ពលរដ្ឋអាមេរិកាំងអាចចូលក្នុងប្រទេសហ្វីលីពីន ដែលជាប្រទេសប្រជុំកោះសម្បូរទៅដោយឆ្នេរខ្សាច់ស្រស់ស្អាតដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន។ ការណ៍នេះធ្វើឱ្យចំណេញពេលវេលា និងថ្លៃដាក់ពាក្យស្នើសុំទិដ្ឋាការនៅមុនពេលធ្វើដំណើរ។
អ្នកស្រី Maria Ela Atienza ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ University of the Philippines Diliman និយាយថា «ប្រសិនបើយើងមើលពីស្ថានភាពនៃទំនាក់ទំនងរវាងហ្វីលីពីនជាមួយនឹងសហរដ្ឋអាមេរិក ច្បាស់ណាស់ហ្វីលីពីននឹងមានការខាតបង់ច្រើនជាងពលរដ្ឋអាមេរិកាំង ប្រសិនបើមានបញ្ញត្តិអំពីទិដ្ឋាការបែបនោះ។ ពលរដ្ឋអាមេរិកាំងអាចមានជម្រើសផ្សេងទៀត»។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសរសេរតាមរយៈគេហទំព័រខុទ្ទកាល័យរបស់លោកកាលពីខែមុនថា ពលរដ្ឋអាមេរិកាំងនឹងត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទទេសចរណ៍ ប្រសិនបើសហរដ្ឋអាមេរិកហាមឃាត់មន្ត្រីរបស់រដ្ឋាភិបាលក្រុងម៉ានីល ដែលពាក់ព័ន្ធនឹងការផ្តន្ទាទោសឲ្យអ្នកស្រី Leila de Lima ជាប់ពន្ធនាគារ មិនឲ្យចូលសហរដ្ឋអាមេរិកនោះ។ អ្នកស្រី Lima គឺជាសមាជិកព្រឹទ្ធសភាហ្វីលីពីន ដែលមានគំនិតប្រឆាំងនឹងលោកប្រធានាធិបតី Duterte។
លក្ខខណ្ឌតម្រូវឱ្យពលរដ្ឋអាមេរិកាំងសុំទិដ្ឋាការចូលហ្វីលីពីននេះអាចនឹងបន្ធូរបន្ថយការខឹងសម្បារក្នុងចំណោមពលរដ្ឋហ្វីលីពីន ដែលជឿថា បទបញ្ញត្តិសព្វថ្ងៃមានភាពអយុត្តិធម៌។ ពលរដ្ឋហ្វីលីពីនត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការចូលសហរដ្ឋអាមេរិក ដែលត្រូវបង់ប្រាក់១៦០ដុល្លារអាមេរិក ប៉ុន្តែមិនប្រាកដថាទទួលបានទិដ្ឋាការនោះទេ។
ផលប៉ះពាល់លើវិស័យទេសចរណ៍
អ្នកវិភាគនិយាយថា ការសងសឹកគ្នានេះអាចនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ដែលអាចរកចំណូលបានចំនួន៤ពាន់៧រយ៨០លានដុល្លារនៅក្នុងឆមាសទី១ក្នុងឆ្នាំ២០១៩ ដោយសារតែសហរដ្ឋអាមេរិកគឺជាប្រទេសធំទី៣ បន្ទាប់ពីកូរ៉េខាងត្បូង និងចិន ដែលធ្វើទេសចរណ៍ទៅកាន់ប្រទេសហ្វីលីពីន។
ពលរដ្ឋអាមេរិកាំងដែលត្រូវចំណាយពេល និងប្រាក់ដើម្បីទទួលបានទិដ្ឋាការអាចសម្រេចចិត្តទៅប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនតម្រូវឱ្យសុំទិដ្ឋាការជាមុន ឬអាចស្នើសុំនិងបង់ប្រាក់សម្រាប់ទិដ្ឋាការនៅពេលទៅដល់។
តួលេខរបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីនបានបង្ហាញថា តួលេខអ្នកទេសចរអន្តរជាតិដែលមកលេងប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៨បានកើនឡើង៧,៧%លើសឆ្នាំ២០១៧ ដែលធ្វើឲ្យភ្ញៀវទេសចរមានចំនួន៧លាន១សែននាក់។ ក្នុងចំណោមអ្នកទេសចរទាំងនោះ អ្នកទេសចរចំនួន១.៥៨៧.៩៥៩នាក់មកពីប្រទេសកូរ៉េខាងត្បូង ចំនួន១.២៥៥.២៥៨នាក់មកពីប្រទេសចិន និងចំនួន១.០៣៤.៣៩៦នាក់មកពីសហរដ្ឋអាមេរិក។
ពលរដ្ឋអាមេរិកាំងជារឿយៗធ្វើដំណើរទៅប្រទេសហ្វីលីពីនដើម្បីសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់ និងទៅទស្សនាសំណង់អេស្ប៉ាញបុរាណ។
ពលរដ្ឋអាមេរិកាំងដើមកំណើតហ្វីលីពីនដែលនៅតែកាន់លិខិតឆ្លងដែនហ្វីលីពីននៅតែអាចចេញចូលស្រុកកំណើតដោយមិនចាំបាច់សុំទិដ្ឋាការ។ លោក Ramon Casiple ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានសម្រាប់កំណែទម្រង់នយោបាយ និងការបោះឆ្នោត ដែលជាអង្គការតស៊ូមតិប្រចាំនៅរដ្ឋធានីម៉ានីល បាននិយាយថា៖ «អ្នកទេសចរប្រហែលជាអ្នករងផលប៉ះពាល់ គឺថាអ្នកទេសចរអាមេរិកាំងដែលមិនមានកំណើតនៅហ្វីលីពីន»។
សមាជិកព្រឹទ្ធសភានិងលោកប្រធានាធិបតី Duterte
លក្ខខណ្ឌតម្រូវឲ្យសុំទិដ្ឋាការអាចបង្ហាញពីការប្រឆាំងរបស់រដ្ឋាភិបាលហ្វីលីពីនចំពោះសំណើថវិការបស់សហរដ្ឋអាមេរិកក្នុងការហាមឃាត់មន្ត្រីមួយចំនួនពាក់ព័ន្ធនឹងករណីរបស់សមាជិកព្រឹទ្ធសភាអ្នកស្រី De Lima មិនឱ្យចូលក្នុងទឹកដីអាមេរិក។
អ្នកស្រី De Lima ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លាទៅលើលោកប្រធានាធិបតី Duterte ត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០១៧ ពីបទរៀបចំឱ្យមានការជួញដូរគ្រឿងញៀន នៅពេលអ្នកស្រីមានតួនាទីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌មុនឆ្នាំ២០១៥។ មនុស្សមួយចំនួនជឿថា ការចាប់ខ្លួនអ្នកស្រីគឺជារឿងនយោបាយ។
សំណើថវិកាអាមេរិកាំងឆ្នាំ២០២០មានបទបញ្ញត្តិមួយដែលផ្តល់អំណាចដល់រដ្ឋមន្ត្រីការបរទេសក្នុងការហាមឃាត់មន្ត្រីហ្វីលីពីនមួយចំនួនមិនឱ្យចូលក្នុងទឹកដីអាមេរិក ប្រសិនបើភាគីអាមេរិករកឃើញនូវ «ព័ត៌មានគួរឱ្យទុកចិត្តបាន» ថា មន្ត្រីទាំងនោះ «ជាប់ពាក់ព័ន្ធនៅក្នុងការកាត់ទោសខុស» ទៅលើអ្នកស្រី De Lima។
លោក Salvador Panelo អ្នកនាំពាក្យរបស់ប្រធានាធិបតី [ហ្វីលីពីន] បានសរសេរនៅលើគេហទំព័រខុទ្ទកាល័យប្រធានាធិបតីថា «យើងបានពន្យល់ម្តងហើយម្តងទៀតថា បទបញ្ញត្តិនោះមិនមានប្រសិទ្ធភាពនោះទេ ដោយសារតែសមាជិកព្រឹទ្ធសភាហ្វីលីពីនមិនត្រូវបានឃុំខ្លួនខុសនោះទេ។ លោកបានបន្តថា ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តហាមឃាត់មន្ត្រីហ្វីលីពីនមែននោះ «រដ្ឋាភិបាលហ្វីលីពីននឹងតម្រូវឱ្យពលរដ្ឋអាមេរិកាំងទាំងអស់ដែលចង់ធ្វើដំណើរមកហ្វីលីពីនដាក់ពាក្យស្នើសុំ និងទទួលបានទិដ្ឋាការ មុនពេលពួកគេអាចចូលក្នុងទឹកដីហ្វីលីពីនបានដូចគ្នាដែរ»។
ស្ថានទូតអាមេរិកនៅក្នុងក្រុងម៉ានីលមិនបានឆ្លើយតប និងផ្តល់អត្ថាធិប្បាយនោះទេ។
បញ្ហានៃការធ្វើសម្បទានទៅវិញទៅមក
លោក Casiple បាននិយាយថា បទបញ្ញត្តិអំពីទិដ្ឋាការសម្រាប់ពលរដ្ឋអាមេរិកាំងអាចនឹងធ្វើឱ្យមានការចរចាទៅលើបទបញ្ញត្តិអំពីទិដ្ឋាការនៃប្រទេសទាំងពីរ។ ពលរដ្ឋហ្វីលីពីនត្រូវតែដាក់ពាក្យស្នើសុំទិដ្ឋាការចូលសហរដ្ឋអាមេរិក។ មិនមែនអ្នកដាក់ពាក្យទាំងអស់សុទ្ធតែទទួលបានទិដ្ឋាការនោះទេ។
លោកបាននិយាយថា «ខ្ញុំគិតថា វាស្ថិតក្នុងបរិបទនៃការចរចាឡើងវិញ។ វាមិនស្ថិតក្នុងបរិបទគោលនយោបាយភ្លាមៗនោះទេ។ ច្បាស់ណាស់ វានឹងមានការលើកឡើងពីការធ្វើសម្បទានគ្នាទៅវិញទៅមក»។
កាលពីមុន ពលរដ្ឋហ្វីលីពីនចាត់ទុកសហរដ្ឋអាមេរិកដែលជាប្រទេសមានជាងខ្លួន ជាកន្លែងធ្វើការទទួលបានប្រាក់ខែខ្ពស់ និងផ្ញើប្រាក់មកឱ្យគ្រួសារនៅផ្ទះវិញ។ អ្នកដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ត្រូវបង់ប្រាក់ចំនួន១៦០ដុល្លារអាមេរិក និងត្រូវឆ្លងកាត់ការសម្ភាសន៍នៅស្ថានកុងស៊ុលដើម្បីទទួលបានទិដ្ឋាការ។ ទិន្នន័យរបស់ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបង្ហាញថា ពលរដ្ឋហ្វីលីពីនចំនួន៥.២៧៦នាក់បានស្នាក់នៅក្នុងសហរដ្ឋអាមេរិកលើសថ្ងៃកំណត់ក្នុងទិដ្ឋាការរបស់ពួកគេ កាលពីឆ្នាំ២០១៨។
មនុស្សមួយចំនួននិយាយថា លោកប្រធានាធិបតី Duterte នឹងមិនធ្វើតាមការគំរាមកំហែងរបស់លោកនោះទេ ។
លោក Sean King ដែលជាអនុប្រធាននៃក្រុមហ៊ុនប្រឹក្សាយោបល់នយោបាយដែលមានឈ្មោះថា Park Strategies និងមានមូលដ្ឋាននៅក្នុងបុរីញូវយ៉កនិយាយថា «ខ្ញុំមិនសូវជឿលើការគំរាមអំពីទិដ្ឋាការរបស់លោកប្រធានាធិបតី Duterte ដោយសារតែលោកប្រធានាធិបតីមានប្រវត្តិគ្រាន់តែគំរាមបែបនេះ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពល្អប្រសើរយូរជាងការដឹកនាំរបស់លោក Duterte ទៅទៀត។ យើងមិនអាចបារម្ភជ្រុលពីរឿងតូចតាចដែលលោកធ្វើនោះទេ។
លោក King បាននិយាយទៀតថា ប្រសិនបើសហរដ្ឋអាមេរិកចង់សងសឹក សហរដ្ឋអាមេរិកគួរព្យាយាមជៀសវាងកុំឱ្យប៉ះពាល់ដល់ពលរដ្ឋហ្វីលីពីនជារួម ប៉ុន្តែធ្វើយ៉ាងណាឱ្យប៉ះពាល់តែ «លោក Duterte ដោយផ្ទាល់» ទៅបានហើយ៕