ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ថា​ លោក​ពិចារណា​រៀបចំ​ច្បាប់​«សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»​សម្រាប់​អ្នក​នយោបាយ​ទាំង​អស់


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​លើក​ទី ៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​អះអាង​ថា ​លោក​ពិចារណាចង់​កែ​រដ្ឋ​ធម្មនុញ្ញ​ដោយ​កំណត់លក្ខ​ខណ្ឌ​ថា​ លុះ​ត្រា​តែ​មាន​«សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»​ ទើប​អាច​ធ្វើ​នយោបាយ​នៅ​កម្ពុជា​បាន ​ហើយ​លក្ខ​ខណ្ឌ​នេះ​ត្រូវ​កំណត់​ចាប់​តាំងពីថ្នាក់​ក្រោម​ និង​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ។​

លោក ​ហ៊ុន សែន ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ ​ពង្រីក ​និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧ ​ចាប់​ពី​រង្វង់​មូល​ស្គន់ ​ទីរួម​ស្រុក​ជើង​ព្រៃ​រហូត​ដល់​ទី​រួម​ខេត្ត​កំពង់ចាម។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា ​លោក​បាន​ជួប​ជាមួយ​អគ្គរដ្ឋ​ទូត​មួយ​ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ​ហើយ​បាន​ពិភាក្សា​អំពី​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​២​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា ​និង​បាន​រងក្តីក្តាំនៅ​តុលាការ​កម្ពុជា​ និង​បាន​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។ ​

លោក​ ហ៊ុន សែន ​បន្ថែម​ថា​ ដើម្បី​កុំ​ឲ្យ​ពិបាក ​និង​សាំ​ញុំា​នៅ​ថ្ងៃ​ក្រោយ​ទៀត​ទាក់​ទងនឹង​ពល​រដ្ឋ​មាន​សញ្ជាតិ​២​ ដែល​ចង់​ធ្វើ​នយោបា​យ​នៅ​កម្ពុជា​នោះ ​គឺ​លោកនឹង​ពិចារណា​កែ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ក្នុង​ការ​កំណត់​លក្ខខណ្ឌសម្រាប់​អ្នក​នយោបាយកម្ពុជា​ទាំង​អស់​ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ ហើយមិន​មែន​កំណត់​តែ​ចំពោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​នោះ​ទេ។​

​លោក​ថ្លែងថា៖ ​«អ៊ីចឹង​ទេ ​កម្ពុជា​ក៏​នឹង​ពិចារណា​ត​ទៅ​ទៀត​អំពី​ថា​ តើ​ដាក់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញតម្រូវឲ្យ​មន្ត្រី​រាជការ ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​អ្នក​ធ្វើ​នយោបាយ​ទាំង​ឡាយ​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ។ ​អាហ្នឹង​ត្រូវ​តែ​គិត​ដែរ ​គិត​ដែរ។​ បើ​មិន​អ៊ីចឹង​នៅ​តែ​សាំ​តាប៉ែ​នៅ​ហ្នឹង។ បណ្តុះ​បណ្តាល​ពី​ក្រៅ​ប្រទេស​មក​ រួច​ហើយ​មក​ធ្វើ​សកម្ម​ភាព។ សួរ​មើល​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ អាស៊ាន​ហ្នឹង​មាន​ប្រទេស​ប៉ុន្មាន​ដែល​អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​២​ ក្នុង​ការ​ធ្វើ​នយោបាយ?»​

លោក​ ហ៊ុន សែន ​បន្ថែម​ថា ​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​មាន​លទ្ធ​ភាព​ធ្វើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ទាក់​ទង​ចំណុច​នេះ។​

