ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការក្រុងភ្នំពេញ​​បន្តសាកសួរ​លើ​សំណុំរឿង​ហិង្សា​សួន​ប្រជាធិបតេយ្យ


រូបឯកសារ៖ លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​និង​សហការី​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​បន្ទាប់​ពី​ចៅក្រម​ហាម​ឃាត់​មិន​ឱ្យ​ចូលរួម។

អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប ដែល​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​បាន​ទៅ​បង្ហាញ​មុខ​នៅ​តុលាការ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​នេះ​តាម​ការ​កោះ​ហៅ​ដើម្បី​សាកសួរ​បន្ថែម​ទៀត​ទាក់​ទង​នឹង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន។

លោកស្រី មូរ សុខហួរ​ អ្នក​តំណាងរាស្ត្រ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​បដិសេធ​មិន​ឆ្លើយ​រាល់​សំណួរ​ទាំងឡាយ​របស់​ចៅក្រម​ស៊ើបសួរ​ កែវ មុន្នី​ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ហិង្សា​នោះ​ទេ ដោយ​លោក​ស្រី​បាន​សំអាង​ទៅលើ​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្រ្ត។

លោកស្រី​បាន​បញ្ជាក់​ប្រាប់​VOA ថា៖ «ខ្ញុំ​រក្សា​សិទ្ធិ​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ត​មាន​អភ័យ​ឯកសិទ្ធិ​ ហើយ​មាត្រា​៨០ និង​នីតិវិធី​ស្តី​អំពី​ការ​កោះហៅ​តំណាង​រាស្រ្ត​យក​មកដើម្បី​រក្សា​សិទ្ធិ​មិន​ឆ្លើយ​សំណួរ​នៃ​លោក​ចៅក្រម​ដែល​សាកសួរ‍»។

មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​បាន​ចែង​ថា «តំណាងរាស្រ្ត​ណា​ក៏ដោយ​មិន​អាច​ត្រូវបាន​ចោទ​ប្រកាន់​ចាប់ខ្លួន​ ឬ​ឃុំខ្លួន​ ដោយ​ហេតុ​ពី​បាន​សម្តែង​យោបល់ ឬ​បញ្ចេញមតិ​ក្នុងការ​បំពេញ​មុខ​ងារ​របស់​ខ្លួន​សោះ​ឡើយ‍»។​

លោកស្រី​មូរ សុខហួរ ​បាន​បន្ថែម​ថា៖ ​«សំណួរ​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ​នៅថ្ងៃ​ទី​១៥​ខែកក្កដា​នៅ​លើ​ស្ពាននាគ»។ ប៉ុន្តែ ​លោកស្រី​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​នានា​ជុំវិញ​ការ​ប៉ះទង្គិចដ៏​ហិង្សា​នោះ ដោយ​លោក​ស្រី​បាន​ពន្យល់​ថា រាល់​ការ​តវ៉ា​ទាំងឡាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ឈរ​លើ​គោលការណ៍​អហិង្សា។

អំពើ​ហិង្សា​បាន​កើត​ឡើង​នៅក្បែរ​សួនប្រជា​ធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ខណៈពេល​ដែល​មាន​បាតុ​កម្ម​ទាមទារ​ឲ្យ​បើក​សួន​នេះ​ឡើង​វិញ​រហូត​ដល់​មាន​ការប៉ះទង្គិចគ្នា​រវាង​ក្រុមបាតុករ​នៃ​គណបក្ស​ប្រឆាំង​ដែល​ពុំ​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ និង​ក្រុម​សន្តិសុខ​ដែល​ជួល​ដោយ​សាលា​ខណ្ឌ​ដូនពេញ។

នៅក្នុង​ការ​ប៉ះទង្គិចគ្នា​នោះ​ មាន​មនុស្ស​ជាង​៤០នាក់​បាន​រងរបួស​ដោយ​ភាគ​ច្រើន​នៃ​អ្នក​រងរបួស​គឺ​ជា​កង​សន្តិសុខ។

VOA ​មិនអាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ ​កែវ​ មុន្នី ​បាន​ទេ ​ដោយសារ​តែ​លោក​មិន​លើក​ទូរស័ព្ទ។

អ្នកវិភាគ​នយោបាយ​ លោក សុខ ទូច​ បាន​លើក​ឡើង​ថា ​ការណ៍​ដែល​តុលាការ​បន្ត​សួរនាំ​សមាជិក​គណបក្ស​ប្រឆាំង​គឺ​គ្រាន់​តែ​ជា​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ ​បើ​ទោះ​ជា​មាន​ការ​សម្រប​សម្រួល​ខាង ផ្នែក​នយោបាយ​រវាង​ថ្នាក់នាំ​នៃ​គណបក្ស​ប្រឆាំង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី។

លោក​បន្ថែម​ថា៖ «បើ​អ្នកនយោបាយ​ត្រូវគ្នា ​ហើយ​តុលាការ​បញ្ចប់​នីតិវិធី​ភ្លាម​ តើឲ្យ​សង្គម​មាន​យុត្តិធម៌​យ៉ាងម៉េច?»

លោក មាជ សុវណ្ណារ៉ា​ មន្ត្រី​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​ខាង​មុខ​នេះ​ដែរ។

កាលពី​ដើម​ខែ​មេសា តំណាង​អយ្យការ​តុលាការ​ក្រុងភ្នំពេញ​បាន​ប្រើ​ពេល​៧ម៉ោង ដើម្បី​សួរដេញ​ដោល​លោក កឹម សុខា ​អនុប្រធាន​គណបក្សសង្រ្គោះ​ជាតិ​ និង​ជា​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ជាតិ​អំពី​ការ​ធ្វើបាតុកម្ម​ក្រោយ​ពេល​បោះឆ្នោត។ ទោះ​បី​ជា​យ៉ាងណា​ តុលាការ​មិនទាន់​មាន​ចំណាត់​អ្វី​នៅ​ឡើយ​ទេ បន្ទាប់​ពី​ការ​សាក​សួរ​នា​ពេល​នោះ៕

XS
SM
MD
LG