ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ប្រាប់​មន្ត្រី​យុត្តិធម៌​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ​ប្រមាណ​៧០​នាក់​​ឲ្យ​នៅ​ក្រៅ​ឃុំ


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

នាយករដ្ឋមន្ត្រី​ខ្មែរអះអាង​​ថា លោក​មាន​សិទ្ធិ​ត្រឹម​តែ​ស្នើ​ឲ្យ​អ្នក​រង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ​ ចំណែក​ឯ​ការណ៍ដែល​ពួកគេ​ត្រូវ​បាន​រួចពី​​បទ​ចោទ​ឬ​យ៉ាង​ណា​នោះ​​​ គឺ​អាស្រ័យ​លើ​សេចក្តី​សម្រេច​របស់​តុលាការ។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​យុត្តិធម៌ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​អះអាង​ថា​ បាន​ចាញ់​បោកលោក​ សម រង្ស៊ី​អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ ដែល​បាន​អំពាវ​នាវ​ឲ្យ​សាធារណៈ​ជន​ នគរបាល​ និង​កងទ័ពងើប​បះបោរ និង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ កាល​ពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ថៃ​ ប៊ុនរ៉ុង​ នៅ​ឯខេត្ត​កំពត​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ ហ៊ុន សែន​បង្គាប់​ឲ្យ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​មន្ត្រី​តុលាការ​ទាំង​អស់សហការ​គ្នា​ ចាត់​ចែង​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​ជា​៧០​នាក់​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ក្នុង​សំណុំ​រឿង​ដែល​លោក​ហ៊ុន សែន​ថា​ ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាចពី​លោក​នោះ។

«ហ្អែង​ចង់​ផ្តួល​ហ៊ុន សែន! ហ៊ុន សែន​ត្រូវ​មាន​វិធានការ​ គ្រប់​យ៉ាង​ទាំង​អស់​ គ្រប់​យ៉ាង​ទាំង​អស់។​ អា នេះ​ប្រមូល​មនុស្ស​ប៉ុន្មាន?​ អីប៉ុន្មាន​? ត្រៀម​រៀប​ចំ​ សុទ្ធតែ​ដាក់​ផែនការ​ប្រមូល​មនុស្ស​ អ៊ីចឹង​ទេ​ គេ​ចាប់​អាហ្នឹង​ គេចាប់​អាហ្នឹង​ ប៉ុន្តែ​ឥឡូវ​នេះ​ ដូច​ជា​៧០​ប៉ុន្មាន​នាក់​ទេ​ ម៉ា​ទូទាំង​ប្រទេស​ សុំ​ឲ្យ​ធ្វើ​ការ​ប្រញាប់​ប្រញាល់​ ដើម្បី​ឲ្យ​បងប្អូន​នៅ​ក្រៅ​ឃុំ»។

ក្នុង​ចេតនា​បង្ហាញ​ពី​ឥទ្ធិពល​របស់​លោក​ថា​ នឹង​មានការ​ដោះលែង​មនុស្ស​បន្ទាប់​ពី​ការ​អធិប្បាយ​របស់​លោក​នោះ​ មេដឹកនាំ​កម្ពុជា​រូប​នេះ​ អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​នាក់​ជា​បន្ទាន់​នៅ​ក្នុង​ខេត្ត​កំពត។

«កំពត​អាច​ខិត​ខំ​ ដោះ​ស្រាយ​មុន​គេ​ តាម​ខ្ញុំ​ចាំ​ដូច​ជា​មាន​ត្រឹម​តែ​ពីរ​អី​ប៉ុណ្ណឹង​ទេ​ បាទ​ តែ​ពីរ​នាក់​ទេ។ ពីរ​នាក់​ហ្នឹង​បើ​ធ្វើ​ទាន់​ ឲ្យ​ចេញ​ក្រៅ​ឃុំ​ថ្ងៃ​ហ្នឹង​ទៅ​ ដើម្បី​ឲ្យ​ឃើញ​ប្រសិទ្ធិភាព​ នៃ​សម្តី​របស់​ហ៊ុន សែន​»។

យ៉ាង​ណា​ក៏​ដោយ​ លោកហ៊ុន សែន​អះអាងថា លោក​មាន​សិទ្ធិ​ត្រឹម​តែ​ស្នើ​ឲ្យ​អ្នក​រង​ការ​ចោទ​ប្រកាន់​ទាំង​នោះ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ​ ចំណែក​ឯ​ការណ៍ដែល​ពួកគេ​ត្រូវ​បាន​រួចពីបទ​ចោទ​ឬ​យ៉ាង​ណា​នោះ​ គឺ​អាស្រ័យ​លើ​សេចក្តី​សម្រេច​របស់​តុលាការ។ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​បានប​ញ្ជាក់​ថា​ ការ​អនុញ្ញាត​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​នឹង​ធ្វើឡើង​តែ​ទៅ​លើ​បុគ្គល​ជាប់ចោទ​ពី​បទ​«ញុះ​ញង់​ បង្ក​ឲ្យ​មាន​ហិង្សា»តែ​ប៉ុណ្ណោះ។

លោក​ហ៊ុន សែន​បាន​ព្រមានកូនចៅ​ក្រោម​បង្គាប់​រដ្ឋាភិបាល​របស់​លោក ​កុំ​ធ្វើ​បាប​លើ​សកម្មជន​គណបក្ស​ជំទាស់​ដែល​សុខ​ចិត្ត​វិល​ពី​ការ​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ឬ​ក៏​សម្ងំ​លាក់​ខ្លួន​ក្នុងស្រុក​មក​លំនៅ​ដ្ឋាន​របស់​ពួក​គេ​វិញ។

ក្រុម​សកម្មជន​ សមាជិក​ និង​អ្នកគាំទ្រ​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​ចោលកាល​ពី​ឆ្នាំ​២០១៧​ បាន​រង​ការបង្រ្កាប​យ៉ាង​ដំណំ ពី​អាជ្ញាធររបស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ បន្ទាប់​ពី​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​មាតុ​ភូមិនិវត្តន៍​របស់​លោក​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ នេះបើតាម​ការបញ្ជាក់របស់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

លោក​សម រង្ស៊ី​ ដែល​បាន​រស់​នៅ​ដោយ​និរទេស​ខ្លួនឯង​ឯក្រៅប្រទេស​អស់​រយៈពេល​៤ឆ្នាំ​ បាន​ប្រកាស​ថា​ ការ​វិល​ត្រឡប់​របស់​លោក​មក​ប្រទេស​កម្ពុជា​ គឺ​ដើម្បី​សា្តរ​លទ្ធិប្រជាធិបតេយ្យ​ និង​រៀបចំ​ប្រទេសជាតិឡើង​វិញ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រូបនេះ​ ​ក៏បាន​អំពាវនាវ​ឲ្យមហាជន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ជាមួយ​លោក​ដើម្បី​ក្រោក​ឈរ​ ផ្តួលរំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ដែល​លោក​ចោទ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។

ប៉ុន្តែ​ការ​ប៉ុន​ប៉ង​វិល​ចូលមក​ប្រទេស​កម្ពុជា​របស់​លោក​សម រង្ស៊ី​ និង​ក្រុម​សហការី​របស់​លោក​ត្រូវ​បាន​រារាំង​ដោយ​ប្រទេស​សមាជិក​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ ​ក្នុង​នោះ​មាន​ប្រទេស​ថៃ​ ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​ បាន​ប្រកាស​មិន​ស្វាគមន៍​សកម្មភាព​នយោបាយ​របស់​លោក​សម រង្ស៊ី​នៅ​លើ​ទឹក​ដី​ខ្លួន​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នានោះ​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​ដាក់​ពង្រាយ​កង កម្លាំង​សន្តិសុខប្រដាប់​ដោយ​អាវុធ​ និង​ទាហាន​រាំង​ខ្ទប់​ច្រក​ព្រំដែនកម្ពុជា​ថៃ​ និង​អាកាស​យានដ្ឋាន​នៅ​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ យល់​ថា​ បទបញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រីមក​លើ​ស្ថាប័ន​យុត្តិធម៌​ បង្ហាញ​ថា​ លោក​កំពុង​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ស្ថាប័ន​តុលាការ​ ដែល​គួរ​តែ​ជា​ស្ថាប័នមួយ​មិន​អាច​មាន​នរណា​មក​ដាក់​គំនាបបាន​ទេ។

«ជា​ឧទាហរណ៍​មួយ​ថែម​ទៀត​ ជា​សក្ខី​ភាព​មួយ​ទៀត​ បាទ​មួយ​បែប​ទៀត​ ដែល​បញ្ជាក់​ថា​ លោក​ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​របស់​យើង​ហ្នឹង​គឺ​ មាន​ឥទ្ធិពល​ទៅ​លើ​អំណាច​តុលាការ​ ដូច្នេះ​ អំណាច អំណាច​តុលាការ​យើង​អត់​ឯករាជ្យ​ទេ​ ជាក់​ស្តែង​ឃើញ​ហើយ»។

លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុតិ្តធម៌​ បាន​មាន​ប្រសាសន៍​ថា​ លោក​នាយករដ្ឋមន្ត្រី​មិន​បាន​ជ្រៀតជ្រែក​កិច្ចការងារ​របស់​ស្ថាប័ន​តុលាការ​នោះ​ទេ។ លោក​អះអាង​ថា សេចក្តីអធិប្បាយ​នានា​របស់​ប្រមុខ​រដ្ឋាភិបាល​ ជុំវិញ​ការ​ដាក់​ឲ្យ​សកម្មជន​បក្ស​ជំទាស់​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ គ្រាន់​តែ​ជា​ «ការ​សំណូមពរ​ក្នុង​នាម​លោក​ជា​ប្រមុខ​នីតិ​ប្រតិបត្តិ» «ក៏​ប៉ុន្តែ​ការ​សម្រេច​គឺនៅ​លើ​តុលាការ»។

បទ​បញ្ជា​របស់​លោក ​ហ៊ុន សែន​ ដែល​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យបាន​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ កើតមាន​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​ បាន​ចេញរបាយ​ការណ៍​បឋម​លើក​ទីពីរ​ស្តីពីការ​វាយតម្លៃ​លើ​ស្ថានភាព​កម្ពុជា​ ក្រោម​ក្របខ័ណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ» ឬហៅថា​ EBA។ របាយ​ការណ៍​នេះ​ ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ឲ្យរដ្ឋាភិបាល​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ធ្វើ​ការ​ឆ្លើយតប​ «ក្នុង​រយៈពេល​មួយ​ខែ»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា​ ការ​ឆ្លើយ​តប​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ ដោយ​ត្រូវបើក​លំហ​នយោបាយ​ថែមទៀត ហើយ​ក្រុម​អង្គការ​សង្គមស៊ីវិល​ត្រូវ​តែ​ទទួល​សិទ្ធិ​បំពេញ​ការ​ងារ​ដោយ​មិនស្ថិត​ក្រោម​គំនាប​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG