណ៍​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា​ ហើយ​ ភាព​ជា​ដៃ​គូ​ត្រូវ​តែ​ស្មើ​ភាព ​មិន​អាច​យក​ច្បាប់​របស់​ផ្នែក​មួយ​ទៅ​ដាក់​ផ្នែក​មួយ​នោះ​ទេ។​ ចំណុច​នេះ​ត្រូវ​តែ​រំឭក​ ភាគី​យើង​ទាំង​ពីរ​ត្រូវ​តែ​ស្មើ​ភាព​គ្នា»។​

បើ​តាម​លោក​ ហ៊ុន សែន​ អាស៊ាន​មិន​មែន​ជា​ដៃ​គូ​រង់ចាំ​ជំនួយ​ពី​សហ​ភាព​អឺរ៉ុប​ឡើយ​ ប៉ុន្តែ​ជា​ដៃគូ​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ថា​មេ​ដឹកនាំ​អាស៊ាន​មិន​ចង់​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង​នៅ​តែ​ក្រីក្រ ​ហើយ​រង់ចាំ​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ពី​អឺរ៉ុប​នោះ​ទេ។ ​ លោក​បន្ត​ថា​ អាស៊ាន​និង​សហ​ភាព​អឺរ៉ុប​មាន​ចំណុច​ខ្លះ​ខ្វែង​គ្នា ​ប៉ុន្តែ​ក៏​មាន​គោល​ដៅ​មួយ​ចំនួន​រួម​គ្នា​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «លើ​ការ​ជាក់​ស្តែង​ ទាក់​ទិន​នឹង​សិទ្ធិ​មនុស្ស ​ទាក់​ទិន​ជា​មួយ​នឹង​បញ្ហា​នេះ​ បញ្ហា​នោះ​ ខ្ញុំ​ក៏​ចង់​សួរ​ថា​ តើ​ EU​ [សហ​ភាព​អឺរ៉ុប]​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​ណា​ខ្លះ​នៅ​ក្នុង​អាស៊ាន​ ហើយ​តើ​បណ្តា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទីនោះ​វា​យ៉ាង​ម៉េច?​ ពិត​ណាស់​ ចំណុច​នេះ​មិន​មែន​អ្វីៗ​សុទ្ធ​តែ​ត្រូវ​គ្នា​ទាំង​អស់​នោះ​ទេ ​ប៉ុន្តែ​យើង​មាន​ចំណុច​រួម​មួយ ​គឺ​តម្រង់​ទៅ​រក​គោល​ដៅ​នៃ​ការ​ត​ភ្ជាប់​ ការ​ផ្សារ​ភ្ជាប់​រវាង​តំបន់​ទាំង​ពីរ​ ហើយ​ជា​សេដ្ឋ​កិច្ច​បំពេញ​ឱ្យ​គ្នា»។​

លោក ​ហ៊ុន សែន ​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ ក៏​ជំរុញ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​អាស៊ាន ​និង​សហភាព​អឺរ៉ុប​នៅ​ពេល​ខាង​មុខ។​

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោក ​រ៉ូ វណ្ណៈ ​សាស្ត្រាចារ្យ​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ទំនាក់​ទំនង​រវាង​សហ​ភាព​អឺរ៉ុប​ និង​អាស៊ាន បាន​ឈាន​ដល់​របត់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ ពី​ព្រោះ​ថាភាគី​ទាំង​ពីរ​បាន​ព្យាយាម​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ​តាម​រយៈ​ការ​ដំឡើង​ភាព​ជា​ដៃ​គូ ​និង​ការ​ចង់​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា។​

បើ​តាម​លោក​ រ៉ូ វណ្ណៈ​ អាស៊ាន​គឺ​ជា​ចំណុច​កណ្តាល​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរ៉ុប ​ដោយ​ហេតុ​ថា​ ​អាស៊ាន​គឺ​ជា​តំបន់​ដែល​មាន​សក្តានុពល​ដ៏​ខ្លាំង​ក្លា​ពាក់ព័ន្ធ​ជាមួយ​ភូមិសាស្ត្រ​នយោបាយ​និង​ភូមិ​សាស្ត្រ​សេដ្ឋកិច្ច ​ខណៈ​ថា​ តំបន់​អាស៊ាន​ជា​កន្លែង​មហា​អំណាច​ថ្មី​កំពុង​តែ​រះ​ដែល​ធ្វើ​ឱ្យ​ទំហំ​សេដ្ឋកិច្ច​កាន់​តែ​ឡើង​ទ្វេ​ដង។​

លោក​ថ្លែង​ថា៖ ​«អាស៊ាន​ជា​ចំណុច​ស្នូល​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ ហើយ​អាស៊ាន​យើង​ដឹង​ហើយ​ថា​ ប្រជាជន​ជិត​៧០០​លាន​នាក់ ​គឺ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៥​របស់​ពិភព​លោក​ ហើយ​អភិវឌ្ឍ​ទៅ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៤​នៅ​ក្នុង​ឆ្នាំ​២០៥០​ បើ​តាម​ការ​ព្យាករ ដោយ​សារ​តែ​កំណើន​រីក​លូតលាស់​ខ្លាំង​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ អ៊ីចឹង​ក្រៅ​ពី​ហេតុ​ផល​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម​ដែល​ EU​ ឱ្យ​តម្លៃ​ខ្លាំង​មក​កាន់​អាស៊ាន​ ​អាស៊ាន​គឺ​ជា​ចំណុច​នៃ​របត់​ការ​ប្រកួត​ប្រជែង​មហា​អំណាច»។​

សាស្រ្តាចារ្យ​រូប​នេះ​អះអាង​ថា​ រនាំង​នៃ​ទំនាក់​ទំនង​រវាង​អង្គការ​តំបន់​ទាំង​ពីរ​ដែល​ធ្វើ​ឱ្យ​មិន​ទាន់​អាច​ឈាន​ដល់​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នោះ​គឺ​ ពាក់​ព័ន្ធ​ជាមួយ​ការ​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​រវាង​ចិន​និង​សហ​រដ្ឋ​អាមេរិក ​ជា​ពិសេស​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​បាន​ចាក់​ជ្រៅ​ទៅ​ក្នុង​តំបន់​អាស៊ាន។​

លោក​ រ៉ូ វណ្ណៈ ​ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ជា​ពិសេស​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​បាន​ផល​ប្រយោជន៍​ច្រើន​ពី​សហ​ភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក។​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​អាស៊ាន-សហ​ភាព​អឺរ៉ុប​ លោក ​Charles Michel ​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប ​បាន​លើក​ឡើង​ថា​ អាស៊ាន ​និង​សហ​ភាព​អឺរ៉ុប​ គឺ​ជា​អង្គការ​តំបន់​ដែល​ជោគ​ជ័យ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពិភពលោក​ និង​ថា​ ភាគី​ទាំង​ពីរ​បាន​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ច្បាស់ ​ជា​ពិសេស​មាន​នូវ​គុណ​តម្លៃ​ស្រដៀង​គ្នា ​និង​ស្មារតី​សហការ​ដូច​គ្នា។ ​លោក​បន្ត​ថា​ ប្លុក​ទាំង​ពីរ​អាច​ពង្រឹង​នូវ​ការ​សហការ​គ្នា​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ការ​ត​ភ្ជាប់​ តាម​រយៈ​ការ​ពង្រឹង​នូវ​ទំនាក់​ទំនង​វិស័យ​វិទ្យាស្ត្រ ​បច្ចេក​វិទ្យា​ និង​នវានុវត្តន៍​ ព្រម​ទាំង​គំនិត​ផ្តួច​ផ្តើម​ដែល​នាំ​ឱ្យ​យុវជន ​និង​សិស្ស​កាន់​តែ​ខិត​ជិត​គ្នា។​

គួរ​បញ្ជាក់​ថា​ យោង​តាម​គេហ​ទំព័រ​ផ្លូវការ​របស់​សហ​ភាព​អឺរ៉ុប​ ទំនាក់​ទំនង​រវាង​ប្លុក​តំបន់​ទាំង​ពីរ​បាន​ឈាន​មក​ដល់​៤៥​ឆ្នាំ​មក​ហើយ​ ខណៈ​អង្គការ​តំបន់​ទាំង​ពីរ​បាន​ដំឡើង​ភាព​ជា​ដៃ​គូ​សន្ទនា​ធម្មតា​មក​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ ​កាល​ពី​ឆ្នាំ​២០២០។​

សហភាព​អឺរ៉ុប​បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​អាស៊ាន​នៅ​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ​ និង​ការ​វិនិយោគ​ដែល​នាំ​ឱ្យ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ​

សហភាព​អឺរ៉ុប​គឺជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​បង្អស់​ទី​៣​របស់​អាស៊ាន ​ដែល​មាន​ចំនួន​ប្រមាណ​១០,៦%​នៃ​ទំហំ​ពាណិជ្ជ​កម្ម​អាស៊ាន ​ខណៈ​អាស៊ាន​ជារួម ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ឈរ​នៅ​លេខ​រៀង​ទី​៣​របស់​សហ​ភាព​អឺរ៉ុប​ ដោយមាន​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​នៅ​ក្នុង​ទំនិញ ​និង​សេវា​កម្ម ​មាន​ចំនួន​ប្រមាណ​១៩០​ពាន់លាន​យូរ៉ូ​នៅ​ក្នុង​ឆ្នាំ​២០២០។​ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ដដែល៕

XS
SM
MD
LG