ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សាកសួរ​លោក​កឹម សុខា​រយៈពេល​៧ម៉ោង


លោក​​ កឹម​ សុខា​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ សំពះ​ទៅ​កាន់​អ្នក​គាំ​ទ្រ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​​ពុធ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៥។ លោក​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​បក​ស្រាយ​បំភ្លឺ​អំពី​សេចក្តី​ថ្លែង​ការណ៍​ដែល​លោក​បាន​និយាយ​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មុន ដោយ​ប្រាប់​អ្នក​គាំ​ទ្រ​ថា​ គណបក្ស​ប្រឆាំង​សង្ឃឹម​ថា​​នឹង​អាច​​​គ្រប់​គ្រង​ប្រទេស​នៅ​ថ្ងៃ​មួយ។​ ​កន្លង​មក​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាននិយាយ​ជា​សាធារណៈ​ថា​ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​​មន្ទិល​អំពី​ចេតនា​របស់​លោក​ កឹម សុខា។​ (នូវ​ ពៅ​លក្ខិណា​/VOA)
លោក​​ កឹម​ សុខា​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ សំពះ​ទៅ​កាន់​អ្នក​គាំ​ទ្រ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​​ពុធ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៥។ លោក​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​បក​ស្រាយ​បំភ្លឺ​អំពី​សេចក្តី​ថ្លែង​ការណ៍​ដែល​លោក​បាន​និយាយ​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មុន ដោយ​ប្រាប់​អ្នក​គាំ​ទ្រ​ថា​ គណបក្ស​ប្រឆាំង​សង្ឃឹម​ថា​​នឹង​អាច​​​គ្រប់​គ្រង​ប្រទេស​នៅ​ថ្ងៃ​មួយ។​ ​កន្លង​មក​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាននិយាយ​ជា​សាធារណៈ​ថា​ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​​មន្ទិល​អំពី​ចេតនា​របស់​លោក​ កឹម សុខា។​ (នូវ​ ពៅ​លក្ខិណា​/VOA)

នៅ​ថ្ងៃពុធ​នេះ​ តំណាង​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សួរ​ដេញ​ដោល​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុ​ប្រធាន​ទី១​នៃ​រដ្ឋ​សភា​អំពី​ការ​ធ្វើ​បាតុកម្ម ​ក្រោយ​ពេល​បោះឆ្នោត​ និង​ការ​លើក​ឡើង​របស់​លោក​អំឡុង​ពេល​ទស្សនកិច្ច​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ខែមុន។​

ក៏​ប៉ុន្តែ​តុលាការ​មិន​ទាន់​មាន​ចំណាត់​អ្វី​នៅ​ឡើយ​ទេ ​ក្រោយ​ពី​ការ​សាក​សួរ​អស់​រយៈ​ពេល​ជាង​៧​ម៉ោង​រួច​មក។​ តាម​ការ​ឲ្យ​ដឹង​ ​មេធាវី​ការពារលោក​កឹម សុខា​ចំនួន​បួន​រូប​ក៏​បាន​ចូលរូម​ការពារ​លោក​ដែរ​ ពេល​លោកឆ្លើយ​នឹង​សំណួរ​របស់​តំណាង​អយ្យការ​ពីរ​រូប​ រួម​ទាំង​លោក​លី សុផាន់ណា ​ដែល​ជា​ព្រះរាជ​អាជ្ញារងផង​ដែរ។​

បន្ទាប់ពី​ការ​សាក​សួរ​របស់​តំណាង​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​ លោក​កឹម សុខា​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ តំណាង​អយ្យការ​បាន​សួរ​សំណួរច្រំ​ដែលៗ​ និង​ឈ្លេចសួរ​លោក​ទាក់​ទង​នឹង​«និយម​ន័យ​នៃ​ពាក្យ​បដិវត្តន៍»​ និង​ការ​ចូលរួម​ធ្វើ​បាតុកម្ម​ក្រោយពី​ការ​បោះ​ឆ្នោត​នោះ។​ លោក​បាន​បញ្ជាក់​ថា​ ការ​សាកសួរ​នេះ​បាន​បញ្ចប់​ហើយ។​

«សួរ​លម្អិត ​សួរ​គ្រប់​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ។​ សួរ​តាំង​ពី​បាតុកម្ម​ តាំង​ពី​នៅ​អាមេរិក។​ សួរ​គ្រប់​ពេល​វេលា​ទាំង​អស់​ សួរ​ពាក្យ​ ហើយ​សួរ​អ្វី​ដែល​មិន​គួរ​សួរ​ក៏​សួរ​ដែរ។​ សួរ​តាំង​ពី​និយម​ន័យ​ពាក្យ​ថា ​បដិវត្តន៍»។​

លោកស្រី​ ម៉េង សុភារី​ មេធាវី​មួយ​រូប​ក្នុង​ចំណោម​៤​រូប​ដែល​តំណាង​ ឲ្យ​លោក​កឹម សុខា​ក្នុង​ពេល​សាក​សួរ​នោះ​ បាន​ប្រាប់​អ្នក​ព័ត៌មាន​ថា​ ការ​សាក​សួរ​នោះ​គឺ​គ្មាន​គោល​ដៅច្បាស់​លាស់​ទេ។​ លោកស្រី​បាន​បន្ត​ថា ​មក​ដល់​ពេល​នោះ​មិនទាន់​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​លើ​កូន​ក្តី​របស់​លោក​ស្រី​នៅ​ឡើយ​ទេ។

«ខ្ញុំ​យល់​ថា ​សំណួរ​ហ្នឹង​វា​ស្មុគស្មាញ​ និង​គ្រប់​រឿង​ គ្រប់​ព្រឹត្តិការណ៍។​ គ្រាន់​តែ​ថា​ ពេល​នេះ​យើង​សុំ​ឲ្យ​បញ្ឈប់​ការ​សាកសួរលើ​គាត់​ទៀត។​ ហើយ​នៅ​ថ្ងៃ​នេះ​គឺគាត់​មក​ឆ្លើយ​មិនមែន​ក្នុង​នាម​ជា​សាក្សី ​មិនមែន​ដើម​បណ្តឹង​ មិន​មែន​ជា​ចុងចោទ​អ្វី​ទាំង​អស់​គឺ​នៅ​ក្នុង​នាម​តំណាង​អយ្យការ​អញ្ជើញ​មក​បំភ្លឺ»។

ការ​ចូល​បំភ្លឺ​របស់​លោក​កឹម សុខា​ថ្ងៃ​នេះ​គឺ​តាម​ការ​កោះ​កៅ​របស់​ តំណាង​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​កោះ​ហៅ​លោក​កឹម សុខា​ឲ្យចូល​បំភ្លឺ​បន្ថែម​លើ​សំណុំរឿងលេខ​១៥​ ចុះ​ថ្ងៃ​ទី​០៣​ ខែ​មករា​ឆ្នាំ​២០១៤​ ដែល​ទាក់ទិន​នឹង​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​កាល​ពី​ដើម​ឆ្នាំ​មុន​នោះ​ ហើយ​ដែល​លោក​បាន​ចូល​បំភ្លឺ​ម្តងរួច​មក​ហើយ។​

ការ​តវ៉ា​របស់​កម្មករ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​កាលពី​ចុង​ឆ្នាំ​២០១៣​និង​ដើម​ឆ្នាំ​២០១៤​ត្រូវ​បាន​រង​ការ​បង្ក្រាប​ដោយ​កង​កម្លាំង​មាន​សមត្ថ​កិច្ច​នៅ​ផ្លូវ​វ៉េងស្រេង​និង​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​រង​របួស​ជាច្រើន​ទៀត​ព្រម​ទាំង​មាន​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ដែល​នៅ​ ជិត​ខាង​នោះ​ផង​ដែរ។​

ការ​កោះ​ហៅ​នេះ​គឺ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនវាយ​ប្រហារ​ដោយ​ប្រើ​ពាក្យ​សម្តី​ និង​ស្នើ​ឲ្យ​តុលាការ​ចាត់​វិធាន​ការ​លើ​លោក​កឹម សុខា​ ក្រោយ​ពេល​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ខែ​មុន​ ដែល​ថា ​លោក​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​នៅ​កម្ពុជា​នោះ​ទេ។

លោក​អំ សំអាត​ ​ប្រធាន​ក្រុម​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ថា​ ការ​កោះហៅ​នេះ​មាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​នឹង​រឿង​នយោបាយ​ ជាពិសេស​គម្រោងនៃ​ការ​បង្កើត​គ.ជ.ប.​ពេល​ថ្មីៗនេះ​ និង​គម្រោង​រៀបចំ​បង្កើត​ច្បាប់​គ្រប់គ្រង​លើ​អង្គការ​សង្គម​ស៊ីវិល​ជាដើម។​

«យើង​គិត​ថា ​កាលៈទេសៈ​អី​ក៏​ដោយ​នៅ​ស្រុក​ខ្មែរ​គេ​តែងតែ​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​នយោបាយ​ជាន់​ខ្ពស់​ដើម្បី​ធ្វើការ​ចរចា»។​

VOA ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ រួម​ទាំង​លោក​ព្រះ​រាជ​អាជ្ញារង​លី សុផាន់ណា​ផង​ដែរ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​ ដោយ​សារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល៕

XS
SM
MD
LG