ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ថា​នឹង​ប្តឹង​​អ្នក​រិះគន់​គណបក្ស​កាន់​អំណាច​រឿង​លួច​បន្លំ​លទ្ធផល​បោះឆ្នោត


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រ​កាស​ជា​សាធារណៈ​ថា​ លោក​នឹង​មាន​វិធាន​ការ​ចំពោះ​អ្នកដែល​ចោទ​គណបក្ស​ប្រជាជនថា​ជា​ «ចោរ» ​អំឡុង​ពេល​ប្រទេស​កម្ពុជា​មាន​ការ​រៀប​ចំការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ហើយ​បាន​ព្រមាន​គណបក្ស​ជំទាស់​មួយ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​មាន​ទំនាក់​ទំនង​នឹង​បុគ្គល​អ្នក​នយោ​បាយ​ ដែល​ស្និទ្ធ​នឹង​មេ​ដឹកនាំ​នយោបាយ​ជំទាស់​គឺ​លោក​ សម រង្ស៊ី​ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។​

គិត​ចាប់​តាំង​ពី​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧​ គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន ​តែង​តែ​ឈ្នះ​ការ​បោះឆ្នោត​ដោយ​មាន​សំឡេង​ច្រើនលើស​លប់ ប៉ុន្តែ​ក៏មាន​ការ​រិះគន់​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​

នៅ​ក្នុង​សារ​ព្រមាន​បំបាត់​សំឡេង​អ្នក​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ពាក់​ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត​នោះ​ លោក​ ហ៊ុន សែន ​មិន​លើក​ឡើងឈ្មោះ​បុគ្គល​ចំៗ​ទេ​ តែ​លោក​បែរ​ជា​ថ្លែង​អំពី​ជំហរ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​យល់​ព្រម​ទទួលយក​សំណង​ជំងឺ​ចិត្ត​បួន​ពាន់​លាន​រៀល​ ឬ​ប្រមាណ​មួយ​លាន​ដុល្លារ​អាមេរិក​ពី​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀនលោក ​សុន ឆ័យ​ ដែល​ចាញ់ក្តី​គណបក្ស​កាន់​អំណាច​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍ចំពោះ​ការ​អត្ថាធិប្បាយ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ដើម​ខែ​មិថុនា​ ឆ្នាំ​ ២០២២​ នេះ។ ​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​លេខ​ ១៤៦B ​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​ ១៤៨​ ក្នុង​ខេត្ត​ព្រះ​សីហនុ ​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ធ្នូនេះ​ ​លោក​ ហ៊ុន សែន​ សង្កត់ធ្ងន់ថា ​បើ​សិន​ជា​ចង់​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរ ​លុះ​ត្រា​តែ​បុគ្គល​នោះ​មិន​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​ខ្មែរ​ដែលមានច្បាប់​សម្រាប់​ចាត់​វិធានការ​លើ​បុគ្គល​ ដែល​និយាយ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។ ​

បើតាម​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ការ​ប្រកាស​ដាក់លក់​ទ្រព្យសម្បត្តិ​ជា​អចលន​ទ្រព្យ​ពីរ​កន្លែង​របស់​លោក ​សុន ឆ័យ​ ដែល​តុលាការ​បាន​រឹបអូស​ជាបណ្តោះ​អាសន្ន​អាច​នឹង​ធ្វើ​ឡើង​ ដូច​ទៅ​នឹង​ផ្ទះ​របស់​លោក ​សម រង្ស៊ី ​ដែល​ជា​ទីស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិនៅ​សង្កាត់​ចាក់​អង្រែលើ ប្រសិន​បើ​តុលាការ​កំពូល​ប្រកាស​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ក្តី​នោះ។

លោក​ថ្លែង​ថា៖​ «ហ្ហែង​ដើរ​បរិហារ​កេរ្តិ៍​គេ​ត្រូវ​ទារ​ជំងឺ​ចិត្ត។​ វា​រឿង​ធម្មតាៗ។ ​មើ! ​បំបាត់​វប្បធម៌​ ឲ្យ​តែ​ក្រោយ​បោះ​ឆ្នោត​ ឯង​ក្លាយ​ទៅ​ជា​ចោរ​រហូត!​ ឥឡូវ​ហ្នឹង​ អា​អ្នក​ដែល​ចោទ​គេ​ថា​ ជា​ចោរ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ អ្នក​ដែល​អ្នក​ឯង​ចោទ​គេ​ សង​ជំងឺ​ចិត្ត។ ​មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ទេ! អ៊ីចឹង​គណបក្ស​ប្រជាជន​ជា​ចោរ​មួយ​ជីវិត?​ ត្រូវ​បំបាត់​អាមួយ​ហ្នឹង​ចោល​ គឺ​ថា​ បោះឆ្នោត​នៅ​ទី​ហ្នឹង បោះ​ពីព្រឹក​ ម៉ោង​ ៧ ​ព្រឹក​នាំ​គ្នា​ចូល​បោះ ម៉ោង​ ៣​ ល្ងាច​បិទ​ រួច​ហើយ​រាប់​សន្លឹក​ឆ្នោត​ជាមួយ​គ្នា​ ហើយ​វា​ថា ​ឯង​ចោរ​លួច​សន្លឹក​ឆ្នោត។ ​អ៊ីចឹង​បើ​ចោរ​រហូត​ ឲ្យ​អាណា​និយាយ​ចោរគឺ​ថា​ប្តឹង​អាហ្នឹងៗ ​អត់មាន​ទុក​ទេ​ពី​ថ្ងៃ​នេះ​ទៅ​ លេង​អាហ្នឹង​ម្តង»។ ​

លោក​បន្ថែម​ថា​៖ ​«ហ៊េ​ឲ្យ​វា​ដឹង​គ្នា​ម្តង​មើ! ​បើ​មិន​អ៊ីចឹង យើង​ជាប់​ឈ្មោះ​ថា​ជា​ចោរ​រហូតៗ។ ​អ៊ីចឹង​ហ្ហែង​ចោទ​គេ​ខុស ​ហ្ហែង​ត្រូវ​សង​ជំងឺ​ចិត្តៗ។ ​ឥឡូ​វ​ឮ​ថា​ ប្តឹង​ឡើង​សារ​ទុក្ខ​ហើយ។ ​ខាង​គណបក្ស​ប្រជាជន​អត់​ត្រូវ​ការ​ប្តឹង​សារ​ទុក្ខទេ ​ព្រោះអី​ទារ​បាន​តាម​បំណង​ហើយ។...នៅ​សាលា​ដំបូង​គេ​កាត់​ឲ្យ​យើង​តែ​ប៉ុន្មាន ​[ទេ​ដោយ] ​យើង​ទារ​បួនពាន់​លាន​[រៀល] ​គេ​[សាលាដំបូង]​កាត់​ឲ្យ​តែ​បី​ពាន់​លាន​រៀល] ​ អ៊ីចឹង​យើង​ក៏​ប្តឹង​ឧទ្ធរណ៍​ដែរ។ ​ឥឡូវ​ឧទ្ធរណ៍​ចេញ​មក​កាត់​ឲ្យ​យើង​បាន​បួនពាន់​លាន។ ​ឥឡូវ​យើង​យក​! បួន​ពាន់លាន។ ឥឡូ​វ​គេ​ប្តឹង​សារ​ទុក្ខ។​ យើង​មិន​បាច់​ប្តឹង​សារ​ទុក្ខ​ទេ ​ឲ្យ​តុលាការ​កំពូល​គេ​កាត់​ ហើយ​រឹបយក​តែ​ម្តង។​ កុំ​ឆ្ងល់ពេក។​ ដាក់​ដេញ​ថ្លៃ​ទៀត​ [និង]​លក់ទៀត»។​

រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ក្រៅពី​ករណី​លោក​ សុន ឆ័យ ​គឺ​លោក​ ហ៊ុន សែន​ ថា​ លោក​នឹង​កម្ចាត់​លោក​ សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទាល់​តែ​បាន​ ដោយ​ប្រើ​ពាក្យថា ​«មាន​ស៊ី​អត់សែន ​មាន​សែន​អត់​ស៊ី»។

លោកថ្លែង​ថា៖​ «អ្នក​ឯង​ត្រូវ​ចាំ​ណា៎!​ នេះ​មិន​មែន​នយោបាយ​របស់​ ហ៊ុន សែន​ ទេ ​តែ​នេះ​អ្នក​ឯង​បាន​ប្រកាស​នៅ​សៀមរាប​ឆ្នាំ​ ២០០៣​ មាន​ស៊ី ​អត់សែន ​មាន​សែន ​អត់​ស៊ី។​ ឥឡូវ​កំពុង​មាន​សែន​លើទឹក​ដី​ខ្មែរ ​តែវា​អត់ស៊ី! ​ឲ្យ​ហ្ហែង​អត់​មួយ​អាយូស​ទៅៗ! ​ ហើយ​ស្នាក់​ការ​របស់​ហ្ហែង​លក់​បាត់​ហើយ​ មិនមែន​ស្នាក់ការ​ទេ ដី​របស់​ហ្ហែង​លក់ ហ្ហែង​ខ្វះ​ទៀតៗ ​លក់​បាត់ ​ហ្ហែង​ពូកែ​ទៅ! ​និង​តាម​មើល​ទៀត​ ​អា​ណា​ត្រូវ​សង​ជំងឺ​ចិត្ត​ អី​យ៉ាង​ម៉េច​ ត្រូវ​សង។ ​ខ្ញុំ​បាន​៧​សែន​[ដុល្លារ]​ដែរ​ ព្រោះ​ខ្ញុំ​ទារ​មួយលាន ​នៅ​ជំពាក់​ខ្ញុំបី​សែន​ទៀត​ តាម​ទារ​ជាមួយ​អាហ្នឹង»។

អនុ​ប្រធាន​គណ​បក្សភ្លើង​ទៀន​លោក ​សុន ឆ័យ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ លោក​នឹង​បន្ត​ពិភាក្សា​ជាមួយ​មេធាវី​ការ​ពារក្តីលោក ​ពាក់​ព័ន្ធ​នឹងនីតិវិធី​តុលាការជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​ជំទាស់​នឹង​បទ​បរិហារ​កេរ្តិ៍ ​ដែល​គណបក្ស​កាន់​អំណាច​ និង​ស្ថាប័ន​ គ.ជ.ប.​ ប្តឹង​រូប​លោក​ជុំវិញ​ការ​អត្ថា​ធិប្បាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០២២​ នេះ។​

លោក​ថ្លែង​ថា៖ «អត់​មាន​យោបល់​អីទេ​ ​ព្រោះ​អាហ្នឹង​ស្រុក​ខ្មែរ។ ​ហើយ​ទី​បំផុត​ទៅ​យ៉ាង​ណា​នោះ​ ខ្ញុំ​នឹង​ពិគ្រោះ​ជាមួយ​មេធាវី​របស់​ខ្ញុំ ​តើ​គួរ​ទៅ​យ៉ាង​ម៉េច។ ​បាទ!»។

បើតាម​ដីកាមួយ​ចុះ​ថ្ងៃ​ទី​ ១១​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​រឹបអូស​យក​អចលន​វត្ថុ​របស់​លោក​ សុន ឆ័យ​ ជា​បណ្តោះ​អាសន្ន​ចំនួន​ពីរ​ទី​តាំង ​ដែល​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប។ ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា ​លោក​ សុន ឆ័យ​ មាន​ចិត្ត​រឹង​ទទឹង ​មិន​គោរព​ទៅ​តាម​ច្បាប់ ​និង​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បង់​សង​ជំងឺ​ចិត្ត​ទៅ​តាម​អ្វី​ដែល​តុលាការ​បាន​សម្រេច។

ទាក់​ទិន​នឹង​ស្ថាន​ភាព​នៃ​ការ​ប្រព្រឹត្ត​ទៅរបស់​គណបក្ស​ជំទាស់​មួយ​នៅ​កម្ពុជា​ លោក​ហ៊ុន សែន​ ឲ្យដឹង​ថា​ លោក​បាន​ទទួល​ដំណឹង​អំពី​ការ​ប្រជុំអ្នក​ដែល​មាន​និន្នាការប្រឆាំង​រូប​លោក​ នៅ​ក្នុង​វត្ត​ភ្នំសេរី​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រមូល​លុយ​ឲ្យ​គណបក្ស​ក្នុង​ស្រុក​មួយ ​និង​មាន​មនុស្ស​ម្នាក់​នៅ​ក្នុង​គណបក្ស​ក្នុង​ស្រុក​នោះបាន​ទៅ​ចូល​រួម​ទៅ​ទីនោះ​ដែរ។​

