ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ប្តឹង​មន្ត្រី​សំខាន់ៗ​ប្រាំរូប​របស់​ក្រុម​ជំទាស់​ក្នុង​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ


រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យបណ្តឹង​​ប្តឹង​​មន្រ្តី​ជាន់ខ្ពស់​​នៃ​ចលនា​​សង្គ្រោះ​ជាតិ​៥រូប​​​នៅ​ក្រៅ​ប្រទេស​ ​ពីបទ​​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់។​ ទោះ​ជាយ៉ាង​ណា ​អ្នកនាំ​ពាក្យ​មិន​ប្រាប់​ឲ្យ​ដឹង​ថា ​តើ​អ្នក​ណា​ខ្លះ​ទេ។

ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្តឹងមន្រ្តី​ជាន់ខ្ពស់នៃ​ចលនាសង្គ្រោះជាតិ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ខាង​ក្រៅ​ប្រទេស​ ​ពីបទធ្វើ​សកម្មភាព​នយោបាយ​ដោយខុស​ច្បាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ។​

លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ VOA​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ ​ក្រសួងបាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញកាល​ពី​សប្តាហ៍​មុនដោយ​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ចលនា​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប​ពី​បទ «ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ខុស​ច្បាប់» នៅ​ខាង​ក្រៅប្រទេស។ ទោះ​ជា​យ៉ាងណា​ លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​និងសកម្មភាព​របស់​អ្នក​ទាំង​៥​រូប​នោះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ ការ​ដាក់​បណ្តឹង​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃប្រមូល​បាន​ភ័ស្តុតាង​ជាច្រើន​ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​នយោបាយរបស់​អ្នក​ទាំង​៥​ក្នុង​ពេល​កន្លង​មក។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា៖

«មាន​ជន​៥​រូប​ដែល​បាន​ធ្វើ​សកម្មភាព​កន្លង​ទៅ។ នេះ​ជា​ការ​កត់​សម្គាល់​របស់ក្រសួង។ យើង​បាន​ប្តឹង​ទៅ​តុលាការ​ហើយ។ រង់ចាំឲ្យ​តុលាការ​គេ​នឹងកោះ​អញ្ជើញ​ទៅ! ​ពូ​មិន​ទាន់​ប្រាប់​ឈ្មោះ​ទេ... យើង​រង់ចាំ​មើល​សកម្មភាព​បន្ត​ទៀត​ដើម្បី​កាន់​តែ​មាន​ស្ថាន​ទម្ងន់​ទោស​បន្ថែម​ទៀត»។

លោក គី តិច​ ​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​អះអាង​ថា លោក​កំពុង​ជាប់​រវល់។​

ចំណែក​លោក លី សុផាណា​ ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ភ្នំពេញ​ ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA​ ​ដែល​សួរ​តាម​រយៈ​សារ​អេឡិចត្រូនិក​នោះ​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃពុធ​នេះ។​

កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អ្នក​នយោបាយ​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួងមហា​ផ្ទៃ​ ​ដោយចោទ​ថា​ ​គណ​បក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​ ​ការរំលាយនេះ​កើត​ឡើង​ក្រោយ​ការ​ចាប់ខ្លួនលោក កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង ​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ ​ដោយ​តុលាការ​បាន​ចោទ​លោក​កឹម សុខា​ពី​បទក្បត់ជាតិ។​

ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​តំណាង​រាស្ត្រ​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ជាង​ពាក់​កណ្តាល​បាន​រត់​ភៀស​ខ្លួន​ទៅ​បរទេស​ ​និងបាន​ចូល​រួម​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​មួយ​លោកសម រង្ស៊ី​ ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​រូប ​ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា​ ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​អាច​ចូលរួម​ការ​បោះឆ្នោត​ ​និង​ទាមទារ​ឲ្យ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​នេះ​ ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌។​

អ្នកស្រី មូរ សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ទើបត្រូវ​បាន​រំលាយ​ ​និង​ជា​អ្នក​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ឯ​ក្រៅ​ប្រទេស​ ​បានប្រាប់​ ​VOA​ ​ថា​ ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​តែង​តែរក​គ្រប់​វិធី​ដើម្បី​កម្ទេច​ក្រុម​ប្រឆាំង​ ​បើ​ទោះបី​ត្រូវ​រំលោភ​ច្បាប់ដែល​មាន​ចែង។​

អ្នកស្រី​បន្ថែម​ថា​ ​ចលនា​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​បន្ត​ដើម្បី​សម្រេច​គោល​ដៅ​របស់​ចលនា​នេះ ដោយ​មិន​ខ្វល់​ពី​ការ​ប្តឹង​ផ្តល់​របស់​រដ្ឋាភិបាល​នោះ​ទេ។​

អ្នកស្រី​បញ្ជាក់​ថា៖​

«ឲ្យ​តែ​ស្រមោល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជន​ផ្តាច់​ការ​បារម្ភភ័យខ្លាច​ ​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្វី​ដែល​អ្នក​ស្នេហាជាតិ​កំពុង​តែធ្វើ​ដើម្បី​សង្គ្រោះ​ជាតិ​ ​ជា​ការ​ត្រឹម​ត្រូវ។​ ​យើង​អត់​មាន​ហេតុ​ផល​អ្វី​បញ្ឈប់​ចលនា​របស់​យើង​ទេ​ ​បើ​សិន​ជា​ដំណោះ​ស្រាយ​ទាំង​ពីរ​នោះ​អត់​មាន​បាន​ផ្តល់​អ្វី​ទាំងអស់​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ជាង​ពាក់​កណ្តាល​នគរ​ដែល​ទាមទារ​ មិនមែន​ជា​ការ​ទាមទារ​របស់​បុគ្គល៥​រូប​ឯ​ណា?»​

លោក​ សម រង្ស៊ី​ អះអាង​ថា​ ​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិដែល​ត្រូវ​បាន​សម្ភោធ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១២​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​គឺ​ដើម្បី​តស៊ូ​ដោយ​សន្តិវិធី តាមរយៈ​ការ​រៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ លោក សម រង្ស៊ីក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​ចលនាសង្រ្គោះ​ជាតិប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ដើម្បី​ធានា​សុវត្ថិភាព​និង​ធានា​ប្រសិទ្ធ​ភាព​ការងារ​របស់​ចលនា​នេះ។

ក្រោយ​ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ​ ​គេ​ឃើញ​មន្រ្តី​ជាន់ខ្ពស់​ដែល​ជា​មេ​ទាហាន​ ​និង​មេ​នគរបាល​ជា​ច្រើន​រូប ​បាន​ហៅ​ចលនា​នោះ​ថា ​ជា​ភេរវកម្ម​ ​និង​បាន​ប្តេជ្ញា​បង្រ្កាប​ចលនា​នោះ​ មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា។

លោក សុក សំអឿន​ ​មេធាវី​ជើង​ចាស់​មួយ​រូប​ដែល​តែង​ការពារ​ក្តី​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​លើក​ឡើង​ថា​ ​កម្ពុជា​មាន​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ប៉ុន្តែ​លោក​ថា​ ​មិន​មាន​ការ​ចែង​លម្អិត​ពី​អ្នក​នយោ​បាយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ មិន​ឲ្យ​ចូលរួម​ការ​ធ្វើ​សកម្មភាព​ជាមួយ​សមាគម ​ឬ​ចលនា​ណា​មួយ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​បន្ថែម​ថា ​តាម​ច្បាប់​ ​អំពើ​ណា​មួយ​ដែលមិនមាន​ចែង​ក្នុង​ច្បាប់​ ​មិន​អាច​ចាត់ទុក​ថា ​ជា​បទល្មើស​បាន​ទេ។​

លោក​បញ្ជាក់​ថា៖​

«វា​ពិបាក​ត្រង់​តុលាការ​កំពូល​គាត់​ចេញ​សេចក្តី​សម្រេច​បិទ​មិន​ឲ្យ​ធ្វើ​នយោបាយ។ ​ដល់​អីចឹង​មិន​ដឹង​ថា​ មិន​ឲ្យធ្វើ​នយោបាយ​ក្នុង​ស្រុក​ ​ក្រៅ​ស្រុក​យ៉ាង​ម៉េច?​ អត់​មាន​និយាយ​ច្បាស់! ​នយោបាយ​ហ្នឹង​នយោ​បាយ​ស្អី?​ ​ស្អី​ទៅ​ដែល​ថា​ ការ​ធ្វើ​នយោបាយ?​ ​បើ​គោល​ការណ៍​អន្តរជាតិ​ ​បើ​ច្បាប់​អត់​ច្បាស់​ ​វា​មិន​មែន​ជា​ច្បាប់​ មិន​អាចដាក់​ទោស​គេ​បាន​ទេ។​ ​គ្រាន់​តែ​ការ​បកស្រាយ​ស្រុក​ខ្មែរ​ ​បើ​ច្បាប់​មិន​ច្បាស់​ក៏​ដោយ​ ​តែ​តុលាការ​ដាក់​ទោស​គឺដាក់ទោស​ហើយ»។​

ស្រដៀង​គ្នា​នោះ​ដែរ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​នយោបាយ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ប្តឹង​អ្នកដឹកនាំ​ចលនាសង្គ្រោះ​ជាតិ​ ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ដោយក្រុម​មន្រ្តី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បានរំលាយគឺ​បាន​បង្ហាញ​ពី​ការ​ប្រើ​យុទ្ធសាស្រ្ត​បែប​ផ្តាច់​ការដើម្បី​បង្ក្រាប​លើ​ក្រុម​ប្រឆាំង។​

អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះ​បញ្ជាក់​ថា៖​

«នេះ​គឺជា​វិធានការ​ប្រើប្រាស់​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​ហ្នឹង​ ​ដើម្បី​ដាក់​ទណ្ឌ​កម្ម​បង្រ្កាប​អ្នក​ណា​ដែល​ធ្វើ​សកម្ម​ភាព​ ​ដែល​គេ​ចាត់​ទុក​ថា​ប្រឆាំង​នឹង​បក្ស។​ ​នេះ​ជា​បែប​ផែន​កុម្មុយនីស្ត​ ​និង​យុទ្ធសាស្រ្ត​កុម្មុយនីស្ត»។​

ការ​ចាប់​ឃុំខ្លួន​លោក កឹម សុខា​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​ហាមឃាត់​មន្រ្តី​ជាន់ខ្ពស់​ ​និង​អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​នេះជាង​១០០​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយចំនួន​៥​ឆ្នាំ​ ​និង​ការ​បង្រ្កាប​ផ្សេងៗ​លើ​ក្រុម​ដែល​រដ្ឋាភិបាល​កម្ពុជា​ហៅ​ថា​ ​ជា​អ្នក​មាន​និន្នាការ​ប្រឆាំងក្នុង​ពេល​កន្លង​មក ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​និង​អន្តរ​ជាតិ​ជា​ច្រើន​ ​រិះគន់​ជា​បន្ត​បន្ទាប់។ ពួក​គេ​បាន​បង្ហាញ​ការ​បារម្ភ​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​ចំណែក​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាត់​ទុក​ថា​ ​សកម្មភាព​ទាំង​នេះ​ជា​ការ​បង្ហាញ​ថា​ ​គណ​បក្ស​កាន់​អំណាច​កំពុង​បារម្ភ​អំពី​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា​ខាង​មុខ៕

XS
SM
MD
LG