ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ហ្វីលីពីន​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​ជម្លោះ​ដែនដី​ជាមួយ​ចិន


ក្រុម​បាតុករ​មក​ពី​ក្រុម​សកម្មជន​ Socialista National Confederation of Labor បាន​ធ្វើបាតុកម្ម​​ជុំវិញ​ជម្លោះ​តំបន់​ដែន​សមុទ្រ​ចិនភាគខាង​ត្បូង​ប្រឆាំងប្រទេស​ចិន។ ហ្វីលីពីន​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​ជម្លោះ​ដែនដី​ជាមួយ​ចិន។
ក្រុម​បាតុករ​មក​ពី​ក្រុម​សកម្មជន​ Socialista National Confederation of Labor បាន​ធ្វើបាតុកម្ម​​ជុំវិញ​ជម្លោះ​តំបន់​ដែន​សមុទ្រ​ចិនភាគខាង​ត្បូង​ប្រឆាំងប្រទេស​ចិន។ ហ្វីលីពីន​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​ជម្លោះ​ដែនដី​ជាមួយ​ចិន។

កាល​ពី​សប្តាហ៍​មុន​ គណៈកម្មាការ​អន្តរជាតិ​ បាន​បើក​សវនាការ​ដោះស្រាយ​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន​និង​ហ្វីលីពីន​ ដែល​គ្រប់​គ្នា​ទន្ទឹង​រង​ចាំ​ជា​យូរ​មក​ហើយ​នោះ។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ​នេះ​ទេ​ ប៉ុន្តែ​សវនាការ​នៅ​តែ​បន្ត​ទៅ​មុខ​ ហើយ​ក្រុម​មន្រ្តី​នៅ​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា​ ពួកគេ​មាន​សុទិដ្ឋិនិយម​ចំពោះ​ករណី​នោះ​ ដោយ​លើក​ហេតុ​ផល​ថា​ ច្បាប់​អន្តរជាតិ​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ទាញ​យក​ថ្ម​ប៉ប្រះ​ទឹក​ កោះ​និង​ត្រី​នៅ​ក្នុង​ដែន​ទឹក​សេដ្ឋកិច្ច​របស់​ខ្លួន។​ ​

អង្គ​ចៅក្រម​នៃ​សាលាក្តី​ទាំង​ប្រាំ​រូប​មាន​សំណួរ​សំខាន់​ពីរ​ដែល​ត្រូវ​សម្រេច។​ សំណួរ​ទី​មួយ​គឺ​ថា​ តើ​ពួក​គេ​មាន​ដែន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ​ដែរ​ឬ​ទេ។​ ប្រសិន​បើ​មាន​សមត្ថកិច្ច ពួក​គេ​នឹង​ធ្វើ​ការ​សម្រេច​លើ​ករណី​បណ្តឹង​របស់​ក្រុង​ម៉ានីល​ដើម្បី​សុំ​ឲ្យ​ប្រកាស​ថា​«ខ្សែ​បន្ទាត់ព្រំដែន​សមុទ្រ​៩​ចំណុច‍»​របស់​ចិន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើ​សម្រាប់​ទាមទារ​ទឹកដី​របស់​ខ្លួន​នោះ​ មិន​មាន​ភាព​ត្រឹមត្រូវ​នោះ​ទេ។​

បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​ក្តី​កាល​ពី​សប្តាហ៍​មុន​មក​ តុលាការ​ក្រុង​ឡាអេ​ បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ពី​រដ្ឋាភិបាលក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល។​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វីលីពីន​ លោក​ Charles ​បាន​ថ្លែង​ថា ​ចៅ​ក្រម​មាន​ភាព​ «ហ្មត់ចត់»។​

«ពួកយើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ស្វិតស្វាញ​ក្នុង​ករណី​សេចក្តី​សម្រេច​របស់​អាជ្ញា​កណ្តាល​នេះ​ តាំង​ពី​ដំបូង​មក។​ ពូក​យើង​មាន​សុទិដ្ឋិនិយម​ ហើយ​ជា​ការ​ពិត​ណាស់​ ពួកយើង​ជឿ​ជាក់​ថា​តុលាការមាន​សមត្ថកិច្ច​លើ​រឿង​ក្តី​នេះ»។​

ហ្វីលីពីន​បាន​អះអាង​ថា​ សាលា​ក្តី​នេះ​មាន​អំណាច​ក្នុង​ការ​កំណត់​អំពី​សិទ្ធិ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ EEZ របស់​ខ្លួន​ ស្រប​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៨២ ស្តី​អំពី​ច្បាប់​សមុទ្រ ឬ UNCLOS (អ៊ុនក្លស) ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​ចុះ​ហត្ថលេខា។