លោក​បន្ថែម​ថា ​បើសិន​ជា​មាន​ភស្តុតាង​បញ្ជាក់​ថា គណ​បក្ស​នោះ​ជាប់​ទាក់​ទង​លោក សម រង្ស៊ី​ នោះ គណបក្ស​នយោបាយ​នោះ​អាច​ទទួល​បាន​ការ​ឆ្លើយ​តប​ទៅ​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​

លោក ​ហ៊ុន ​សែន ​ថ្លែង​ថា៖ «ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ ប្រជុំ​នៅ​វត្ត​ភ្នំ​សេរី​ហ្នឹង ​គឺ​ប្រជុំ​រក​លុយ​ឲ្យ​គណបក្ស​នយោបាយ​មួយ​ ដែល​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រយ័ត្ន​គ្រោះ​ថ្នាក់!​ ហើយ​អ្នក​ហ្នឹង ​អ្ន​ក​ទៅ​ពី​ភ្នំពេញ​ ទៅ​រៀន​នៅ​វត្ត​ភ្នំ​សេរី។ ​ប្រយ័ត្នតែ​មាន​ភស្តុតាង​ អ្នក​ឯង​ត្រូវ​ទទួល​យ៉ាង​ម៉េច​ហើយ»។ ​

ទោះ​បី​ជាលោក ​ហ៊ុន សែន​ មិន​បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​នោះ ប៉ុន្តែ​គេ​ឃើញ​ថា​ លោក ​ជូង ជូងី ​ដែល​ជា​មេធា​វីមួយ​រូប ​និង​ដែលបាន​ប្រកាស​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ បាន​ទៅកាន់​ទឹកដី​សហរដ្ឋ​អាមេរិក ​ហើយ​លោក​ក៏​មាន​វត្តមាន​នៅ​វត្ត​ភ្នំសេរី​នោះ ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ ​

លោក ជូង ជូងី​ បដិសេធ​មិន​ផ្តល់ការ​អត្ថាធិប្បាយ​ជុំវិញ​វត្តមាន​របស់លោក​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។​

កាល​ពី​កន្លង​ទៅ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​ធ្លាប់​ព្រមានទៅ​កាន់​គណបក្ស​ភ្លើង​ទៀន​ថា អាចនឹង​ប្រឈម​នឹង​ចំណាត់​ការ​តាមផ្លូវ​ច្បាប់ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​លោក ​សម រង្ស៊ី ​អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​ ២០១៧។​

ដោយ​ឡែក​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម សុវណ្ណារ៉ា​ យល់​ថា ​ការ​លើក​ឡើង​របស់លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​គឺជាសារ​មួយ​គំរាម​កំហែង ​បំភិត​បំភ័យ ​និងបំបាក់​ស្មារតីគណ​បក្ស​ក្រៅ​រដ្ឋាភិបាល​ ដែល​ហ៊ានរិះគន់លើ​យន្តការ​នៃ​ការ​បោះឆ្នោត។

លោក​បន្តថា ​ការ​ដាក់​សម្ពាធ​របស់គណបក្ស​កាន់​អំណាច​ទៅ​លើ​គណបក្ស​ប្រឆាំង​ គឺ​មិន​មែន​ជា​រូបភាព​ល្អ ​និង​ជា​វិធានការ​ល្អនោះ​ទេ​ ពីព្រោះ​ការណ៍​នេះអាច​បង្កើត​ទៅ​ជា​វប្បធម៌​គុំ​កួន ​សង​សឹក​គ្នា ​ឬ​ធ្វើ​ឲ្យនយោបាយ​កម្ពុជា​មាន​ភាព​ប្រេះឆា ​ឬ​រកាំរកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ដូច​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ដល់​ទឹក​ហោច​ស្រមោច​ស៊ីត្រី​នោះ៕

XS
SM
MD
LG