ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល៖​ កិច្ចសន្ទនា​ដ៏​កម្ររវាង​លោក ​ហ៊ុន សែន ​និង​លោក ​កឹម សុខា ​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹម​នៃ​ការ​ផ្សះផ្សា​នយោបាយ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និយាយជាមួយនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ក្នុងពិធីបុណ្យសពម្ដាយក្មេករបស់ លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ (Pool via AP)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និយាយជាមួយនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ក្នុងពិធីបុណ្យសពម្ដាយក្មេករបស់ លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ (Pool via AP)

លោក​ កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អស់​រយៈ​ពេល​ជិត​៥០​នាទី​ នៅ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ក្បែរ​វិមាន​ឯករាជ្យ ​កាល​ពី​ថ្ងៃ​អង្គារ។​ ជំនួប​នេះ​កើត​ឡើង​ខណៈ​មេដឹក​នាំ​គណបក្ស​ជំទាស់​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្បត់​ជាតិ ​បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ម្តាយ​ក្មេក​របស់​លោក​ ហ៊ុន សែន។​

នេះ​ជា​ការ​ជួប​លើក​ដំបូង​របស់​អ្នក​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ​ ក្រោយ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​ជំទាស់ ​កាល​ពី​ឆ្នាំ​២០១៧ ​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ​និង​ក្រោយ​លោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ចម្រូង​ចម្រាស​ ដែល​រដ្ឋាភិបាល​លើក​ឡើង​ថា ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​ ទាំង​ស.រ.អា.​និង​លោក កឹម សុខា​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​តើ​អ្នក​នយោបាយ​ទាំង​ពីរ​បាន​ជជែក​គ្នា​លើ​បញ្ហា​អ្វី​ខ្លះ ដូចជា​រឿង​នយោបាយ និង​ការ​ផ្សះផ្សា​ជាតិ ​ឬ​យ៉ាង​ណា​ទេ។​ ប៉ុន្តែ​អ្នក​តាម​ដាន​សង្គម ​និង​អ្នក​វិភាគ​នយោបាយ​យល់​ថា​ នេះ​ជា​សញ្ញា​វិជ្ជមាន​និង​ជា​កាយវិការ​ល្អ​ក្នុង​នាម​ជា​អ្នក​នយោបាយ។​

អ្នកវិភាគ​នយោបាយ លោក ​មាស នី​ ប្រាប់ VOA ​នៅថ្ងៃពុធ​នេះ​ថា ​ការ​ជួបគ្នា​នេះ​ បង្ហាញ​សញ្ញា​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ខាង​នយោបាយ​ នៅ​ចំពេល​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋ​កិច្ច ​ដោយ​សារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ ហើយ​ប្រជាជន​កម្ពុជា​ជា​ច្រើន ​ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​សែន​នាក់ កំពុង​ប្រឈម​នឹង​ការ​អត់ការងារ​ធ្វើ។

«អ៊ី​ចឹង នៅ​ក្នុង​ស្ថាន​ភាព​បែបនេះ​ វា​មាន​តែ​ការ​ពិចារណា​របស់​អ្នក​នយោបាយ​ ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​យើង​ហៅ​ថា​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សង្គម​ដែល​មាន​បច្ចុប្បន្ន​ហ្នឹង​ទៅ។​អាហ្នឹង​បាន​យើង​អាច​មាន​កម្លាំង​គ្រប់​គ្រាន់ ​យើង​ថា​មាន​សុខភាព​គ្រប់​គ្រាន់​ក្នុងការ​ធ្វើ​ការ​ណា៎»។​

បើ​តាម​រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​គេ​ឃើញ​លោក​ ហ៊ុន សែន​ ក្នុង​សម្លៀក​បំពាក់​ស ​កាន់​ទូរស័ព្ទ ជជែក​គ្នា​ជាមួយ​ លោក ​កឹម សុខា ​ក្នុង​សម្លៀក​បំពាក់​អាវ​ធំ​ពណ៌​ខ្មៅ​ បង្ហាញ​ពី​ការ​រំលែក​ទុក្ខ។ ​លោក កឹម សុខា ក៏​មាន​ក្រុម​មេធាវី និង​មន្រ្តី​របស់​លោក​អម​ដំណើរ​ផង​ដែរ។

លោក ​ចាន់ ចេន ​មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម សុខា ​ដែល​ស្ថិត​ក្នុង​ពិធី​បុណ្យ​សព​នោះ ​មិន​ផ្តល់​ការ​អធិប្បាយ​លើ​ទិដ្ឋភាព​នយោបាយ​នោះ​ទេ។​ លោក​បន្ត​ថា​ ក្រុម​មេធាវី​អង្គុយ​ឆ្ងាយ​ពី​កន្លែង​នៃ​ការ​ជួប​សន្ទនា​គ្នា​រវាង​លោក ហ៊ុន សែន ​និង​លោក​ កឹម សុខា។​

«ពួក​យើង​អង្គុយ​ឆ្ងាយ​ពី​ពួកគាត់​ ហើយ​យើង​វា​មិន​ដឹង​ថា​ ឯក​ឧត្តម​ កឹម សុខា ​និង​សម្តេច​នាយក​រដ្ឋ​មន្ត្រី​បាន​ពិភាក្សា​រឿង​អី​ យើង​ស្តាប់​អត់​ឮទេ​ណា​បាទ»។​

លោក ​មុត ចន្ថា​ ជំនួយ​ការ​របស់​លោក ​កឹម សុខា ដែល​មាន​វត្តមាន​ពេល​ចូល​រួម​រំលែក​ទុក្ខ​នោះ​ដែរ ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដោយ​លើក​ឡើង​ថា ​លោក ​កឹម សុខា តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​«ស្មារតី​ខ្មែរ​តែ​មួយ​ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​មាន​ទុក្ខ​លំបាក»។

លោក​បន្ត​ថា ​លោក ​ហ៊ុន សែន និង​លោក​ កឹម សុខា​ បាន​ជួប​សំណេះ​សំណាល​គ្នា​អស់​រយៈ​ពេល​ជិត​៥០​នាទី «អំពី​សុខ​ទុក្ខ ​និង​ផល​ប្រយោជន៍​ជាតិ ​និង​ប្រជាពល​រដ្ឋខ្មែរ»។​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ចំណុច​អ្វី​ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក​នោះ​ទេ។

លោក​ ឈឹម ផល​វរុណ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​VOA​ថា ការ​ជួប​គ្នា​នេះ គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​បង្ហាញ​នូវ​សន្តាន​ចិត្ត​ចែក​រំលែក​ទុក្ខ​គ្នា​តែ​ប៉ុណ្ណោះ។​

«ការ​ចូល​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​នៃ​គ្រួសារ​សព​ មិន​ថា​ឥស្សរជន​នយោបាយ​ ឬ​នរណា​ទេ ​គឺជា​កាយ​វិការ​របស់​មនុស្ស​ក្នុង​ការ​គោរព​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។​ វា​គ្មា​ន​អ្វីលើស​ហ្នឹង​ទេ ​ ហើយ​វា​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ផង​ បាទប៉ុណ្ណឹង»។​

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​សរសេរ​លិខិត​ថ្លែង​អំណរ​គុណ​ទៅ​លោក ​កឹម សុខា ដែល​បាន​ផ្តល់​ថវិកា​៥ពាន់​ដុល្លារ​ដល់​រដ្ឋាភិបាល ​ជា​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។​

លោក កន សាវាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​(Comfrel)​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ ចាត់​ទុក​ថា​ ជំនួប​រវាង​អ្នក​ទាំង​ពីរ​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ត្រូវរ៉ូវ​គ្នា។​ លោក​ជឿ​ថា​ផ្តើម​ពី​ជំនួបនេះ ​អ្នក​នយោបាយ​ទាំង​ពីរ​នឹង​បន្ត​ជជែក​គ្នា​ ដែល​ឈាន​ទៅ​បន្ធូរបន្ថយ​ជម្លោះ​នយោបាយ​ និង​រក​ច្រក​ទប់ទល់​នឹង​សម្ពាធ​អន្តរជាតិ ​បន្ថែម​លើ​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​ជាច្រើន​ដែល​កើត​ចេញ​ពី​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា។

សម្ពាធ​អន្តរ​ជាតិ​នោះ​ លោក ​កន សាវាង្ស​ សំដៅ​លើ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ «អ្វីៗ​ទាំង​អស់​លើកលែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា​EBA ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែ​សីហា​ ហើយ​ប៉ះពាល់​ការងារ​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​និង​ផលិត​ផល​សម្រាប់​ធ្វើ​ដំណើរ។​

លោក​បន្ថែមថា៖ «ព្រោះ​បើមិន​ចឹង​ បើ​យើង​នៅបន្ត​ អ្នក​នយោបាយ​ លោក​អត់​ជជែក​ បន្ត​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​ទេ​ មាន​ន័យថា​ ស្ថាន​ភាព​ទៅមុខ​ទៅ​ វារឹត​តែ​អាច​ធ្ងន់​ធ្ងរ​ហ្នឹង​ថែមទៀត​នែ៎! ធ្ងន់ធ្ងរ​យ៉ាង​ណា?​ យើង​មើល​ដោយសារ​តែ​រឿង​សេដ្ឋកិច្ច​ ដោយសារ​តែ​រឿង​កូវីដ​ហ្នឹង​ផង​នែ៎! ហើយ​មិនដឹង​ថា​តើ​ទៅ​មុខ​ទៅ​អ្វី ​ដែល​កើត​ឡើង​រវាង​សហគមន៍​អន្តរជាតិ​ហ្នឹង​បន្តយ៉ាងណា​ទៀត​សម្រាប់​ស្រុកយើង»។

អតីត​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​លោក ​ព្រាប កុល ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រូប​លោក​ផ្ទាល់និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​គាំទ្រ​ឲ្យ​ឥស្សរជន​នយោបាយ​ខ្មែរ គ្រប់​លំដាប់ថ្នាក់​មាន​ឥរិយាបថ​និង​វប្បធម៌​ប្រាស្រ័យ​ទាក់​ទង​គ្នា​បែប​នេះ។​

លោក​សរសេរ​ថា៖ ​«វប្បធម៌​និង​ឥរិយាបថ​បែប​នេះ​គួរ​តែ​មាន​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ​យើង​ដរាប​រៀង​ទៅ ទោះ​ស្ថិត​ក្នុង​កាលទេសៈ​ណា​ក៏​ដោយ។ ទង្វើ​បែប​នេះគឺ​ជា​សីលធម៌​និង​គុណធម៌​ដែល​អ្នក​នយោបាយ​ និង​ពលរដ្ឋខ្មែរ​គ្រប់​និន្នាការ​គួរ​ប្រកាន់​យក​ហើយ​ការ​ប្រព្រឹត្ត​បែប​នេះ គួរ​ត្រូវ​បាន​ជំរុញ និង​ធ្វើ​ជា​គំរូ ដោយ​មេដឹកនាំ​នយោបាយ»។

លោក ​កឹម សុខា​ កំពុង​តទល់​ក្តីក្តាំ​ក្នុង​សំណុំរឿង​«ក្បត់​ជាតិ» ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​តុលាការ​បាន​លើក​ពេល​ដោយ​មិន​កំណត់ ​ដោយសារ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​

កាល​ពី​ខែ​មីនា លោក​ ហ៊ុន សែន​ បាន​ព្រមាន​ជា​សាធារណៈ​ថា​ ការ​កាត់​ទោស​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​បន្ត​ដោយ​គ្មាន​ការ​ប្រែប្រួល​ ស្រប​ពេល​ដែល​មាន​គំនាប​អន្តរ​ជាតិ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ចុង​ឆ្នាំ​២០១៦ ​លោក ​កឹម សុខា​ ធ្លាប់​ត្រូវ​បាន​លើកលែង​ទោស តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ម្តង​ហើយ។​ កាល​នោះ តុលាការ​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥ខែ​ ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​តុលាការ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក ​សម រង្ស៊ី​ មេដឹកនាំ​កំពូល​ម្នាក់​ទៀត​នៃ​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​នោះ ​ក៏​បាន​បង្ហោះ​សារ​ចូលរួម​មរណ​ទុក្ខ ​ដែល​លោក ​ហ៊ុន សែន​ បាត់​បង់​ម្តាយ​ក្មេក។

ក្នុង​សារ​រំលែក​ទុក្ខ​សរសេរ​ទៅ​លោក​ ហ៊ុន សែន​ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ​សម រង្ស៊ី​ សរសេរ​ថា៖​ «ទោះ​ជា​ជំហរ​នយោបាយ​យើង​ម្នាក់ៗ​ខុស​ពី​គ្នា​យ៉ាង​ណាក៏​ដោយ ​តែ​ទុក្ខ​សោក​បណ្តាល​មក​ពី​មរណភាព​មនុស្ស​ ដែល​យើង​ស្រឡាញ់​អាច​កើត​មាន​ដូច​គ្នា​គ្រប់​ពេល​វេលា»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG