ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​កោះ​ហៅ​លោក សម រង្ស៊ី និង​សមាជិក​បក្ស​ជំទាស់​៥រូប​ផ្សេង​ទៀត​រឿង​ចលនា​សង្គ្រោះជាតិ


រូបឯកសារ៖ លោក សម រង្ស៊ី នៅ​ពេល​ដែល​លោក​នៅ​ជប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

បើ​តា​ម​ដីកា​កោះ​ទាំង​៦​នោះ​បញ្ជាក់​ដូចៗ​គ្នា​ថា​ ​តុលាការ​កោះ​ហៅ​អ្នកទាំង​៦ ក្នុង​នាម​ជា​ជនសង្ស័យ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង «ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​អាជ្ញាធរ​ ​ស្របច្បាប់​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​ដាក់​បណ្តឹង​ទៅ​តុលាការ​ភ្នំពេញ​ ​ប្តឹង​មន្រ្តីជាន់ខ្ពស់​នៃ​ចលនា​សង្រ្គោះ​ជាតិ​ ​ដែល​កំពុង​ស្ថិត​នៅ​បរទេស​ ​ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ខុស​ច្បាប់​ ​នៅ​ចុង​ខែមីនា​នេះ​ ​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នកពាក់ព័ន្ធនឹង​ចលនា​នេះ​ចំនួន​៦រូប​ ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ។​

​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​ដី​កា​កោះហៅ​ ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​និងមន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ ​ចំនួន​៥រូប​ផ្សេង​ទៀត​ ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​ ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។​

​ក្រសួង​មហាផ្ទៃ​កាលពី​ដើម​ខែកុម្ភៈ​ ​ឆ្នាំ​២០១៨​ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​មន្រ្តី​ជាន់ខ្ពស់​នៃ​ចលនា​សង្គ្រោះជាតិ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ខាង​ក្រៅ​ប្រទេស​ ​ពីបទ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ខុស​ច្បាប់​ ​បន្ទាប់ពីមន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាលជា​ច្រើន​រូប​ ​បាន​ហៅ​ចលនា​នេះ​ថា​ជា​ ​«ភេរវកម្ម»​ ​និង​ប្រកាស​កម្ទេច​មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា។​

ដីកា​កោះ​ចំនួន​៦​ ចុះថ្ងៃទី៣០​ ​ខែ​មីនា​ ​ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយនៅ​ថ្ងៃពុធ​នេះ​ ​ឱ្យដឹង​ថា​តំណាង​អយ្យការ​ ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​សៀង សុខ​ ​បាន​កោះ​ហៅ​លោក​ ​សម រង្ស៊ី​ ​និង​ភរិយា​របស់​លោក គឺ​អ្នកស្រី​ ​ជូឡុង សូមូរ៉ា​ ​ព្រមទាំងសមាជិក​ចលនា​នេះ​ចំនួន​៤​រូប​ផ្សេង​ទៀត​ ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ ​ទៅ​តាម​កាល​បរិច្ឆេទ​ផ្សេងៗគ្នា។

ក្នុង​ដីកា​ទាំង​នោះ​ ​លោក​ ​សៀង សុខ​ ​បាន​កោះ​ហៅ​លោក​ ​សម រង្ស៊ី​ ​ឲ្យ​ចូល​បង្ហាញ​ខ្លួននៅ​ថ្ងៃទី២២​ ​ខែ​ឧសភា​ ​លោក ​អេង ឆៃអ៊ាង​ ​កោះ​ហៅ​ឲ្យ​ចូលថ្ងៃទី២៣​ ​ខែឧសភា​ ​អ្នកស្រី​ ​ជូឡុង សូមួរ៉ា​ ​កោះ​ហៅ​ឲ្យ​ចូលថ្ងៃទី២៤​ ​ខែ​ឧសភា​ ​លោក​ ​ហូរ វ៉ាន់​ ​កោះ​ហៅ​ឲ្យ​ចូល​ថ្ងៃទី២៨​ ​ខែ​ឧសភា​ ​លោក​ ​នុត រំដួល​ កោះ​ហៅ​ឲ្យ​ចូល​ថ្ងៃទី២៩​ ​ខែ​ឧសភា​ ​និង​លោក​ ​តុ វ៉ាន់ចាន់​ ​កោះ​ហៅ​ឲ្យ​ចូល​ថ្ងៃទី៣០​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨។​

បើ​តា​ម​ដីកា​កោះ​ទាំង​៦​នោះ​បញ្ជាក់​ដូចៗគ្នាថា​ ​តុលាការ​កោះហៅ​អ្នកទាំង​៦​ ​ក្នុង​នាម​ជា​ជនសង្ស័យ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ ​«ការ​បង្កើត​ចលនា​សង្គ្រោះជាតិ​ ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​អាជ្ញាធរ​ ​ស្របច្បាប់​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

ចលនា​សង្គ្រោះ​ជាតិ​ ​បង្កើត​ឡើង​ដោយលោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​រួម​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ជា​ច្រើន​រូបទៀត​ ​ដែល​បានរត់ភៀសខ្លួន​ទៅ​បរទេស។​ ​ចលនា​នេះ​មានគោល​បំណង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ ​កឹម សុខា​ ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ការ​បោះឆ្នោត​ ​និង​ទាមទារ​ឲ្យ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​នេះ​ ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌។​

ចលនា​នេះ​បង្កើត​ឡើង​ ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នកគាំទ្រជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ដោយ​ចោទ​ថា​ ​គណ​បក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​ ​ជាមួយគ្នានោះ​ ​មន្រ្តី​ ​និង​តំណាង​រាស្រ្ត​គណបក្ស​នេះ​ចំនួន​១១៨​រូប​ ​ក៏​ត្រូវ​បានព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​៥ឆ្នាំ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។​

ទោះយ៉ាងណា​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​ចាប់ឃុំ​ខ្លួនពីបទ​ក្បត់ជាតិ​ នៅ​មុន​បន្តិច​នៃ​ការរំលាយ​គណបក្ស​ប្រឆាំង​ ​បាន​ប្រកាស​មិន​គាំទ្រ​ ​និង​មិន​ចូលរួម​ជាមួយចលនា​នេះ៕​

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG