ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ ថេត គ្រូស​ ស្នើ​សហរដ្ឋ​អាមេរិក​បន្ត​គាំទ្រ​ប្រជាធិបតេយ្យ​កម្ពុជា


រូបឯកសារ៖ លោកថេត គ្រូស ​(Ted Cruz) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​តិចសាស (Texas) ថ្លែងនៅក្នុងវេទិកា​សារព័ត៌មាន​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​​​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ (រូបថត៖ USAGM)

សមាជិកព្រឹទ្ធសភា​អាមេរិកាំងមួយ​រូប បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​នៅ​គាំទ្រ​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ ក្នុង​ពេល​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ខក​ខាន​មិន​អាច​វិល​ត្រឡប់​ទៅ​មាតុភូមិតាម​កាលកំណត់​នៅ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​។​

លោក ​ថេត គ្រូស​ សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​តិចសាស ​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​បាន​ឆ្លើយតប​តាម​សារ​អេឡិកត្រូនិក​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ថា៖

«នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បាន​បំបិទ​សំឡេង​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​អ្នកនយោបាយ​ជំទាស់​ដែល​ចង់​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ហើយរុញច្រានរលក​នៃ​របប​ផ្តាច់ការ។ សហរដ្ឋអាមេរិក​ត្រូវតែឈរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ដាច់​ខាតក្នុង​ការ​ស្វែង​រក​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​របស់​ពួកគេ‍»។​

លោក ​សម រង្ស៊ី ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង​តាំង​ពី​ឆ្នាំ​២០១៥ បាន​ប្ដេជ្ញា​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃទី​៩ខែវិច្ឆិកា​ ដើម្បី​ដឹកនាំ​ចលនា​កម្លាំង​ពលរដ្ឋ​ទាមទារ​ការ​ផ្លាស់​ប្តូរ​ចេញ​ពី​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជិត​៣៥ឆ្នាំហើយ។

ប៉ុន្តែ​ផែនការ​របស់​លោក សម រង្ស៊ី ត្រូវ​ខកខាន​ក្រោយពី​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ក្នុងប្រទេស​ថៃ​ដើម្បី​ជួប​ជាមួយ​នឹង​អ្នកគាំទ្រ​ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​នៅ​ទីនោះ​និង​អ្នកគាំទ្រ​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក ដើម្បី​ដឹកនាំ​ពួកគេ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេសកម្ពុជា។ ​

មេ​បក្ស​ប្រឆាំង​ដែល​មាន​វ័យ​៧០ឆ្នាំរូបនេះ បាន​ចាក​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ីនៅ​ថ្ងៃ​សុក្រ​នេះ​ឆ្ពោះ​ទៅ​បន្ត​បេសកកម្ម​នៅ​អឺរ៉ុប​ទៀត បន្ទាប់​ពីចំណាយ​ពេល​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី អស់​រយៈពេល​មួយ​សប្តាហ៍ ធ្វើ​សកម្មភាព​ការទូត​ដែល​មាន​ការជួប​ប្រជុំជាមួយ​នឹង​មន្ត្រី​បក្ស​កាន់អំណាច ​អ្នកតំណាងរាស្ត្រ​និង​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​។

នៅ​ក្នុង​សារ​តាម​ទំព័រ​ហ្វេសប៊ុក​មុន​ចាកចេញ​ដំណើរ​លោក​ សម រង្ស៊ី ​បានលើក​ទឹកចិត្ត​អ្នកគាំទ្រ​ឱ្យ​បន្ត​ការ «អត់ធ្មត់បន្តិចទៀត‍» ដោយ​អះអាង​ថា​ជិត​ទទួល​បាន​ជ័យ​ជម្នះ​ហើយ។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​ សម រង្ស៊ី​ មិន​អាច​លើក​ទ័ព​ទៅ​ត​ទល់​ជាមួយ​លោក ហ៊ុន សែន ​បាន​ទេ ​ហើយ​ក៏​មិន​អាច​ឆ្លង​កាត់​ដែនដី​ប្រទេស​ថៃ​បាន​ដែរ​ បើ​រដ្ឋាភិបាល​ប្រទេស​ថៃ ​បិទ​ផ្លូវ​មិន​ឲ្យ​ខ្ញុំ​ចូល​ទៅ​ប្រទេស​គេ​ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​កម្ពុជា​ ដូច​បាន​គ្រោង​ទុក ​សម្រាប់​ថ្ងៃ ០៩ ​វិច្ឆិកា ​២០១៩។ តែ​ខ្ញុំ​កំពុង​តែ​ប្រើ​មធ្យោបាយ​ការទូត ​ដើម្បី​បើក​ផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទៅ​ដល់​ទឹកដី​ប្រទេស​កម្ពុជា ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ដោយ​អហិង្សា​និង​សន្តិវិធី»។

ប្រទេស​កម្ពុជាបាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចាត់​ការ​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី ​តាម​អំណាចដីកា​ស្វែងរកចាប់ខ្លួន​របស់​តុលាការ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​អនុវត្ត​តាម។

សំណើរ​នេះ​ធើ្វ​ឡើង​តាមរយៈ​ស្ថានទូត​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សាការតា​ និង​ក្នុង​រយៈ​ពេលតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក សម រង្ស៊ី​ បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ីកាលពីថ្ងៃ​ព្រហស្បតិ៍។ ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​នេះ​សេចក្តី​ថ្លែងការណ៍​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ដោយ​មិន​មាន​ការ​ពន្យល់​អ្វី​ទេ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​ «បន្ទាន់‍» ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​វីអូអេ​ទទួល​បាន​គឺ​ស្ថានទូត​បាន​ប្រកាស​ដក​សេចក្តី​ប្រកាស​ព័ត៌មាន​មុន​ចេញ​ដោយ​បញ្ជាក់​ថា ​«មាន​ការវិវត្តន៍​ថ្មី‍»​ ប៉ុន្តែ​មិន​ពន្យល់​លម្អិតទេ។​ សូម្បីតែ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​ថ្មី​នេះ​ក៏​ត្រូវ​បាន​ដកចេញ​ផង​ដែរ ​ក្នុងរយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។

លោក ​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«វត្តមាន​លោក សម រង្ស៊ី ​នៅ​ប្រទេស​អាស៊ី​ពីរ​គឺ​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​នេះ ​គឺ​បញ្ជាក់​ឱ្យ​ឃើញ​ថា​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ដែល​គេ​គោរព​សិទ្ធិមនុស្ស​ គោលការណ៍​ប្រជាធិបតេយ្យ ​គេ​មិន​ធ្វើ​អ្វី​តាម​របប​លោក​ ហ៊ុន សែន ​ដែល​ចង់​ឱ្យ​គេ​ធ្វើ​ទេ ​ទោះ​បី​គេ​ដឹង​ថា​របប​លោក​ ហ៊ុន ​សែន បាន​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​គ្រប់​យ៉ាង​ ដើម្បី​រារាំង​លោក​ សម រង្ស៊ី ​មិន​ឱ្យ​ចូល​មក​ប្រទេសអាស៊ាន​ហ្នឹង​ ប៉ុន្តែ​វា​អត់​បាន​ដូច​ចិត្ត​ទេ ​ព្រោះ​ថា​ប្រទេស​នីមួយៗ​គេ​មាន​អធិបតេយ្យភាពរបស់​គេ​ ហើយ​គេ​គិត​ពី​តម្លៃ​កិត្តិយស​សម្រាប់​ប្រទេស​ជាតិ​គេ​ដែរ‍»។​

ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​២ឆ្នាំ​មក​នេះ​ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ទុក្ខ​បុក​ម្នេញអង្គការ​សង្គម​ស៊ីវិល ​និង​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ។

កាល​ពី​ថ្ងៃ​អង្គារ​ សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​បឋម​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ទុក​ពេលឱ្យ​មួយ​ខែ​ដើម្បី​កែ​លម្អ​ស្ថានការណ៍​ឡើង​វិញ ​ជា​ថ្នូរ​នឹង​ការ​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ» (EBA)​។ សហភាព​អឺរ៉ុប​នៅតែ​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ពលកម្ម​ដែល​មិន​បាន​ប្រសើរ​ឡើង​ក្នុង​រយៈពេល​៩ខែ​នៃ​ការ​តាមដាន​របស់​ខ្លួន។

រយៈពេល​ពីរ​ថ្ងៃ​មុន​របាយការណ៍​នោះ​ចេញ​ រដ្ឋាភិបាល​កម្ពុជាបានដោះ​លែង​លោក ​កឹម សុខា ​ឱ្យ​នៅ​ក្រៅ​ឃុំ​ឃាំង​ដោយ​មាន​លក្ខខណ្ឌ។ ក្រោយពី​របាយការណ៍​នោះ​ចេញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​បាន​បញ្ជា​ឱ្យដោះលែង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្មជន​សហគមន៍​ជាង​៧០​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​និង​បញ្ឈប់​ការ​ស្វែង​រក​ចាប់ខ្លួន​អ្នក​ដែល​បាន​រត់​ភៀស​ខ្លួន។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ពួកគេ​ឱ្យ​វិលត្រឡប់​មក​រស់​នៅ​ជួបជុំ​គ្រួសារ​វិញ។

លោក អេង ឆៃអ៊ាង បាន​បញ្ជាក់​ថា៖

«យើង​មើល​ឃើញ​ថា​ អ្នក​ទាំងអស់​ហ្នឹង​ពិត​ជា​អត់​មាន​ទោស​មែន​ ទោះបី​ជា​របប​លោក​ហ៊ុន​សែនចោទ​ថា​រួមគំនិត​ ផ្សំគំនិត​ក៏​វា​បង្ហាញ​ច្បាស់​ថា​មនុស្ស​ទាំងអស់​ហ្នឹង​គាត់​អត់​មាន​កំហុស​។ អីចឹង​ហើយ​ស្ថិត​ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​លោ​ក ហ៊ុន សែន​ ត្រូវតែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ចាំបាច់​តែ​ម្តង‍»។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​ ថេត គ្រូស​ និងសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពីរ​រូប​ទៀតគឺលោក អេដវឺដ ម៉ាគី​ (Edward Markey) ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​ម៉ាស្សាឈូសិត ​និង​លោក ឌិក ដឺប៊ឹន (Dick Durbin)​ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​អ៊ីលីណយ ​បាន​ស្នើ​សេចក្ដី​សម្រេច​មួយ​ដើម្បី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​សមាជិក​គណបក្ស​ប្រឆាំង​និង​សកម្មជន​ប្រជាធិបតេយ្យ​បាន​វិល​ត្រឡប់​វិញ​ដោយ​សន្តិវិធី៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG