ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ចំនួន​ជនរងគ្រោះ​បាត់បង់​ជីវិត​ថយចុះ​ដែរ​ឬ​ទេ តាម​រយៈ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដ៏​ប្រល័យ​​របស់​ហ្វីលីពីន?


មន្រ្តី​នៃអាជ្ញាធរ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ហ្វីលីពីន​(រូបស្តាំ) នាំជន​សង្ស័យ​អំឡុងពេល​ឆ្មក់បង្ក្រាប​ប្រជាជន​រស់នៅ​អាណាធិបតេយ្យ​នៅទី​បញ្ចុះសព​សាធារណៈ​ក្នុងរដ្ឋធានី​ម៉ានីល ថ្ងៃ១៦​ ខែមីនា​ ឆ្នាំ​២០១៧។
មន្រ្តី​នៃអាជ្ញាធរ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ហ្វីលីពីន​(រូបស្តាំ) នាំជន​សង្ស័យ​អំឡុងពេល​ឆ្មក់បង្ក្រាប​ប្រជាជន​រស់នៅ​អាណាធិបតេយ្យ​នៅទី​បញ្ចុះសព​សាធារណៈ​ក្នុងរដ្ឋធានី​ម៉ានីល ថ្ងៃ១៦​ ខែមីនា​ ឆ្នាំ​២០១៧។

យុទ្ធនាការ​ប្រឆាំងការ​ជួញដូរ​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អន្តរជាតិ​ក្នុង​ឆ្នាំ២០១៦​ និង​ឆ្នាំ២០១៧​ ដោយសារ​វា​ជា​រឿង​ដែល​ជាប់ព័ន្ធ​នឹង​ការ​សម្លាប់ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​ជន​សង្ស័យ​បទ​ល្មើស​គ្រឿង​ញឿន។ ក្រុម​សិទ្ធិ​មនុស្ស​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ «សង្គ្រាម​ប្រឆាំង​គ្រឿងញៀន» របស់​រដ្ឋបាល​លោក​ Duterteនេះ ដោយ​រិះគន់​ថា​ ការ​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​បែប​នេះ​គ្រាន់​តែ​ជា​លេស​សាកល្បងទប់ស្កាត់​បញ្ហា​គ្រឿងញៀន​តាមរយៈ​ការ​សម្លាប់​ប្រជាជន​តូចតាច​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី Duterte ធ្លាប់​បាន​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អំឡុង​ឆ្នាំ២០១៦​ ថា នឹង​លុបបំបាត់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ក្នុង​រយៈ​ពេល​ត្រឹមតែ​៣ខែ។

អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​ហ្វីលីពីន​ រាយការណ៍​ថា មាន​ជនសង្ស័យ​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​៤.៩៤៨នាក់​ស្លាប់​អំឡុង​ពេល​ប៉ូលិស​បើក​ប្រតិបត្តិការ​បង្ក្រាប​ចាប់ពី​ខែកក្កដា​ ឆ្នាំ​២០១៦​ ដល់​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០១៨​កន្លង​ទៅ​នេះ​ ចំណែក​ជនរងគ្រោះ​បាត់បង់​ជីវិត​ក្នុង​យុទ្ធ​នាការ​ប្រឆាំង​គ្រឿងញៀន​ចំនួន ២២.៩៨៣​នាក់ផ្សេង​ទៀត​គឺជា​ «ករណី​ឃាតកម្ម​ដែលជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការស៊ើប​អង្កេត​នៅឡើយ» នេះ​បើ​យោង​តាម​របាយការណ៍​ពិភពលោក​ប្រចាំឆ្នាំ​២០១៩ របស់​ក្រុម​តស៊ូមតិ​ប្រចាំ​ទីក្រុង​ញូវយ៉ក​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)។ រដ្ឋាភិបាល​បស្ចិម​ប្រទេស​ និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​អ.ស.ប. បាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​សម្លាប់​ជីវិត​មនុស្ស​បែបនេះ និង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​លោក​ប្រធានាធិបតី​ Duterte។

ក្រុមអ្នក​វិភាគ​ជឿ​ថា បច្ចុប្បន្ន​នេះ​ ប៉ូលិស​ និង​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​អំឡុង​ពេល​ចុះ​វាយ​ឆ្មក់​បង្ក្រាប​ដើម្បី​ជៀសវាង​ប្រតិកម្ម​ពី​ប្រជាជន​ហ្វីលីពីន​ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ថ្មីៗដើម្បី​បញ្ឈប់​ការ​ជួញដូរ​គ្រឿងញៀន។

លោក​ Ramon Casiple នាយក​ប្រតិបត្តិ​នៃ​ក្រុម​តស៊ូមតិ​មួយ​ឈ្មោះ​ថា វិទ្យាស្ថាន​កំណែ​ទម្រង់​នយោបាយ​ និង​ការបោះឆ្នោតបាន​និយាយ​ថា៖

«ចំនួន​ជនរងគ្រោះ​ថយចុះ​ ប៉ុន្តែ​គោលការណ៍​នៅ​ដដែល​ និង​ការ​អនុវត្ត​គោលការណ៍​នោះ​ទៀតសោត​នៅ​តែ​តឹងរ៉ឹងដដែល​»។

ចំណែក​ឯការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្លាប់​មនុស្ស​វិញ លោក​បាន​បន្ត​ថា៖

«ខ្ញុំ​គិតថា​ ពី​មុន​មាន​ចំនួន​ច្រើន​ក្រៃលែង​ ប៉ុន្តែវា​ធ្លាក់ចុះ​បន្តិច​នៅពេល​មានការ​រិះគន់​ពី​អន្តរ​ជាតិ»។

អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន​រាយការណ៍​ថា​ មាន​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ជាច្រើន​ក្នុង​ខែ​កញ្ញា​នេះ​ ក្រុម​មន្ត្រី​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ហ្វីលីពីន​ផ្សព្វផ្សាយ​ថា ការ​ជួញដូរ​គ្រឿងញៀន​នេះ​កើត​មាន​នៅ​តាម​ច្រក​អាកាសយានដ្ឋាន​ និង​កំពង់ផែ​ក្នុង​ប្រទេស​នេះ​ជាង​១.២០០​កន្លែង។ អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀនដដែល​នេះ ក៏​បាន​បញ្ជាក់​ពី​ការ​កើន​ឡើង​នៃ​អ្នក​រត់​សំបុត្រ​បញ្ញើ​ក្នុង​ប្រទេស​ហ្វីលីពីន​ចូល​ដៃ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជួញដូរ​គ្រឿងញៀន​ផ្តាច់មុខ​ផងដែរ។

ការ​កាត់​បន្ថយ​ការ​ជួញដូរ​គ្រឿងញៀន​

ក្រុម​បញ្ញវន្ត​ក្នុង​ប្រទេស​ហ្វីលីពីន​និយាយ​ថា ប៉ូលិស​ និង​អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន​នៅ​តែ​បន្ត​ការសម្លាប់​ជនសង្ស័យ ប៉ុន្តែ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​នេះ​មាន​ការប្រុងប្រយ័ត្ន​ខ្លាំង​ជាង​មុន​ធៀប​នឹង​ឆ្នាំ២០១៧​ ស្រប​ពេលប្រជាជន​មិន​សូវ​ចាប់អារម្មណ៍​ពី​រឿង​ហ្នឹង​ផងដែរ។ ប្រជាជន​គាំទ្រ​យ៉ាង​ខ្លាំង​លើ​គោលការណ៍​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀនេះ​ ប៉ុន្តែ​ចង់ឃើញ​មាន​ការ​សម្លាប់​តិចតួច​ជាង​នេះ​វិញ នេះ​បើ​តាម​សម្តី​ លោកស្រី​ Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ University of the Philippines Diliman។

ការ​គាំទ្រ​ពី​សាធារណជន​លើ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​បាន​កើន​ដល់​៨២ភាគរយ​ក្នុង​ឆមាសទី១​ក្នុងឆ្នាំ​២០១៩​នេះ​ ដែល​ជា​កម្រិត​មួយ​ដ៏​ខ្ពស់​ចាប់តាំង​ពីឆ្នាំ២០១៦​ នេះ​បើ​យោង​តាមការ​អង្កេត​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​ម៉ានីល​ ដែល​មាន​ឈ្មោះថា​ Social Weather Stations។ ប្រជាជន​ហ្វីលីពីន​ភាគច្រើន​គិត​ថា​ការ​បង្ក្រាប​បែប​នេះ​ ធ្វើ​ឱ្យ​សហគមន៍​របស់​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន។

លោកស្រី​ Rhona Canoy នាយក​សាលា​អន្តរជាតិ​មួយ​នៅ​ប៉ែក​ខាង​ត្បូង​ហ្វីលីពីន​ និង​ជា​សមាជិក​នៃ​ក្រុម​អ្នក​នយោបាយ​ក្នុង​ប្រទេស​នេះ​ បាន​និយាយ​ថា​ អង្គភាព​ប្រឆាំង​គ្រឿងញៀន​ទាំងឡាយ​ កំពុង​ព្យាយាម​បញ្ចៀស​ការ​ចាប់​អារម្មណ៍​លើ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដែល​បណ្តាល​ឲ្យ​ការ​បាត់បង់​ជីវិត​មនុស្ស​ណា​មួយ។ ចំនួន​ក្មេង​ជំទង់ៗ​ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពីឆ្នាំ២០១៧​ បង្ក​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​តវ៉ា​លើ​ដង​ផ្លូវ។ ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​បាញ់​ស្លាប់​អំឡុង​ពេល​វាយ​ឆ្មក់បង្ក្រាប​ក្នុង​ខែកក្កដា​ ដែល​បង្ក​ឱ្យ​មាន​ការ​ជជែក​ដេញដោល​ក្នុង​ព្រឹទ្ធសភា។

លោកស្រី​ Canoy បាន​បន្តថា​៖

«ក្រុម​អាជ្ញាធរ ដូចជា​ដឹង​ខ្លូន​ខ្លះៗ​ពី​បញ្ហា​បាញ់​សម្លាប់​មនុស្ស​ហើយ ​ប្រហែល​ដោយសារ​តែ​សារព័ត៌មាន​រាយការណ៍ពី​ទង្វើ​អាក្រក់​របស់​ពួកគេ​ ហើយនៅ​ពេល​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ រឿង​ហ្នឹង​តែងតែ​មាន​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន។ នេះ​ហើយ​ជា​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​ចន្លោះ​ពី​ឆ្នាំ​២០១៧ និង​បច្ចុប្បន្ន»។

អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ក៏​អាច​នឹង​ដឹងខ្លួន​ច្រើន​ជាង​មុន​ផងដែរ។​ លោកស្រី​ សាស្ត្រាចារ្យ​ Atienza បាន​និយាយថា៖

«ប្រហែល​ជា​ប្រជាជន​ចាប់ផ្តើម​មាន​អារម្មណ៍​ខ្លាចរអា​ ប្រុងប្រយ័ត្ន​ខ្លាំង​លើ​រឿង​នេះ​ ដូច្នេះ​ពួកគេ​ភ័យខ្លាច​រឿង​ប៉ូលិស​ចាប់ខ្លួន​ នេះ​ក៏​ជា​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​មាន​សន្តិភាពជាង​មុន​ ប៉ុន្តែ​ការ​រីកសាយភាយ​គ្រឿងញៀន​មិន​ទាន់​ឈប់​នៅ​ឡើយ​ទេ»។

លោកស្រី​សាស្ត្រាចារ្យ​បាន​បន្ត​ថា​ ក្រុម​អាជ្ញាធរ​ថ្មីៗ​នេះ​បាន​នឹង​កំពុង​ស៊ើបអង្កេត​ក្រុម​មន្ត្រី​ប៉ូលិស​ដែល​គប់គិត​ជាមួយ​អ្នក​លក់​គ្រឿង​ញៀន។
លោក​ Canoy បាន​និយាយ​ថា កិច្ចប្រឹងប្រែង​នេះ​ បាន​សម្រេច​ជោគជ័យ​ និង​មាន​ការ​គាំទ្រ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស។

លោកស្រី Atienza និយាយ​ថា ទោះជា​យ៉ាងនេះ​ក៏ដោយ​ «មេខ្លោង​ជួញ​ដូរគ្រឿង​ញៀន​ធំៗ» នៅតែ​បន្ត​រួច​ខ្លួន​ ខណៈពេល​ដែល​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ និង​ «អ្នកជួញ​ដូរគ្រឿងញៀន​តូចតាច» ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់៕

ប្រែ​សម្រួល​ដោយកោះ សុគន្ធី

XS
SM
MD
LG