ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កម្ពុជា​ផ្ដើម​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ចោទ​ពាក់ព័ន្ធ​នឹង​គម្រោង «រដ្ឋប្រហារ»


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោកហ៊ុន សែន​ដើរ​កាត់កងកិត្តិយស​ត្រែទ័ព​កម្ពុជា​ក្នុង​ទិវាបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​​៩ វិច្ឆកា ឆ្នាំ​២០១៩​ នៅ​រាជធានី​​ភ្នំពេញ​។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោកហ៊ុន សែន​ដើរ​កាត់កងកិត្តិយស​ត្រែទ័ព​កម្ពុជា​ក្នុង​ទិវាបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​​៩ វិច្ឆកា ឆ្នាំ​២០១៩​ នៅ​រាជធានី​​ភ្នំពេញ​។ (ហ៊ុល រស្មី/VOA)

លោក​ ហ៊ុន សែន ​អះ​អាង​ថា​ ក្រុម​សកម្មជន​ និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​ ចាញ់​កលឧបាយ​ លោក​ សម រង្ស៊ី​ ដែល​ព្យាយាម​រៀបចំ​រដ្ឋប្រហារ​។

តុលាការ​នៅ​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ដោះលែង​សកម្មជន​ និង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ​ ក្រោយ​លោក ហ៊ុន សែន​ប្រធាន​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា បាន​ចេញ​បទ​បញ្ជា​ឲ្យ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ និងមន្ត្រី​យុត្តិធម៌​ ចាត់​វិធានការ​ដោះលែង​ក្រុម​សកម្មជន​ និង​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ។

លោក​ ហ៊ុន សែន ​អះ​អាង​ថា​ ក្រុម​សកម្មជន​ និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​ ចាញ់​កលឧបាយ​ លោក​ សម រង្ស៊ី​ ដែល​ព្យាយាម​រៀបចំ​រដ្ឋប្រហារ​ដើម្បី​ដណ្ដើម​អំណាច​ដែល​លោក​ក្ដោបក្ដាប់​ជាង​បី​ទសវត្សរ៍​មក​នោះ។

លោក ​ស៊ឹង សែនករុណា មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រាប់ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មាន​សកម្មជន​ និង​អតីត​មន្ត្រី​គណបក្ស​ជា​ច្រើនត្រូវ​បាន​តុលាការ​ដោះ​លែង​នៅ​ទូទាំង​ប្រទេស។ ក៏​ប៉ុន្តែ​ការ​ដោះ​លែង​នេះ​ មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​សកម្មជន និង​មន្ត្រី​ទាំងនោះ​ រួច​ពី​សំណាញ់​ច្បាប់​នោះ​ទេ ព្រោះ​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ​នៅ​មិន​ទាន់​ត្រូវ​តុលាការ​ទម្លាក់​ចោល។

«សេរីភាព​ដែល​ពិត​ប្រាកដ​របស់​គាត់​ហ្នឹង​គឺ​អត់​ត្រូវ​ជាប់​លក្ខខណ្ឌ​អ្វី​ទាំង​អស់​ មាន​ន័យ​ថា​ គាត់​អាច​ប្រើ​ប្រាស់​ ឬក៏​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្នែក​នយោបាយ​ ឬក៏​ប្រកប​របរ​រក​ស៊ី​ផ្សេងៗ​ ដោយ​គ្មាន​ជាប់​នូវ​លក្ខខណ្ឌ​ទាំង​អស់​ហ្នឹង​ អា​ហ្នឹង​គឺជា​អ្វី​ដែល​យើង​ចង់​ឃើញ»។

មន្ត្រី​សិទ្ធិ​មនុស្សជាន់​ខ្ពស់​រូប​នេះ​ គត់សម្គាល់​ថា ក្ដីក្ដាំ​របស់​សកម្មជន និង​អតីត​មន្ត្រី​បក្ស​ក្នុង​សំណុំ​រឿង​រដ្ឋប្រហារ​នេះ​ មាន​ចរិត​នយោបាយ​ ដូច្នេះ​ លោក​ជឿ​ថា​ទាំង​បក្ស​កាន់​អំណាច​ និង​បក្ស​ជំទាស់​ ត្រូវ​រក​ដំណោះស្រាយ​នយោបាយ​មួយ​ដែល​ឈាន​ទៅ​ដល់​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ពួក​សកម្មជន​ និង​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​អស់​នោះ។​

សកម្មជន​ និង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ក្រោម​ការ​សង្ស័យ​ថា​បាន​ជួយ​ជ្រោម​ជ្រែង​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី​ ធ្វើ​រដ្ឋប្រហារ​ ដែល​ការសង្ស័យ​នេះ​ ត្រូវ​រដ្ឋាភិបាល​ពណ៌នា​ថា​ ជា​បំណង​នៃ​ការ​វិលត្រឡប់​របស់​លោក ​សម រង្ស៊ី​ ចូលមក​ប្រទេស​កម្ពុជា​វិញ។

យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​តុលាការ​យល់​ព្រម​ដោះលែង​សកម្មជន​ និង​អតីត​បក្ស​ប្រឆាំង​ទាំង​នោះ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​មែន​ នោះ​មិនមែន​មាន​ន័យ​ថា​ បទ​ចោទ​ប្រកាន់​ពួក​ទាំង​នោះ​ ត្រូវ​បាន​ទម្លាក់​ចោល​នោះ​ទេ។

ការ​ប្រកាស​របស់​លោក ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ឲ្យ​មានការ​ដោះលែង​ក្រុម​សកម្មជន​ និង​អតីត​មន្ត្រី​គណបក្ស​ជំទាស់​ទាំង​នោះ​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីគណៈកម្មការ​សហភាព​អឺរ៉ុប​ បាន​បញ្ចេញការ​រក​ឃើញ​បឋម​របស់​ខ្លួន​នានា​ ទាក់​ទង​នឹង​លទ្ធភាព​នៃ​ការ​ព្យួរ​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់លើក​លែង​តែ​សព្វាវុធ» ដែល​អាច​នឹង​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​មក​លើ​សេដ្ឋកិច្ច​កម្ពុជា។

មក​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ តាម​ព័ត៌មាន​ដែល​ VOA បញ្ជាក់​បាន មាន​សកម្មជន​ និង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំងយ៉ាងតិច៤០​នាក់ ត្រូវ​បាន​ដោះលែង​ រួម​មាន​នៅ​ខេត្ត​កំពត​២​នាក់​ ​កំពង់ធំ​២​នាក់ ​បាត់ដំបង​៣​នាក់ កំពង់ចាម​១០​នាក់ ត្បូង​ឃ្មុំ​ម្នាក់ រតនគិរី​២​នាក់ និង មន្ត្រី​សន្តិសុខនៅ​ទី​ស្នាក់​ការ​កណ្ដាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិក្នុងរាជធានី​ភ្នំពេញ​ចំនួន១០​នាក់។

លោក​ ជីន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ WhatsApp ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំ​ខ្លួន​សកម្មជន​ទាំងនោះ​ ធ្វើ​ឡើង​ដោយសារ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា ពួកគេ​លង់​គំនិត​ប្រព្រឹត្ត​អំពើ​ក្បត់ ប្រុង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​បន្ថែម​ថា​ ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​បាន​ឬ​មិន​បាន​នោះ​ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​តុលាការ។

«ហើយ​រឿង​ថា​ ទម្លាក់​ចោលបទ​ចោទ ឬ​ក៏​មិន​ទម្លាក់​ហ្នឹង​វា​ អាស្រ័យ​ទៅ​លើ​តុលាការ​ទេ​ ផ្អែក​ទៅ​លើ​ដំណើរការ​នៃ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ទៅ»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​ បញ្ជាក់​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ប្រកាស​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​សុំ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ និង​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នោះ គឺ​មិន​ជាប់​ទាក់​ទង​គ្នា​ទាល់តែ​សោះ​ ចំពោះ​ការ​ចេញ​របាយការណ៍​របស់​សហគមន៍​អឺរ៉ុប​ស្តីពី​ស្ថានភាព​កម្ពុជា ក្រោម​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA។

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ ចៅក្រម​ស៊ើប​សួរសាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​លោក​ កឹម សុខា គឺ​៦​ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​រឹតត្បិត​និង​រួច​ផុត​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។

ដាច់​ដោយ​ឡែក​ទៀត ក្រៅ​ពី​អតីតមន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​សុក្រ​នេះ លោក​ សួង នាគព័ន្ធ​ ដែល​ជា​អ្នក​គាំទ្រ​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សម្រេច​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ដែរ។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ និង​ជា​អតីត​នាយក​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ មាន​ប្រសាសន៍​ថា​ ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​គាប​សង្កត់​លើ​ក្រុម​សកម្មជន​ និង​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​នា​ពេល​ចុង​ក្រោយ​នេះ​ គឺ​មិន​សម​ល្មម​នៅ​ឡើយ​ ដើម្បី​ទប់​ដំបង​ពន្ធ​ទំនិញរបស់​សហភាព​អឺរ៉ុប ដែល​ត្រៀម​បម្រុង​វាយ​មក​លើ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា។

លោក​អះ​អាង​ថា ​លក្ខខណ្ឌ​សំខាន់ៗ​ដែល​អាជ្ញាធរ​កម្ពុជា​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​សហគមន៍​អឺរ៉ុប​នោះ​ រួមមាន​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញ​លេញដល់​លោក​ កឹម សុខា​ និង​ដំណើរការ​ឡើងវិញ​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧៕

XS
SM
MD
LG