ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​ចាប់​ផ្តើម​ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ


រូបឯកសារ៖ គណៈប្រតិភូតំណាង​ក្រសួង​ការពារជាតិ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ថត​រូប​ជុំគ្នា​ជាមួយ​នឹង​អគ្គលេខាធិការ​រង​អាស៊ាន​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២។ ​(Cambodian Defense Ministry via AP)
រូបឯកសារ៖ គណៈប្រតិភូតំណាង​ក្រសួង​ការពារជាតិ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ថត​រូប​ជុំគ្នា​ជាមួយ​នឹង​អគ្គលេខាធិការ​រង​អាស៊ាន​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២។ ​(Cambodian Defense Ministry via AP)

កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារ​ជាតិ​(ADMM)​របស់​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ហៅ​ថា​ អាស៊ាន​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ ​ក្នុង​នោះ​មាន​អាមេរិក​ និង​ចិន​ផង​នោះ​ បាន​ចាប់​ផ្តើម​នា​ថ្ងៃ​ចន្ទ​នេះ ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នា​ឆ្នាំ​នេះ។​

កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ រួម​មាន​កិច្ច​ប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន ​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន-បូក ​លើក​ទី៩ ​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត។​

ប្រទេស​ដែល​ត្រូវ​មក​ចូលរួម​ប្រជុំ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ​មាន​ចំនួន​៨​ប្រទេស​ រួម​មាន​ចិន ​កូរ៉េ​ខាង​ត្បូង​ ជប៉ុន ​ឥណ្ឌា ​រុស្ស៊ី ​អូស្ត្រាលី ​ណូវែលសេឡង់ ​និង​សហ​រដ្ឋ​អាមេរិក។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ចុះ​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ កិច្ច​ប្រជុំ​ចង្អៀតរដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តីពី​«ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​ការ​ពារ​ជាតិ​ដើម្បី​ពង្រឹង​សាមគ្គី​ភាព​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​ភាព​សុខដុម»។ ​

លោក ​ទៀ បាញ់​ រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​នឹង​ចូលរួម​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​ចំនួន​ពីរ ​ដែល​លោក​នឹង​ធ្វើ​ជា​សហ​ប្រធាន​ រួម​មាន​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន-សហ​រដ្ឋអាមេរិក​ និង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-ឥណ្ឌា។​

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ក៏​នឹង​ស្តាប់​របាយ​ការណ៍​នៃ​ការ​អភិវឌ្ឍថ្មីៗ​នៅ​ក្នុង​អាស៊ាន ​ការ​ផ្លាស់​ប្តូ​រ​ទស្សនៈ​ស្តី​ពី«បរិយាកាស​សន្តិសុខ​តំបន់ ​និង​អន្តរជាតិ» ​និង​កិច្ច​សន្ទនា​ជា​យុទ្ធ​សាស្ត្រ ​ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ​ក្នុង​តំបន់។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។​

លោក​ ទៀ បាញ់​ ក៏​នឹង​ធ្វើ​ពិធី​ផ្ទេរ​តំណែង​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារជាតិ​អា​ស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ​ជូន​លោក ​ប្រាបូវ ស៊ូប៊ីយ៉ានតូ ​(Prabowo Subianto)​ រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី ​ដែល​ជា​ប្រធាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២៣​ផង​ដែរ។​

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក ​និង​ចិន ​ក៏​មក​ចូលរួម​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ផង​ដែរ។ ​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ជា​ផ្លូវ​ការ​ថា ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​នេះ​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ ឬ​យ៉ាង​ណា​ឡើយ។​

លោក ​រ៉ឹម សុខវី ​សហ​ស្ថាបនិក​ The Thinker Cambodia ​ដែល​ជា​វេទិកា​វិភាគ​គោល​នយោបាយ ​និង​ជា​អ្នក​វិភាគ​មួយ​រូប ​ប្រាប់​វីអូអេ​ថា ​បញ្ហា​ដែល​កំពុង​ជា​ក្តី​បារម្ភ​សម្រាប់​មេ​ដឹកនាំ​អាស៊ាន ​ក៏ដូច​ជា​ពិភព​លោក​សព្វ​ថ្ងៃ​មាន​ដូច​ជា​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ សង្គ្រាមរុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែន​ និង​ជា​ពិសេស​បញ្ហា​នុយក្លេអ៊ែរ​នៅកូរ៉េ​ខាង​ជើង។​

បើ​តាម​លោក ​សុខវី ​កិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នឹង​មិន​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​ឡើយ​រវាង​ចិន ​និង​អាមេរិក​ ខណៈ​ថា ​ការ​ជួប​គ្នា​រវាង​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​កាល​ពី​សប្តាហ៍​មុន ​អាច​ជួយ​បន្ថយ​ភាព​តានតឹង​បាន។​