ប្រទេស​ចិន​បាន​អះអាង​ថា​ រឿង​ក្តី​នេះ​គឺ​ដើម្បី​កំណត់​អធិបតេយ្យភាព​ជាតិ​ ដូច្នេះ​វា​ស្ថិត​ក្រៅ​រង្វង់​សមត្ថកិច្ច​របស់​តុលាការ​នេះ។​

ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ដំណើរការ​នេះ​ក៏​ដោយ​ ក្រុម​អាជ្ញាកណ្តាល​បាន​ឲ្យ​ដឹង​ថា​ រាល់​ខ្លឹមសារ​នៃ​សារគមនាគមន៍​ដែល​ចិន​ផ្សព្វ​ផ្សាយគឺ​ត្រូវ​បាន​យក​ទៅ​ពិចារណា ​រាប់​បញ្ចូល​ទាំង​ឯកសារ​បង្ហាញ​ពី​គោលជំហរ​របស់​ចិន​មួយ​ផង​ដែរ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៤​កន្លង​មក។​ ប្រទេស​ចិន​អាច​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​បាន​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​សីហា។​

លោក​ Rommel​ Banlaoi​ គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​របស់​ប្រទេស​ហ្វីលីពីន​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​សន្តិភាព​ អំពើ​ហិង្សា​ និង​ភេរវកម្ម។​

«តុលាការ​កំពុង​ធ្វើ​តាម​នីតិវិធី​ដោយយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ក្តី​នេះ​ ដោយ​សារ​តែ​នេះ​ជា​លើក​ដំបូង​ដែល​តុលាការ​ត្រូវ​ដោះស្រាយ​រឿង​ក្តី​របៀប​នេះ​ ហើយ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​ដល់​ពិភពលោក​ មិន​ត្រឹម​តែ​សម្រាប់​ប្រទេស​ហ្វីលីពីនប៉ុណ្ណោះ​នោះ​ទេ»។​

ក្នុង​អំឡុង​ពេល​សន្និសីទ​ដ៏​ខ្លី​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​របស់​ប្រទេស​ចិន​បាន​និយាយ​ថា​ ប្រទេស​ហ្វីលីពីន​ត្រូវ​តែ​ដោះស្រាយ​វិវាទ​នេះ​«តាម​រយៈ​ការ​ចរចា​និង​ពិគ្រោះ​យោបល់‍»​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងត្រូវ​បាន​ដោះស្រាយ​ដោយ​ស្ថាប័ន​អន្តរជាតិ​មួយ​នោះ ហើយ​ដំណោះស្រាយ​នេះ​កើត​មាន​ឡើង​ នៅ​ខណៈ​ពេល​ដែល​ចិន​បាន​សាង​សង់កោះ​សិប្បនិម្មិត​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​មួយ​ចំនួន​យ៉ាង​ឆាប់​រហ័ស​ ដែល​អាច​ប្រើ​ប្រាស់​បាន​សម្រាប់​ការ​ការពារ​ខាង​យោធា។​

សាលា​ក្តី​អាជ្ញា​កណ្តាល​បាន​និយាយ​ថា​ ខ្លួន​រំពឹង​ថា​នឹង​សម្រេច​អំពី​បញ្ហា​សមត្ថកិច្ចនិង​ការ​ទទួល​យក​បាន​នៃរឿង​ក្តី នៅ​មុន​ដំណាច់ឆ្នាំ​នេះ។​

រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​និយាយ​ថា​ ការ​ទាមទារ​របស់​ចិន​រហូត​ដល់​៨០​ភាគរយ​នៃដែន​សមុទ្រ​ដ៏​មាន​ធនធាន​សម្បូរ​បែប​នេះ ​គឺ​ជា​អំពើ​ «ហួសហេតុ»។​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយ​ថា​ ខ្លួន​មាន​ «អធិបតេយ្យភាព»មិន​អាច​ប្រកែក​បាន​ លើ​ប្រជុំ​កោះ​សមុទ្រ​នេះ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ប្រវត្តិសាស្ត្រ។​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​កំពុង​រៀបចំ​ដើម្បី​ដាក់​ជូន​នូវ​ការ​ឆ្លើយ​តប​សំណួរ​ដែល​តុលាការ​បាន​ចោទ​សួរ​ក្នុង​អំឡុង​ពេលសវនាការ ​ជា​លាយ​លក្សណ៍​អក្សរ​ ត្រឹម​ថ្ងៃ​ទី​២៣​ ខែ​កក្កដា៕​

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG