ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ពន្យា​ពេល​សវនាការ​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ


រូបឯកសារ៖ ក្រុម​អ្នករងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​បាន​មក​តវ៉ា​នៅ​ខាង​ក្រៅ​អគារ​សាលា​ឧទ្ធរណ៍ ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះលែង​សកម្មជន​បឹងកក់​ចំនួន​១០​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ។
រូបឯកសារ៖ ក្រុម​អ្នករងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​បាន​មក​តវ៉ា​នៅ​ខាង​ក្រៅ​អគារ​សាលា​ឧទ្ធរណ៍ ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះលែង​សកម្មជន​បឹងកក់​ចំនួន​១០​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ។

កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ តុលាការ​ក្រុង​ភ្នំ​ពេញ​បាន​សម្រេច​ពន្យា​ពេល​សវនាការ​សារ​ជា​ថ្មី​ម្តង​ទៀត​ដោយ​មិន​មាន​ពេល​កំណត់​ លើសំណុំ​រឿង​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១នាក់​ ដែល​ជាប់​ចោទ​ពី​បទ​ធ្វើ​កុប្បកម្ម​ប្រឆាំង​រដ្ឋាភិបាលកាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​នោះ។​

ការ​លើក​ពេល​នេះ​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​បាន​ប៉ុន្មាន​នាទី តែ​ប៉ុណ្ណោះ។

​លោក​ ​ជូង​ ជូងី​ មេធាវី​ មួយ​រូបក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​និង​សកម្មជន​ទាំង​១១រូប​បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា​ការពន្យា​ពេលនេះ​ទំនង​ជា​នីតិវិធី​របស់​តុលាការ​ ដែល​មិន​បាន​កោះ​ហៅ​ជន​ជាប់​ចោទ​៥រូប​ដែល​ទើបតែ​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ដើម​សប្តាហ៍​មុន។

«តុលាការ​សម្រេច​ពន្យា​ពេល​សវនា​ទៅ​ថ្ងៃ​ក្រោយ​ រង់ចាំ​តុលាការ​ចេញ​ដីការ​កោះ​តាម​ក្រោយ។​ មូលហេតុ​គឺ​ដោយ​ក្រោយពី​តុលាការ​សម្រេច​ដោះ​លែង​នៅ​ក្រៅឃុំ​ជនត្រូវចោទ​៥នាក់​នឹង​មក​ តុលាការ​អត់បាន​ចេញ​ដីការ កោះអ្នកទាំង៥នាក់​និង​ឲ្យ​ចូល​រួម​សវនាការ​នាថ្ងៃទី​២០​នេះ​ទេ»។​

ក្រុម​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប ​រួម​មាន​ លោក ​មាជ សុវណ្ណរ៉ា​ ប្រធាន​ក្រុម​ព័ត៌​មានរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ ចោទ​ពី​បទ​ចូលរួម​និង​ដឹក​នាំ​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​បន្ទាប់​ពី​មានអំពើ​ហិង្សា​មួយ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​ ១៥​ ខែ​កក្កដា​ឆ្នាំ​២០១៤​។ តុលាកា​សំអាង​ថា​កង​សន្តិសុខ​ប្រមាណ​ជិត​៥០​នាក់​ដែល​ជួល​ដោយសាលា​ក្រុង​ភ្នំពេញ ​បាន​រង​របួស​ក្នុង​អំពើ​ហិង្សា​នោះ។​

សកម្មជន​នយោ​បាយ​ទាំង​ ១១​នាក់​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ជា​បន្ត​បន្ទាប់។​ ក្នុង​នោះ​សកម្មជន​៥រូប​ចុងក្រោយ​រួម​ទាំង​លោក​ មាជ សុវណ្ណារ៉ា​ ផង​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​កាលពី​ថ្ងៃច័ន្ទ​សប្តាហ៍​មុន។​ ការដោះលែង​នេះគឺ​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​ ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​បាន​ឯកភាព​នយោ​បាយ​និង​យល់​ព្រម​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មីមួយ​កាល​ពី​ដើម​ខែ​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ពន្យា​ពេល​សវនាការ​ជាច្រើន​លើក​មក​ហើយ​រួម​ទាំង​ពេល​ដែលតុលាការ​មិន​អនុញ្ញាត​ឲ្យអ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ស្តាប់​ក្នុង​បន្ទប់​សវនាការ​ជា​ដើម។

លោក ​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មានរបស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា​រូបលោក​និង​សកម្មជន​នយោបាយ​១០រូប​ផ្សេង​ទៀត​បាន​ចូល​រួម​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ផង​ដែរ​ ទោះ​បី​ជា​គ្មាន​ការ​កោះ​កៅ​ពី​តុលាការ​ក៏​ដោយ។​ លោក​បន្ថែម​ថា​ ​តុលាការ​គួរ​តែ​ពន្លឿន​ដំណើរ​ការកាត់​ទោស​នេះ​ឲ្យ​បាន​ឆាប់​ ក្រោយ​ពី​មាន​កា​ស្រុះ​ស្រួល​នយោ​បាយ​នៅ​ក្នុង​ស្រុក​នោះ។

«ឥឡូវ​នយោបាយ​ជាប់គាំង​ ​បាន​បញ្ចប់​ ដោយ​វប្បធម៌​សន្ទនា​រវាង​លោកហ៊ុនសែន​ និង​លោក​ សម រង្ស៊ី​រួច​អញ្ចឹងគួរ​តែ​តុលាការ​ពន្លឿន​នីតិវិធីឲ្យ​លឿន ​ថា​តើ​បើ​អត់ទោស​ទៅ​តាម​អត់ទោស។​ ​ហើយ​បើ​មាន​ទោស​ហ្នឹង​វា​ទោសយ៉ាង​ម៉េច​ ហើយ​ត្រូវ​ធ្វើយ៉ាង​ម៉េច​ទៀត​ ដើម្បីឲ្យ​វា​ជ្រះស្រឡះ​ ព្រោះ​យើង​ជា​អ្នក​នយោបាយ ​បើ​គេ​ចោទ​ទៅ​លើ​ករណី​អញ្ចឹង​ទៅ​ វា​ពិបាក​ក្នុង​ការធ្វើ​នយោបាយ​ ​ដើរ​ហើរ​និយាយ​ស្តី»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​នៅ​តែ​អះអាង​ថា លោក​និង​សកម្មជន​ នយោបាយ​ផ្សេង​ទៀត​ មិន​មាន​ទោស​កំហុស​អ្វី​នោះ​ទេ​ ក្នុង​ការធ្វើ​បាតុ​កម្ម​សុំឲ្យ​មាន​ការ​បើកទី​លាន​ប្រជាធិតេយ្យ​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ឆ្នាំ​២០១៤​ ​កន្លង​មក​នេះ។

ការចាប់​ខ្លួន​និង​ចោទ​លើ​សកម្មជន​នយោបាយ​ទាំង​១១​រូបនេះ​ រង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​និង​ក្រៅ​ស្រុក។​ ក្នុង​នោះ​អង្គការ​ Human Rights Watch​ ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង​ញ៉ូវយ៉ក​សហរដ្ឋអាមេរិក​បានហៅ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​មន្ត្រី​និង​សកម្ម​ជន​ទាំង​១១​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ​ជា​«រឿង​គួរ​ឲ្យ​អស់​សំណើច»​ និង​ជា​រឿង​នយោបាយ៕

XS
SM
MD
LG