ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​និង​ហ្វីលីពិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យុទ្ធសាស្រ្ត


លោក Charles Jose អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​ការ​តវ៉ា​របស់​ហ្វីលីពីន​ប្រឆាំង​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
លោក Charles Jose អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​ការ​តវ៉ា​របស់​ហ្វីលីពីន​ប្រឆាំង​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ហ្វីលីពីន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​មាន​ផែនការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ជាមួយ​វៀតណាម ​ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​ទាំង​២​ជំ​រុញ​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ផ្លូវ​នាវាចរណ៍​នៅ​ក្នុង​ការ​ប្រឈម​ជម្លោះ​ទឹក​ដី​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Charles Jose អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា សន្ធិសញ្ញា​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ខាងក្រៅ​សន្និសីទ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ពេល​ខាងមុខ​នេះ។

វៀតណាម​មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​ប្រកាស​របស់​លោក Joseទេ ហើយ​សេចក្តី​លម្អិត​នៃ​កិច្ចព្រមព្រៀង​នោះ ​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ​ដែរ។ ក៏ប៉ុន្តែ ​កាល​ពី​ពេល​មុន ក្រុម​មន្រ្តី​មក​ពី​ភាគី​ទាំង​២​បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​នោះ​ដែល​ភាគី​ទាំង​២​បាន​ចាប់​ផ្តើម​ចរចា​កាល​ពី​ឆ្នាំ​ទៅ​ហាក់​ដូចជា​មាន​ភាព​ធំ​ទូលាយ​ ដោយ​រួម​មាន​ពាណិជ្ជកម្ម​ និង​ការ​សម្របសម្រួល​និង​កិច្ច​សហប្រតិបត្តិការផ្លូវ​នាវា​ចរណ៍។

មេធាវី Tan Van Tai ជា​អតីត​អ្នក​ស្រាវជ្រាវ​ និង​អ្នក​ធ្វើ​បឋកថា​នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ Harvard និយាយ​ថា ​វាជា​ការ​ពិត​ដែល​វៀត​ណាម​កំពុង​មាន​ភាព​កាន់​តែ​ជិតស្និទ្ធ​ឡើង​ជាមួយ​ហ្វីលីពីន​ ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Tai និយាយ​ថា «ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មិន​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក។ ​ពួកគេ​ខ្លាច​ប្រទេស​ចិន។ ការ​ស្វះស្វែង​រក​សម្ព័ន្ធភាព​ជាមួយ​ហ្វីលីពីន ​ជា​ចំណាត់​ការ​ត្រឹម​ត្រូវ​របស់​វៀតណាម‍»។

លោក Tai និយាយ​ទៀត​ថា ​ការ​ជំរុញ​ចំណង​ទាក់ទង​ជាមួយ​ហ្វីលីពីន​ក៏​នឹង​ជួយ​វៀតណាម​ឲ្យ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​សហរដ្ឋ​អាមេរិក​ដែរ ​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល។ សហរដ្ឋ​អាមេរិក​បាន​បង្កើន​ជំនួយ​ដែន​សមុទ្រ​រួច​ហើយ​ដល់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ៕

XS
SM
MD
LG