រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃអង្គារនេះបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយទំនាក់ទំនងគ្នាក្នុងអំឡុងមានវិបត្តិកើតឡើង នៅក្នុងការជួបទល់មុខជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោកឧត្ដមសេនីយ៍ Wei Fenghe ខណៈដែលលោកក៏បានលើកឡើងផងដែរពីការបារម្ភទៅលើសកម្មភាពដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិននោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងជំនួបប្រជុំដែលមានរយៈពេល៩០នាទីនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានមន្ត្រីអាមេរិកមួយរូបពណ៌នាថា «ប្រកបដោយភាពស្ថាបនានិងមានវិជ្ជាជីវៈ»នោះ គឺជាកិច្ចប្រជុំលើកទី១របស់ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ទៅកោះតៃវ៉ាន់កាលពីខែសីហាកន្លងទៅ ដែលបានធ្វើឱ្យចិនមានការខឹងសម្បាជាខ្លាំង ព្រោះចិនបានចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ត្រី Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយជំនួបប្រជុំនោះថា លោក Austin បានពិភាក្សាពីសារៈសំខាន់នៃ«កាសន្ទនាប្រកបដោយខ្លឹមសារ ក្នុងការកាត់បន្ថយហានិភ័យខាងយុទ្ធសាស្ត្រដែលមានគ្រោះថ្នាក់ និងលើកកម្ពស់ប្រតិបត្តិការដែលមានសុវត្ថិភាព»។
កាលពីខែមិថុនាកន្លងទៅ យន្តហោះចម្បាំងចិនមួយគ្រឿងបានហោះស្កាត់យន្តហោះឈ្លបការណ៍យោធារបស់អូស្ត្រាលី នៅក្នុងតំបន់សមទ្រចិនខាងត្បូង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអូស្ត្រាលី។
ជំនួបប្រជុំរវាងប្រមុខការពារជាតិអាមេរិកនិងចិននៅថ្ងៃអង្គារនេះ កើតឡើងនៅក្រៅជំនួបកិច្ចប្រជុំអាស៊ានក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា៕