ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​ទុក​ឲ្យ​ប្រេសិត​ប្រធាន​អាស៊ាន​ក្រោយ​ដោះ​ស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន៉ម៉ា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ខាង​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ចន្ទ បាន​ថ្លែង​ថា​ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន គឺ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ ហើយ​លោក​ថា ​ទុក​ឲ្យ​ប្រេសិត​របស់​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្រោយៗ​ទៀត​ ជា​អ្នក​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​ភូមា។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ព្រុយសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃ​ទី​ ១២ ខែ​ធ្នូ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន​និង​សហភាព​អឺរ៉ុប។

លោក ហ៊ុន សែន ដែល​ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​ ២០២២ និង​បាន​ជួប​មេដឹកនាំ​យោធា​ភូមា​ផង​នោះ បាន​ថ្លែង​ថា ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​អាច​នឹង​បន្ត​យ៉ាង​តិច​ ៥ ​ឆ្នាំ​ទៀត។

លោក ហ៊ុន សែន ថ្លែង​ថា៖ «គេ​ថា​ខ្ញុំ​ធ្វើ​ឲ្យ​ខូច​សភាព​ការណ៍​មីយ៉ាន់ម៉ា ខ្ញុំ​អាច​នឹង​ទស្សន៍​ទាយ​បាន​ថា ​មីយ៉ាន់​ម៉ា តិច​បំផុត​៥ឆ្នាំ​ទៀត។ អ្នក​ណា​ជើង​ខ្លាំង​ទៅ​ដោះ​ទៅ ខ្ញុំ​ជិត​ចប់​ភារកិច្ច​របស់​ខ្ញុំ​ហើយ។ បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មីយ៉ាន់ម៉ា​បាន​ត​ទៅ​ទៀត​ទេ ទុក​ឲ្យ​បេសកជន​របស់​ប្រធាន​អាស៊ាន​ក្រោយ»។

កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​ធ្នូ ឆ្នាំ​២០២២ អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​វីអូអេ​ថា​ ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ជា​លើក​ទី​ ៣ ​របស់​លោក។

លោក ជុំ សុន្ទរី អះអាងថា​ មូល​ហេតុ​នៃ​ការ​លុប​ចោល​នេះ ដោយ​សារ​តែ​ពេល​វេលា ខណៈ​ថា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​រូបនេះ​ក៏​នឹង​ត្រូវចូលរួមកិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន និង​សហ​ភាព​អ៊ឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែល​ហ្សិក។ លោក​បន្ថែម​ថា​ កត្តា​មួយ​ទៀត​គឺ​ដោយ​សារ​តែ​មិន​មាន​ការ​រំពឹង​ថា​នឹង​សម្រេច​បាន​នូវ​លទ្ធផល​ជា​ដុំ​កំភួន។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២១​ មេដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​ ៥​ ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​តានតឹង​នយោបាយ​ ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋប្រហារ​យោធា កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២១។ ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​ ២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​ ៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕

XS
SM
MD
LG