ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​បន្ទប់​សវនាការ សកម្មជន​​បដិសេធ​ចម្លើយ«បង្ខំ»ឱ្យ​សារភាព​ជាមួយ​នគរ​បាល


រូបឯកសារ៖ មនុស្ស​ម្នា​ដើរ​កាត់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ មនុស្ស​ម្នា​ដើរ​កាត់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ក្រុម​សកម្មជន​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​សកម្មភាព​តវ៉ា​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ​មេដឹកនាំ​សហជីព បាន​ឡើង​បដិសេធ​ចម្លើយ​សារភាព​របស់​ខ្លួន ដែល​ធ្វើ​ឡើង​អំឡុង​ពេល​ចាប់​ខ្លួន​ភ្លាមៗ។

លោក ​រ៉ុង​ ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​មុន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ បន្ទាប់​ពី​លោក​បាន​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​រូប​នោះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេងជាង​១០នាក់​ បានចេញ​មុខ​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​លោក រ៉ុង ឈុន។

ការ​តវ៉ានៅ​ភ្នំពេញ ជា​ពិសេស​នៅ​មុខ​តុលាការ​ នាំ​ឲ្យ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។

សវនាការ​លើ​ដំណើរ​រឿង«ផ្ដើម​គំនិត​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​រឿង​នេះ បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ជាង៣​ម៉ោង ដោយ​ចៅក្រមនិង​តំណាង​អយ្យការ​បាន​ព្យាយាម​សួរ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សកម្មជន​ជាប់​ឃុំ និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​ជាប់​ចោទ​ដែរ ដែល​ត្រូវ​ជំនុំ​ជម្រះ​កំបាំង​មុខ។

សកម្មជន​ជា​ជនជាប់​ចោទ​១៥​នាក់​ក្នុង​សំណុំ​រឿង​នេះ​រួម​មាន ឈួ ផេង ជុំ ពុទ្ធី គង់ សំអាន មាន ព្រហ្មមុនី មួង សុភ័ក្ត្រ កើត សារាយ ថា ឡាវី អេង ម៉ាឡៃ ឈឿន ដារ៉ាវី ហ៊ុន វណ្ណៈ និង​អ្នក​នៅ​ក្រៅ​ប្រទេស​រួម​មាន​សេង ម៉េង​ប៊ុនរ៉ុង អ៊ូ ច័ន្ទឫទ្ធិ​ គង់ សភា ហូរ វ៉ាន់ និង​ហុង លីម។

រូបឯកសារ៖ កញ្ញា ឈឿន​ ដារ៉ាវី​ សមាជិក​យុវជន​ខ្មែរថាវរៈ​ ដែល​ត្រូវបាន​ឃាត់​ខ្លួន​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឿន​ ដារ៉ាវី​ សមាជិក​យុវជន​ខ្មែរថាវរៈ​ ដែល​ត្រូវបាន​ឃាត់​ខ្លួន​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

សវនាការ​ព្រឹក​ថ្ងៃ​អង្គារ ដឹកនាំ​ដោយ​លោក​ចៅ​ក្រម ទិតសុទ្ធី បូរ៉ាឆាត បាន​ដេញ​ដោល​សួរ​សកម្ម​ជន​៤​រូប​ គឺ​លោក ឈួ ផេង លោក ជុំ ពុទ្ធី លោក គង់ សំអាន និង​លោក មាន ព្រហ្មមុនី។

លោក ឈួ ផេង បាន​ផ្ដល់​សក្ខីកម្ម​អំពី​ដំណើរ​នៃ​ការ​ចាប់​ខ្លួន​លោក ជាមួយ​លោក ជុំ ពុទ្ធី នៅ​វត្ត​ថាន់ នៅ​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែ​សីហា ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​តាម​ដាន​ហេតុ​ការណ៍​ចាប់​ព្រះ​សង្ឃ​ជា​សកម្ម​ជន​នៅ​ទី​នោះ។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បានបដិសេធ​បទ​ចោទ​ប្រឆាំង​រូប​លោក​និង​ប្រកាស​ជំទាស់​ចម្លើយ​សារភាព​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ។

លោក ឈួ ផេង បានប្រាប់​តុលាការ​ថា ពេល​ផ្ដិត​មេដៃ​លើ​កំណត់​ហេតុ​នៃ​ចម្លើយ​សារ​ភាព​នោះ​ លោក«ចេះ​តែ​ផ្ដិត​ទៅ បាន​ន័យ​ថា​ទោះ​បី​យ៉ាង​ណា ក៏​គេ​ឃុំ​ខ្លួន»។

លោក​បន្ត​ថា​លោក​ត្រូវ​បាន​មន្ត្រី​នគរបាល​«បញ្ចុះ​បញ្ចូល»​ឱ្យ​សារភាព​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ជាមួយ​នឹង​ការ​សន្យា​ថា«គួរ​តែ​ឆ្លើយ​ទៅ ចាំ​គាត់​ជួយ​និយាយ​ឱ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស»។

តុលាការ​ក៏​បាន​បន្ត​សាកសួរ​លោក ជុំ ពុទ្ធី អតីត​សមាជិក​យុវជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង និង​ជា​កម្មករ​រោង​ចក្រ​កាត់ដេរ​នៅ​ភ្នំពេញ។ លោក​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​លោក ឈួ ផេង ដែរ​អំឡុង​ពេល​ស្ថិត​នៅ​វត្ត​ថាន់។

លោក ជុំ ពុទ្ធី បាន​រអ៊ូ​រទាំ​ពី​ការ​រំខាន​ពី​សំណាក់​ប្រព័ន្ធ​ស្កាត់​សេវា​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​ព្រៃស​ ​ដែលណែន​ណាន់​តាន់​តាប់ ដែល​លោក​ពិបាក​សម្រាក​ទទួល​ទាន​ដំណេក និង​ភ្លេច​ភ្លាំង​ច្រើន។

លោក ជុំ ពុទ្ធី ​បន្ត​ថា​ក្រោយ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​សីហា រូប​លោក និង​លោក ឈួ ផេង ដែល​ទើប​នឹង​ស្គាល់​គ្នា ត្រូវ​បាន​បញ្ជូន​ពី​វត្ត​ថាន់ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចម្ការមន និង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរ​ចម្លើយ។

នៅ​ពេល​លោក​ចៅក្រម ទិតសុទ្ធី បូរ៉ាឆាត សួរ​ថា​លោក​ទទួល​ការ​ចោទ​ប្រកាន់​ក្នុង​ដំណើររឿង​ខាង​លើ និង​ចម្លើយ​សារភាព​នៅ​ចំពោះ​មុខ​នគរបាល​យុត្តិធម៌ ឬ​យ៉ាង​ណា លោក ជុំ ពុទ្ធី ឆ្លើយ​ថា៖

«ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ ព្រោះ​គាត់​[មន្ត្រី​នគរបាល]​យក​ទូរស័ព្ទ​ខ្ញុំ​ទៅ​ឆែក ហើយ​សួរ​ចម្លើយ។ ខ្ញុំ​ខ្លាច ហើយ​ខ្ញុំ​អស់​កម្លាំង ខ្ញុំ​ចេះ​តែ​ឆ្លើយ​ទៅ»។

លោក ជុំ ពុទ្ធី បន្ត​ថា​ទោះ​ភរិយា​របស់​លោក ដែល​រួម​ដំណើរ​និង​ត្រូវ​បាន​នគរបាល​ចាប់​ហើយ​ដោះ​លែង​វិញ​នោះ ក៏គ្រា​នោះ លោក​មាន​ក្ដី​បារម្ភ​ថា​នាង​កំពុង​មាន​ផ្ទៃ​ពោះ យំ​យែក​ឥត​ឈប់ និង​មិន​ព្រម​ហូប​អាហារ អំឡុង​ពេល​លោក​ត្រូវ​បាន​សួរ​ចម្លើយ។

លោក​និយាយ​ថា៖ «មិន​នឹក​ស្មាន​គេ​ដាក់​បន្ទុក​ខ្ញុំ​បែប​នេះ​ទេ ... ព្រោះ​ពេល​ឆ្លើយ ខ្ញុំ​គ្មាន​ការ​គិត​អ្វី​ទាំង​អស់ ក្រៅ​ពី​សុខ​ភាព​ប្រពន្ធ»។

លោក​ព្រះរាជ​អាជ្ញា​រង សំម ឫទ្ធីវាសនា ក៏​បាន​សួរ​ដេញ​ដោល​ការ​បដិសេធ​របស់​លោក ជុំ ពុទ្ធី ដោយ​លើក​ឡើង​ក្នុង​សម្រង់​សម្ដី​ដើម​ថា៖

«បើ​លោក​ភ័យ ហេតុអ្វី​ចម្លើយ​របស់​លោក​ប្រាប់​ខ្ញុំ និង​ចៅក្រម​ស៊ើប​មាន​ភាព​ប្រទាក់​ក្រឡា»។

ក្នុង​ចម្លើយ​សារភាព​ដែល​ត្រូវ​បាន​អាន​ឡើង​វិញ​ដោយ​ក្រឡា​បញ្ជី លោក ជុំ ពុទ្ធី ត្រូវ​បាន​សួរ​នាំ​អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​លោក គង់ សភា អតីត​សមាជិក​សភា​គណ​បក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក សំម ឫទ្ធីវាសនា បញ្ចេញ​យោបល់​លើ​ការ​ឆ្លើយ​ដោះ​បន្ទុក​បដិសេធ​របស់​ចុង​ចម្លើយ​ក្នុង​សម្រង់​សម្ដី​ដើម​ថា៖ «ខ្ញុំ​ចង់​ភ្ញាក់​ផ្អើល​ដែរ»។

មន្ត្រី​នគរបាល​យុត្តិធម៌​៥​នាក់​ ក៏​មាន​វត្ត​មាន​ក្នុង​បន្ទប់​សវនាការ​ដែរ តែ​ពួកគេ​មិន​ត្រូវ​បាន​ហៅ​ឡើង​ឱ្យ​ការពារ​ខ្លួន​នោះ​ទេ។ វត្ត​មាន​របស់​ពួក​គេ​ក្នុង​បន្ទប់​សវនាការ​ត្រូវ​បាន​ជជែក​ដេញ​ដោល ដោយ​ខាង​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន មិន​ចង់​ឱ្យ​ពួក​គេ​អង្គុយ​នៅ​ទី​នោះ តែ​ចៅក្រម​បាន​យល់​ស្រប​តាម​ព្រះរាជ​អាជ្ញា​រង​ដែរ​ថា​ពួកគេគួរ​មាន​វត្តមាន​ ដើម្បី«ការ​ពារ​របាយ​ការណ៍»​ខ្លួន​លើ​សំណុំ​រឿង​នេះ។

លោក​វរសេនីយ៍​ឯក សាន សុខ​សីហា អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​នគរ​បាល និង​បដិសេធ​អំពី​ករណី​មាន​ការ​បង្ខិត​បង្ខំ​ឱ្យ​សារភាព។

លោក​បញ្ជាក់​ថា៖ «ការ​ហៅ​មក​សួរ​នាំ ឬ​ការ​សាកសួរ​តាម​ដីកា ក្នុង​នាម​ជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់ វា​គ្មាន​ការ​បង្ខិត​បង្ខំ​អ្វី​នោះ​ទេ។ សំខាន់​គឺ​ចម្លើយ​របស់​គាត់ហ្នឹង​ឯង គឺជា​ភស្ដុតាង​ដែល​យើង​យក​ទៅ​ធ្វើ​ការងារ​ហ្នឹង។ គ្មាន​សមត្ថកិច្ច​ណា​ទៅ​វាយ​ដំ គ្មាន​សមត្ថកិច្ច​ណា​ទៅ​បង្ខំ​ចម្លើយ​របស់​គាត់​ទេ ចម្លើយ​ហ្នឹងគឺ​បាន​ពី​សម្ដី​របស់​គាត់ ដែល​យើង​បាន​ធ្វើការ​សាកសួរ​ទៅ បាន​ពី​សម្ដី​របស់​គាត់»។

បន្ត​ទៅ​ទៀត​នៅ​សាល​សវនាការ ជន​ជាប់​ចោទ​២​រូប​ផ្សេង​ទៀត​ ក៏​បាន​ឡើង​មក​ផ្ដល់​សក្ខីកម្ម។

លោក​ព្រះរាជ​អាជ្ញា​រង សំម ឫទ្ធីវាសនា បាន​សង្កត់​ធ្ងន់​លើ​សកម្មភាព​ចូល​រួម​តវ៉ា​ទាម​ទារ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​សាក​សួរ​លោក គង់ សំអាន ជន​ជាប់​ចោទ​មួយ​រូប​ទៀត ជា​អតីត​សមាជិក​ប្រតិបត្តិ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ព្រះ​រាជ​អាជ្ញា​រង​បាន​ចោទ​សួរ​លោក គង់ សំអាន ក្នុង​សម្ដី​ម៉ាត់ៗ​ថា៖ «លោក​គិត​ថាការ​តវ៉ា​ជា​ការ​ដាក់​សម្ពាធ​ដល់​តុលាការ​ទេ?»។ លោក​សួរ​បែបនេះ​ទៅ​លើ​សកម្មភាព លោក គង់ សំអាន ចូល​រួម​ដង្ហែ​ញត្តិ​ដាក់​នៅ​ស្ថាន​ទូត​បរទេស​សុំ​ដោះ​លែង​លោក រ៉ុង ឈុន កាល​ពី​ខែ​សីហា។

លោក គង់ សំអាន តប​វិញ​ជាមួយ​សំឡេង​ច្បាស់ៗ​វិញ​ថា៖ «ខ្ញុំ​គិត​ថា​ជា​សំណូម​ពរ ... ខ្ញុំ​យល់​ថា​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ គ្រាន់​តែ​ដើរ អត់​មាន​ឃាត់​ដំណើរ​នរណា​ម្នាក់​ទេ»។

លោក មាន ព្រហ្មមុនី អនុ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក៏​ត្រូវ​បាន​នាំ​ចូល​មក​សាក​សួរ​អំពី​ប្រភព​ថវិកា​អង្គការ​របស់​លោក និង​ប្រវត្តិ​ការងារ​របស់​លោក​ផ្ទាល់។

លោក មាន ព្រហ្មមុនី ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ខ្លី​មួយ​អំពី​ចំណាត់​ការ​ប្រឆាំង​រូប​លោក​មុន​នឹង​ត្រូវ​បាន​បញ្ឈប់​ដោយ​ចៅក្រម​ថា៖ «ពិត​ជា​រឿង​អយុត្តិធម៌ មហា​អយុត្តិធម៌ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ជា​ពលរដ្ឋ»។

​សវនាការ​ជំ​នុំ​ជម្រះ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ខាង​លើ នឹង​បន្ត​នៅ​ថ្ងៃ​ទី​២ ខែ​មីនា៕

XS
SM
MD
LG