ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សហរដ្ឋ​អាមេរិក​ប្រឆាំង​ការ​បដិសេធ​របស់​លោក​អូបាម៉ា​ចំពោះ​ច្បាប់​ភេរវកម្ម​ថ្ងៃ១១ កញ្ញា


រូបភាព​ដកស្រង់​ពី​វីដេអូ​មួយ​នេះ​បង្ហាញ​ពី​ការ​បោះឆ្នោត​សម្រេច​ប្រឆាំង​ការ​បដិសេធ​របស់​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចំពោះ​ច្បាប់​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​ប្រឆាំង​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​មក​លើ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១។
រូបភាព​ដកស្រង់​ពី​វីដេអូ​មួយ​នេះ​បង្ហាញ​ពី​ការ​បោះឆ្នោត​សម្រេច​ប្រឆាំង​ការ​បដិសេធ​របស់​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចំពោះ​ច្បាប់​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​ប្រឆាំង​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​មក​លើ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១។

សភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​ប្រឆាំង​ការ​បដិសេធ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ចំពោះ​ច្បាប់​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​ប្រឆាំង​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​មក​លើ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១។

ការ​បោះ​ឆ្នោត​ប្រឆាំង​របស់​សភា​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​ថ្នាក់ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ គឺ​មាន​ចំនួន​ច្រើន​លើសលប់។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចំពោះ​ច្បាប់​ណា​មួយ​នោះ ត្រូវ​បាន​ប្រឆាំង​ពី​សភា។

សមាជិក​ព្រឹទ្ធសភា​លោក Chuk Schumer មកពី​រដ្ឋ New York បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា សម្រាប់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​ភេរវកម្ម​ទាំង​នេះ យើង​គួរតែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ស្ថាប័ន​ណា​ក៏​ដោយ រួម​ទាំង​រដ្ឋ​បរទេស​ផង​ដែរ នឹង​ត្រូវ​ផ្ដន្ទា​ទោស​តាម​ច្បាប់ ប្រសិនបើ​ពួកគេ​ជា​អ្នក​គាំទ្រ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១ នេះ»។

រហូត​មក​ទល់​នឹង​ពេល​នេះ កិច្ច​ប្រឹងប្រែង​របស់​ក្រុម​គ្រួសារ​នៃ​ជន​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១ កញ្ញា នៅ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​នៅ​ក្នុង​តុលាការ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​រារាំង​ដោយសារ​ការ​លើកលែង​ឲ្យ​រួច​ពី​សំណាញ់​ច្បាប់​ចំពោះ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ឆ្លើយតប​ទៅ​នឹង​ដំណឹង​អំពី​ការ​សម្រេចចិត្ត​របស់​សភា​ដែល​ចង់​ឲ្យ​ពាក្យ​បណ្ដឹង​ប្រឆាំង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​អនុម័ត​នោះ ថា​ជា «កំហុស​មួយ»។ លោក អូបាម៉ា បាន​បន្ថែម​ថា ច្បាប់​នេះ​អាច​នឹង​បើក​ផ្លូវ​ឲ្យ​ប្រទេស​ផ្សេងៗ​ធ្វើ​ការ​ប្ដឹង​ផ្ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​វិញ​ផង​ដែរ។

ច្បាប់​យុត្តិធម៌​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព​ភេរវកម្ម​នេះ អនុញ្ញាត​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​ប្រឆាំង​នឹង​ស្ថាប័ន​បរទេស​ណា ដែល​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព​ភេរវកម្ម​ធ្វើ​មក​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។

ច្បាប់​នេះ​មិន​បាន​បញ្ជាក់​ពី​ប្រទេស​ណា​មួយ​នោះ​ទេ ប៉ុន្តែ គេ​ជឿជាក់​ថា ច្បាប់​នេះ​ជា​កិច្ច​ប្រឹងប្រែង​មួយ​នៅ​ក្នុង​ការ​ដាក់ទោស​ទណ្ឌ​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​សម្រាប់​ការ​ជ្រោមជ្រែង​ណា​មួយ​ដែល​អ្នក​រៀប​គម្រោង​វាយ​ប្រហារ​ថ្ងៃ១១ កញ្ញា អាច​បាន​ទទួល​ពី​ប្រទេស​នេះ៕

XS
SM
MD
LG