អ្នកជំនាញផ្នែកថតរូបនិងជាអ្នកសេ្នហាសិល្បៈ ជនជាតិអាល្លឺម៉ង់មួយរូប គ្រោងបង្ហាញស្នាដៃសៀវភៅរូបភាពរបស់ខ្លួន ដែលផ្តោតទៅលើសិល្បៈរឿងរាមកេរ្តិ៍ខ្មែរ នៅចុងសប្តាហ៍នេះ។
សៀវភៅរូបភាពចំណងជើងថា «Reamker The Cambodian Ramayana—God Demons and Heroes» ត្រូវបានចងក្រងដោយរូបថតបែបសិល្បៈក្នុងរយៈពេល២២ឆ្នាំចុងក្រោយ ដោយលោក Arjay Stevens។
សៀវភៅបែបកម្រងរូបថត «Reamker The Cambodian Ramayana—God Demons and Heroes» មានភាសាចំនួនបួនចូលគ្នាគឺភាសាខ្មែរ អង់គ្លេស អាល្លឺម៉ង់ និងបារាំង ហើយមានកម្រាស់ ៤៦៦ទំព័រ។
លោក Arjay Stevens ដែលជាអ្នកចងក្រងសៀវភៅរូបភាពនេះនឹងធ្វើបទបង្ហាញ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃ សៅរ៍ ទី០៩ ខែមីនា ខាងមុខនាម៉ោង ១៧:០០ នៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដោយបើកឱ្យមានការចូលរួមដោយឥតគិតថ្លៃ។
លោក Arjay Stevens បានមកដល់ប្រទេសកម្ពុជាដំបូងនៅក្នុងឆ្នាំ ១៩៩៦ ហើយលោកបានចាប់អារម្មណ៍កម្ពុជាយ៉ាងខ្លាំង។ លោកបានចងក្រងឯកសារផ្សេងៗពាក់ព័ន្ធនឹងកម្ពុជា ពេលដែលកម្ពុជាទើបចាកចេញពីសង្រ្គាមស៊ីវិល និងក្រសោបយកប្រព័ន្ធដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ៕