ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ថា អតីត​មន្រ្តី​រាជការ​មក​ពី​គណបក្ស​ប្រឆាំង​នឹង​មិនបាន​ប្រាក់ខែ ឬ តំណែង​វិញ​ទេ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់​អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យរដ្ឋាភិបាលវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា អតីត​មន្ត្រី​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ ​នឹង​មិនមាន​ឱកាស​ទទួល​បាន​តំណែង​ និង​សំណង​មក​វិញ​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​ប្រសាសន៍​ដូច្នេះ​បន្ទាប់​ពី​លោក​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​យុត្តិធម៌ ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៧០ នាក់​ដែល​លោក​អះអាង​ថា​ បាន​ចាញ់​បោកលោក​ សម រង្ស៊ី ​អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ ដែល​បាន​អំពាវ​នាវ​ឲ្យ​សាធារណ​ជន​ នគរបាល​ និង​កងទ័ពងើប​បះបោរ​និង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

«យើង​ស្តាប់​ការ​និយាយ​អ្នកខ្លះ​នៅ​តែ​បន្ត​ចិញ្ចឹម​ចិត្ត​ថា អញ​នឹង​បាន​ធ្វើ​មេឃុំ​ អញ​នឹង​បាន​ធ្វើ​ចៅ​សង្កាត់​ អញ​នឹង​បាន​ធ្វើ​ជំទប់​ អញ​នឹង​បាន​ធ្វើ​នេះ រួច​ហើយ​គេ​សង​ប្រាក់​ខែ​ ត្រឡប់​មក​វិញ ជិតបាន​ ហើយៗ នែ​អា​ជិត​បាន​ហ្នឹង​ អត់​ទេ»។

លោក​បាន​បន្ថែម​ថា៖

«សុំ​ខិត​ខំ​ធ្វើ​ស្រែចំការ​ទៅ កុំ​បង្ខំ​ មក​គេ​ហៅ​ថា រត់​បុក​ជញ្ជាំង​នោះ។ កុំ​ដាក់​គោលដៅ​ធំពេកៗ»។

​តុលាការ​នៅ​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ដោះលែង​សកម្មជន​ និង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។ បញ្ជា​របស់​លោក ហ៊ុនសែន​ឲ្យ​ដោះលែង​សកម្មជន​ និង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​កើតឡើង បន្ទាប់​ពី​សហគម​អឺរ៉ុប​ចេញ​របាយការណ៍ ​របស់​សហគមន៍​អឺរ៉ុប​ស្តីពី​ស្ថានភាព​កម្ពុជា ក្រោម​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA។

ថ្លែង​នៅ​ក្នុង​ពិធី​ចែកសញ្ញាប័ត្រ​មួយ​នៅ​ក្រុង​ភ្នំពេញ​ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ចំ​ថា ដំណើរការ​ក្តី​របស់​លោក​ កឹម សុខា​នឹង​មាន​វែងឆ្ងាយ​បន្ត​ទៀត។

«រួច​ហើយ​ការ​បន្ថយ​លក្ខខណ្ឌ​ទៅ​លើ​មនុស្ស​ម្នាក់ នឹង​បិទ​ផ្លូវ​គេ​ហៅ​ថា ការ​ស៊ើបសួរ​ក៏​ជា​នីតិវិធី​របស់​តុលាការ​ ក៏​ថា អឺ​មាន​សេរីភាព​អញ្ចេះ មាន​សេរីភាព​អញ្ចុះ​ ធ្វើ​អញ្ចេះ​ ធ្វើ​អញ្ចុះ អឺ​ប៉ាន់ស្មាន​ខ្លួន​ឯង​ទៅ»។

លោក​បាន​បន្ថែម​ថា៖

«ក៏​ប៉ុន្តែ​ត្រូវ​ចាំ​ណា ដំណើរការ​ក្តី​មួយ​នេះ​គឺ​មិនមែន​ត្រូវ​ធ្វើ​មួយ​ថ្ងៃ​ ពីរ​ថ្ងៃ ឬ​មួយ​ខែ​ ឬ​ពីរ​ខែ​ទេ។ វា​ត្រូវ​ប្រើ​រយៈពេល​វែង រួច​ហើយ​មាន​អ្នកខ្លះ​និយាយ​ថា តិច​ទៀត​លើកលែង​ទោស​ហើយ ព្រះមហាក្សត្រ​លើកលែង​ទោស។ បើ​មិនទាន់​កាត់ទោស​ផង ព្រះមហាក្សត្រ​មាន​ទោស​ណា​ដើម្បី​លែង អាហ្នឹង​និយាយ​ឲ្យ​ច្បាស់»។

លោក អំ សំអាត មន្រ្តី​ជាន់ខ្ពស់​អង្គការ​សិទ្ធិ មនុស្ស​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្រ្តី​មិន​មែនជា​អ្វី​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ពី​ព្រោះ​ប្រសិន​បើ​ឲ្យ​អតីត​សមាជិក​ក្រុមប្រឹក្សា​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ចូល​កាន់​តំណែង​វិញ​ វា​ហាក់​ដូចជា គណបក្សសង្រ្គោះជាតិ​រស់​ឡើងវិញ។

លោក​ អំ​ សំអាត​ បាន បន្ថែម​ថាលោក​គិត​ថា មូលហេតុ​នៅ​ពី​ក្រោយ ការរំលាយ​គណបក្ស​សង្រ្គោះជាតិ គឺ​ដោយសារ​តែ​គណបក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​រស់​ឡើងវិញ​ហើយ គណបក្ស កាន់ អំណាច​អាច​ដកហូតតំណែង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស សង្គ្រោះ ជាតិ។

«កាលណា​ គណបក្ស​សង្រ្គោះជាតិ​ដំណើរការ​ឡើងវិញ​ អញ្ចឹង​អ្វីៗ​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​ហ្នឹង​អាច​ទទួល​បាន​វិញ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ចំណុចនេះ​ ប្រហែល​ជា​គណបក្ស​កាន់​អំណាច​ហ្នឹង​ គឺ​មិន​អាច​នឹង​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​ហ្នឹង​រស់​ឡើង​វិញ​ទេ»។

លោក អំ សំអាត ក៏​បាន​បន្ថែមថាការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក កឹម សុខា ជា «ទិដ្ឋភាព​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ​បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​នាពេល​នោះ ​ដែល​ត្រូវបាន​តុលាការចោទ​ប្រកាន់ពី​បទ​ក្បត់ជាតិ។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅអាណត្តិបន្ទាប់​នឹង​ត្រូវ​ធ្វើឡើង​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​ ២០២២៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG