ឧទ្ធម្ភាគចក្ររបស់កងនាវាអ៊ីរ៉ង់ បានហោះចម្ងាយ ២៣ ម៉ែត្រប៉ុណ្ណោះពីនាវារបស់សហរដ្ឋអាមេរិកសម្រាប់វាយប្រហារទាំងក្នុងទឹក និងលើគោក ខណៈនាវានោះ បានធ្វើដំណើរនៅក្នុងសមុទ្រអូម៉ង់កាលពីសប្តាហ៍មុន។ នេះ បើតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក។
លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ឧទ្ធម្ភាគចក្រនោះ «បានប្រតិបត្តិការក្នុងលក្ខណៈប្រកបដោយគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ» ដោយបានហោះយ៉ាងទាបបំផុតកម្ពស់តែ ៣ ម៉ែត្រប៉ុណ្ណោះពីផ្ទៃទឹក ហើយក្រឡឹងជុំវិញនាវាចម្បាំង USS Essex របស់អាមេរិកចំនួន ៣ លើក។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Kirby ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់ថា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកព្យាយាមបង្វែភាពខុសច្បាប់នៃវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះទៅជាស្របច្បាប់វិញ។
មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកម្នាក់បានប្រាប់ VOA ថា ឧបទ្ទវហេតុនេះបានកើតមានឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ។ វីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញ Telegram របស់អ៊ីរ៉ង់ បានបង្ហាញពីឧបទ្ទវហេតុនេះ ប្រហែល ៤៥ វិនាទីថតពីកន្លែងអ្នកបើកឧទ្ធម្ភាគចក្រអ៊ីរ៉ង់។
ឧបទ្ទវហេតុនេះ កើតមានឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងដែលគេរាយការណ៍ថាជារបស់អ៊ីរ៉ង់ បានហោះដោយគ្មានសុវត្ថិភាពមកជិតនាវាចម្បាំង USS Essex របស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលបានប្រាប់ VOA ដោយមិនបញ្ចេញឈ្មោះពីព្រោះគាត់មិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាអំពីបញ្ហានេះ បាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងនោះ កាលពីថ្ងៃទី២ ខែវិច្ឆិកា បានហោះនៅចម្ងាយ ១.៥០០ ម៉ែត្រពីនាវាប្រយុទ្ធរបស់សហរដ្ឋអាមេរិក ដែលអាចចុះទឹក និងឡើងគោក៕