សាលាដំបូងរាជធានីភ្នំពេញបានព្រមានលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ពាក់ព័ន្ធនឹងការធ្វើដំណើររបស់លោកតាមបណ្តាខេត្តនានាមួយរយៈចុងក្រោយនេះ។ នេះបើយោងតាមលិខិតរបស់ចៅក្រមមួយរូបនៃតុលាការក្រុងភ្នំពេញ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
លោក កឹម សុខា ត្រូវបានតុលាការឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន ក្នុងនោះមិនឲ្យចាកចេញទៅក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយជាដើម។
បើតាមរូបភាពដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក មុត ចន្ថា ដែលជាជំនួយការរបស់លោក កឹម សុខា នោះមេដឹកនាំបក្សប្រឆាំងរូបនេះបានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមសៀមរាប ពោធិ៍សាត់ និងបន្ទាយមានជ័យ។ នៅខេត្តបន្ទាយមានជ័យ លោក កឹម សុខា បានជួបអ្នកធ្លាប់ចូលរួមធ្វើការងារជាមួយលោកម្នាក់ គឺលោក ហង់ សំចិត្ត ដែលកំពុងមានជំងឺ។
លិខិតរបស់លោកចៅក្រម កូយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តីលោក កឹម សុខា សរសេរថា ជនជាប់ចោទបានធ្វើសកម្មភាពមួយចំនួន ជាពិសេសនៅតាមបណ្តាខេត្ត ដោយបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក៏ដូចជាការប្រមូលផ្តុំជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួនក្រោមរូបភាពផ្សេងៗ។
លិខិតដដែលបញ្ជាក់ថា៖ «ក្រុមប្រឹក្សាជំនុំជម្រះកត់សម្គាល់ឃើញថា សកម្មភាពទាំងអស់នេះអាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវដាក់លើជនជាប់ចោទ»។
លិខិតរបស់លោក កូយ សៅ បន្តថា ដោយផ្អែកលើហេតុផលសន្តិសុខផ្ទាល់ខ្លួននិងផលប្រយោជន៍ស្របច្បាប់របស់ជនជាប់ចោទសម្រាប់សវនាការបន្តនាពេលខាងមុខនេះ តុលាការ «ធ្វើការក្រើនរំឭកជនជាប់ចោទ ត្រូវមានស្មារតីគោរពឲ្យបានហ្មត់ចត់ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការបានតម្រូវដាក់លើជនជាប់ចោទ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ដែលជាប់ចោទពីបទក្បត់ជាតិ ហើយដែលសវនាការជំនុំជម្រះរូបលោកមិនទាន់បញ្ចប់នៅឡើយនោះ ត្រូវបានតុលាការអនុញ្ញាតឲ្យចេញពីផ្ទះ និងធ្វើដំណើរក្នុងប្រទេស តែមិនអាចធ្វើដំណើរចេញពីប្រទេសកម្ពុជា និងមិនអាចធ្វើសកម្មភាពនយោបាយទេ។តុលាការតម្រូវឲ្យលោកបង្ហាញមុខតាមការកោះហៅពីសមត្ថកិច្ច។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ VOA ថា លោកមិនទាន់អាចបញ្ជាក់ថា តើសវនាការជំនុំជម្រះក្តីលោក កឹម សុខា នឹងអាចបន្តឡើងវិញនៅថ្ងៃណានោះទេ។ ប៉ុន្តែលោកឲ្យដឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តីលោក កឹម សុខា ពិតជាបានចេញលិខិតរំឭកលោក កឹម សុខា កុំឲ្យដើរហួសបន្ទាត់ក្រហមដែលកំណត់ដោយតុលាការ។
មេធាវីមួយរូបដែលការពារក្តីលោក កឹម សុខា គឺលោក ចាន់ ចេន ប្រាប់វីអូអេថា កូនក្តីលោកមិនបានធ្វើខុសនឹងអ្វីដែលតុលាការកំណត់នោះទេ។ លោកយល់ថា លិខិតដាស់តឿនរបស់តុលាការជា «ការបំបិទសិទ្ធិសេរីភាព»។
«វា[មិន]ខុសច្បាប់ហាមនោះទេ។ គាត់ជួបមនុស្សដែលគោរពស្រឡាញ់រាប់អានគាត់បួនដប់នាក់ហ្នឹងថា ជាការខុសច្បាប់? ជាការយល់របស់ខ្ញុំទេ អាចជាការបិទសិទ្ធិសេរីភាពទៅវិញទេ។ ហើយ...ខ្ញុំយល់ថា លិខិតនេះគឺជាការក្រើនរំឭកមែន ក៏ប៉ុន្តែ ក៏អាចជាការព្រមានភ្លាមៗផងដែរបាទ»។
មេធាវីរបស់លោក កឹម សុខា ឲ្យដឹងទៀតថា កាលពីថ្ងៃទី១៧ និង១៨ ខែកក្កដា លោក កឹម សុខា បានទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប។ លោក ចាន់ ចេន បន្ថែមថា នៅខេត្តពោធិ៍សាត់ លោក កឹម សុខា បានទៅកាន់ទីតម្កល់រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង ហើយនៅខេត្តសៀមរាប លោក កឹម សុខា បានធ្វើពិធីបូជនកិច្ចដល់អតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទអង្គរវត្ត។ រូបភាពរបស់លោកជាច្រើនសន្លឹកក៏ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
លោកមេធាវីអះអាងថា ការជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋក្នុងដំណើររបស់លោក កឹម សុខា ទៅតាមបណ្តាខេត្តមួយចំនួននោះគ្រាន់តែជាជំនួបសាមញ្ញ ឬដោយចៃដន្យ ហើយមិនមែនជាការស្វែងរកផលចំណេញខាងនយោបាយទេ។
លោក កឹម សុខា បានចាកចេញពីគេហដ្ឋានជាច្រើនដងមកហើយ តាំងពីខែវិច្ឆិកាមក ដោយគ្មានការរាយការណ៍ពីបណ្តាញព័ត៌មាននោះទេ។ កាលពីដើមខែកក្កដានេះ លោក កឹម សុខា បានចេញទៅមើលចម្ការរបស់លោកនៅខេត្តកំពង់ចាម និងចម្ការរបស់ពលរដ្ឋនៅខេត្តត្បូងឃ្មុំ។ ចំណែកកាលពីថ្ងៃទី១០ ខែកក្កដា លោកទៅគោរពសពលោក កែម ឡី នៅខេត្តតាកែវផងដែរ។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមួយរូបនៅក្នុងប្រទេសកម្ពុជា គឺលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា តុលាការហាក់ដូចជាមិនបានកំណត់ឲ្យច្បាស់ទេ អំពីបម្រាមលើសកម្មភាពនយោបាយរបស់លោក កឹម សុខា។ លោកបន្ថែមថា សេចក្តីក្រើនរំឭករបស់តុលាការមកលើលោក កឹម សុខាដែលធ្វើឡើងនៅពេលថ្មីៗនេះ បង្ហាញថា ស្ថានភាពនយោបាយកម្ពុជាមិនមានភាពធូរស្រាលនោះទេ។
ដោយឡែក កាលពីថ្ងៃច័ន្ទលោក កឹម សុខា បានបញ្ចេញសារមួយលើទំព័រហ្វេសប៊ុករបស់លោកដោយបានបង្ហាញការថ្លែងអំណរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋមកពីរាជធានីខេត្តមួយចំនួន ដែលកន្លងមកបាននិមន្តនិងអញ្ជើញមកសួរសុខទុក្ខរូបលោក នៅគេហដ្ឋានផ្ទាល់ និងចំពោះអ្នកដែលបានស្កាត់មកជួបសួរសុខទុក្ខលោក នៅពេលដែលលោកធ្វើដំណើរទៅតាមបណ្តាខេត្ត។
លោក កឹម សុខា ត្រូវចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក កាលពីរំលងអធ្រាត្រ ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺពីរខែមុននឹងគណបក្សសង្គ្រោះជាតិត្រូវរំលាយដោយតុលាការកំពូល។ លោកត្រូវចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទក្បត់ជាតិ។ បទចោទនេះអាចឲ្យលោកប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ ៣០ ឆ្នាំ៕