លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកមន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធ ចេញពីមុខតំណែងភ្លាម ប្រសិនបើនៅតែអសកម្ម ឬមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដូចជាជល់មាន់ កន្ទុយលេខ ឬហៅថាឆ្នោតវៀតណាម ក្នុងមូលដ្ឋាននីមួយៗនោះ។
អ្នកតាមដានសង្គមយល់ថា កម្ពុជាមិនគួរមានការចេញអាជ្ញាបណ្ណ សម្រាប់ប្រតិបត្តិការល្បែងស៊ីសងនៅតាមមូលដ្ឋានទេ ព្រោះទង្វើនេះជានិច្ចកាលបង្កការខូចខាតសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងបង្កបញ្ហាសង្គមផ្សេងៗជាច្រើនទៀត ហើយមួយវិញទៀត កុំឱ្យបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានប្រសិទ្ធភាព។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា កម្ពុជាមិនគួរទាញយកប្រយោជន៍សេដ្ឋកិច្ចពីអាជីវកម្មល្បែងស្របច្បាប់ ដែលអនុញ្ញាតឱ្យមាននៅតាមមូលដ្ឋានទេ ព្រោះល្បែងជាប្រភពចោរកម្ម ចោរលួច និងបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម ហើយក៏ជាប្រភពនៃភាពក្រីក្រ ជម្លោះក្នុងគ្រួសារដែលប៉ះពាល់ដល់សហគមន៍។ ដូច្នេះលោកថា ល្បែងស៊ីសងដែលនៅក្រៅកាស៊ីណូគ្រប់រូបភាព មិនថាល្បែងស្របច្បាប់ ឬល្បែងខុសច្បាប់ គឺមិនគួរឱ្យមាននោះទេ។
លោកថ្លែងថា៖ «កាលដែល[រដ្ឋាភិបាល]ប្រមើលថាចង់បានចំណូលសេដ្ឋកិច្ចពីល្បែងខ្ញុំគិតថា វាមិនមែនជារឿងមួយសាកសមសម្រាប់ស្ថានភាពបច្ចុប្បន្ននោះទេ ដោយសារតែល្បែងមានផលខាតច្រើន ជាងការបានផលចំណេញមកវិញ»។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង កត់សម្គាល់ថា មូលហេតុដែលអាជ្ញាធរមិនបង្ក្រាបល្បែងស៊ីសងកន្លងមក គឺអាចមកពីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលទទួលបានពីកន្លែងល្បែងស៊ីសងខុសច្បាប់នោះ ហើយខ្លះអាចមកពីកន្លែងល្បែងមានខ្នងកាងពីក្រោយធំ និងម្យ៉ាងទៀតប្រហែលជាអាជ្ញាធរមូលដ្ឋានមិនបានគិតដល់បញ្ហានេះ ព្រោះគ្មានបទបញ្ជាពីថ្នាក់លើ។
បើតាមលោក យង់ គិមអេង រដ្ឋាភិបាលគួរតែដកអាជ្ញាបណ្ណឆ្នោតឡូតូដែលស្របច្បាប់ និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពមន្ត្រីមូលដ្ឋានឱ្យបានដិតដល់ ហើយដាក់ទោសលើមន្ត្រីណា ដែលហ៊ានឆ្លៀតធ្វើសកម្មភាពទាញយកផលប្រយោជន៍ពីល្បែងស៊ីសងនេះ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «បើសិនជាបទបញ្ជាថ្នាក់លើឱ្យបង្ក្រាបបនល្បែង ហើយថ្នាក់លើបែរជាចេញអាជ្ញាបណ្ណឱ្យលេងល្បែងស្របច្បាប់ដែរ តើបញ្ហានេះវាប្រទាំងប្រទើសគ្នាយ៉ាងម៉េច? ...បើសិនជាមានការបង្ក្រាបលក្ខណៈគ្រួសារតូចតាច បនល្បែងកំប៉ិកកំប៉ុកហូរហែទៅ ដល់ពេលពួកហ្នឹងលេងមិនបាន ប្រាកដជាមកកន្លែងឡូតូស្របច្បាប់ហ្នឹងហើយ។ អ៊ីចឹង កន្លែងហ្នឹង យើងសួរថា ប្រសិទ្ធភាពនៃការបង្ក្រាបនៅកន្លែងណា?»។
កាលពីថ្ងៃទី ១៧ ខែកញ្ញានេះ លោក ហ៊ុន សែន បានបង្ហោះសារជាសំឡេងដែលមានរយៈពេលជាង ២១ នាទី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ ខណៈសកម្មភាពបើកល្បែងស៊ីសង ដែលជ្រកក្រោមស្លាកល្បែងឡូតូ និងមានអាជ្ញាបណ្ណស្របច្បាប់ បានរីករាលដាលនៅតាមហាងកាហ្វេ និងហាងគុយទាវជាដើម។ លោកក៏បានបញ្ជាអាជ្ញាធរឱ្យបិទហាងរកស៊ីណា ដែលនៅតែបន្តបើកល្បែងស៊ីសងទាំងនោះឱ្យបានជាដាច់ខាត ប្រសិនបើរកឃើញនោះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំគិតថា កន្លែងលេងល្បែងមួយចំនួន មិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើង។ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើ ឬមិនធ្វើ ឬក៏កន្លែងនោះជាទីកន្លែងរកប្រាក់របស់អស់លោក។ នេះជាចំណុច ដែលខ្ញុំគួរតែត្រូវនិយាយដោយត្រង់ៗ ទៅកាន់អស់លោកតែម្តង»។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនញញើតដៃជាមួយការដកចោល [ដក]ចេញពីមុខតំណែង ជាមួយអភិបាលខេត្ត ឬអភិបាលរង ឬអភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្កិប្រាំឡើងលើ ខ្ញុំនឹងចេញអនុក្រឹត្យដើម្បីបញ្ចប់ភារកិច្ចចោលតែម្តង»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ជឿថា បើសិនរដ្ឋាភិបាលពិតជាអាចលុបបំបាត់ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានបានពិតមែន នោះរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា នឹងអាចទទួលបានការគាំទ្រ និងអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋបានមួយកម្រិតបន្ថែមទៀត។ តែផ្ទុយទៅវិញ បើរដ្ឋដោះស្រាយមិនបាន គ្រាន់តែដាក់ចេញបទបញ្ជានិងគោលការណ៍ច្បាប់ តែការអនុវត្តផ្ទុយនោះ វាក៏បណ្តាលឱ្យគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេស អាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនវិញផងដែរ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយបានចេញសេចក្តីសម្រេច កាលពីថ្ងៃទី ១៦ ខែកញ្ញានេះ ចាត់តាំងលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្នុងការធ្វើការងារនេះ។
បើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល គឺក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ត្រូវរៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសផ្សេងទៀត ពាក់ព័ន្ធនឹងសកម្មភាពជួញដូរមនុស្ស។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល ដែលជាប្រធានដឹកនាំបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ តាមទូរស័ព្ទបាននៅឡើយទេនៅថ្ងៃចន្ទនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសៅរ៍ និងអាទិត្យ អាជ្ញាធររាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សប្រមាណ ៧០ នាក់ ទាក់ទងការបង្ក្រាបល្បែងស៊ីសងនេះ ដែលរួមមានកន្លែងចាក់ឆ្នោតវៀតណាម និងកន្លែងចាក់បាល់តាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
លោកថ្លែងថា៖ «រយៈពេលពីរថ្ងៃ យើងអនុវត្តពេញគឺថ្ងៃ ១៧ និង ១៨ ថ្ងៃ យើងអនុវត្តបង្ក្រាបបាន ៣៦ ករណី មានន័យថា ៣៦ ទីតាំង ឃាត់មនុស្សបាន ៧០ នាក់ ក្នុងនោះមានស្ត្រី ៣៥ នាក់ដែរ»។
ដោយឡែក អនុប្រធានគណបក្សភ្លើងទៀន លោក ស៊ុន ឆ័យ យល់ឃើញថា រដ្ឋាភិបាល គួរតែដកអាជ្ញាបណ្ណឆ្នោត ឬល្បែងឡូតូជាដើមឱ្យអស់ពីមូលដ្ឋាន ព្រោះវាមានការច្របូកច្របល់គ្នា ហើយការណ៍នេះ គឺងាយស្រួលដល់អាជ្ញាធរក្នុងការបង្ក្រាប និងណែនាំប្រជាពលរដ្ឋកុំឱ្យលេងល្បែងស៊ីសង ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋនេះ។
លោកថ្លែងបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានការដាក់ពិន័យតាមច្បាប់ឱ្យបានត្រឹមត្រូវ លើមន្ត្រីទទួលបន្ទុកបង្ក្រាបបនល្បែងស៊ីសងនេះ និងត្រូវជ្រើសរើសតែងតាំងមន្ត្រីណាដែលមានចំណេះដឹងពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យបានយូរអង្វែង៕