ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ប្តឹង​ទាស់​ជិត​១០ឆ្នាំ សាលា​ឧទ្ធរណ៍​ប្រកាស​បើក​សវនាការ​សំណុំ​រឿង​​លោក វន់ ពៅ


រូបឯកសារ៖ លោក វន់ ពៅ​ ប្រធាន​​សមាគមន៍​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​និង​ប្រជាធិបតេយ្យ​ (IDEA) លើកដៃ​ទៅកាន់​ក្រុម​កម្មករ​ប្រហែល​ជាង​៣០០​នាក់ ​ក្នុងពេលប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​១​ ខែឧសភា ឆ្នាំ ២០១៦​។
រូបឯកសារ៖ លោក វន់ ពៅ​ ប្រធាន​​សមាគមន៍​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​និង​ប្រជាធិបតេយ្យ​ (IDEA) លើកដៃ​ទៅកាន់​ក្រុម​កម្មករ​ប្រហែល​ជាង​៣០០​នាក់ ​ក្នុងពេលប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​១​ ខែឧសភា ឆ្នាំ ២០១៦​។

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ​នឹងបើក​សវ​នាករ​លើ​សំណុំ​រឿងរបស់លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ផ្សេង​ទៀត នៅ​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ​នេះ នៅ​ក្នុង​សំណុំ​រឿង​ដែល​ពួកគេ​បាន​ប្តឹង​ទាស់​ជិត​ ១០ឆ្នាំ​មក​ហើយ។

លោក វន់ ពៅ និង​អ្នក​ផ្សេង​ទៀត​បាន​ប្តឹង​ទាស់​ចំពោះ​ការ​មិន​សុខ​ចិត្ត​លើ​ការ​ចោទ​ប្រកាន់ពី​បទ «ញុះញង់» ពាក់ព័ន្ធ​ការ​ធ្វើបាតុកម្ម​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០​ដុល្លារ ​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​កាល​នោះ​លោក​ត្រូវ​បាន​វាយ​ប្រហារ​បែក​ក្បាល និង​ទ្រោម​ខ្លួន។

​បើ​តា​មដីកា​កោះ​របស់​សាលា​ឧទ្ធរណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ចុះថ្ងៃទី​ ១៧ ខែកក្កដា តុលាការ​បាន​កោះ​ហៅជន​ជាប់​ចោទ​ឈ្មោះ​ វន់ ពៅ និង​ឈ្មោះ ​ថេង សាវឿន ឱ្យ​ចូល​សវនាការនៅថ្ងៃទី​ ១៧ ខែ​សីហា ឆ្នាំ​ ២០២៣ ដើម្បី​ជំនុំ​ជម្រះ​ពី​បទ «ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​ពួកគេ​ធ្លាប់​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

​លោក​ វន់ ​ពៅ បង្ហាញ​ការភ្ញាក់​ផ្អើល​ចំពោះ​ការ​បើក​សវនាការ​របស់​សាលា​ឧទ្ធរណ៍ ដោយ​សារ​លោក​បាន​ប្តឹង​ទាស់​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មក​ហើយ ទើប​តុលាការ​បើក​សវនាការ​នា​ពេល​នេះ។ លោក​បន្ថែម​ថា ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ​គឺ​លោក​និង​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត គឺ​លោក ថេង សាវឿន និង​លោក​ ចាន់​ ពុទ្ធិស័ក្ក ​បាន​អនុវត្ត​ទោសដែល​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស​រយៈពេល​ ៤​ ឆ្នាំ​ ៦ ខែ ​រួច​រាល់​ហើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​នៅ​តែ​មិន​សុខ​ចិត្ត​នៅ​ឡើយ​ទេ​ ពីព្រោះ​មាន​ន័យថា ខ្ញុំ​ជា​អ្នក​រងគ្រោះ​ទេ ព្រោះ​ទាហានឆត្រ​យោង ៩១១ ​វាយខ្ញុំ​ស្ទើរ​តែ​ស្លាប់​បាត់​បង់ជីវិត​ ឱ្យ​ខ្ញុំរង​របួស​ធ្ងន់​ ហើយ​បន្ទាប់​មក​សាលាដំបូង ​ចាប់​ខ្ញុំ​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ​ហើយ​កាត់ទោស​ឱ្យខ្ញុំ​មាន​ទោស ហើយ​ពិន័យ​ជា​ប្រាក់​ទៀត។ អ៊ីចឹង​ហើយ​ជា​រឿង​ដែល​ខ្ញុំ​មិន​សុខចិត្ត។​ វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូបខ្ញុំ​ និង​អ្នក​ដទៃ​ទៀត។ អ៊ីចឹង​ហើយ​បាន​យើង​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ហ្នឹង»។

​វីអូអេ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់ពី​ លោក ថេង សាវឿន​ ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) បាន​នៅ​ឡើយ​ទេ។

​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ថ្លែង​ថា​ ការ​បន្ត​នីតិវីធី​របស់​សាលា​ឧទ្ធរណ៍ គឺជាដំណើរ​ការ​ស្របតាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ និង​មិន​ប៉ះ​ពាល់​សិទ្ធិជន​ជាប់​ចោទ​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​ជា​សារ​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ជា​នីតិវិធី​ច្បាប់ ​អត់​មាន​ទាស់​ខុស​អី។ ទោះ​បី​អនុវត្ត​ទោស​ចប់​ក៏​ដោយ ក៏​នីតិវិធី​ឧទ្ធរណ៍​នៅតែ​អាច​បន្ត​ដំណើរ​ការ​ទៅ​មុខ​បាន​ដែរបើ​មិន​ទាន់​ចប់»។

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ កត់​សម្គាល់​ថា​ នីតិវិ​ធីដែល​អូស​បន្លាយពេល​យូរបែប​នេះ​ធ្វើជន​ជាប់​ចោទ ​ត្រូវរង់ចាំពេល​វេលា​យូរ ដើម្បី​ទទួល​បាន​យុត្តិធម៌។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា​នីតិវិ​ធីនេះ​ វា​មាន​ការ​អូស​បន្លាយពេល​យូរ។​ បើ​យើង​គិត​ទៅ​ជិត​ ១០ឆ្នាំ ​រហូតដល់​ពេល​នេះ ​បាន​សាលា​ឧទ្ធរណ៍ ធ្វើការកោះ​ហៅ​ម្តង​ទៀត សម្រាប់​ធ្វើការ​ជំនុំ​ជម្រះ​នៅ​ពេល​ខាង​មុខ​នេះ។ អ៊ីចឹង​បើ​សិន​ជា​និយាយ​អំពី​ការ​រង់ចាំ​ ហើយ​ការ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​យុត្តិធម៌​ ពី​សាលា​ឧទ្ធរណ៍​ឡើង​វិញ​ហ្នឹង ​វារយៈពេល​យូរ​ដែរ»។

បើ​តាម​ លោក វន់ ពៅ លោក​ពិត​ជា​បាន​ទទួល​បាន​ដីកា​កោះ​ហៅ​របស់​សាលា​ឧទ្ធរណ៍​លើក​ទី ១ កាលពី​ឆ្នាំ​ ២០១៥ ប៉ុន្តែ​លោក​សុំ​ពន្យារ​ពេល ដោយ​សារ​លោក​មាន​បញ្ហា​សុខ​ភាព។ លោក​បន្ថែម​ថា ​លោកនឹង​ទៅ​ចូល​រួមសវនាការ​នៅ​សាលា​ឧទ្ធរណ៍ ​នៅ​ថ្ងៃ​ទី ១៧ ខែ​សីហា ​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG