ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បង្គាប់​ឲ្យ​ស៊ើបអង្កេត​សំណុំ​រឿង​អតីត​អ្នកកាសែត​អាស៊ី​សេរី​បន្ថែម


 អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​​ ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​ ដើម្បីស្តាប់​ការប្រកាស​សាលក្រម​ ក៏ប៉ុន្តែតុលាក
 អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​​ ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​ ដើម្បីស្តាប់​ការប្រកាស​សាលក្រម​ ក៏ប៉ុន្តែតុលាក

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​សារ​តុលាការ​លើក​ហេតុផល​ថា សំណុំរឿង​នេះ គ្មាន​ភស្តុតាង​ពេញលេញ និង​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម។ តែ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​យល់ថា​នេះ គឺ​ការសម្រេច​មិន​សមហេតុផល។

ក្រុម​ជំនុំជម្រះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​លោក​ យាង​ សុធារិន្ទ និង​លោក ​អ៊ួន ​ឈិន​ ឡើង​វិញ និង​បាន​ពន្យារពេល​ប្រកាស​សាល​ក្រម​សារ​ជាថ្មី។

នៅ​ក្នុង​បន្ទប់​ដែល​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​អង្គុយ​រង់​ចាំ​ការ​ប្រកាស​សាល​ក្រមលើ​ករណី​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ចៅក្រម អ៊ឹម វណ្ណៈ បានប្រកាស​ថាព័ត៌មាន​ក្នុង​រឿង​ក្តី​នេះ​មិនទាន់​គ្រប់​គ្រាន់​ ហើយ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។ ដូច្នេះ​ការ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​នេះ ត្រូវ​លើក​ទៅ​ពេល​ក្រោយ​វិញ។ ហើយចៅក្រម​ អ៊ឹម វណ្ណៈ ​ប្រកាសផ្ទេរ​ករណី​នេះ​ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​បន្ត​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​ទៀត។

យោង​តាម​ការ​ប្រកាស​របស់​ចៅ​ក្រម អ៊ឹម វណ្ណៈ តុលាការ​និង​អ្នក​ជំនាញ​នឹង​បន្ត​ស៊ើប​អង្កេតឧបករណ៍ គ្រឿងបរិក្ខារ​ របស់​លោក អ៊ួន ឈិន​ថា​បាន​ប្រើប្រាស់​សម្រាប់​ផ្ទុក​និង​បញ្ជូន​ព័ត៌មាន​ទៅ​បរទេស​ឬ​ទេ​ និង​សិក្សា​អត្ថបទ​សារព័ត៌មាន​ដែល​អ្នក​ទាំងពីរ​ធ្លាប់​សរសេរ​បន្ទាប់ពី​វិទ្យុ​អាស៊ី​សេរី​ បាន​បិទ​ការិយាល័យ​នៅ​កម្ពុជា​ជាដើម ព្រម​ទាំងស៊ើប​រក​ជន​ដែល​ជាប់​ពាក់​ព័ន្ធនឹង​ពួកគេ។

លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា ដែលជា​អតីត​ការី​និពន្ធ និង​ជា​អតីត​អ្នក​គ្រប់គ្រង​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​ក្រុងភ្នំពេញ​ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ។

«បញ្ហា​ត្រង់​ថា​ពេល​វេលា​នៃ​ការ​ស៊ើបអង្កេត​វា​យូរ​ហើយ ហើយ​វា​ប៉ះពាល់​សេរីភាព​ដល់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​។ អ៊ីចឹង​ខ្ញុំ​ជឿ​ថា​តុលាការ​គួរ​ណាស់​យកចិត្ត​ទុកដាក់​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន យកចិត្ត​ទុក​ដាក់​ពី​សេរី​ភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន»។

ចំណែក​លោក អ៊ួន ឈិន ​អតីត​អ្នក​ថត​វីដេអូ​ឲ្យ​វិទ្យុ​នេះ​ ក៏បាន​បង្ហាញ​ការ​ខក​ចិត្ត​ដូច​គ្នា​ដែរ។​

«អ្វី​ដែល​យើង​រំពឹង​ទុក​ហ្នឹង​ណា​ ថា​ថ្ងៃ​នេះ​អ្វីៗ​នឹង​ជ្រះ​ស្រឡះ​ស​ខ្មៅ យើង​ឃើញ​ច្បាស់​ណា​ហើយ​ថា​តើ​យើង​ត្រូវ​ដើរ​ទៅមុខ​ទៀត​យ៉ាង​ណាៗ។ ហើយ​ដល់​ពេល​មក ​នីតិ​វិធី​ត្រឡប់ត្រឡិន​អ៊ីចឹង យើង​វា​អត់​យល់​ទេ»។​

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក ស្ថានទូត​ស៊ុយអែត​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ​បាន​ចូលរួមស្ដាប់​ការ​ប្រកាស​សាល​ក្រម​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មុន​នឹង​ត្រូវ​លើក​ពេល។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក អ្នក​ស្រី​ Emily Zeeberg បដិសេធ​ផ្ដល់​ការ​អធិប្បាយ​នៅ​ព្រឹក​នេះ​បន្ទាប់​ពី​សាលក្រម​បាន​បញ្ចប់។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នក​ស្រី ចក់ សុភាព ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកាស​សាលក្រម​នេះ​ដែរ​ អះអាង​ថា​ការ​ពន្យារពេល​ប្រកាស​សាល​ក្រម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អតីត​អ្នកកាសែត​ទាំងពីរ។

«ខ្ញុំ​យល់ថា​នីតិ​វិធី​នេះ​បាន​ពន្យារពេល​ច្រើន​ ហើយ​ពួកគាត់​បាន​រង​ការ​ចោទ​ប្រកាន់​នេះ​ជា​យូរ​មក​ហើយ។ ហើយ​យើង​មើល​ទៅ សិទ្ធិ​របស់​គាត់​នៅ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ត្រូវ​បាន​ប៉ះពាល់»។​

កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​ចោទប្រកាន់​ដូចគ្នា​ពី​បទ«ផ្ដល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» ឬ​ស្មើ​នឹង​បទ​ធ្វើ​ចារ​កម្ម​ឲ្យ​បរទេស និង​ការ​ចោទ​ប្រកាន់​អំពី​បទ​ផលិត​វីដេអូ អាសអាភាស។ ប្រសិន​បើតុលាការ រក​ឃើញ​ថា​មាន​ទោស អតីត​អ្នកកាសែតទាំងពីរ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​៧​ ដល់​ ១៥​ ​ឆ្នាំ​។

ទោះ​យ៉ាង​ណា លោក​បាន​ច្រានចោល​បទ​ចោទ​នេះ​ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​កំហុស​អ្វី​ឡើយ។

លោក Phil Robertson ​នាយករងអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(Human Rights Watch)​ ប្រ​ចាំ​តំបន់​អាស៊ី​ បាន​ប្រតិកម្ម ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​ត្រូវ​លើក​ពេល​ថា«ការ​បន្ត​ករណី​នេះ​នឹង​បង្កើន​ការ​បំភិតបំភ័យ​មក​លើ​អ្នក​សារព័ត៌មាន​និង​អ្នក​និពន្ធ​កាសែត​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​បន្ត​ដាក់ទោស​វិទ្យុ​អាស៊ី​សេរី​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​ឯករាជ្យ​អំពី​អ្វី​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា»។

យោង​តាម​របាយការណ៍​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា ចាប់​តាំង​ពី​ឆ្នាំ​២០១៧ មក៕

XS
SM
MD
LG