លោក​ថ្លែង​ថា៖ ​«អ្វី​ដែល​សំខាន់ ​គឺ​ខ្ញុំ​ចង់​និយាយ​ថា ​ទោះ​បី​ជា​ទំនាក់​ទំនង​រវាង​ចិន​ និង​អាមេរិក​ និង​ការ​ប្រកួត​ប្រជែង​រាង​ចុះ​ខ្សោយ​ជាង​មុន ​ ក៏​ប៉ុន្តែ​កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​របស់​គេ​ដែរ ​បាន​ន័យ​ថា ​គេ​នៅ​តែ​សួរ​ទាក់​ទង​អា​រឿង​បញ្ហា​រាម ​បញ្ហា​អ៊ីចឹង។ ​ហ្នឹង​ហើយ​គេ​នៅ​តែ​សួរ​រឿង​ហ្នឹង​អ៊ីចឹង។​ មើល​ទៅ​ដូច​ជា​អត់​ចេះ​ចប់​ អត់​ចេះ​ហើយ»។​

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា​ នៅ​ទីក្រុង​ភ្នំពេញ​ លោក​ Joe Biden ​(ចូ បៃដិន) ​ប្រធានាធិបតី​អាមេរិក ​ដែល​មក​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​ពី​មូលដ្ឋាន​កង​ទ័ពជើង​ទឹក​រាម ​ដែល​អាមេរិក​សង្ស័យ​ថា​ នឹង​អាច​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​កងទ័ព​ចិន។ ​

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី ​៨ ​ខែ​មិថុនា ​ឆ្នាំ២០២២​ ​កម្ពុជា​និង​ចិន​បាន​បើក​ការដ្ឋាន​សាង​សង់​សំណង់​នានា​នៅ​មូលដ្ឋាន​រាម​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ​និង​សាងសង់​ដោយ​ក្រុម​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។ ​ប៉ុន្តែ​ការ​សាង​សង់​សំណង់​ថ្មី ​និង​ការ​ធ្វើ​ទំនើប​កម្ម​ផ្សេងៗ​ក្នុង​មូលដ្ឋាន​នេះ​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​ ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ពី​សហ​រដ្ឋ​អាមេរិក​ថា ​ចិន​នឹង​ប្រើប្រាស់​មូលដ្ឋាន​នេះ​សម្រាប់​ពង្រីក​អំណាច​របស់​ខ្លួន។​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ​លោក​ ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អាស៊ាន​និង​អាមេរិក​នឹង​ពិភាក្សា​គ្នា​ទៅ​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ​លំហ​សមុទ្រ ​ដែល​ភាគី​នានា​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ និង​អាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​កាល​ពី​កន្លង​ទៅ។​

បើ​តាម​លោក​ ឯម សុវណ្ណារ៉ា​ កិច្ច​ព្រម​ព្រៀង​គ្នា​នេះ​គឺ​ឈរ​នៅ​លើ​គោល​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​ច្រក​សមុទ្រ​ឆ្នាំ​១៩៨២ ​ដោយ​លោក​ថា​ អាមេរិកក៏​បាន​សន្យា​ជួយ​ជ្រោម​ជ្រែង​ផ្នែក​សន្តិ​សុខ​ មាន​ដូច​ជា​ការ​ជួយ​ទប់​ស្កាត់​ការ​នេសាទ​ខុស​ច្បាប់​ ការ​ជួញ​ដូរ​ខុស​ច្បាប់ ​និង​អំពើ​ភេរវ​កម្ម​ជា​ដើម។

លោក ​ឯម សុវណ្ណារ៉ា ​អះអាង​ថា ​ក្នុង​កិច្ច​ប្រជុំ​នឹង​មាន​ការ​ជំរុញ​ឱ្យ​អនុម័ត​ឱ្យ​បាន​លឿន​ពាក់​ព័ន្ធ​ជា​មួយ​ក្រម​ប្រតិ​បត្តិ​ COC (Code of Conduct) ​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ភាគី​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ។​

លោក​ថ្លែង​ថា៖ ​«COC ប្រហែល​ជា​មិន​អនុម័ត​បាន​ទេ​នៅ​កម្ពុជា​នាឆ្នាំ​នេះ។​ យើង​ផុត​ហើយ​ ហើយ​ឥណ្ឌូណេស៊ី​ក៏​មិន​អាច​អនុម័ត​បាន​ដែរ​ ថ្វីដ្បិត​តែ​ខ្ញុំ​យល់​ថា ​ក្រម​ប្រតិបត្តិ​នេះ​ប្រហែល​ជា​បាន​ត្រៀម​ព្រៀង​រួច​រាល់​អស់​ហើយ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារ​ជាតិ​ចិន​ស្តីពីជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន ​កាល​ពី​ថ្ងៃទី​២០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ នៅ​លើ​ទឹក​ដី​កម្ពុជា ​ លោក ​ហ៊ុន សែន​ បាន​អះអាង​ថា​ កម្ពុជា​តែ​ង​តែ​ជំរុញ​ទៅ​មុខ​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ​(COC)​ ហើយ​សង្ឃឹម​ថា​ នឹង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ភាគី​ចិន​ដើម្បី​ការពារ​នូវ​សន្តិ​ភាព​ និង​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

គួរ​បញ្ជាក់​ថា​ ប្រទេស​ចិន​និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត ​ដូច​ជា​វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​ព្រុយ​ណេ ​កំពុង​មាន​ជម្លោះ​ដែន​ទឹក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចិន​ទាមទារ​ស្ទើរ​តែ​ទាំង​ស្រុង​ពី​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ៕

XS
SM
MD
LG