ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្តូប​​អនុស្សាវរីយ៍​មន្ទីរ​បញ្ចកោណ​រំឭក​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​កាល​ពី​១៦​ឆ្នាំ​មុន


រូបឯកសារ៖ ស្តូប​អនុស្សាវរីយ៍ 9/11 Pentagon Memorial នៅ​ក្រុង Arlington រដ្ឋ Virginia។

កាល​ពី​១៦​ឆ្នាំ​មុន ក្រសួង​ការពារ​ជាតិសហរដ្ឋ​អាមេរិក​បាន​រង​ការ​វាយ​ប្រហារ។ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ American Airlines ជើង​ហោះហើរ​លេខ 77 ត្រូវ​បានចាប់​ពង្រត់​និង​បើក​បំបុក​មន្ទីរ​បញ្ចកោណ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​ជា​ទី​បញ្ជាការ​ក្រសួង​ការពារ​ជាតិសហរដ្ឋ​អាមេរិក ដោយ​សម្លាប់​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្តហោះ​នេះ ព្រម​ទាំង​សម្លាប់​មនុស្ស​១២៥​នាក់​ផ្សេងទៀត​ដែល​បម្រើ​ការ​នៅ​ក្នុង​អគារ​មន្ទីរ​បញ្ចកោណ។

សព្វ​ថ្ងៃ​នេះ ស្តូប​អនុស្សាវរីយ៍ 9/11 Pentagon Memorial ស្ថិត​នៅ​ជាប់​កន្លែង​ដែល​យន្តហោះ​បាន​បុក​ចូល​អគារ​មន្ទីរ​បញ្ចកោណ​នេះ ដោយ​រំឭក​ពី​ការ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្ងៃ​មួយ​ដែល​បាន​ផ្លាស់ប្តូរ​ពិភពលោក​ជា​រៀង​រហូត។

លោក Jamie McIntyre អ្នក​សរសេរ​ជាន់​ខ្ពស់​ខាង​ផ្នែក​ព័ត៌មាន​សន្តិសុខនៃ​កាសែត​ The Washington Examiner ក្នុង​ពេល​មាន​ការ​វាយប្រហារ​ភេរវកម្ម​នោះ កំពុង​ធ្វើ​ការ​នៅ​ក្នុង​អគារ​មន្ទីរ​បច្ចកោណក្នុង​នាម​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ CNN ។ លោក​ថ្លែង​ប្រាប់​ VOA នៅ​ទី​តាំង​ស្តូប​ ដោយ​ហៅ​ទី​តាំង​ស្តូប​អនុស្សាវរីយ៍​នេះ​ថា​ ជា​«ដី​ពិសិដ្ឋ‍»។

លោក McIntyre ថ្លែង​ថា៖

«ខ្ញុំ​បាន​ឈរ​ត្រង់​នេះ​ក្នុង​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ហើយ​សម្រាប់​អ្នក​ដែល​បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​នេះ វា​ដូច​ជា​ចំណុច​របត់​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក។‍»

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​សម្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្មនេះ​រួម​មាន​លោក David Laychak បុគ្គលិក​ស៊ីវិល​របស់​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​បាន​ចេញចូល​អគារ​មន្ទីរ​បញ្ចកោណ​ដោយ​សារ​អគារ​នេះ​ត្រូវ​បាន​ជួ​ស​ជុល។

ប្អូន​ប្រុស​របស់​លោក​គឺ​លោក James Laychak ដែល​ជា​ប្រធាន​មូលនិធិ Pentagon Memorial Fund ថ្លែង​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​មិន​ទាំង​ដឹង​ថា​ Dave ពេល​នោះ​គាត់​នៅ​ក្នុង​អគារ​នេះ​ឬ​ទេ។ ខ្ញុំ​មិន​នឹក​ថា​ គាត់​នៅ​ក្នុង​អគារ​នេះ​ទេ​ពេល​នោះ។‍»

