ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ កឹម សុខា ​ជួប​មន្រ្តី​ទូត​បរទេស​ ខណៈ​ការ​រស់​ឡើង​វិញ​របស់​បក្ស​ប្រឆាំង​នេះ​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​​គេហដ្ឋាន​របស់​លោក ​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​​គេហដ្ឋាន​របស់​លោក ​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ប្រមុខ​ការទូត​របស់​ប្រទេស​ប្រជា​ធិបតេយ្យ​ប្រចាំ​កម្ពុជា​ចាប់​ផ្តើម​ជួប​សន្ទនា​ជា​មួយ​លោក ​កឹម សុខា ​មេ​ដឹកនាំ​បក្ស​ប្រឆាំង។​ ជំនួប​នេះ​ធ្វើ​ឡើង ​បន្ទាប់ពី​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ជួប​និង​មាន​កិច្ច​សន្ទនា​ដ៏​កម្រ​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាល​ពី​ដើម​ខែ​ឧសភា​នេះ​ ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​ស្រី ប៊ុន ស៊ាងលី​ ដែល​ជា​ម្តាយ​ក្មេក​របស់​លោក​នាយក​រដ្ឋមន្រ្តី។​

ចាប់​តាំង​ពី​ថ្ងៃទី​១១ ​ខែ​ឧសភា​មក​ លោក​ កឹម សុខា​ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​របស់​ប្រទេស​ និង​សហគមន៍​ប្រជា​ធិបតេយ្យ​ធំៗ​ចំនួន​បួន ​រួម​មាន​ប្រទេស​អាល្លឺម៉ង់​ សហភាព​អឺរ៉ុប​ បារាំង​ និង​ប្រទេស​អូស្ត្រាលី។​

លោក​ មុត ចន្ថា​ ជំនួយ​ការ​របស់​លោក​ កឹម សុខា​ បាន​ផ្តល់​សេចក្តី​សង្ខេប​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ មាន​ការ​ពិភាក្សា​ «អំពី​សុខទុក្ខ​ និង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ក្នុង​ស្ថានភាព​កូវីដ១៩​ និង​អំពី​ស្ថានភាព​អនាគត​ទៀត»​ ក្នុង​ជំនួប​របស់​លោក ​កឹម សុខា​ ជាមួយ​លោក​Christian Berger​ ឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា។​

លោក​ មុត ចន្ថា​ បញ្ជាក់​ថា​ ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ជំនួប​រវាង​លោក ​ហ៊ុន សែន ​និង​លោក​ កឹម សុខា​ ​ដោយ​ចាត់​ទុក​ថា​ជា ​«រឿង​វិជ្ជមាន»។​

ការ​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ និង​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​ ក៏​ត្រូវ​លើក​យក​មក​ពិភាក្សា​ផងដែរ​ក្នុង​ជំនួប​របស់​លោក​ កឹម សុខា ​ជាមួយ​លោក​ស្រី​ Carmen Moreno ​ឯក​អគ្គ​រដ្ឋទូត​នៃ​គណៈ​ប្រតិភូ​សហ​ភាព​អឺរ៉ុប ​លោកស្រី​ Eva Nguyen Binh​ ឯក​អគ្គរដ្ឋ​ទូត​សាធារណ​រដ្ឋ​បារាំង​ និង​លោក​ Pablo Kang​ ឯក​អគ្គ​រាជទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា។​

លោក ​Pablo Kang​ ឯក​អគ្គ​រាជទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ដំណើរ​ការ​កាត់​ក្តី​លោក​ កឹម សុខា។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា។

លោក​លើក​ឡើង​ជាថ្មី​ម្តង​ទៀត​នូវ​ការ​អំពាវនាវ​របស់​អូស្រ្តាលី​ឲ្យមាន ​«ការ​ជំនុំ​ជម្រះ​ក្តី​ប្រកប​ដោយ​យុត្តិធម៌ ​តម្លា​ភាព​ និង​ឆាប់​រហ័ស»។​

វីអូអេ​ ព្យាយាម​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ពីស្ថានទូត​មួយ​ចំនួន​ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​វិភាគ​និង​អ្នក​ជំនាញ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ និយាយ​ថា ​អង្គ​ទូត​ទាំង​នោះ ​ទំនង​ជា​ចង់​ដឹង​ពី​ជំហរ​នយោបាយ​របស់​លោក ​កឹម សុខា​ នៅ​ក្រោយ​ជំនួប​ជាមួយ​លោក ​ហ៊ុន សែន ​និង​លទ្ធភាព​នៃ​ការ​ស្រុះ​ស្រួល​នយោបាយ។​

សាស្ត្រាចារ្យ​ខាង​វិទ្យា​សាស្ត្រ​នយោបាយ​មួយ​រូប​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោក​ ឯម សុវណ្ណារ៉ា​ បាន​ថ្លែង​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖​ «គាត់​ចង់​ដឹង​អំពី​គេ​ហៅ​ថា​ ជំនួប​របស់​លោក​ កឹម សុខា ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ទៅ​បុណ្យ​សព​ម្តាយ​ក្មេក​របស់​លោក​ ហ៊ុន សែន។ ​ទូត​គេ​ចង់​បាន​ព័ត៌មាន​ដែរ​ ព្រោះ​ឥស្សរ​ជន​នយោបាយ​ពីរ​រូប​ហ្នឹង​ គាត់​បាន​ជជែក​គ្នា​ច្រើន​ដល់​អ៊ីចឹង​ គេចង់​ដឹង​ការ​វិវត្ត​ ការ​ប្រែប្រួល​នៅ​ក្នុង​នយោបាយ​ដែរ​ ទីមួយ»។

យ៉ាងណា​ក៏ដោយ ​ លោក​ជឿថា​ ការ​ជួប​ប្រាស្រ័យ​ទាក់ទង​របស់​ប្រមុខ​ការទូត​ជាមួយ​លោក ​កឹម សុខា ​នឹង​មិន​អាច​ជួយ​ពន្លឿន​ការ​សម្រុះ​សម្រួល​ខាង​នយោ​បាយ​រវាង​គណបក្ស​ដឹកនាំ​ប្រទេស​ និង​គណបក្ស​ប្រឆាំង​នេះ​បាន​ទេ។ លោក​អះអាង​ថា​ មាន​តែ​សម្ពាធ​អន្តរ​ជាតិ​តែ​ប៉ុណ្ណោះ​ ដែល​អាច​រុញ​ច្រាន​ឲ្យ​អ្នក​នយោបាយ​នៅ​កម្ពុជា ​ងាក​មក​រក​តុ​ចរចា​ នៅ​មុន​ការ​បោះឆ្នោត​នានា​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ឆ្នាំ​ ២០២២​ និង​ ២០២៣។​

លោក​ ឯម សុវណ្ណារ៉ា​ ឲ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​នេះ​សំឡេង​អ្នក​ជំទាស់​ហាក់​ដូច​ជា​មិន​មាន​ឥទ្ធិ​ពល​ ដែល​អាច​បង្ខំ​ឲ្យ​ភាគី​គណបក្ស​កាន់​អំណាច​មក​ត​ថ្លៃ​នយោបាយ​ទេ​ ដោយ​សារ​លោក ​កឹម សុខា ​និង​ក្រុម​មេដឹក​នាំ​កំពូលៗ​ និង​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​ បាន​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​ ហើយ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ជា​ពិសេស​ពី​ភាគី​សហ​រដ្ឋ​អាមេរិក​ ក៏​នៅ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​ អាច​កើត​មាន​ឆាប់ៗ​នោះ​ដែរ។

«គន្លឹះ​សំខាន់​បច្ចុប្បន្ន​ វា​នៅ​លើ​គណបក្ស​កាន់​អំណាច​ជាង។​ លោក ​កឹម សុខា ​ហាក់​ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី​យន្តការ​នៃ​ការ​ចរចា​ហ្នឹង​ខ្លាំង​ហើយ។ ​កិច្ចការ​សំខាន់​គឺកូន​សោ​នៅ​លើ​គណបក្ស​កាន់​អំណាច ​គឺ​នៅ​លើ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្លាំង​ជាង បាទ។ ​ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​ហ្នឹង​ចរចា​ ឬ​ក៏​មាន​កិច្ច​ព្រម​ព្រៀង​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ អ្វីៗ​អាច​ដោះស្រាយ​លឿន​ជាង​ ជាង​អ្វីដែល​លោក ​កឹម សុខា​ និង​លោក​នាយក​រដ្ឋមន្ត្រី​ជជែក​បាទ»។​

អ្នកឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ យល់ថា​ សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​គឺ​គ្រាន់​តែ​ជា​ចំណែក​មួយ​តែ​ប៉ុណ្ណោះ ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ​ អ្វី​ដែល​សំខាន់​នោះ​គឺ​ភាគី​នយោបាយ​ទាំង​សងខាង​ ពោល​គឺ​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​ត្រូវ​បន្ទន់​ជំហរ​រៀង​ខ្លួន​ ដើម្បី​ងាកមក​ច្រក​ទម្លុះ​ផ្លូវ​ទ័លខាង​នយោ​បាយ។​

លោក ​កន សាវាង្ស ​មន្ត្រី​អង្កេត​ការ​បោះ​ឆ្នោត​របស់​អង្គការ ​Comfrel​ ដែល​ធ្វើការ​លើក​កម្ពស់​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា៖​ «វា​ជា​រឿង​មួយ​ផ្សេង​ទៀត។​ សំខាន់​ជាង​គេ​ មក​ដល់​ពេល​នេះ​ ថា​ តើ​ច្រក​ហ្នឹង​វា​ទៅ​បែប​ណា?​ នែ​ មើល​ទៅ​ ខ្ញុំ​មើល​ទៅ​ឃើញ​ច្រក​ហ្នឹង​សុទ្ធតែ​រឿង​កល់​រៀង​ខ្លួន។​ បើ​សិន​ជា​អ្នក​ទាំង​អស់​ហ្នឹង​ មិន​ព្រម​ដក​ថយ​ បន្តិច​ម្នាក់​ទេ​ ឬ​មួយ​ក៏​ការ​ដំណោះ​ស្រាយ​នយោបាយ​ហ្នឹង​[មិន​ព្រម]​ឲ្យ​ដាក់​ចុះ​ក្នុង​ការ​ជជែក​គ្នា​រក​ផ្លូវ​មួយ​ ដែល​អាច​ថយ​បន្តិច​ម្នាក់​នោះ​ណា៎ វា​អត់​អាច​ទៅ​រួច​ទេ»។

លោក​ កឹម សុខា ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស ​ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​ហៅ​ថា ​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​ ប៉ុន្តែ​ទាំង​លោក ​កឹម សុខា ​និង​ស.រ.អា.​បានបដិសេធ​ការចោទ​នេះ។​

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក​ សុខ ឥសាន​ មាន​ប្រសាសន៍​ថា​ ការ​ជួប​សន្ទនា​រវាង​លោក​កឹម សុខា​ និង​ទូត​ប្រចាំ​កម្ពុជា ​នឹង​មិន​អាច​ឲ្យ​លោក ​កឹម សុខា​ រួច​ផុតពី​ការ​ជំនុំ​ជម្រះ​ទោស​របស់​តុលាការ​កម្ពុជា​នោះ​ទេ។ លោក​អះអាង​ថា​ ​គណបក្ស​ប្រឆាំង​ក៏​នឹង​មិន​អាច​ដំណើរ​ការ​ឡើង​វិញ​បាន​ដែរ​ ហើយ​កម្ពុជា​ក៏​នឹង​មិន​ញញើត​នឹង​ការ​ដាក់​សម្ពាធ​ណា​មួយ​ពី​ក្រៅ​ប្រទេស​នោះ​ដែរ។​

«ខ្ញុំ​យល់​ថា ​រាជ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ និង​ប្រជាជន។ ​ពេល​ដែល​សហគមន៍​អឺរ៉ុប​ដាក់ ​EBA​ ២០​ភាគ​រយ ​មករាជ​រដ្ឋាភិបាល​ លោក​ត្រៀម​ម្ចាស់​ការ​បាន​ហើយ​ ត្រៀម​ម្ចាស់​ការ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ក្នុង​បញ្ហា​ប្រឈម​នានា​ ដែល​អាច​នឹង​កើត​មាន​នា​ពេល​ខាង​មុខ»។​

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូបនេះ​ ឲ្យ​ដឹង​ទៀត​ថា​ ​ការ​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ឡើង​នោះ​ទេ ​ដោយ​លោក​ថា​ ក្រុម​មេ​ដឹកនាំ​គណបក្ស​នេះ​បាន​បិទ​ផ្លូវ​ចរចា​ដោយ​ខ្លួន​ឯង​ តាម​រយៈ​ការ​រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា។​

សហភាព​អឺរ៉ុប​ បាន​សម្រេច​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ «អ្វីគ្រប់​យ៉ាង​លើកលែង​សព្វាវុធ» ​ឬ​ EBA​ ចំនួន​២០​ភាគ​រយ​ លើ​ផលិត​ផល​មួយ​ចំនួន​របស់​កម្ពុជា​ដែល​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ ដែល​មាន​ដូច​ជា​សម្លៀក​បំពាក់ ​ ស្បែកជើង​ សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ ​និង​ស្ករ​ស​ជា​ដើម។​ ការ​ព្យួរ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ៕

XS
SM
MD
LG