លោក​បញ្ជាក់​ថា៖​ «ប៉ុន្តែ​បើ​សិន​ជា​អ្នក​ឯង​នៅ​តែ​សាំ​តាប៉ែ ​ អា​នេះ​សញ្ជាតិ​ខ្ញុំ​ នេះ​សញ្ជាតិ​ខ្ញុំ​ ខ្ញុំ​នឹង​ពិនិត្យមើល។ គណ​បក្ស​ប្រជាជន​នៅ​មាន​លទ្ធ​ភាព​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ដាក់​ចេញ​នូវ​ការ​អនុវត្ត​សញ្ជាតិ​មួយ​សម្រាប់​អ្នក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ​ដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​អ្វី​ដែលវាពាក់ព័ន្ធ»។​

​ទោះ​បី​ជាការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​អ្នក​នយោបាយ​នៅ​កម្ពុជា ​វា​នឹង​ប៉ះ​ពាល់​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​មាន​សញ្ជាតិ​២​យ៉ា​ង​ណាក្តី ​ ក៏​លោក ហ៊ុន សែន​ថា ​សមាជិក​គណ​បក្ស​កាន់​អំណាចអាច​លះ​បង់​បាន។​

​កាល​ពី​កន្លង​ទៅ ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​ច្បាប់​មួយ​ទាក់​ទង​នឹង​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ប្រធាន​ព្រឹទ្ធ​សភា ​ប្រធាន​សភា ​និង​នាយក​រដ្ឋ​មន្ត្រី ​ដែល​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់ កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ ច្បាប់​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​មើល​ឃើញ​ថា ជា​ការ​រារាំង​លោក​សម រង្ស៊ី ​ដែល​មាន​សញ្ជាតិ​២​គឺ​ខ្មែរ​ និង​បារាំង​ មិន​ឲ្យ​បាន​ឡើង​កាន់​តំណែង​ជា​នាយករ​ដ្ឋ​មន្ត្រី។​

លោក ​សុន ឆ័យ ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ដែល​មាន​សញ្ជាតិអូស្ត្រាលី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ មិន​មាន​ចែង​ច្បាប់កម្រិត​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​លើស​ពី​១មិន​ឲ្យធ្វើ​នយោ​បាយ​នោះ​ទេ ​ដូច​ករណី​នៅសហ​រដ្ឋ​អាមេរិក។ លោកបន្ថែ​ម​ថា​ ពលរដ្ឋ​កម្ពុជា​ដែល​មាន​សញ្ជាតិ​២ ​ភាគ​ច្រើន​បាន​ជួយ​គិត​គូរ​ដល់​ប្រទេស​កម្ពុជា​ ដូច្នេះ​លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ប្រើ​ប្រាស់​ច្បាប់​ដើម្បី​ផ្ចាញ់​ផ្ចាល​ និង​គាប​សង្កត់​ការ​ចូលរួម​នយោបាយ។​ លោក​បញ្ជាក់​ថា ​ការ​កំណត់​បែប​នេះ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​អន្តរ​ជាតិ។​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ ​ជា​គោល​ការណ៍​ ដូចខ្ញុំ​បាន​ជម្រាប​ សូម​ឲ្យ​បញ្ឈប់​ទៅ​ការ​ប្រើ​ប្រាស់​អំណាច​ដើម្បី​ចង់​ផ្ចាញ់​ផ្ចាល​ក្រុុមអ្នក​នយោបាយ​មួយ​ចំនួន​ដែល​មាន​សញ្ជាតិ​២​នោះ។ ​ហើយ​អ្នក​នយោបាយ​ជា​ទូទៅ​ គេ​បាន​គិត​គូរ ​ជា​ពិសេស​អ្នក​នយោបាយ​ខ្មែរ​ដែល​មាន​សញ្ជាតិ​២​ គឺ​គេ​គិត​គូរ​ដល់​ប្រទេសកម្ពុជា​ជា​ធំ។ ​ហើយ​បើ​ច្បាប់​តម្រូវ​យ៉ាង​ណា​ ហើយ​ឆ្លង​តាម​ប្រជា​មតិ​របស់​ពលរដ្ឋ​គឺ​គេ​នឹង​គោរព​ទៅ​តាម​ហ្នឹង»។​

បើ​តាម​លោក ​សុន ឆ័យ ​ប្រវត្តិ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជម្លៀស​ខ្លួន ​និង​ទទួល​បាន​សញ្ជាតិ​របស់​ប្រទេស​ផ្សេង ​គឺដោយ​សារ​តែ​មេដឹកនាំ​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ព្រៃផ្សៃ​ កាប់​សម្លាប់ ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋមិន​អាច​រស់​នៅ​ក្នុង​ប្រទេស។​

លោក​ អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​តុលាការ​កំពូល​បាន​រំលាយ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ចាត់​ទុក​ការ​ប៉ុន​ប៉ងរបស់​លោក ​ហ៊ុន សែន ​ជា​ការ​រើង​អើង​មួយ​សម្រាប់​ពល​រដ្ឋ​ខ្មែរ ​ដែល​មាន​សញ្ជាតិ​២ ​ឬ​ពលរដ្ឋ​ដែល​បាន​រស់​នៅ​ក្រៅ​ប្រទេស ​និង​ជា​ការ​គាប​សង្កត់​ពល​រដ្ឋ​ខ្មែរ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​កាល​ណា​លោក ​ហ៊ុន ​សែន ​មាន​គំនិត​បែប​ហ្នឹង ​បាន​ន័យ​ថា​ គាត់​ផាត់​ខ្មែរនៅ​ក្រៅ​ប្រទេស ​ខ្មែរ​ដែល​មាន​សមត្ថភាព​ ខ្មែរ​ដែល​មាន​លទ្ធ​ភាព ខ្មែរ​ដែល​មាន​ចំណេះ​ដឹ​ង​ ខ្មែរ​ដែល​មាន​មធ្យោបាយ​ផ្សេងៗ ​គឺ​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​សម្រេច​ជោគ​វាសនា​ប្រទេស​ជាតិ។ ​នេះ​ជា​ចំណុច​មួយ​ដែល​មាន​ការ​បែង​ចែក ​ការ​រើស​អើង»។ ​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​នី សុខា ​ថ្លែង​ថា ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ក្នុង​អំឡុង​ពេល​នេះ​គឺ​មិន​គួរ​កើត​មាន​ទេ ​ហើយ​គណ​បក្សនីមួយៗគួរ​តែ​ដាក់​កម្ម​វិធី​ និងបញ្ហា​ណា​ចង់​កែ​ប្រែ​ចូល​ទៅ​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង ​ស្វែង​រក​សំឡេង​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​តាម​រយៈ​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​ ក្នុង​ខែ​កក្កដា​ខាង​មុខ។​

​លោកថា៖ ​«ដើម្បី​ឲ្យ​ឆ្លុះ​បញ្ចាំង​ស្មារតី​ប្រជា​ពល​រដ្ឋ​ គណ​បក្ស​នយោបាយ​ដែល​គ្រោង​ថា​ មាន​វិសោធន​កម្ម​គួរ​តែ​ដាក់​កម្មវិធី​ចូល​ទៅ​ក្នុង​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​ទៅ​ អាហ្នឹង​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​សម្តែង​ការ​ទុក​ចិត្ត។​ អាហ្នឹង​វា​ជា​រឿង​មួយ​ល្អ​បំផុត»។​

លោក​យល់​ថា​ កម្ពុជា​គួរ​តែ​មាន​ការ​ស្រុះ​ស្រួល​គ្នា​រវាង​អ្នក​នយោបាយ​ និងស្តារ​ឡើង​វិញ​ទាក់​ទង​បញ្ហាសិទ្ធិ​មនុស្ស ​ប្រជា​ធិបតេយ្យ ​ត្រូវ​ពង្រឹង​ឯក​ភាព​ជាតិ ​និង​ត្រូវ​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​មួយឲ្យ​មាន​ភាព​សេរី ​ត្រឹមត្រូវ ​និង​យុត្តិ​ធម៌​ជា​ជាង​ការ​ចង់​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ៕​

XS
SM
MD
LG