លោក Laychak រំឭក​ឡើង​វិញ​ថា ក្នុង​ពេល​មានព្រឹត្តិការណ៍វាយប្រហារ​ភេរវកម្ម​នោះ លោក​កំពុង​នៅ​ផ្ទះ ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​មន្ទីរ​បញ្ចកោណ ហើយ​លោក​និង​ភរិយា​របស់​លោក​ក៏​ឃើញ​បង្អួច​ចាប់​ផ្តើម​រង្គើ។ ពួក​គេ​កំពុង​មើល​ទូរទស្សន៍​ដែល​ផ្សាយរូបភាព​អំពី​ការ​វាយប្រហារ​លើ​អតីត​ប៉ម​ផ្លោះ​នៅ​បូរី​ញូវយ៉ក ហើយ​ពេល​នោះ​ពួក​គេ​គិត​ឆ្ងល់​ថា តើ​មន្ទីរ​បញ្ចកោណ​អាច​ជា​ទី​តាំង​វាយប្រហារ​បន្ទាប់​ទេ?

ខណៈ​ដែល​ការ​រង់ចាំរាប់​ម៉ោង​ក្លាយ​ជា​ច្រើន​ថ្ងៃ ដោយ​មិន​មាន​ដំណឹង​អ្វី​ពី​លោក ​David Laychak សុបិន​អាក្រក់​របស់​ពួក​គេ​ត្រូវ​បញ្ជាក់​ថា​ជា​ការណ៍​ពិត។ បង​ប្អូន​របស់​លោក​ពិត​ជា​បាន​ទៅ​មន្ទីរ​បញ្ចកោណ​ក្នុង​ថ្ងៃ​នោះ ហើយ​លោក​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​នេះ។ លោក​បន្សល់ទុក​នូវ​ភរិយា​មេម៉ាយ​ឈ្មោះ Laurie និង​កូន​ពីរ​នាក់​គឺ Zach អាយុ​៩​ឆ្នាំ និង Jenny អាយុ​៧​ឆ្នាំ។

ការ​ស្ថាបនា​ស្តូប​អនុស្សាវរីយ៍​នេះ

គម្រោង​ស្ថាបនា​ស្តូប​អនុស្សាវរីយ៍​នេះ​ចាប់​ផ្តើម​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់។

លោក Laychak ថ្លែង​ថា ​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ ដំបូង​ឡើយ​បាន​ធ្វើ​ការ​ជាមួយ​មន្ទីរ​បញ្ចកោណ​ដើម្បី​រក្សា​ទីតាំង​មួយ​កន្លែងនៅ​ក្បែរ​កន្លែង​យន្តហោះ​បុក​អគារ​នោះ។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការ​រៃ​អង្គាស​ប្រាក់ ការ​រចនា​ និង​ការ​ស្ថាបនា​ស្តូប ស្តូប​អនុស្សាវរីយ៍ Pentagon Memorial បាន​បើក​ដល់​សាធារណជន​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ឆ្នាំ​២០០៨។ លោក Laychak ថ្លែង​ថា ស្តូប​អនុស្សាវរីយ៍​ជាតិ 9/11 Pentagon Memorial នេះ​បាន​ក្លាយ​ជា​ស្តូប​រំឭក​ព្រឹត្តិការណ៍វាយប្រហារ​១១ កញ្ញា ដំបូង​គេដែល​បានបើកជា​ផ្លូវការ។ ហើយ​ទោះ​បី​ស្តូប​នេះ​មាន​ទីតាំង​ជាប់​នឹងទី​បញ្ជាការ​កណ្តាល​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ក្តី ក៏​សាធារណជន​អាច​ចូល​ទស្សនា​ស្តូប​នេះ​រយៈ​ពេល​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។

លោក Laychak ថ្លែង​ក្នុង​សម្តី​ដើមថា៖

«ខ្ញុំ​គិត​ថា​ ស្តូប​នេះ​សរ​បញ្ជាក់​ពីស្មារតី​របស់​ប្រទេសជាតិ​យើង។ ស្តូប​នេះ​បើក​ជា​សាធារណៈជានិច្ច លើក​លែង​តែ​មាន​ព្យុះ​ទឹកកក​ធ្ងន់ធ្ងរប៉ុណ្ណោះ។‍»

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG