ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​និង​វៀតណាម​អះអាង​ពី​ការ​សាមគ្គី​គ្នា​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​


ប្រធានាធិបតីវៀតណាម Truong Tan Sang ទះដៃអបអរសាទរ​ក្នុង​អំឡុង​កិច្ច​ប្រជុំកំពូល APEC នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រធានាធិបតីវៀតណាម Truong Tan Sang ទះដៃអបអរសាទរ​ក្នុង​អំឡុង​កិច្ច​ប្រជុំកំពូល APEC នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

​ហ្វីលីពីន​និង​វៀតណាម​ កំពុង​បង្ហាញ​ពីការ​​រួប​រួម​គ្នា​ជាង​មុន​ ទាក់ទិន​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្រៅ​​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ APEC ដែលប្រធានបទ​នេះ​​គ្មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។

ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​និង​វៀតណាម​កំពុង​បង្ហាញ​ពីការរួប​រួម​គ្នា​ជាង​មុន​ ទាក់ទិន​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្រៅកិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ប្រធានបទ​នេះ​មិន​ត្រូវ​បាន​គេ​រួម​បញ្ចូល​ជា​ផ្លូវ​ការ​ក្នុង​ការ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។

ប្រទេស​ទាំង​ពីរ​នេះ​បាន​បង្កើនទំនាក់​ទំនង​របស់​ពួក​គេ​ដល់​កម្រិត​ដៃ​គូ​យុទ្ធសាស្ត្រ​ ដោយ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។​ កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ក្នុងគោល​បំណង​ពង្រឹងចំណង​ទាក់​ទង​របស់​ពួក​គេ​ ក្នុងវិស័យ​ការពារ​ប្រទេស ​ពាណិជ្ជកម្ម​ និង​សហប្រតិបត្តិការ​ក្នុង​ដែន​សមុទ្រ។​

ប្រធានាធិបតី​ហ្វីលីពីន​ លោក​ Benigno Aquino ​បាន​ថ្លែង​ថា​ លោក​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​សកម្ម​រវាង​យោធា​របស់​ប្រទេស​ទាំង​ពីរ។​

«ក្នុង​នាម​ជា​អ្នក​ធ្វើ​នាវាចរណ៍​ ពួក​យើង​រំពឹង​ថា​ នឹង​មាន​ការ​ផ្តួច​ផ្តើម​ដែល​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​ពួក​យើង​ ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ចំពោះ​បញ្ហា​ប្រឈម​និង​ស្ថាន​ការណ៍ក្នុង​សមុទ្រ​រួម​របស់​យើង‍»។

ប្រធានាធិបតីហ្វីលីពីន Benigno Aquino។
ប្រធានាធិបតីហ្វីលីពីន Benigno Aquino។

ហ្វីលីពីន​រំពឹង​ថា​ នឹង​មាន​ដំណើរ​ទស្សនកិច្ច​ប្រកប​ដោយ​សុឆន្ទៈ​របស់​កងទ័ព​ជើង​ទឹក​វៀតណាម​បន្ថែម​ទៀត ហើយ​ភាគី​ទាំង​ពីរ​ក៏​មាន​គម្រោង​ធ្វើ​ការផ្លាស់​ប្តូរ​ឆ្មាំ​សមុទ្រ​និង​ភ្នាក់ងារ​នេសាទ​របស់​ពួកគេ​ទៅ​វិញ​ទៅ​មក​ផង​ដែរ។​

ដៃ​គូ​ទាំង​ពីរ​នេះ​ ក៏​រំពឹង​ថា ​នឹង​ពង្រឹង​ចំណង​ផ្នែក​សេដ្ឋកិច្ច​និង​វប្បធម៌​រវាង​គ្នា​ផង​ដែរ។​ ប្រទេស​ហ្វីលីពីន​និង​វៀតណាម​ធ្វើ​ការ​ទាមទារ​ត្រួត​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចិន​បាន​និយាយ​ថា​ ខ្លួន​មាន​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន​នៅ​ក្នុង​ដែន​សមុទ្រ​នោះ។​ ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ និង​កោះ​តៃវ៉ាន់​ ក៏​បាន​ប្រជែង​ក្នុង​ការ​ទាមទារ​ដែន​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​នេះ​ផង​ដែរ។​

ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​នៅ​ឯ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​ ប្រធានាធិបតី​វៀតណាម​លោក​ Truong Tan Sang បាន​និយាយ​ថា​ ប្រទេស​របស់​លោក​មាន​ក្តី​បារម្ភ​ដូច​គ្នា​ក្នុង​ការ​ស្វែង​រក​សន្តិភាពនិង​ស្ថិរភាព​នៅ​ក្នុង​ដែន​សមុទ្រ​ ដែល​ចិន​កំពុង​សាង​សង់​កោះ​សប្បនិម្មិត​ដែល​មាន​ប្រទេស​ទាំង​បី​កំពុង​ធ្វើ​ការ​ទាមទារ​នោះ។​

«ពួក​យើង​ក៏​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀង​អំពី​សារៈ​សំខាន់​នៃ​ការ​ធានា​នូវ​ស្ថិរភាព​ សន្តិសុខ​ដែន​សមុទ្រ​ សុវត្ថិភាព​និង​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ និង​ក្នុង​ការ​ហោះហើរ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ក៏​ដូច​ជា​ការ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​តាម​រយៈ​ច្បាប់​អន្តរជាតិ​ដែល​រួម​មាន​ទាំង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​នៅ​ឆ្នាំ​១៩៨២‍ ផង​ដែរ»។​

ដោយ​ផ្អែក​ទៅ​លើ​ឯកសារ​បន្ថែម​នៅ​ក្នុង​អនុសញ្ញា​នេះ​ កាលពី​ឆ្នាំ​២០១៣​ ប្រទេស​ហ្វីលីពីន​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ចិន​ ដោយ​ចោទសួរ​អំពី​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ស្ទើរ​តែ​ទាំង​ស្រុង​នោះ។​ ចិន​បាន​ច្រាន​ចោល​ពាក្យ​បន្តឹង​នោះ​ ហើយ​មិន​បានចូលរួម​ទេ។​ វៀត​ណាម​គឺ​ជា​អ្នក​សង្កេត​ការណ៍​ដ៏​ដិតដល់​មួយ​ក្នុង​រឿង​ក្តី​នេះ​ ហើយ​អ្នក​វិភាគ​បាន​និយាយ​ថា​ វៀតណាម​ក៏​បាន​ពិចារណា​យ៉ាង​មុត​មាំ​ក្នុង​ការដាក់​ពាក្យ​បណ្តឹង​ដូច​ហ្វីលីពីន​ដែរ។

លោក​ Richard Heydarian អ្នក​វិភាគ​ភូមិសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ De LaSalle នៅ​ទីក្រុង​ម៉ានីល ថ្លែង​ថា​ កំណើន​នៃ​ការ​ធ្វើ​សមយុទ្ធ​រួម​រវាង​វៀតណាម​និង​ហ្វីលីពីន ជា​សញ្ញា​ថា​ វៀតណាម​ដែល​ជា​ប្រទេស​កម្មុយនីស្ត​នោះ​ កំពុង​បង្កើន​ការ​ប្រឆាំង​នឹង​សកម្មភាព​របស់​ចិន​កាន់​តែ​ខ្លាំង​ឡើង​ហើយ។

«សារ​នេះ​គឺ​ពិត​ជា​មាន​ភាព​ច្បាស់​លាស់​ថា​ ប្រទេស​ជិតខាង​របស់​ចិន​កំពុង​ចាប់​ផ្តើម​បង្កើត​នូវ​សម្ព័ន្ធ​មិត្ត​ក្រៅ​ផ្លូវ​ការ​រួម​គ្នា‍»។​

កិច្ច​ប្រជុំ​ទ្វេភាគី​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​ដំណើរ​មក​ដល់​ទីក្រុង​ម៉ានីល​របស់​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ APEC។​ មុន​ពេល​មាន​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​នេះ​ ចិន​និង​ហ្វីលីពីន​បាន​យល់​ព្រម​មិន​លើក​ឡើង​ពី​ជម្លោះ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​នោះ​ទេ​ ដោយ​ព្រម​ព្រៀង​លើក​ការ​ពិភាក្សា​ពី​បញ្ហា​នេះ​ទៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ កូឡាឡាំពួ​ នៅ​ចុង​សប្តាហ៍​នេះ​វិញ៕​

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG