ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​និង​ចិន​ព្រមព្រៀង​សម្រួល​ភាព​តានតឹង​ឡើង​វិញ


នេះ​ជា​សន្និសីទ​កាសែត​មុន​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)។
នេះ​ជា​សន្និសីទ​កាសែត​មុន​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)។

ហ្វីលីពីន​និយាយ​ថា ខ្លួន​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​ការ​​បន្ត​ទំនាក់ទំនង​ទ្វេ​ភាគី​ដែល​ត្រូវ​បាន​ផ្អាក​មួយ​រយៈ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​មិន​សូវ​មាន​ទំនាក់ទំនង​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រទេស​ហ្វីលីពីន​បានឲ្យដឹង​ថា ខ្លួន​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​ការបន្ត​ទំនាក់ទំនង​ទ្វេ​ភាគី​ដែល​ត្រូវ​បាន​ផ្អាក​មួយ​រយៈ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​មិន​សូវ​មាន​ទំនាក់ទំនង​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការទាមទារ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្ដី​ប្រកាស​នេះ​ត្រូវបានធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ក្នុង​ក្រុង​ម៉ានីល ដែល​គេ​រំពឹង​ថា​ លោក​ប្រធានាធិបតី​ Xi Jinping​ នៃ​ប្រទេស​ចិន​នឹង​ចូលរួម​ផង​ដែរ។ ​

លោក ​Charles Jose ​ដែលជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន​និយាយ​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី១០ ​ខែវិច្ឆិកា​ រវាង​លោក Albert del Rosario ដែលជា​រដ្ឋ​មន្រ្តីនៃ​ក្រសួងការបរទេស​ហ្វីលីពីន ​ជាមួយ​នឹង​លោក ​Wang Yi ដែលជារដ្ឋ​មន្រ្តី​ក្រសួងការបរទេស​ចិន ​ភាគី​ទាំង​២​បាន​និយាយ​ថា​ ពួកគេ​នឹង​ទុក ​«បញ្ហា​ខ្វែង​គំនិត​គ្នា» លើសមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​នៅ​មួយ​ឡែក​សិន ​ដើម្បី​បន្ត​ការងារ​ពី​មុន​តទៅ​ទៀត។

«លោក​រដ្ឋមន្រ្តី del Rosario បាន​និយាយ​ថា ​គាត់​សប្បាយ​ចិត្ត​ណាស់ ហើយ​គាត់​សប្បាយ​ចិត្ត​នឹង​ស្វាគមន៍​លោក​រដ្ឋ​មន្រ្តី ​Wang Yi ។ គាត់បាន​បន្ថែម​ថា​ គាត់បាន​ទន្ទឹង​រង់ចាំ​ដំណើរ​ទស្សនកិច្ច​នេះ ពីព្រោះ​ថា​ដំណើរ​ទស្សនកិច្ច​នេះ​ចង្អុល​បង្ហាញ​ថា យើង​អាច​បន្ត​ទំនាក់ទំនង​ទ្វេ​ភាគី​របស់​យើង​ទៅ​មុខ​បាន»។

លោក Jose បាន​មានប្រសាសន៍​ថា គណៈប្រតិភូ​នៃ​ក្រសួង​ការបរទេស​ចិន​ប្រកាន់​ជំហរ​យ៉ាង​ច្បាស់​ថា​ ភាគី​ចិន​នឹង​មិន​លើក​យក​បញ្ហា​ដែនសមុទ្រ​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ទេ។ លោក​និយាយ​ថា ពួកគេ​មក​រៀបចំ​មូលដ្ឋាន​គ្រឹះ​សម្រាប់​អ្វី​ដែល​ពួកគេ​ហៅ​ថា ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ហ្វីលីពីន «ប្រកប​ដោយ​ភាព​រលូន សុវត្ថិភាព និង​ជោគជ័យ» សម្រាប់​លោក​ប្រធានាធិបតី Xi Jinping។ អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក៏​បាន​ប្តេជ្ញា​ចិត្ត​ដែរ​ថា​ នឹង​មិន​លើក​យក​បញ្ហា​នោះ​មក​ពិភាក្សា​ទេ។

នៅ​ក្នុង​ឆ្នាំ២០១៣ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ ដោយ​បាន​លើក​ឡើង​ពី​ភាព​ស្រប​ច្បាប់​នៃ​អ្វី​ដែល​ខ្លួន​ហៅ​ថា «ការ​ទាមទារ​ហួស​ហេតុ» ​របស់​ចិន​ដើម្បី​យក​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល។ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ក៏​បាន​សុំ​ការ​បំភ្លឺ​ពី​ចៅក្រម​ ថា​តើ​ការអភិវឌ្ឍឲ្យទៅជាអ្វីមួយ​នៅ​ដែនទឹក​នោះ​ ជា​ការ​កេង​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន​ដែរ​ឬ​ទេ។ កាលពីមួយ​ឆ្នាំ​កន្លះ​មុន ចិន​បាន​សាងសង់​តំបន់​ភូមិសាស្រ្ត​យ៉ាង​ហោច​ណាស់​៦​ក្នុង​រូបភាព​ជា​កោះ​សិប្បនិម្មិត។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម ក៏​ដូចជា​សមាជិក ​APEC​ ទាំង​អស់​ក៏​ទាមទារ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ។​

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​តែងតែ​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ​សម្របសម្រួល​ជាមួយ​នឹង​តុលាការ​អាជ្ញាកណ្តាល​នោះ​ទេ។

លោក Jose បាន​និយាយ​ថា នៅក្នុងកិច្ចប្រជុំនៅ​ថ្ងៃទី១០ ខែវិច្ឆិកា​នេះ ប្រទេស​ហ្វីលីពីន​មិន​បាន​លើក​យក​បញ្ហា​ដែនសមុទ្រ​មក​ពិភាក្សា​ជាមួយ​ចិនទេ ដោយសារ​តែ​បណ្តឹង​ទៅ​កាន់​តុលាការ​អាជ្ញាកណ្ដាល​របស់​ខ្លួនកំពុង​ត្រូវ​បាន​ព្យួរ​ទុក។ លើសពី​នេះ​ទៅ​ទៀត លោក​បាន​និយាយ​ថា កិច្ចប្រជុំ APEC មិនមែន​ជា​កន្លែង​ត្រឹមត្រូវ​សម្រាប់​ពិភាក្សាលើបញ្ហា​ដែល​លោក​ហៅ​ថា ជាបញ្ហា​ទាក់ទង​នឹង​សន្តិសុខ​នោះ​ទេ។ ​

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ លោក Li Baodong អនុ​រដ្ឋ​មន្រ្តី​ការបរទេស​ចិន​យល់​ព្រម​ថា ក្រសួង​របស់​លោក​មិន​គិត​ថា បញ្ហា​នេះ​ត្រូវ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ APEC​ នោះ​ទេ។

កិច្ចប្រជុំ APEC ផ្តោត​ជា​ចម្បង​លើ​កិច្ចប្រជុំ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ក៏ប៉ុន្តែ​ លោក Jose និយាយ​ថា ប្រទេស​ដទៃ​ទៀត​មាន​សិទ្ធិ​ក្នុង​ការ​ជជែក​អំពី​បញ្ហា​នេះ​នៅ​ក្នុង​របៀបវារៈ​ផ្សេងទៀត​នៅ​ក្នុង​វេទិកា​នេះ។​ ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​ គឺ​លោក Benigno Aquino ​បាន​ត្រៀម​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ចំនួន​១១​ ដោយ​រួម​បញ្ចូល​ទាំង​ការ​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម​ ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក Carl Thayer អ្នក​វិភាគ​សន្តិសុខ​តំបន់​អាស៊ី​នៃបណ្ឌិត​សភា​កងកម្លាំង​ការពារ​ប្រទេស​អូស្ត្រាលី​និយាយ​ថា វា​ទំនង​ជា​មាន​ការ​ដោះដូរ​ «តិចតួច» រវាង​លោក ​Aquino​ និង​លោក​ Xi។

«វា​ច្បាស់​ថា​ ចិន​ចង់ធ្វើ​ការ​បញ្ចុះ​បញ្ចូល។ សូម​ឈប់​មើល​ត្រឹម​តែ​រឿង​កោះ​សិប្បនិម្មិត​នោះ​ទៅ​ ហើយ​គួរ​តែ​មើល​បញ្ហា​នេះ​ក្នុង​រូបភាព​ធំ​វិញ។ យើង​កំពុង​តែ​រីកចម្រើន។ យើង​មាន​សន្តិភាព។ សូម​បន្ត​ការងារ​នេះ​ទាំង​អស់​គ្នា​ ហើយ​យើង​នឹង​មាន​អនាគត​ដ៏​ល្អ​មួយ»។

លោក Thayer បាន​លើកឡើង​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ទៅ​កាន់​ប្រទេស​វៀតណាម​ និង​ជំនួប​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ លោក Ma Ying-jeou ក្នុង​ប្រទេស​សិង្ហបុរី​ ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​ពួកគេ​ «ព្យាយាម​បញ្ចៀស​ការ​ឡើង​កម្តៅ» លើ​គម្រោង​សាងសង់​កោះ​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG