ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ឲ្យ​ស្វែង​រក​សាច់ញាតិ​របស់​អ្នក​ដែល​មាន​គម្រោង​តវ៉ា​ប្រឆាំង​នឹង​លោក​នៅ​អឺរ៉ុប


រូបឯកសារ​៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​លើក​ទី ៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ បាន​ប្រាប់អ្នក​គាំទ្រ​របស់​លោក​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​អឺរ៉ុប​ ​ឱ្យ​ទៅ​ថត​រូប​អ្នក​ដែល​ត្រៀមចេញ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក។ លោក ហ៊ុន សែន អះអាង​ថា ​ការ​ថត​រូប​នេះ​ដើម្បី​ងាយ​ស្រួល​ស្វែង​រក​សាច់​ញាតិ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា។

ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ព្រុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក លោក ហ៊ុន សែន ថ្លែង​ថា​ នេះ​មិន​មែន​ជា​សារគំរាម ឬ​បំភ័យ​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ឡើយ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​មូល​ហេតុ​អ្វី​បាន​ជា​លោក​ចង់​ស្វែង​រក​ក្រុម​គ្រួសារ​របស់​អ្នក​តវ៉ា​ទាំង​នោះ​ឡើយ។

លោក​ថ្លែង​ថា៖ «ពួក​យើង​ក៏​ចាំ​ថត​ដែរ ​ចាំ​មើល​ថា​បាន​ប៉ុន្មាន? ​ហើយ​ថត​ឱ្យបាន​មុខ​គេ​ ស្រណុក​ស្រួល​យក​ទៅ​បិត​នៅ​ពោធិ៍ចិនតុង​ ....​ និយាយ​អ៊ីចឹង​មិន​មែន​គំរាម​ថា ​មិន​ឱ្យ​ចូល​ស្រុក​អី​ទេ ប៉ុន​ចង់​ដឹង​មុខ​អ្នកឯង ហើយ​ក៏​ចង់​តាម​រក​គ្រួសារ​អ្នកឯង នៅ​ក្នុង​ស្រុក​ខ្មែរ ​តើ​វា​យ៉ាង​ម៉េច​ទៅ​ហើយ»។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​ មេដឹកនាំ​ប្រឆាំង​ដែល​លោក​សំដៅ​លើ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង «បើ​ចិត្ត​សឿង» ចេញ​មុខ​ប្រមូល​ក្រុម​តវ៉ា និង​ដឹកនាំបាតុកម្មដោយ​ខ្លួន​ឯង ហើយ​កុំរត់​ទៅ​ណា ឬ​ថា​ជាប់​រវល់។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អ្នក​ដែល​ប្រកូស​ប្រកាសឱ្យ​គេ​ធ្វើ​បាតុកម្មប្រឆាំងខ្ញុំ​ ល្អ​បំផុត​ចេញ​មុខ​មកដឹកនាំ​បាតុកម្ម​នៅ​ព្រុចសែល។ បើ​អ្នក​ឯង​ចិត្ត​សឿង ​ម៉ោៗៗ! មក​ដឹក​នាំ​នៅព្រុចសែល​ ថ្ងៃ​ ១៤ ​បាន​ប៉ុន្មាន? ម៉ោ! ប្រមូល​មក​អ៊ឺរ៉ុប​មក​ អត់​អី​ទេ ប្រមូល​មក។​ ប៉ុន្តែ​ស្អី​តែ​មិន​ស្រួល! ទៅ​អាមេរិក​បាត់​ ម្នាក់​ហ្នឹង​ច្រើន​តែ​អ៊ីចឹង។ ប្រមូល​មនុស្សធ្វើ​បាតុ​កម្ម​នៅ​អាមេរិក រួច​ហើយ​ឡើង​កប៉ាល់​ហោះ​ពី​អាមេរិក ថា​មកមាន​ការ​នៅ​សភា​អ៊ឺរ៉ុប»។

​ប្រតិកម្ម​របស់​លោក ហ៊ុន សែន កើត​ឡើង​ ក្រោយ​ពីលោក ​សម រង្ស៊ី ​បានបង្ហោះសារ​កាល​ពីថ្ងៃទី​ ១០ ខែ​ធ្នូ ដោយ​អំពាវ​នាវឱ្យ​ពលរដ្ឋ​នៅ​អ៊ឺរ៉ុប​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន​ សែន​ នៅ​ទីក្រុង​ព្រុចសែល ​នៃ​ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃ​ទី​ ១៤ ​ខែ​ធ្នូ ឆ្នាំ​ ២០២២។

លោក សម រង្ស៊ី បង្ហោះ​សារ​លើគណនី​ហ្វេសប៊ុក​របស់​លោក​ថា៖ «សូម​បង​ប្អូនជន​រួមជាតិ​ខ្មែរ ដែល​រស់​នៅ​ទ្វីប​អឺរ៉ុប អញ្ជើញ​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះ​ករ ក្នុង​បាតុ​កម្ម​នេះ។ ទស្សនកិច្ច ហ៊ុន សែន​ នៅ​ទ្វីប​អឺរ៉ុប​ឆ្នាំ​ ២០២២ ​នេះ ជា​លើក​ចុង​ក្រោយ​ហើយ​ ពីព្រោះ​ចាប់ពី​ឆ្នាំ ២០២៣ ​ទៅ​ គាត់​នឹង​ចុះ​ចេញ​ពី​តំណែង​គាត់​បច្ចុ​ប្បន្ន ហើយ​ពេល​នោះ គាត់​នឹង​បាត់​បង់​អភ័យ​ឯកសិទ្ធិ​ការ​ទូត​របស់​គាត់ ហើយ​គាត់​នឹង​ត្រូវ​ប៉ូលិស​អន្តរជាតិ Interpol តាម​ចាប់​គាត់ ពី​បទ​ឧក្រិដ្ឋ​និង​អំពើ​ឃាតកម្ម​ជាច្រើន ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា»។

លោក​ អេង​ ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រា​ប់វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សារ​របស់​លោក ហ៊ុន សែន គឺ​ព្យាយាម​បំភិត​បំភ័យ និង​បិទ​មាត់​អ្នក​រស់​នៅ​ក្រៅ​ប្រទេស គឺ​ដូច​ការ​បិទ​មាត់​ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅក្នុង​ប្រទេស។

លោក​ថ្លែង​ថា៖ «កន្លង​មក គាត់​តែង​តែ​ឱ្យ​គ្នា​គាត់ ​បក្ស​ពួក​គាត់ ក្រុម​គាត់​ហ្នឹង បំភិត​បំភ័យ ​គំរាម​កំហែង​ដោយ​ប្រយោល។ បើ​លើក​នេះ​ឃើញ​ថា​គំរាម​ដោយ​ផ្ទាល់​តែម្តង។ ប៉ុន្តែ​យើង​ដឹង​ថា​ អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​គាត់​នៅ​ក្រៅប្រទេស អ្នក​ដែល​ប្រឆាំង​នឹង​គាត់​នៅ​ក្រៅ​ប្រទេស​ គេមិន​ខ្លាច​ការ​គំរាម​កំហែង​ពី​សំណាក់​លោក ហ៊ុន សែន​នោះ​ទេ»។

លោក​ អេង​ ឆៃអ៊ាង ​ថ្លែង​បន្ថែម​ថា​ ការ​ធ្វើ​បាតុកម្ម​នៅ​អ៊ឺរ៉ុប​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការដឹក​នាំ​របស់​លោក ​ហ៊ុន សែន​ និង​ដើម្បី​កុំ​ឱ្យ​លោក ហ៊ុន សែន ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​របស់​លោក។

ទាក់​ទង​នឹង​ដំណើរ​ទៅ​កាន់​តំបន់​អ៊ឺរ៉ុប​នេះ ​លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​បារាំង ដោយ​មាន​ជំនួបជាមួយ​ប្រធានា​ធិបតី​បារាំង​ផងដែរ។

គួរបញ្ជាក់​ថា​ លោក ហ៊ុន សែន បាន​ចាក​ចេញ​ពី​ទឹក​ដី​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១១ ខែធ្នូ ហើយ​បាន​ទៅ​ដល់​ទីក្រុង​ព្រុចសែល កាល​ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​ ២០២២។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុងនាម​ជា​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំកំពូល​អាស៊ាន-សហភាព​អឺរ៉ុប ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី ៤៥ នៃ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន-សហភាពអឺរ៉ុប៕

XS
SM
MD
LG